ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាលៈគ្មានទារុណកម្ម លើអ្នកញៀនថ្នាំទេ


ដើម្បីស្តាប់ព័ត៌មាននេះ

ក្រុមមន្រ្តីរបស់រដ្ឋាភិបាលក្នុងវិស័យបង្រ្កាបនិងទប់ស្តាត់ការញៀនគ្រឿងញៀន
បានមានប្រតិកម្មប្រឆាំងយ៉ាងខ្លាំង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះចំពោះ
របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch)ស្តី
អំពីការធ្វើទារុណកម្មទៅលើអ្នកញៀនថ្នាំក្នុងមណ្ឌលបន្សាបគ្រឿងញៀនគ្រប់-
គ្រងដោយរដ្ឋាភិបាលដោយចាត់ទុកថា របាយការណ៍នេះមិនបានបង្ហាញការ
ពិត។

អង្គការឃ្លាំមើលសិទ្ធិមនុស្សបានថ្លែងក្នុងរបាយការណ៍មួយ ដែលបានចេញ
ផ្សាយនៅចុងខែមករាឆ្នាំ២០១០នេះថា អ្នកប្រើប្រាស់គ្រឿងញៀននៅប្រទេស
កម្ពុជាកំពុងប្រឈមមុខគ្រោះថ្នាក់នឹងការឃុំខ្លួនតាមអំពើចិត្តក្នុងមជ្ឈមណ្ឌល
បន្សាបគ្រឿងញៀន ជាទីកន្លែងដែលពួកគេទទួលរងនូវទារុណកម្ម អំពីហិង្សា
លើរាងកាយនិងផ្លូវភេទ។របាយការណ៍នេះលើកឡើងថា មជ្ឈមណ្ឌលឃុំឃាំង
ដែលមានសិទ្ធិអំណាចដើម្បីព្យាបាលនិងស្តារនីតិសម្បទា អ្នកប្រើប្រាស់គ្រឿង
ញៀន ក៏ប៉ុន្តែបែរជាធ្វើឲ្យពួកគេទទួលរងនូវការឆក់ចរន្តអគ្គិសនី ការវាយនឹង
រំពាត់ខ្សែភ្លើង ពលកម្មដោយបង្ខំ និងការហឹ្វកហ្វឺនយោធាដ៏យង់ឃ្នងទៅវិញ។

លោក អ៊ាន សុឃីម ប្រធាន 'មជ្ឈមណ្ឌលឱកាសខ្ញុំ' ដែលជាមជ្ឈមណ្ឌល
បន្សាបថ្នាំញៀនរបស់រដ្ឋាភិបាល បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌-
មានក្នុងទីក្រុងភ្នំពេញថា របាយការណ៍ខាងលើគឺរឿងមិនពិត ហើយការចេញ
ផ្សាយរបាយការណ៍នេះក្នុងគោលបំណងបន្តុះបង្អាក់ហើយក៏ជាការចោទប្រ-
កាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់។

«ការដែលយើងយកទៅមជ្ឈមណ្ឌលនេះ គឺយើងមិនបានរំលោភសិទ្ធិរបស់
គាត់ទេគឺយើងបានជួយគាត់ឲ្យរួចចាកផុតពីគ្រឿងញៀន ជួយបណ្តុះបណ្តាល
គាត់ឲ្យមានជំនាញមួយច្បាស់លាស់ ។ គាត់ចេញទៅវិញគាត់អាចរកការងារ
ធ្វើបាន»។

នៅក្នុងរបាយការណ៍៩៣ទំព័រ សរសេរដោយលោក យូសេព អេម៉ុន នាយក
ផ្នែកសុខភាពនិងសិទ្ធិមនុស្សនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សដែលមានចំណង
ជើងថា 'ស្បែកដាច់ជាប់ខ្សែភ្លើង' អង្គការឃ្លាំមើលសិទ្ធិមនុស្សធ្វើកំណត់ត្រា
អំពីអ្នកជាប់ឃុំឃាំងដែលបានទទួលរងការវាយដំ ការរំលោភសេពសន្ថវៈ ការ
បង្ខិតបង្ខំឲ្យបរិច្ចាគឈាម និងទទួលរងនូវទណ្ឌកម្មលើរាងកាយដ៏ឈឺចាប់ដូច
ជាការរមៀលខ្លួននៅលើដីនិងត្រូវគេដាក់ច្រវាក់ឲ្យឈរនៅក្រោមកំដៅថ្ងៃ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សក៏បានរាយការណ៍ផងដែរថា ចំនួនអ្នកជាប់ឃុំ-
ឃាំងយ៉ាងច្រើនបានប្រាប់អំពីការទទួលទានអាហារស្អុយរលួយ ឬមានសត្វ
ល្អិត និងអំពីរោគសញ្ញាដែលស្របទៅនឹងកង្វះជីវជាតិអាហារ។ ហើយមជ្ឈ
មណ្ឌលទាំងនេះចាំបាច់ត្រូវបិទចោល។

លោក នាក់ យុទ្ធា ប្រធាននាយកដ្ឋាននិតិកម្ម អប់រំ និងស្តារនិតិសម្បទានៃអា-
ជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានចាត់ទុកថា របាយការណ៍នេះគឺជា
ការមិនពិត ហើយលោកបានសម្តែងការខកចិត្តជាខ្លាំងនៅពេលឃើញមាន
របាយការណ៍បែបនេះ។

«អ្វីដែលថ្នាក់ដឹកនាំក៏ដូចជាអង្គការទាំងអស់ធ្វើនេះ គឺដើម្បីផលប្រយោជន៍
សង្គមដើម្បីមនុស្សធម៌ សីលធម៌ បែរជាគាត់យល់ថា ជារឿងមួយមិនល្អទៅវិញ
។ អញ្ចឹងរឿងទាំងអស់នេះវាសំខាន់ណាស់ដែលអគ្គលេខាធិការដ្ឋានអាជ្ញាធរ
ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រូវតែធ្វើសេចក្តីបំភ្លឺឲ្យសាធារណជនទាំងអស់
បានដឹង ជាពិសេសគឺមាតាបិតាដែលគាត់ខំយកកូនចៅរបស់គាត់ទៅឲ្យព្យា-
បាលស្រាប់តែគាត់បែរជាឮពាក្យថា ធ្វើអញ្ចឹងវិញ។ វាធ្វើឲ្យគាត់អស់សង្ឃឹម
ហើយអ្វីៗដែលយើងខំប្រឹងប្រែងទៅជារលាយ»។

ក៏ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោកមាស វិរិទ្ធ អគ្គលេខាធិការរងនៃអាជ្ញា
ធរជាតិប្រយុទ្ធប្រឆាំគ្រឿងញៀនបានឲ្យដឹងដែរថា រដ្ឋាភិបាលនៅមិនទាន់មាន
គម្រោងធ្វើការប្តឹងតបទៅនឹងរបាយការណ៍នេះនៅឡើយទេ។

ទោះបីជាមានការបដិសេធពីមន្រ្តីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនយ៉ាង
ណាក៏ដោយ ក៏អង្គការក្រៅរដ្ឋាភិបាលមួយចំនួន ដែលធ្វើការពាក់ព័ន្ធទៅនឹង
អ្នកញៀនថ្នាំ នៅតែគ្រាំទ្ររបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សផង
ដែរ។

លោកស្រី ហូលី ប្រេតហ្វត ជាស្ថាបនិកអង្គការកសាងដែលជាអង្គការធ្វើការ
ជាមួយក្រុមអ្នកប្រើគ្រឿងញៀននៅក្នុងទីក្រុងភ្នំពេញ បានសំដែងការគាំទ្រ
របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ហើយលោកបានបញ្ជាក់ថា
រដ្ឋាភិបាលគួរតែបិទមជ្ឈមណ្ឌលទាំងនោះចោល ពីព្រោះវាជាការរំលោភសិទ្ធិ
មនុស្សនិងប៉ះពាល់ដល់បញ្ហាសុខភាពសាធារណៈ។

យោងតាមតួលេខរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹង
ថា អ្នកញៀនថ្នាំដែលបានចុះបញ្ជីទូទាំងប្រទេសមានចំនួនប្រមាណជាង៦
ពាន់នាក់ ហើយបើយោងតាមការវាយតម្លៃប៉ាន់ស្មានតាមបែបវិទ្យាសាស្រ្ត
ចំនួនអ្នកដែលប្រើប្រាស់គ្រឿងញៀនទាំងអស់អាចមានរហូតដល់ទៅជាង៣
ម៉ឺននាក់ ពោលគឺស្មើចំនួនអ្នកញៀនថ្នាំជាង ៦ពាន់នាក់ដែលបានចុះបញ្ជី
គុណនឹង៥ដង។

នៅក្នុងប្រទេសកម្ពុជាមានមជ្ឈមណ្ឌលផ្តាច់ថ្នាំញៀនរបស់រដ្ឋាភិបាលមានចំ-
នួន១០កន្លែងគឺភ្នំពេញមាន២ បាត់ដំបង២ បន្ទាយមានជ័យ២ សៀមរាប១
កោះកុង១ កំពង់ចាម១ និងខេត្តព្រះសីហនុកន្លែង។ ហើយក្រៅពីនោះនៅមាន
មណ្ឌលបន្សាបថ្នាំរបស់អង្គការក្រៅរដ្ឋាភិបាលយ៉ាងហោចណាស់មានចំនួន
១០មណ្ឌលទៀត។ ហើយក៏នៅមានមណ្ឌលប្រហែលជា៥ផ្សេងទៀតបានបម្រើ
សេវាបន្សាបគ្រឿងញៀន ដែលមានលក្ខណៈឯកជនពោលគឺមានការយក
កម្រៃ។

ពីរាជធានីភ្នំពេញ ខ្ញុំ ធីតា វីន VOA សម្លេង ស.រ.អា.៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG