ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកសម រង្ស៊ី ប្តឹងឧទ្ធរណ៍ការ សម្រេចរបស់តុលាការ ខេត្តស្វាយរៀង


ដើម្បីស្តាប់ព័ត៌មាននេះ

មេដឹកនាំគណបក្សប្រឆាំង គឺលោក សម រង្ស៊ី និង កសិករខេត្តស្វាយរៀងចំនួន
២រូបបានសម្រេចចិត្តប្តឹងឧទ្ធរណ៍ដើម្បីតវ៉ាប្រឆាំងនឹងការសម្រេចរបស់តុលាការ
ខេត្តស្វាយរៀង ដែលផ្តន្ទាទោសពួកគេឱ្យជាប់ពន្ធនាគារពីបញ្ហាតម្រុយបង្គោល
ព្រំដែនជាមួយប្រទេសវៀតណាម នេះបើយោងតាមសម្តីរបស់មេធាវី និង មន្ត្រី
អង្គការសិទ្ធិមនុស្ស។

លោក ជួង ជូងី មេធាវីការពារក្តីលោកសម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី មាន
ប្រសាសន៍ថា លោកបានដាក់ពាក្យបណ្តឹងឧទ្ធរណ៍កាលពីថ្ងៃទី២៥ ខែកុម្ភៈនេះ
ហើយប្រធានក្រឡាបញ្ជីសាលាដំបូងខេត្តស្វាយរៀង ជាអ្នកទទួលពាក្យបណ្តឹង
នេះ។

«ខ្ញុំបានរៀបចំប្តឹងឧទ្ធរណ៍ជូនកូនក្តីខ្ញុំរួចហើយ»។

តុលាការខេត្តស្វាយរៀង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ ២០១០ បានកាត់ទោស
កំបាំងមុខលោកសម រង្ស៊ីឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំក្រោមការចោទប្រកាន់
ពីបទធ្វើឱ្យខូចខាតដោយចេតនាតម្រុយបង្គោលព្រំដែនលេខ១៨៥រវាងប្រទេស
កម្ពុជា និងវៀតណាម នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង និង ញុះញង់ឱ្យមានការ
រើសអើងជាតិសាសន៍កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០០៩។

ជាមួយគ្នានោះ តុលាការខត្តស្វាយរៀងក៏បានកាត់ទោសប្រជាពលរដ្ឋ២នាក់ គឺ
លោកព្រំ ជា និងអ្នកស្រី មាស ស្រីឱ្យជាប់ពន្ធនាគារម្នាក់ៗ រយៈពេល១ឆ្នាំពីបទ
ធ្វើឱ្យខូចខាតដោយចេតនានូវតម្រុយបង្គោលព្រំដែន លេខ ១៨៥ រវាងប្រទេស
កម្ពុជា និងវៀតណាមដែរ។

បើយោងទៅតាមលោកមេធាវីជួង ជូងីនិងលោកង៉ែត ណារ៉ា អ្នកសម្របសម្រួល
សមាគមសិទ្ធិមិនុស្សអាដហុកប្រចាំខេត្តស្វាយរៀង បានឱ្យដឹងថា ប្រជាពលរដ្ឋ
២នាក់នេះ បានប្តឹងឧទ្ធរណ៍រួចហើយដែរ កាលពីថ្ងៃទី ២៤ខែកុម្ភៈ ដើម្បីប្រឆាំង
នឹងការសម្រេចរបស់សាលាដំបូងខេត្តស្វាយរៀង។

លោកសំ សុគង់ មេធាវីការពារក្តីប្រជាពលរដ្ឋទាំង២នាក់នេះ ពុំអាចទំនាក់ទំនង
សុំការបញ្ជាក់ណាមួយបានទេនៅថ្ងៃអាទិត្យនេះ។

លោកគាំ ឈាន ប្រធានសាលាដំបូងខេត្តស្វាយរៀង ពុំបានផ្តល់អត្ថាធិប្បាយទេ
នៅថ្ងៃនេះ។

«ខ្ញុំកំពុងបើកឡាន។ សុំទោស អត់បានទេ បើកឡានៗ»។

ដោយឡែកមន្ត្រីសាលាដំបូងខេត្តស្វាយរៀងដទៃទៀត និងមន្ត្រីសាលាឧទ្ធរណ៍
ពុំអាចទំនាក់ទំនងសុំអត្ថាធិប្បាយបានទេ នៅថ្ងៃអាទិត្យដដែលនេះ។

លោកជា ជៀង អភិបាលស្រុកចន្ទ្រា ដែលជាដើមបណ្តឹងនៅក្នុងបណ្តឹងនេះបាន
បដិសេធពុំផ្តល់អត្ថាធិប្បាយណាមួយដោយលោកប្រាប់ថា ព្រោះលោកមិនទាន់
បានទទួលដំណឹងនៃការប្តឹងឧទ្ធរណ៍របស់លោកសម រង្ស៊ី និងប្រជាពលរដ្ឋទាំង
២នាក់នេះនៅឡើយ។

«ខ្ញុំអត់ទាន់បានដំណឹងហ្នឹងសោះ។ ចាំមើលបានដំណឹង បងចង់សួរ ខ្ញុំប្រាប់។
អត់ទោសបង»។

គួររំឭកថា បន្តិចមុនពេលសវនាការកាត់ទោសលោកសម រង្ស៊ី ដោយតុលាការ
សាលាដំបូងខេត្តស្វាយរៀង លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ធ្លាប់បានប្រកាស
ថា លោកនឹងមិនធ្វើសំណើទៅព្រះមហាក្សត្រ ព្រះករុណាសម្តេច ព្រះបរមនាថ
នរោត្តមសីហមុនី ដើម្បីលើកលែងទោសលោក សម រង្ស៊ីឡើយ បើសិនជាតុលា
ការកាត់ឱ្យលោកសម រង្ស៊ី ជាប់ទោស និងបើទោះបីជាមានសំណើស្នើសុំមករូប
លោកក៏ដោយ។

លើសពីនេះទៅទៀត កាលពីថ្ងៃទី២៦ខែកុម្ភៈ រដ្ឋាភិបាលបានដាក់ពាក្យបណ្តឹង
ទៅតុលាការក្រុងភ្នំពេញដើម្បីប្តឹងលោកសម រង្ស៊ី អំពីការផ្សព្វផ្សាយព័ត៌មានមិន
ពិត និងការក្លែងឯកសារសាធារណៈ ចំពោះការផ្សព្វផ្សាយផែនទីក្លែងក្លាយរវាង
ប្រទេសកម្ពុជា និងវៀតណាម នៅលើគេហទំព័រ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG