ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម្តេចឪនរោត្តមសីហនុបានបដិសេធ បុគ្គលដែលអះអាងថាខ្លួនជាលោក រួម រិទ្ធ


ដើម្បីស្តាប់ព័ត៌មាននេះ

អតីតព្រះមហាក្សត្រខ្មែរសម្តេចឪនរោត្តមសីហនុ បានបដិសេធ នៅថ្ងៃអង្គារ
នេះថា បុគ្គលដែលអះអាងថា ខ្លួនជាលោករួម រិទ្ឋ នៅក្នុងបទសម្ភាសន៍មួយ
ជាមួយវិទ្យុជាភាសាខ្មែរនៅសហរដ្ឋអាមេ​រិកកាលពីសប្តាហ៍មុននោះ មិនមែន
ជាមិត្តភក្តិដ៏ស្មោះស្ម័គ្រពីកុមារភាពរបស់ព្រះអង្គនោះទេ ​ ពោលគឺជា រួម រិទ្ឋ
ក្លែងក្លាយ ។

កាលពីសប្តាហ៍មុន វិទ្យុមួយដែលមានឈ្មោះថា វិទ្យុខ្មែរពិភពលោក ដែល
មានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងផ្សាយចេញជាភាសាខ្មែរតែតាមប្រព័ន្ធ
អ៊ីនធឺណិតប៉ុណ្ណោះ បានធ្វើបទសម្ភាសន៍មួយ ជាមួយបុគ្គលដែលអះអាងថា
គឺជាលោក រួ​ម រិទ្ធ តាមខ្សែទូរស័ព្ទពីប្រទេសបារាំង ។

លោក រួម រិទ្ធ ដែលគេដឹងឮថា គឺជាមិត្តភក្តិដងបកា​រយ៉ាងស្និទ្ធស្នាលជាមួយ
សមេ្តចឪនរោត្តមសីហនុ នៅក្នុងបទសម្ភាសន៍ចំនួន ៣ភាគ លោកបានលើក
សរសើរលោក សម រង្ស៊ី មេដឹកនាំគណបក្ស​ជំទាស់ដ៏ធំនៅក្នុងប្រទេសកម្ពុជា
ចំពោះភាពក្លាហាននៅក្នុងការតវ៉ាអំពីបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម។
ហើយបានទទួលស្គាល់ថា កម្ពុជាបានបាត់បង់ទឹកដីដោយសារប្រទេសវៀត-
ណាម ដណ្តើមយក ។

ក្រៅពីនោះ បុគ្គលដែលឈរឈ្មោះជាមិត្តភក្តិរបស់អតីតព្រះមហាក្សត្រ ក៏បាន
លើកឡើងផងដែរថា ព្រះមហាក្សត្របច្ចុប្បន្ន និងលោកនាយករដ្ឋមន្រ្តីកម្ពុជា
អាចទៅប្តឹងសហគមន៍អន្តរជាតិដើម្បីធ្វើការកោះប្រជុំ អំពីបញ្ហាព្រំដែនជាមួយ
ប្រទេសវៀតណាមបាន ។

នៅក្នុងព្រះរាជសារជាភាសាបារាំងពីទីក្រុងប៉េកំាង ជាទីដែលព្រះអង្គកំពុង
តែគង់ព្យាបាលព្រះរោគមហារីកជាច្រើនខែមកហើយនោះ ព្រះមហាវីរក្សត្រ
នរោត្តសីហនុ ទ្រង់បានព្រះសំណេរថា លោករួម រិទ្ធ បច្ចុប្បន្នកំពុងតែរស់នៅ
ប្រទេសបារាំង មានវ័យកាន់តែចាស់ជរាទៅហើយ ព្រមទាំងមានជំងឺធ្ងន់ធ្ងរ
ទៀតផង។ ហើយលោករួម រិទ្ធ មិនអាចសរសេរអត្ថបទនានាសម្រាប់សាធា-
រណៈជនបានទេ។

អតីតព្រះមហាក្សត្រកម្ពុជា មានព្រះរាជឱង្ការបន្ថែមថា បច្ចុប្បន្ននេះ ប្រសិន
បើបុគ្គលទាំងឡាយណា ឬក៏បុគ្គលណាម្នាក់ ដែលប៉ុនប៉ងព្យាយាមតាំងខ្លួន
ជាលោករួម រិទ្ធ នោះ គឺជាលោករួម រិទ្ឋក្លែងក្លាយហើយ ។

ប្រតិកម្មរបស់អតីតព្រះមហាក្សត្រសមេ្តចឪនរោត្តមសីហនុ បានធ្វើឡើងមួយ
ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីព្រះអង្គម្ចាស់ស៊ីសុវត្ថិធម្មិកោ ទីប្រឹក្សាព្រះរាជខុទ្ទការល័យ
បាន​ទូលថ្វាយព្រះអង្គថា បទសម្ភាសន៍ជាមួយបុគ្គលដែលអះអាងថា ខ្លួនជា
លោករួម រិទ្ធ នោះត្រូវបានប្រើបា្រស់ ដើម្បីធ្វើការវាយប្រហារប្រឆាំងទៅនឹងព្រះ
មហាក្សត្រនរោត្តម​សីហមុនី និងប្រឆាំងស្ថាប័នរាជានិយម ដោយចោទប្រកាន់
អំពីភាពធូរលុង នៅក្នុងការការពារបូរណភាពទឹកដី ។

លោក អ៊ុំ តារាវុធ ទីប្រឹក្សាអមព្រះរាជខុទ្ទការល័យព្រះមហាក្សត្រមួយរូបទៀត
មានប្រសាសន៍ថា លោករួម រិទ្ធ មានទំនាក់ទំនងខាងក្រៅជាមួយតែអតីតព្រះ
មហាក្សត្រមួយអង្គគត់ មិនគួរមានអ្នកក្លែងបន្លំធ្វើជារូបលោកបានឡើយ។

«អាហ្នឹង ច្បាស់លាស់ណាស់ ព្រះមហាវីរក្សត្រយើង លោកបានមានព្រះរាជ
ប្រតិកម្មយ៉ាងហ្នឹង។ លោកតារួម រិទ្ឋ មិនដែលសរសេរ ឬទំនាក់ទំនងជាមួយ
សារធាណជនទេ។ លោកតា រួម រិទ្ធធ្លាប់តែសរសេរឆ្លងឆ្លើយលិខិតជាមួយនិង
តែព្រះមហាវីរក្សត្រយើងតែមួយព្រះអង្គគត់។ យើងជឿច្បាស់លាស់ណាស់នៅ
ក្នុងការទំនាក់ទំនងគ្នារវាងមិត្តពីកុមារភាពរបស់មហាវីរក្សត្រយើង ។ មិនអាច
នរណា អាចយកមកក្លែងបន្លំនូវអត្តសញ្ញាណ លោកតារួម រិទ្ធ ទេបាទ មានតែ
ព្រះមហាវីរក្សត្រ ដែលលោកស្គាល់ច្បាស់ជាងគេទាំងអស់ បាទ"។

សូមបញ្ជាក់ថា នេះគឺជាការលេចឮវត្តមានជាថ្មីរបស់លោករួម រិទ្ធ នៅក្នុងប្រព័ន្ធ
ផ្សព្វផ្សាយ។ កាលពីប៉ុន្មានឆ្នាំកន្លងទៅ លោកនាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន
ធ្លាប់បានស្នើឲ្យមានការផ្តល់អត្តសញ្ញាណអំពីលោករួម រិទ្ឋ ដែលរស់នៅប្រទេស
បារាំងនោះ បន្ទាប់ពីមិត្តជិតស្និទ្ធជាមួយអតីតព្រះមហាក្សត្ររូបនេះធ្វើការរិះគន់
ជាច្រើនទៅលើរដ្ឋាភិបាល ហើយចាប់ពីពេលនោះមក វត្តមានរបស់លោករួម រិទ្ឋ
តាមព្រះរាជសារ ឬក៏តាមគេហទំព័ររបស់អតីតព្រះមហាក្សត្របានស្ថិតនៅក្នុង
ភាពស្ងប់ស្ងៀម ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG