ដើម្បីស្តាប់ព័ត៌មាននេះ
នាយករដ្ឋមន្ដ្រីប្រទេសកម្ពុជាស្វែងរកការពង្រីកការនាំចេញផលិតផលក្នុងស្រុក
ដើម្បីចៀសវាងការនាំចូលនូវផលិតផលពីបរទេសច្រើនពេក។
លោកហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះ បានសម្លឹងរកទី
ផ្សារក្នុងតំបន់អាស៊ី និងទីផ្សារនៃបណ្ដាប្រទេសលោកខាងលិច សម្រាប់ពង្រីក
ការនាំចេញនូវផលិតផលក្នុងស្រុកស្របពេលដែលបរិមាណនៃការនាំចូលនូវ
ផលិតផលពីបរទេស ចូលមកក្នុងប្រទេសកម្ពុជាមានទំហំធំជាងការនាំចេញ
យ៉ាងច្រើន។
មានប្រសាសន៍នៅក្នុងពិធីសម្ពោធន៍ទីស្ដីការក្រសួងពាណិជ្ជកម្មនៅជាយទីក្រុង
ភ្នំពេញ លោកហ៊ុន សែនបានធ្វើការកត់សម្គាល់ថា ការជំរុញការនាំចេញផលិត
ផលក្នុងស្រុក នឹងជួយកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់ប្រទេស។
«ជញ្ជីងពាណិជ្ជកម្មរបស់យើងនៅមិនទាន់មានតុល្យភាពទេ។ថៃនាំចូលប្រទេស
យើង ច្រើនជាងយើងនាំចូលប្រទេសថៃ។វៀតណាមនាំចូលប្រទេសយើងច្រើន
ជាងយើងនាំចូលប្រទេសវៀតណាម។ ដូច្នេះក្នុងចំណុចនេះ យើងត្រូវជំរុញការ
ខិតខំរបស់យើងដើម្បីទាក់ទាញវិនិយោគសម្រាប់បម្រើឲ្យការនាំចេញទៅកាន់ទី
ផ្សារអាស៊ាន ហើយនៅក្នុងនោះទីផ្សារសំខាន់ៗមានសហរដ្ឋអាមេរិក មានអឺរ៉ុប
មានចិន មានកូរ៉េ មានជប៉ុន»។
យោងតាមលោក ហ៊ុន សែន ប្រទេសកម្ពុជានាំចូលនូវផលិតផលផ្សេងៗពីប្រ-
ទេសវៀតណាម និងពីប្រទេសថៃចំនួន ២០០០ លានដុល្លារសម្រាប់ប្រទេស
និមួយៗគិតមកត្រឹមឆ្នាំកន្លងទៅ។ ដោយឡែកការនាំចូលផលិតផលពីប្រទេស
ចិនចំនួនជាង១០០០លានដុល្លារ ដោយឡែកកម្ពុជាធ្វើការនាំចេញសរុបទាំង
អស់ទៅកាន់ទីផ្សារអន្ដរជាតិមានចំនួនត្រឹមតែប្រមាណជា ៤០០០លានដុល្លារ
តែប៉ុណ្ណោះ។
ប្រទេសកម្ពុជាមានការនាំចេញជាសំខាន់ផ្នែកវាយនភ័ណ្ឌ ជាពិសេសវិស័យ
កាត់ដេរសម្លៀកបំពាក់។
លោកហ៊ុន សែនលើកឡើងថា កម្ពុជានៅមានទីផ្សារសម្រាប់ការនាំចេញផលិត
ផលរបស់ខ្លួននៅឡើយ ហើយកម្ពុជាត្រូវជំរុញការទាក់ទាញការវិនិយោគសម្រាប់
បម្រើឲ្យការនាំចេញ ជាពិសេសការកែច្នៃសហគ្រាសធុនតូចនិងមធ្យម ការកែច្នៃ
កសិផល និងផលនេសាទជាដើម។
លោក នៅ សីហា អ្នកស្រាវជ្រាវសេដ្ឋកិច្ចរបស់វិទ្យាស្ថានសេដ្ឋកិច្ចកម្ពុជា បាន
បង្ហាញថា ការនាំផលិតផលចូលពីបរទេសច្រើនជ្រុលអាចបង្កឲ្យទំនិញទាំងនោះ
មានតម្លៃថោកជាងតម្លៃទំនិញក្នុងស្រុក ហើយលោកក៏បានយល់ស្របដូចលោក
នាយករដ្ឋមន្ដ្រីហ៊ុន សែនសម្រាប់វិធានការបង្កើតតុល្យភាពនៃជញ្ជីងការនាំចេញ
និងការនាំចូលនោះ។
លោកនៅ សីហា ពន្យល់ថា ឱនភាពនៃការនាំចេញរបស់ប្រទេសកម្ពុជា ដោយ
សារប្រទេសកម្ពុជានៅមានភាពទន់ខ្សោយផ្នែកសមត្ថភាពផលិតកម្ម។
«គឺសមត្ថភាពផលិតកម្មរបស់យើងនៅខ្សោយ។ ការប្រកួតប្រជែងរបស់យើង
នៅទីផ្សារក្រៅអត់សូវមាន»។
របាយការណ៍របស់ធនាគារជាតិបានបង្ហាញថា តម្លៃនៃការនាំចេញផលិតផល
ក្នុងស្រុកក្នុងឆ្នាំ២០០៩ មានចំនួនប្រមាណ៣៦១៩លានដុល្លារអាមេរិកគឺមាន
ការថយចុះជាងឆ្នាំ២០០៨ ចំនួនជាង ៨០៧លានដុល្លារអាមេរិក ការថយចុះ
នេះជាពិសេសតាមរយៈការនាំចេញនូវសម្លៀកបំពាក់ដែលប៉ះពាល់ដោយវិបត្តិ
សេដ្ឋកិច្ចសកល ។ ដោយឡែកការនាំចូលទំនិញសម្រាប់ការប្រើប្រាស់សរុប
ក្នុងឆ្នាំ២០០៩មានចំនួនជាង ៥២០៨លានដុល្លារអាមេរិក គឺមានការថយចុះ
ជាង១០០០លានដុល្លារធៀបទៅនឹងឆ្នាំ២០០៨។
ពីរាជធានីភ្នំពេញ ខ្ញុំ គង់ សុឋានរិទ្ធ VOA សម្លេងស.រ.អា.៕