ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជារំឭកសុំកុំឱ្យសមយុទ្ធ យោធាថៃបាញ់ចូលកម្ពុជា


ដើម្បីស្តាប់ព័ត៌មាននេះ

ប្រទេសកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានព្រមានប្រទេសថៃកុំឱ្យបាញ់ផ្លោងចូល
មកក្នុងទឹកដីកម្ពុជា ខណៈដែលកងទ័ពថៃបានចាប់ផ្តើមធ្វើសមយុទ្ធរយៈពេល
១៩ថ្ងៃ នៅក្បែរព្រំដែនជាប់ជាមួយខេត្តឧត្តរមានជ័យរបស់ប្រទេសកម្ពុជា។

សមយុទ្ធនេះត្រូវបានចូលរួមដោយកងពលធំលេខ៦និងវរសេនាធំលេខ២៦របស់
កងទ័ពថៃ ចាប់ពីថ្ងៃទី១១ ដល់ចុងខែកុម្ភៈ នៅក្នុងខេត្តស៊ូរិន្ទប្រទេសថៃជាប់ព្រំ
ដែនជាមួយខេត្តឧត្តរមានជ័យរបស់ប្រទេសកម្ពុជាចាប់ពីអន្លង់វែងរហូតទៅដល់
អូរស្មាច់ ដោយបាញ់កាំភ្លើងធំ និងគ្រាប់ផ្លោង។

លោកឧត្តមសេនីយ៍ឯកឈុំ សុជាតិ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួង
ការពារជាតិ បានថ្លែងប្រាប់VOAថា យើងមិនអនុញ្ញាតឱ្យសមយុទ្ធយោធាថៃនេះ
ឆ្លងចូលមកក្នុងទឹកដីកម្ពុជាទេ។

លោកឈុំ សុជាតិបានបញ្ជាក់ថា បើសមយុទ្ធយោធានេះបានបាញ់ផ្លោងចូលមក
ក្នុងទឹកដីរបស់យើង យើងនឹងបាញ់សងសឹកទៅប្រទេសថៃវិញ។ យើងមិនអាច
អត់ឱនបានទេ។ យើងមិនអនុញ្ញាតឱ្យកងទ័ពថៃប៉ះពាល់អធិបតេយ្យភាពរបស់
កម្ពុជាបានទេ។

«យើងបានជូនដំណឹងទៅភាគីថៃវិញថា សមយុទ្ធយោធានេះកុំឱ្យចូលមកក្នុង
ទឹកដីខ្មែរ និងកុំឱ្យបាញ់ចូលមកក្នុងទឹកដីខ្មែរ។ បើសមយុទ្ធនេះបាញ់ចូលមក
ក្នុងទឹកដីខ្មែរ យើងនឹងបាញ់តបទៅវិញហើយ។ យើងមិនអនុញ្ញាតឱ្យកងទ័ព
ថៃបាញ់ចូលមកក្នុងទឹកដីកម្ពុជា ដូចពេលមុនទេ»។

ការហ្វឹកហាត់កងទ័ពថៃនៅក្នុងខេត្តស៊ូរិន្ទកាលពីឆ្នាំ២០០៩បានបាញ់គ្រាប់រ៉ុក្កែត
និងបើកយន្តហោះចូលមកក្នុងតំបន់ភាគពាយ័ព្យនៃប្រទេសកម្ពុជា។មេបញ្ជាការ
យោធាថៃបានសុំទោសប្រទេសកម្ពុជាចំពោះការភាន់ច្រឡំដោយអចេតនានេះ។
ប៉ុន្តែក្រោយមក លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបញ្ជាឱ្យកងទ័ពបាញ់ទម្លាក់យន្ត
ហោះយោធា បើហោះចូលមកក្នុងទឹកដីកម្ពុជា។

កងទ័ពកម្ពុជានៅសមរភូមិជួរមុខបាននិយាយថា កងទ័ពថៃជាច្រើនត្រូវបាន
ដាក់ពង្រាយនៅតាមតំបន់បណ្តោយព្រំដែន ជាពិសេសក្បែរប្រាសាទព្រះវិហារ។

ប្រទេសកម្ពុជា និងប្រទេសថៃមានព្រំដែនគោកជាប់គ្នាប្រវែង ៨០០ គីឡូម៉ែត្រ
ដែលមានតំបន់មិនទាន់បានបោះបង្គោលព្រំដែនច្បាស់លាស់ ពីព្រោះប្រទេស
និមួយសំអាងទៅលើផែនទីផ្សេងៗគ្នា និងបានឈ្លោះដណ្តើមផ្ទៃដីទំហំ៤,៦
គីឡូម៉ែត្រការ៉េនៅក្បែរប្រាសាទព្រះវិហារ។

កងទ័ពពីប្រទេសទាំង២បានប្រមូលផ្តុំកម្លាំងនិងបានវាយប្រយុទ្ធគ្នាជាច្រើនលើក
ដែលបានសម្លាប់កងទ័ពយ៉ាងតិច៨នាក់ ក្នុងរយៈពេល១៩ខែ បន្ទាប់ពីប្រាសាទ
ព្រះវិហាររបស់ប្រទេសកម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់
អង្គការ UNESCO កាលពីខែកក្កដា ឆ្នាំ២០០៨។

លោកឧត្តមសេនីយ៍ឯកឈុំ សុជាតិ បានគិតថា ការដាក់ពង្រាយកងទ័ពថៃនេះ
ប្រហែលជាប់ទាក់ទងនឹងសមយុទ្ធយោធា។ វាមិនមែនជាការប្រមូលកម្លាំងដើម្បី
ត្រៀមរំលោភឈ្លានពានទឹកដីកម្ពុជាទេ។

លោកឧត្តមសេនីយ៍ឯករូបនេះបានបញ្ជាក់ថា បើមានការឈ្លានពានទឹកដីកម្ពុជា
មែន យើងនឹងមិនអនុញ្ញាតឱ្យកងទ័ពថៃធ្វើបែបនេះបានទេ។ យើងត្រូវតែការពារ
បូរណភាពទឹកដីរបស់យើងជាដាច់ខាត។

ពីរាជធានីភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេងស.រ.អា.៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG