ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាលបានដាក់ពាក្យប្តឹងលោក សម រង្ស៊ី


ដើម្បីស្តាប់ព័ត៌មាននេះ

រដ្ឋាភិបាលកម្ពុជា នៅថ្ងៃសុក្រនេះ បានប្តឹងបទឧក្រិដ្ឋប្រឆាំងនឹងលោកសម រង្ស៊ី
មេដឹកនាំគណបក្សប្រឆាំង ចំពោះការផ្សព្វផ្សាយផែនទីក្លែងក្លាយ រវាងប្រទេស
កម្ពុជា និងប្រទេសវៀតណាម។

បណ្តឹងនេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទប្រកាន់
លោកសម រង្ស៊ីអំពីការក្បត់ជាតិចំពោះការបង្កើតផែនទីក្លែងក្លាយនេះ ហើយរដ្ឋា
ភិបាលត្រូវតែប្តឹងខាងផ្លូវច្បាប់ប្រឆាំងនឹងលោក សម រង្ស៊ី អំពីការក្លែងផែនទី ពី
ព្រោះវាជាការក្លែងបន្លំឯកសារសាធារណៈកាលពីថ្ងៃពុធ។

គណបក្ស សម រង្ស៊ី បានដាក់ផ្សព្វផ្សាយផែនទីសម័យអាណានិគមបារាំង ពីឆ្នាំ
១៩៥២ នៅលើគេហទំព័ររបស់ខ្លួន ដែលគណបក្សនេះបានអះអាងនូវព្រំដែន
ត្រឹមត្រូវរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម។ ផែនទីនេះឆ្លុះបញ្ចាំងពីព្រំ-
ដែនដែលបានយកទៅតម្កល់នៅអង្គការសហប្រជាជាតិ ប៉ុន្តែមិនមានភាពពិត
ជាក់ស្តែងនៅលើដីទេ នេះបើយោងតាមការអះអាងរបស់គណបក្សនេះ។

លោកគី តិច មេធាវីតំណាងរដ្ឋាភិបាល បានថ្លែងប្រាប់VOA ថា លោកបានដាក់
ពាក្យបណ្តឹងទៅតុលាការក្រុងភ្នំពេញហើយ នៅម៉ោង៩ព្រឹកមិញនេះ ដើម្បីប្តឹង
លោកសម រង្ស៊ី អំពីការផ្សាយព័ត៌មានមិនពិត និងការក្លែងឯកសារសាធារណៈ
ចំពោះការផ្សព្វផ្សាយផែនទីក្លែងក្លាយនៅលើគេហទំព័រដែលបានធ្វើឡើងដោយ
លោកសម រង្ស៊ី។

លោក សុខ រឿន ព្រះរាជអាជ្ញាអមតុលាការក្រុងភ្នំពេញ បានបញ្ជាក់ថា លោក
បានទទួលពាក្យបណ្តឹងពីលោកគី តិច មេធាវីតំណាងរដ្ឋាភិបាល ដាក់ពាក្យប្តឹង
លោក សម រង្ស៊ី ហើយយើងកំពុងរៀបចំចាត់វិធានការណ៍ពាក្យបណ្តឹងនេះតាម
ផ្លូវច្បាប់។

លោកគី តិចបានបញ្ជាក់ថា បើតុលាការរកឃើញទោសកំហុសរបស់លោកសម
រង្ស៊ី ដូចការចោទប្រកាន់មែននោះ នោះលោកសម រង្ស៊ីនឹងត្រូវប្រឈមមុខនឹង
ការជាប់ពន្ធនាគាររហូតដល់១៨ឆ្នាំចំពោះបទចោទទាំង២នេះ។

«បើតុលាការរកឃើញទោសកំហុស ដូចការចោទប្រកាន់មែននោះ នៅក្នុងមាត្រា
៤៩នៃច្បាប់ព្រហ្មទណ្ឌអន្តរកាល ដែលចែងពីការក្លែងលិខិតសាធារណៈត្រូវមាន
ទោសជាប់ពន្ធនាគារពី៥ឆ្នាំទៅ១៥ឆ្នាំ(ទោសឧក្រិដ្ឋ)និងបទល្មើសដែលមានចែង
នៅក្នុងមាត្រា៦២ នៃច្បាប់ព្រហ្មទណ្ឌអន្តរកាល ពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌
មានមិនពិត ត្រូវមានទោសជាប់ពន្ធនាគារពី៣ខែទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី
១លានរៀលទៅ១០លានរៀល។

លោកសម រង្ស៊ី ដែលឥឡូវកំពុងស្ថិតនៅក្នុងប្រទេសបារាំង បានថ្លែងប្រាប់ក្រុម
អ្នកកាសែតតាមប្រព័ន្ធ tele video conferenceតាមអ៊ីនធឺណិត កាលពីថ្ងៃពុធ
ថា តុលាការអាចកាត់ទោសឱ្យលោកជាប់ពន្ធនាគារបាន ក៏ប៉ុន្តែប្រទេសកម្ពុជា
មិនអាចបាត់បង់ទឹកដីបានទេ។

លោកសម រង្ស៊ី បានបញ្ជាក់ថា ផែនទីដែលបានបង្ហោះនៅលើគេហទំព័ររបស់
លោកគឺជាផែនទីត្រឹមត្រូវ និង ជួយការពារបូរណភាពទឹកដីកម្ពុជា។ លោក សម
រង្ស៊ី បានហៅប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រីចំពោះផែនទីនេះថា ជារឿងមិន
ត្រឹមត្រូវ។

សម្ព័ន្ធអង្គការសង្គមស៊ីវិល បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការប្តឹង
ប្រឆាំងនឹងលោកសម រង្ស៊ី ជាថ្មីទៀត បន្ថែមលើទោសជាប់ពន្ធនាគារចំនួន២ឆ្នាំ
ដែលតុលាការខេត្តស្វាយរៀងបានកាត់ទោសកាលពីខែមករា។

លោកអ៊ំ សំអាត ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្ស Licadhoបាន
ថ្លែងថា រដ្ឋាភិបាលមិនគួរគិតគូរពីរឿងប្តឹងផ្តល់ ប្រឆាំងនឹងមេដឹកនាំគណបក្ស
ប្រឆាំង ខណៈដែលប្រទេសកម្ពុជាកំពុងមានជម្លោះព្រំដែនជាមួយប្រទេសថៃ។

«រដ្ឋាភិបាលនិងគណបក្សប្រឆាំងគួរតែរួបរួមគ្នាការពារបូរណភាពទឹកដី និងព្រំ-
ដែនរបស់ប្រទេសកម្ពុជា។ ការប្តឹងនេះធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភអំពី
ស្ថានភាពនយោបាយនៅកម្ពុជា ហើយមិនបានផ្តល់ផលប្រយោជន៍ដល់សង្គម
កម្ពុជាទេ»។

នៅចុងខែមករា តុលាការខេត្តស្វាយរៀងបានកាត់ទោសកំបាំងមុខឱ្យលោកសម
រង្ស៊ីជាប់ពន្ធនាគារចំនួន២ឆ្នាំ ចំពោះការដកបំផ្លាញតម្រុយបង្គោលព្រំដែនលេខ
១៨៥ និងការញុះញង់ធ្វើឱ្យមានការរើសអើងពូជសាសន៍ ហើយអ្នកភូមិ២នាក់
ក៏កាត់ទោសឱ្យជាប់ពន្ធនាគារ ម្នាក់ៗចំនួន១ឆ្នាំ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG