ក្រសួងការបរទេសកម្ពុជានៅថ្ងៃច័ន្ទនេះ បានប្តឹងជំទាស់ទៅនឹងសាលក្រមរបស់
តុលាការខេត្តស៊ូរិន្ទរបស់ប្រទេសថៃ បន្ទាប់ពីប្រជាពលរដ្ឋខ្មែរចំនួន ៦ នាក់ត្រូវ
បានកាត់ទោសឱ្យជាប់ពន្ធនាគារជាង២ឆ្នាំអំពីបទព្រហ្មទណ្ឌ ដោយគ្មានវត្តមាន
របស់មេធាវី និងតំណាងមន្ត្រីទូតកម្ពុជា។
ក្រុមអាជ្ញាធរថៃ បានចាប់ប្រជាពលរដ្ឋខ្មែរទាំង ៦ នាក់ ដោយចោទប្រកាន់ពីការ
ឆ្លងចូលទឹកដីថៃនិងការកាប់បំផ្លាញព្រៃឈើថៃដោយខុសច្បាប់ កាលពីថ្ងៃទី២៥
ខែមករា ឆ្នាំ២០១០ ខណៈដែលប្រជាពលរដ្ឋខ្មែរទាំងនេះ បាននាំគ្នាចូលទៅក្នុង
ព្រៃតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដើម្បីកាប់ផ្តៅ។
តុលាការខេត្តស៊ូរិន្ទ បានប្រាប់ភាគីកម្ពុជាជាលើកដំបូងថា ករណីជនជាតិខ្មែរ
ចំនួន៦នាក់នេះ ត្រូវបើកសវនាការនៅថ្ងៃទី១៩ខែកុម្ភៈ ក្រោយមកតុលាការ
បានប្រាប់ថា ករណីជនជាតិខ្មែរ៦នាក់ ត្រូវបានលើកទៅកាត់ទោសនៅថ្ងៃទី
២២ខែកុម្ភៈ។ ប៉ុន្តែចុងក្រោយ តុលាការខេត្តស៊ូរិន្ទបានកាត់ទោសជនជាតិខ្មែរ
ចំនួន៦នាក់នេះឱ្យជាប់ពន្ធនាគារចំនួន២ឆ្នាំ និង៣ខែ ដោយមិនឱ្យភាគីកម្ពុជា
បានដឹងជាមុនទេ នេះបើតាមមន្ត្រីក្រសួងការបរទេសកម្ពុជា។
លោកកួយ គង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា
បានថ្លែងប្រាប់VOAថា យើងត្រូវប្តឹងជំទាស់នឹងសាលក្រមរបស់តុលាការខេត្ត
ស៊ូរិន្ធប្រឆាំងនឹងជនជាតិខ្មែរចំនួន៦នាក់ ដោយសារធ្វើខុសនីតិវិធី ដើម្បីឱ្យ
តុលាការនេះ ធ្វើការសម្រេចសេចក្តីឡើងវិញម្តងទៀត។
លោកកួយ គង់ បានបញ្ជាក់ថា ដំណើរការកាត់ក្តីនេះ មានភាពមិនប្រក្រតី និង
ដំណើរការនីតិវិធីមិនត្រឹមត្រូវ ពីព្រោះមេធាវីនិងមន្ត្រីអគ្គកុងស៊ុលរបស់យើង
ប្រចាំនៅខេត្តស៊ូរិន្ទ មិនអាចចូលរួមសវនាការបាន ដោយសារការលើកពេល
សវនាការមិនបានប្រាប់ជាមុន។
«តុលាការខេត្តស៊ូរិន្ទបានកាត់ទោសឱ្យជនជាតិខ្មែរទាំង ៦ នាក់នេះជាប់ពន្ធនា-
គារចំនួន ២ ឆ្នាំ និង៣ខែ ដោយគ្មានការចូលរួមពីមេធាវី និងមន្ត្រីអគ្គកុងស៊ុល
របស់យើង។ តុលាការគ្រាន់តែនិយាយថា បទល្មើសនេះ គឺជនជាតិខ្មែរទាំង៦
នាក់នេះ ជាប់ពន្ធនាគារចំនួន២ឆ្នាំ និង៣ខែ។ ដូច្នេះ អគ្គកុងស៊ុលរបស់យើង
យល់ឃើញថា ដំណើរនីតិវិធីនេះគឺមិនប្រក្រតី។ យើងកំពុងរៀបចំចាត់ចែងរក
មេធាវីផ្សេងមួយទៀត ដើម្បីប្តឹងទាស់នឹងសាលក្រមនេះនិងទាមទារឱ្យតុលាការ
ខេត្តស៊ូរិន្ទកាត់ឡើងវិញ»។
ការកាត់ទោសជនជាតិខ្មែរ៦នាក់នេះ បានធ្វើឡើង បន្ទាប់ពីតុលាការយោធា
កម្ពុជា បានកាត់ទោសអតីតទាហានថៃឈ្មោះស៊ូផាប់ វង្សប្រាក់ណា អាយុ ៣៩
ឆ្នាំកាលពីថ្ងៃទី ១២ ខែកុម្ភៈនេះ ឱ្យជាប់ពន្ធនាគារចំនួន ២០ឆ្នាំ ចំពោះការដាក់
គ្រាប់មីននៅតំបន់អន្លង់វែងជាប់ព្រំដែនជាមួយប្រទេសថៃ កាលពីខែ កុម្ភៈ ឆ្នាំ
២០០៩។
ការកាត់ទោសជនជាតិថៃនិងខ្មែរនេះបានកើតឡើង ខណៈដែលកងទ័ពប្រទេស
កម្ពុជានិងប្រទេសថៃ នៅតែប្រមូលផ្តុំកម្លាំងនៅតំបន់ជម្លោះព្រំដែនក្បែរប្រាសាទ
ព្រះវិហារ និង បានវាយប្រយុទ្ធគ្នាជាច្រើនលើក ដែលបានសម្លាប់កងទ័ពយ៉ាង
តិច៨នាក់ ក្នុងរយៈពេល១៩ខែ បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានចុះក្នុងបញ្ជី
បេតិកភ័ណ្ឌពិភពលោករបស់អង្គការ UNESCO នៅក្នុងខែកក្កដា ឆ្នាំ ២០០៨។
ជម្លោះការទូតរវាងប្រទេសកម្ពុជានិងប្រទេសថៃ បានឈានដល់កម្រិតធ្ងន់ធ្ងរ
បំផុត បន្ទាប់ពីលោកអតីតនាយករដ្ឋមន្ត្រីថៃ ត្រូវបានតែងតាំងជាទីប្រឹក្សាសេដ្ឋ
កិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុងឆ្នាំ២០០៩ តុលាការខេត្តអ៊ូប៊ុននិងខេត្តស៊ីសាកេត បានកាត់ទោសប្រជាពល
រដ្ឋខ្មែរ ២៧ នាក់ ឱ្យជាប់ពន្ធនាគាររវាងពី១៥ខែរហូតដល់៩ឆ្នាំ អំពីការឆ្លងដែន
និងការកាប់ព្រៃឈើដោយខុសច្បាប់នៅក្នុងទឹកដីថៃ។
ចំណែកឯកម្ពុជា ក្នុងឆ្នាំ២០០៩ តុលាការខេត្តបន្ទាយមានជ័យបានកាត់ទោស
ជនជាតិថៃម្នាក់ ឱ្យជាប់ពន្ធនាគារ៣ខែ អំពីបទឆ្លងចូលប្រទេសកម្ពុជាដោយ
ខុសច្បាប់ ហើយឆ្មាំការពារព្រំដែនកម្ពុជាបានចាប់ខ្លួនជនជាតិថៃចំនួន៤២នាក់
បន្ទាប់ពីបានឆ្លងដែនចូលទឹកដីខេត្តបន្ទាយមានជ័យដោយខុសច្បាប់ ក៏ប៉ុន្តែ
ក្រោយមកបានដោះលែងពួកគេទៅវិញ៕