ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខៀវ សំផនបដិសេធ ការចោទប្រកាន់


ដើម្បីស្តាប់ព័ត៌មាននេះ

អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែលកំពុងតែរង់ចាំការកាត់ទោស
បានច្រានចោលនៅថ្ងៃសុក្រនេះ ចំពោះការទទួលខុសត្រូវក្នុងការកាប់សម្លាប់
ប្រជាពលរដ្ឋកម្ពុជាអស់ជិត២លាននាក់ នៅចន្លោះ ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩
នោះ។

ខៀវ សំផនដែលគេរំពឹងថា នឹងត្រូវនាំយកទៅកាត់ទោសជាមួយអតីតមេដឹកនាំ
កំពូលខ្មែរក្រហមចំនួន ៣ ទៅ ៤ នាក់ផ្សេងទៀត ក្នុងអំឡុងចុងឆ្នាំ ២០១០នេះ
ឬយ៉ាងយូរ នៅដើមឆ្នាំ២០១១ បានប្រកាសថា ខ្លួនមិនមានការទទួលខុសត្រូវ
ក្នុងការសម្លាប់ប្រជាជនខ្មែរដូចមេដឹកនាំខ្មែរក្រហម ដទៃទៀតនោះទេ។

“ខ្ញុំមានសិទ្ធិអ្វីពីការសម្រេចសម្លាប់មនុស្ស? តើខ្ញុំមានអ្វីដែលគេឲ្យខ្ញុំដឹងពីរឿង
សម្រេចចាប់ចងអ្នកណាៗ។ វាទៅជាខ្ញុំហ្នឹង ដូចគ្នានឹងលោក អៀង សារីលោក
នួន ជា អៀង ធីរិទ្ធ។ វាមិនមែនអញ្ចឹង ទេ "។

ការបដិសេធពីការទទួលខុសត្រូវរបស់ ខៀវ សំផន ធ្វើឡើងក្នុងសវនាការលើ
បណ្ដឹងឧទ្ធរណ៍ប្រឆាំងនឹងការពន្យារពេលឃុំខ្លួនរបស់រូបលោក។សវនាការនេះ
មិនទាន់មានការប្រកាសសាលក្រមនៅឡើយ។

ឆ្នាំនេះខៀវ សំផនអាយុ ៧៨ ឆ្នាំ។ ជនជាប់ចោទរូបនេះ បានឡើងធ្វើជាប្រមុខ
រដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហមពីឆ្នាំ ១៩៧៦ រហូតដល់
របបខ្មែរក្រហមត្រូវផ្តួលរំលំនៅខែមករា ឆ្នាំ១៩៧៩។ ជនជាប់ចោទរូបនេះធ្លាប់
បានសរសេរសៀវភៅមួយចំនួន ដែលខ្លឹមសារក្នុងសៀវភៅទាំងនោះបង្ហាញថា
គាត់ជាមេដឹកនាំខ្មែរក្រហមម្នាក់ ដែលមិនបានដឹងអំពីការកាប់សម្លាប់ប្រជាជន
ស្លូតត្រង់កម្ពុជានោះទេ។

ខៀវ សំផន ត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០០៧ក្រោមការចោទប្រកាន់
អំពីឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទប្រល័យពូជសា-
សន៍។ កាលពីខែវិច្ឆិកា ឆ្នាំ ២០០៩ សហចៅក្រមស៊ើបអង្កេតរបស់សាលាក្ដី
ខ្មែរក្រហម លោកយូ ប៊ុនឡេងនិងលោកម៉ាកសែល ឡឺម៉ុងបានសម្រេចពន្យារ
ពេលការឃុំខ្លួនជនជាប់ចោទរូបនេះ រយៈពេលមួយឆ្នាំថែមទៀត ដោយសហ
ចៅក្រមសំអាងថា ​ ការពន្យារពេលការឃុំខ្លួននេះ ដើម្បីធានាវត្តមានជនជាប់
ចោទក្នុងពេលកាត់ទោស ការពារសុវត្ថិភាពដល់រូបគាត់ ដើម្បីធានាសណ្ដាប់
ធ្នាប់សង្គមនិងដើម្បីចៀសវាងការគម្រាមកំហែងណាមួយដល់សាក្សី។

ក៏ប៉ុន្ដែលោក ស សាវ៉ាន សហមេធាវីរបស់ខៀវ សំផន បានច្រានចោលទឡ្ហីក
ទាំងនោះ ហើយស្នើសុំឲ្យតុលាការដោះលែងកូនក្ដីរបស់ផងខ្លួនឲ្យស្ថិតនៅក្រៅ
ការឃុំឃាំងជាបណ្ដោះអាសន្ន ក្រោមការតាមឃ្លាំមើលរបស់តុលាការ។

ផ្ទុយទៅវិញសហព្រះរាជអាជ្ញាកម្ពុជា លោក វ៉េង ហួត និងសហព្រះរាជអាជ្ញា
អូស្រ្តាលី លោក តារីក អាប់ឌុលហគ បានគាំទ្រជំហរបស់សហចៅក្រមស៊ើប
អង្កេត ហើយស្នើកុំឲ្យអង្គបុរេជំនុំជម្រះធ្វើការដោះលែង ខៀវ សំផនឲ្យស្ថិតនៅ
ក្រៅការឃុំឃាំងជាបណ្ដោះអាសន្ន។

ពីរាជធានីភ្នំពេញ ខ្ញុំ គង់ សុឋានរិទ្ធVOA សម្លេងសហរដ្ឋអាមេរិក៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG