ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាសាជនជាតិភាគតិចនៅកម្ពុជា អាចបាត់បង់នាពេលអនាគត


លោកសឹង សុផាត សូមជូនសេចក្តីប្រែសម្រួលដូចតទៅ៖

លោក Jean-Michel Filippi កំពុងស្ថិតនៅក្នុងការប្រណាំងប្រជែងមួយនឹងពេល
វេលា។ក្នុងនាមលោកជាអ្នកប្រាជ្ញដ៏ល្បីល្បាញជាងគេខាងភាសាស្អូច ដែលជា
ភាសារបស់កុលសម្ព័ន្ធជនជាតិភាគតិចមួយនៅក្នុងប្រទេសកម្ពុជា លោកមាន
ពេលវេលាតែប៉ុន្មានឆ្នាំទៀតប៉ុណ្ណោះ សម្រាប់កត់ចម្លងភាសានេះទុក មុនពេល
ដែលវាត្រូវបាត់បង់ជារហូត។ បើគិតមកទល់នឹងពេលនេះ លោកបានកត់ចម្លង
ទុកពាក្យក្នុងភាសាស្អូចចំនួន៤.000ពាន់ពាក្យរួចហើយ។ ជំហានបន្ទាប់សម្រាប់
លោកគឺការសរសេរសៀវភៅអំពីវេយ្យាករណ៍នៃភាសានេះ។

លោក Filippi និយាយថា មានមនុស្សដែលអាចនិយាយភាសាស្អូតនេះបានស្ទាត់
ជំនាញនៅសល់ត្រឹម១០នាក់ប៉ុណ្ណោះ ហើយគ្មាននរណាម្នាក់ក្នុងចំណោមអ្នក
ទាំងនោះប្រើប្រាស់ភាសាសានេះក្នុងជីវភាពប្រចាំថ្ងៃទេ។ ការនេះធ្វើឲ្យភាសាស្អូច
ជាភាសាដែលរងគ្រោះថ្នាក់ពីការបាត់បង់ជាងគេនៅក្នុងចំណោមភាសាទាំងឡាយ
នៅប្រទេសកម្ពុជា។ ក្នុងមួយទសវត្សរ៍ទៀត ភាសានេះប្រហែលជានឹងត្រូវវិនាស
សាបសូន្យហើយ។ សម្រាប់លោក Filippi ការកត់ចម្លងទុកភាសា ជាវិធីមួយក្នុង
ការថែរក្សាទុកនូវទស្សនៈយល់ឃើញបែបវប្បធម៌មួយ អំពីពិភពលោកជុំវិញ
យើង។

«បើនិយាយតាមលក្ខណៈវប្បធម៌ ភាសាមួយគឺជាការមើលឃើញ ឬ ចក្ខុវិស័យ
អំពីពិភពលោកជុំវិញដែលមានតែមួយគត់។ អ្នកអាចយកភាសាពីរ ដែលយ៉ាង
ហោចណាស់មើលទៅស្រដៀងគ្នា យកមកប្រៀបធៀបតួយ៉ាងភាសាបារាំងនិង
ភាសាអង់គ្លេស។ ជាក់ស្តែង ចក្ខុវិស័យអំពីពិភពលោកដែលឆ្លុះបញ្ចាំងឲ្យឃើញ
តាមរយៈភាសាបារាំងនិងភាសាអង់គ្លេសនេះគឺខុសគ្នាទាំងស្រុង។ ដូច្នេះបើភាសា
មួយត្រូវបាត់បង់ ចក្ខុវិស័យពេញលេញមួយអំពីពិភពលោកក៏បាត់បង់ព្រមជា
មួយគ្នានោះដែរ»។

ភាសាដែលគេនិយាយលើសលប់នៅក្នុងប្រទេសកម្ពុជាគឺភាសាខ្មែរ ក៏ប៉ុន្តែក្រុម
ជនជាតិភាគតិចនិយាយភាសាផ្សេងៗរបស់ពួកគេ។

ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកវប្បធម៌ឬហៅថា អង្គការ
UNESCO បានព្រមានថា ភាសានៅក្នុងប្រទេសកម្ពុជាចំនួន១៩ប្រឈមមុខនឹង
គ្រោះថ្នាក់នៃការវិនាសហិនហោច។ ការនេះមិនមែនជាបញ្ហាកម្រនោះទេ ព្រោះ
ពាក់កណ្តាលនៃភាសាទាំងអស់ចំនួន៦.៧០០ដែលមាននៅក្នុងពិភពលោកទំនង
ជានឹងត្រូវវិនាសហិនហោចនៅដំណាច់សតវត្សរ៍នេះ។ ភាសាទាំងនេះភាគច្រើន
ជាភាសារបស់សហគមន៍ជនជាតិភាគតិចដែលមាននៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍
ឬក្រុមកុលសម្ព័ន្ធជនជាតិអាមេរិកាំងដើម ស្បែកក្រហមនៅទ្វីបអាមេរិកភាគខាង
ជើង។

លោកBlaise Kilian ជាអ្នកសម្របសម្រួលកម្មវិធីរួមរបស់អង្គការ UNESCOនៅ
ទីក្រុងភ្នំពេញ។ លោកនិយាយថា មានមូលហេតុច្រើនណាស់ដែលធ្វើឲ្យភាសា
ត្រូវវិនាសហិនហោច។

«ជាធម្មតាទេ បើភាសាមួយនៅមានអ្នកនិយាយតែចំនួនតិចតួចប៉ុណ្ណោះ ភាសា
នោះរមែងទទួលរងគ្រោះថ្នាក់ពីការវិនាសបាត់បង់ ។ ប៉ុន្តែក្រៅពីកត្តាចំនួនអ្នក
និយាយនេះ ក៏នៅមានកត្តាសង្គមជុំវិញទៀត គឺមានដូចជារបៀបដែលជនជាតិ
នោះខ្លួនឯងតែម្តង និងជាពិសេសកូនចៅជំនាន់ក្រោយៗរបស់ពួកគាត់ ឆ្លើយតប
ទៅនឹងការប្រែប្រួលរបស់សង្គមជុំវិញ។ ហើយថា តើពួកគាត់ខ្លួនឯងយកចិត្តទុក
ដាក់ថែរក្សានិងបញ្ជូនបន្តភាសារបស់ផងគាត់ឲ្យអ្នកក្រោយកម្រិតណា? ដូច្នេះខ្ញុំ
អាចនិយាយបានថា មានកត្តាខាងក្នុងផងនិងកត្តាខាងក្រៅផងដែលមានតួនាទី
សំខាន់ដែរក្រៅពីកត្តាចំនួនអ្នកនិយាយនេះ»។

លោក Filippi និយាយថា ជនជាតិស្អូចបានបដិសេធភាសារបស់ផងគាត់ ដោយ
ហេតុថា ពួកគាត់មានភាពទីទាល់ក្រ។ពួកគាត់យល់ថា ជម្រើសដ៏ល្អបំផុតសម្រាប់
ពួកគាត់ គឺការចាប់ប្រើភាសាខ្មែរ។

«ចំពោះករណីរបស់ជនជាតិស្អូច ពួកគាត់ទំនងជាចង់បោះបង់ចោលភាសានិង
ស្ថាប័នវប្បធម៌របស់ពួកគាត់ដោយហេតុថា គាត់ភា្ជប់លក្ខណៈទាំងនេះទៅនឹង
ភាពក្រីក្ររបស់ពួកគាត់ គឺភ្ជាប់ទៅនឹងស្ថានភាពសេដ្ឋកិច្ចរបស់ពួកគាត់ ព្រោះ
ថា បើប្រៀបធៀបជាមួយជនជាតិខ្មែរវិញនោះ ពួកគាត់មានភាពទីទាល់ក្រខ្លាំង
ណាស់។ ហើយពួកគាត់ភ្ជាប់ទៅកត្តាផ្សេងៗទៀតដែរ»។

គ្រោះថ្នាក់នៃការវិនាសបាត់បង់ភាសាស្អូច ដែលអាចកើតមានឡើងនៅក្នុងពេល
អនាគតឆាប់ៗ ធ្វើឲ្យយើងចោទជាសំណួរ ថាតើគេអាចធ្វើអ្វីបានខ្លះចំពោះភាសា
ដែលរងគ្រោះថ្នាក់បាត់បង់ដទៃទៀតនៅប្រទេសកម្ពុជា? ចំពោះភាសាស្អូច
ជម្រើសតែមួយគត់គឺត្រូវកត់ចម្លងទុកភាសានេះឲ្យបានច្រើនបំផុតតាមដែលអាច
ធ្វើទៅបាន ខណៈដែលអ្នកចេះនិយាយនៅមានជីវិតនៅឡើយនោះ។

ស្ថានភាពនេះមិនធ្ងន់ធ្ងរពេកទេចំពោះភាសាខ្លះៗដែលគេនិយាយនៅតំបន់ផ្សេង
ទៀតនៃប្រទេស។ នៅខេត្តភាគឦសាន ដែលរួមមាន ខេត្តរតនគីរី មណ្ឌលគីរី
និងស្ទឹងត្រែង មានអង្គការមួយចំនួនដែលធ្វើសកម្មភាពក្នុងការអប់រំយុវជន និង
មនុស្សពេញវ័យរបស់ជនជាតិភាគតិច។

អង្គការមួយក្នុងចំណោមអង្គការទាំងនោះ គឺអង្គការCare International ដែល
ក្នុងរយៈពេល៧ឆ្នាំមកហើយ បានធ្វើការជាមួយក្រសួងអប់រំ ក្នុងកម្មវិធីបង្រៀន
សិស្សជាពីរភាសា។

ទីប្រឹក្សាផ្នែកការអប់រំ លោក Ron Watt និយាយថា នៅឆ្នាំកន្លងទៅនេះ មាន
សិស្សបឋមសិក្សាជិត២ពាន់នាក់នៅខេត្តទាំងបីនេះ បានទទួលការបង្រៀនជា
ភាសារបស់សហគមន៍ជនជាតិរបស់ពួកគេផងនិងជាភាសាខ្មែរផង។បច្ចុប្បន្ននេះ
មានសាលារៀនចំនួន២៥ ដែលមានកម្មវិធីបែបនេះ។

«ការអប់រំពីរភាសាកំពុងរីកសាយខ្លាំង ហើយមានមនុស្សជាច្រើនចាប់អារម្មណ៍
យ៉ាងខ្លាំងនឹងការអប់រំបែបនេះ»។

លោក Watt និយាយថា មុនពេលមានកម្មវិធីនេះ ទាំងរាជរដ្ឋាភិបាលនិងអង្គការ
ផ្តល់ជំនួយនានាមានការយល់ច្រឡំអំពីការអប់រំសម្រាប់ជនជាតិភាគតិច។ ការ
យល់ច្រឡំមួយគឺថា ក្រុមសហគមន៍ជនជាតិភាគតិចមិនចង់បញ្ជូនកូនៗរបស់ពួក
គាត់ទៅសាលារៀនទេ។

«អ្វីដែលយើងបានរកឃើញនោះគឺរឿងនេះមិនពិតទាល់តែសោះ ព្រោះនៅពេល
ដែលយើងអាចផ្តល់ការអប់រំដែលគាត់ចង់បាន ហើយដែលកូនរបស់គាត់អាច
ទទួលយកនិងអាចរៀនសូត្របាននោះ ឪពុកម្តាយពេញចិត្តនឹងបញ្ជូនកូនៗរបស់
ពួកគាត់ទៅសាលារៀន ហើយកូនៗក៏សប្បាយនឹងទៅដែរ»។

ការឆ្លើយតបជាវិជ្ជមានពីសហគមន៍ជនជាតិភាគតិចចំពោះកម្មវិធីបង្រៀនភាសា
នេះ ឆ្លុះបញ្ចាំងពីអ្វីដែលលោក Jean-Michel Filippi បញ្ជាក់ថា មានសារៈសំខាន់
ក្នុងការរក្សាភាសាឲ្យគង់វង្ស។

«ប្រសិនបើសហគមន៍មួយមានបំណងចង់ថែរក្សាភាសារបស់ខ្លួន ហើយសហ
គមន៍នោះមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសម្តែងឆន្ទៈរបស់ខ្លួនថា ចង់ថែរក្សា
ភាសារបស់ផងខ្លួននោះ សហគមន៍នោះទំនងជានឹងអាចថែរក្សាបាន។ ប៉ុន្តែយើង
នឹងមិនអាចសង្រ្គោះភាសាមួយពីការបាត់បង់បានទេ ប្រសិនបើសហគមន៍របស់
ភាសានោះមិនចង់ថែរក្សាភាសារបស់ខ្លួនផងនោះ»។

ភាពក្រីក្រនៅក្នុងប្រទេសកម្ពុជាមិនមែនជាសញ្ញាល្អទេសម្រាប់ឱកាសនៃការថែ
រក្សាភាសាជនជាតិភាគតិចរបស់ប្រទេសនេះឲ្យគង់វង្ស ព្រោះក្រុមជនជាតិនេះ
កំពុងតែជួបការលំបាកក្នុងការរក្សាដីធ្លីសហគមន៍របស់ពួកគាត់ឲ្យគង់វង្ស។

អ្នកជំនាញខាងភាសានិងការអភិវឌ្ឍនិយាយថា ប្រសិនបើស្ថានភាពសេដ្ឋកិច្ច
របស់ប្រទេសកម្ពុជាមិនមានការប្រសើរឡើងទេនោះ ទំនងជានឹងមានការបាត់
បង់ភាសាចំនួនលើសពីភាសាស្អូចនេះទៅទៀត នៅដំណាច់សតវត្សរ៍នេះ»។

លោក Robert Carmichael VOA សម្លេងហរដ្ឋអាមេរិក ៕

XS
SM
MD
LG