ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គុកខ្មែរក្រហមក្រាំងតាចាន់ ជាកន្លែងវិបស្សនា


ដើម្បីស្តាប់ព័ត៌មាននេះ

ឈរលើកដៃសំពះ ហើយឱនក្បាលបន្តិចដើម្បីសម្តែងការគោរព លោកកែវ ចាន់
តារាកំពុងសូត្រធម៌ឧទ្ទិសកុសល្យនៅចំពោះមុខលលាដ៍ក្បាលជនរងគ្រោះដោយ
របបខ្មែរក្រហមចំនួនជាង១ម៉ឺននាក់ ដែលគេដាក់ក្នុងចេតីយ៍មួយក្នុងភូមិក្រាំង
តាចាន់ ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវនេះ។

សូត្របណ្តើរសម្រក់ទឹកភ្នែកបណ្តើរគឺជាទម្លាប់ទៅហើយ នៅរាល់ពេល ដែល
លោកកែវ ចាន់តារាមកឈរនៅមុខចេតីយ៍ដែលស្ទើរតែពេញទៅដោយលលាដ៍
ក្បាលរបស់អ្នកទោស ដែលត្រូវសម្លាប់នៅក្នុងមន្ទីរសន្តិសុខក្រាំងតាចាន់ក្នុង
សម័យខ្មែរក្រហមនេះ។

ជាអតីតអ្នកទោសម្នាក់ដែរនោះ លោកកែវ ចាន់តារា បច្ចុប្បន្នវ័យ៧៥ឆ្នាំ បាន
រំឭកឡើងវិញនូវហេតុការណ៍ដែលរូបលោកត្រូវបានកម្មាភិបាលខ្មែរក្រហមនាំ
ខ្លួនយកមកឃុំឃាំងនៅក្នុងអតីតគុកដ៏ធំមួយរបស់ខ្មែរក្រហមនេះ។

«ខ្ញុំមកដល់កន្លែងនេះ មុនដំបូងតាឆេន ប្រធានមន្ទីរនៅកន្លែងនេះ គេសួរថា
'បងឯងប្រាប់ឱ្យត្រង់ ខ្ញុំឱ្យទៅវិញភ្លាម។ តើក្រុម KGB និង CIA អ្នកណាមក
បំពាក់បងឯង?'។ ខ្ញុំថា 'បងអ្ហើយខ្ញុំរៀនបានគួរសមដែរ បាក់ឌុបពីដើម តែខ្ញុំ
អត់យល់ពាក្យKGB ឬCIAហ្នឹងទេ។ ពាក្យម៉ូតិចនិកអីអញ្ចឹងខ្ញុំអត់ស្គាល់ទេ'។
គេថា 'អញ្ចឹងបងឯងនៅតែលាក់'។ តែខ្ញុំថា 'ខ្ញុំប្រាប់ត្រង់ហើយ។ បើខ្ញុំក្បត់នឹង
បដិវត្តន៍ ខ្ញុំមិនមែនមកនៅជាមួយតាម៉ុកទេ។ ហើយខ្ញុំមកហ្នឹង ប្តេជ្ញាសព្វគ្រប់
ហើយអត់មានគិតផ្ទះសម្បែងអីទៀតទេ។ខ្ញុំអត់មាន ក្បត់អីសោះ'។ ប៉ុន្តែគេ
ចោទថា ខ្ញុំក្បត់ហ្នឹង មិនដឹងគេចោទប្រភេទណាទេ»។

អតីតជាគ្រូពេទ្យម្នាក់ លោកកែវ ចាន់តារាដែលបានប្តូរឈ្មោះទៅជាសុខ យ៉ាវ
ក្នុងសម័យខ្មែរក្រហមនោះ បានបន្តថា លោកត្រូវបានពួកខ្មែរក្រហមប្រើឱ្យជីក
រណ្តៅនៅជុំវិញគុកក្រាំងតាចាន់នេះសម្រាប់កប់សាកសពអ្នកទោសដែលត្រូវ
បានធ្វើទារុណកម្មនិងវាយសម្លាប់ចោលនៅទីនេះ។

លោកកែវ ចាន់តារាបន្ថែមថា មួយថ្ងៃៗលោកតែងតែផ្តែផ្តាំអ្នកទោសដទៃទៀត
នៅក្នុងគុកនេះថា ប្រសិនបើពួកគេណាម្នាក់បានរួច រស់រានមានជីវិត សូមឱ្យ
អ្នកនោះយកដំណឹងអំពីការដែលលោកត្រូវជាប់ក្នុងគុកនេះទៅប្រាប់សមាជិក
គ្រួសាររបស់លោកផង ព្រោះលោកជឿថា មិនយូរមិនឆាប់ខ្លួនលោកក៏នឹងត្រូវ
គេកប់នៅក្នុងរណ្តៅសពរួមដែលលោកបានជីកដោយដៃខ្លួនឯងនេះដែរ។

តែសំណាងល្អ ជីវិតរបស់លោកកែវ ចាន់តារា ត្រូវបានជួយសង្គ្រោះដោយឈិត
ជឿន ហៅ តាម៉ុក ដែលកាន់កាប់គុកក្រាំងតាចាន់នេះ ដោយលោកអះអាងថា
ដោយសារលោកធ្លាប់ជួយព្យាបាលជំងឺកូនៗរបស់អតីតលេខាភូមិភាគនិរតីនេះ។

ប៉ុន្តែប្រជាជនប្រមាណ២ម៉ឺននាក់ផ្សេងទៀតមិនមានសំណាងដូចលោកចាន់ តា
រានោះទេ។ ពួកគេត្រូវបានធ្វើទារុណកម្មនិងសម្លាប់ចោលយ៉ាងអាណោចអាធម្ម
នៅក្នុងអតីតគុកក្រាំងតាចាន់នេះ នេះបើផ្អែកតាមលោកឆាំង យុ នាយកមជ្ឈ
មណ្ឌលឯកសារកម្ពុជាដែលបានស្រាវជ្រាវ និង ចងក្រងឯកសារនអំពីរបបខ្មែរ
ក្រហមនោះ។

អតីតមន្ទីរសន្តិសុខ ឬគុកក្រាំងតាចាន់នេះមានចម្ងាយជាង១០គីឡូម៉ែត្រពីទីរួម
ខេត្តតាកែវ ។ គុកដែលលាតសន្ធឹងលើផ្ទៃដីប្រមាណ១ហិកតានេះត្រូវបានក្រុម
ខ្មែរក្រហមសាងសង់ឡើងនៅឆ្នាំ១៩៧៣ដើម្បីធ្វើទារុណកម្មទាញយកចម្លើយ
សារភាពនិងពិឃាតអ្នកទោស ដែលរួមមានអតីតទាហាន និង ប៉ូលិសនៃរបប
សាធារណរដ្ឋរបស់លោកលន់ លន់ កម្មាភិបាលខ្មែរក្រហមខ្លួនឯង ហើយភាគ
ច្រើនជាខ្មែរកម្ពុជាក្រោម ដែលពួកខ្មែរក្រហមចោទប្រកាន់ថា ជនក្បត់អង្គការ
បដិវត្ត ឬជាភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់វៀតណាម នេះបើយោងតាមឯក
សាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា។

មានរណ្តៅកប់សពរួមចំនួន២១រណ្តៅនៅជុំវិញអតីតគុកក្រាំងតាចាន់ ដែលធ្លាប់
ព័ទ្ធជុំវិញដោយដើមឈើធំៗសម្រាប់បិទបាំងអំពើធ្វើទារុណកម្មនិងកាប់សម្លាប់
អ្នកទោសនៅបរិវេណខាងក្នុងគុកនេះ។

លលាដ៍ក្បាលនៃជនរងគ្រោះចំនួន១០.០៤៥ត្រូវបានគេជីករកឃើញនៅជុំវិញ
អតីតគុកដែលធ្លាប់ធំក្លិនទៅដោយសាកសពមនុស្សនេះ។

បច្ចុប្បន្ន លលាដ៍ក្បាលទាំងនេះត្រូវបានរក្សាទុកយ៉ាងល្អក្នុងទូកញ្ចក់សថ្លា៤
ជ្រុងក្នុងចេតីយ៍ធ្វើពីថ្ម ដែលមើលទៅមិនខុសពីចេតីយ៍ដាក់លលាដ៍ក្បាលជន
រងគ្រោះនៃរបបខ្មែរក្រហមនៅវាលពិឃាតជើងឯកនោះប៉ុន្មានទេ។

ជារឿយៗ ជាពិសេសនៅរដូវបុណ្យទានម្តងៗ ដូចជាបុណ្យភ្ជុំ ឬបុណ្យចូលឆ្នាំ
មិនថា ចូលឆ្នាំចិន ឬឆ្នាំខ្មែរនោះទេ ប្រជាពលរដ្ឋក្នុងស្រុកភូមិនឹងមកពីភ្នំពេញ
ឬខេត្តក្រុងមួយចំនួនទៀតតែងនាំគ្នាមកគោរពវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់
បាត់បង់ជីវិតនៅក្នុងអតីតគុកក្រាំងតាចាន់នេះ។

អ្នកខ្លះដែលមានបងប្អូនឬសាត់ញាតិស្លាប់នៅក្នុងគុកនេះថែមទាំងបានឧទ្ទិស
បួងសួងសុំឱ្យអ្នកស្លាប់ពន្យល់សប្តិប្រាប់កន្លែង ដែលត្រូវបានគេកប់ដើម្បីពួកគេ
អាចជីករកធាតុយកទៅតំកល់នៅទីដ៏សមគួរណាមួយ នេះបើយោងតាមគណៈ
កម្មការគ្រប់គ្រងអតីតគុក ដែលបច្ចុប្បន្នបានប្រែក្លាយទៅជាមណ្ឌលវិបស្សនា
ឧក្រិដ្ឋកម្មក្រាំងតាចាន់នេះ។

លោក ប៊ុន គិន ប្រធានគណៈកម្មការគ្រប់គ្រងបច្ចុប្បន្ននេះ បានមានប្រសាសន៍
នៅអែបនឹងចេតីយ៍ដាក់លលាដ៍ក្បាលជនរងគ្រោះនេះថា ការខិតខំថែរក្សាទីតាំង
អតីតគុកនេះគឺដើម្បីទុកជាការចងចាំសម្រាប់ប្រជាជននិងក្មេងជំនាន់ក្រោយអំពី
ឧក្រិដ្ឋកម្មដែលបានកើតឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬ សម័យខ្មែរ
ក្រហមនោះ។

«វាជួយជំរុញឱ្យយើងទាំងអស់គ្នាមានការចងចាំ ហើយនឹកឃើញកាលពីសង្គម
ហ្នឹងរហូតមកបច្ចុប្បន្នហ្នឹង កុំឱ្យវាកើតឡើងដល់ថ្នាក់ហ្នឹង ដូចសង្គមមុនទៀត
ព្រោះថា កន្លែងនេះជាកន្លែងស្នាដៃនៃជំនាន់៣ឆ្នាំ៨ខែ២០ថ្ងៃ ដើម្បីឱ្យប្រជាជន
យើងយល់ឃើញច្បាស់លាស់ពិតប្រាកដលើការកាប់សម្លាប់ប្រជាជនយើងនៅ
សម័យនោះ»។

ជាមួយគ្នានេះដែរលោករស់ ចែមសមាជិកក្រុមប្រឹក្សាឃុំគុសក៏មានប្រសាសន៍
ផងដែរថា ការរក្សាភស្តុតាងនៃអតីតគុកក្រាំងតាចាន់នេះគឺដើម្បីទុកជាភស្តុតាង
សម្រាប់ដំណើរការកាត់ក្តីអតីតមេដឹកនាំខ្មែរក្រហមចំនួន៥រូបដែលកំពុងជាប់ឃុំ
ឃាំងរង់ចាំការកាត់ទោស។

«កន្លែងនេះមានសារៈសំខាន់ក្នុងការកាត់ទោសដល់ពួកមេដឹកនាំខ្មែរក្រហម
ដែលយើងកំពុងធ្វើសព្វថ្ងៃនេះ។យើងរក្សាទុកអញ្ចឹងទៅដើម្បីជាភស្តុតាង ជា
ភស្តុតាងកុំឱ្យមេដឹកនាំខ្មែរក្រហមដែលជាអ្នកប្រល័យពូជសាសន៍ គេចផុតថា
ខ្លួនមិនដឹង ខ្លួនមិនបញ្ជានោះ។ ខ្លួនទទួលខុសត្រូវលើទឹកដីទាំងមូល ហើយគេ
សម្លាប់ប្រជាជនទូទាំងប្រទេស យើងថា មិនដឹង។ វាមិនត្រូវទេ»។

តុលាការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ដែលគាំទ្រដោយអង្គការសហ
ប្រជាជាតិនោះកំពុងត្រៀមនាំខ្លួនអតីតមេដឹកនាំខ្មែរក្រហមកំពូលៗចំនួន៥នាក់
មកកាត់ទោសនៅក្នុងសំណុំរឿងលេខ០០២របស់ខ្លួនចំពោះបទចោទថា មេដឹក
នាំខ្មែរក្រហមទាំងនោះ គឺជាអ្នកទទួលខុសត្រូវចំពោះការស្លាប់បាត់បង់អាយុ
ជីវិតប្រជាជនខ្មែរប្រមាណ១,៧លាននាក់ដោយសារការធ្វើទារុណកម្មការបង្អត់
អាហារ ការបង្ខំឱ្យធ្វើការហួសកំលាំង និង ការកាប់សម្លាប់យ៉ាងព្រៃផ្សៃនៅ
ចន្លោះឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។

ដំណើរកាត់ទោសជនជាប់ចោទទាំង៥នាក់ដែលជាអតីតមេដឹកនាំខ្មែរក្រហម
នោះត្រូវគេរំពឹងថា នឹងចាប់ផ្តើមនៅចុងឆ្នាំ២០១០ ឬ ដើមឆ្នាំ២០១១ខាងមុខ
នេះ។

លើកលែងតែកាំង ហ្គេចអ៊ាវ ហៅ ឌុច អតីតប្រធានមន្ទីរសន្តិសុខស២១ ឬគុក
ទួលស្លែងចេញជនជាប់ចោទ៤នាក់ផ្សេងទៀត រួមមានខៀវ សំផន នួន ជា
អៀង សារី និង អៀង ធីរិទ្ធ ពុំដែលសារភាពជាផ្លូវការចំពោះការកាប់សម្លាប់
រង្គាលនិង ការធ្វើឱ្យបាត់បង់ជីវិតប្រជាជនខ្មែរជិត២លាននាក់នោះទេ។

តែទោះជាយ៉ាងណាក៏ដោយ អតីតគុកក្រាំងតាចាន់នេះក៏ជាកន្លែងមួយដែល
ស្ថិតនៅក្រោមការស៊ើបអង្កេតរបស់សាលាក្តីខ្មែរក្រហមផងដែរ។

លោកឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា មានប្រសាសន៍ថា គុកនេះ
មានសារៈសំខាន់សម្រាប់ការកាត់ទោសអតីតមេដឹកនាំខ្មែរក្រហមដោយសារ
វាជាគុកតែមួយគត់ ដែលនៅមានសេសសល់ឯកសារក្នុងចំណោមគុកចំនួន
១៩៦នៅក្នុងរបបខ្មែរក្រហមនោះ។

ពីខេត្តតាកែវ ខ្ញុំ ពេជ្រ សំណាង VOAសម្លេងសហរដ្ឋអាមេរិក៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG