ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រីសម្លាប់មាន់ទាទប់ស្កាត់ ជំងឺផ្តាសាយបក្សី


ក្រុមអាជ្ញាធរកសិកម្មបានប្រកាសអំពីការផ្ទុះឡើងសារជាថ្មីនៃជំងឺគ្រុនផ្តាសាយ
បក្សីជាលើកទីមួយនៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១០នេះ។

លោក ជន សក្តា រាយការណ៍ជូនដូចតទៅ ៖

ក្រុមអាជ្ញាធរក្រសួងកសិកម្មកម្ពុជាបានចាប់ផ្តើមយុទ្ធនាការសម្លាប់សត្វទាច្រើន
រាប់ម៉ឺនក្បាលនៅថ្ងៃពុធនេះ បន្ទាប់ពីបានរកឃើញនូវការផ្ទុះឡើងសារជាថ្មីនូវ
មេរោគជំងឺគ្រុនផ្តាសាយបក្សី H5N1 ដែលបានសម្លាប់សត្វទាជាង១០.០០០
ក្បាលនៅក្នុងខេត្តតាកែវ ជាប់ព្រំដែនជាមួយប្រទេសវៀតណាម។ការប្រមូល
សត្វទានៅសេសសល់ទាំងអស់នៅក្នុងតំបន់ផ្ទុះជំងឺគ្រុនផ្តាសាយបក្សីនេះ បាន
កើតមានឡើងបន្ទាប់ពីសត្វទាជាង១០.០០០ក្បាលបានងាប់កាលពីសប្តាហ៍
មុននៅក្នុងភូមិប្រឡាយមាស ឃុំរម៉ិញ ស្រុកកោះអណ្តែត។

លោកកៅ ផល ប្រធាននាយកដ្ឋានផលិតកម្មនិងបសុព្យាបាលនៃក្រសួងកសិ-
កម្មបានថ្លែងប្រាប់VOAថា យើងបានធ្វើតេស្តសំណាកនៃសត្វទាងាប់ រកឃើញ
នូវមេរោគ H5N1 ដែលគេស្គាល់ជាទូទៅថា ជំងឺគ្រុនផ្តាសាយបក្សី។

«នៅក្នុងកន្លែងផ្ទះជំងឺគ្រុនផ្តាសាយបក្សីនេះ យើងត្រូវសម្លាប់សត្វមាន់ ទាឈឺ
ទាំងអស់។ យើងកំពុងតែធ្វើយុទ្ធនាគារសម្លាប់សត្វទាដែលសេសសល់ទាំងអស់
ចោលឱ្យអស់នៅក្នុងថ្ងៃនេះ»។

ក្រុមមន្ត្រីក្រសួងកសិកម្មបាននិយាយថា មេរោគ H5N1នេះត្រូវបានចម្លងពីបក្សី
ព្រៃមកសត្វទាស្រុក តាមរយៈការចិញ្ចឹមព្រលែងឱ្យទៅរកចំណីនៅតាមវាលស្រែ
ត្រពាំង បឹងបួរ និងព្រៃកម្ពោធធម្មជាតិ។

លោកកៅ ផលបានបញ្ជាក់ថា មន្ត្រីជិត៥០នាក់ ពីក្រសួងកសិកម្ម ក្រសួងសុខា
ភិបាល ក្រសួងបរិស្ថាន ក្រសួងពាណិជ្ជកម្ម អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្ត
រាយ អាជ្ញាធរ អង្គការFAOនិងអង្គការសុខភាពពិភាពលោក ព្រមទាំងក្រុមអាជ្ញា
ធរខេត្តគ្រប់លំដាប់ថ្នាក់ដែលបានដឹកនាំរបស់លោកឥត សុខ អភិបាលរងខេត្ត
តាកែវ បានចូលរួមនៅក្នុងការសម្លាប់សត្វទានិងទប់ស្កាត់ការឆ្លងរាលដាលនៃ
ជំងឺគ្រុនផ្តាសាយបក្សី ពីសត្វទាមកមនុស្ស។

លោកកៅ ផលបានថ្លែងថា យើងបានលើកទឹកចិត្តដល់អ្នកភូមិឱ្យបោសសម្អាត
ផ្ទះសម្បែង និងកន្លែងទារស់នៅឱ្យពាក់ម៉ះមុខ ស្រោមដៃ និង ស្រោមជើង កុំឱ្យ
ប៉ះពាល់ទាឈឺ និងមាន់ឈឺ ហាមយកទាឈឺ និង មាន់ឈឺធ្វើជាម្ហូបអាហារ និង
ហាមការដឹកជញ្ជូនសត្វទាចេញពីតំបន់ផ្ទុះជំងឺគ្រុនផ្តាសាយបក្សីនេះ។

«យើងបានបែងចែកជាក្រុមទី១សម្រាប់ផ្សព្វផ្សាយ និង ពន្យល់ដល់អ្នកភូមិអំពី
ជំងឺគ្រុនផ្តាសាយបក្សីនេះ និងក្រុមទី២សម្រាប់ប្រមូលសត្វមាន់ទាទាំងអស់យក
មកសម្លាប់ចោល កប់ក្នុងរណ្តៅ ដុតចោលនិងបាញ់ថ្នាំសម្លាប់មេរោគ។ ក្រុមការ
ងារទាំងនេះបានពាក់សម្លៀកបំពាក់ការពារមេរោគគ្រុនផ្តាសាយបក្សី ដោយមាន
វ៉ែនតា ម៉ះ ស្រោមដៃនិងស្រោមជើង ធ្វើយ៉ាងប្រញាប់ប្រញាល់ជាទីបំផុត ដើម្បី
បញ្ចប់បេសកកម្មរបស់យើងនៅថ្ងៃនេះ»។

លោកកៅ ផល បានបញ្ជាក់ថា ក្រុមការងាររបស់យើងកំពុងបាញ់ថ្នាំរំងាប់មេរោគ
នៅតាមផ្ទះ កន្លែងទ្រុងទា និងកន្លែងទាងាប់។

ក្រុមមន្ត្រីក្រសួងសុខាភិបាល និងក្រសួងកសិកម្ម បាននិយាយថា រហូតមកដល់
ពេលនេះ គ្មានសញ្ញានៃការឆ្លងមេរោគH5N1 ពីសត្វទាមកមនុស្សនៅឡើយទេ។

ជំងឺគ្រុនផ្តាសាយបក្សីបានសម្លាប់ជីវិតប្រជាពលរដ្ឋខ្មែរយ៉ាងតិច៧នាក់នៅក្នុងឆ្នាំ
២០០៥។ ចាប់តាំងពីមេរោគH5N1ដែលបានផ្ទុះឡើងនៅក្នុងតំបន់អាស៊ីក្នុងឆ្នាំ
២០០៣ បានសម្លាប់មនុស្សជាង២០០នាក់នៅក្នុងប្រទេសមួយចំនួន។

ពីទីក្រុងភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេង ស.រ.អា.៕

XS
SM
MD
LG