ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋខ្មែរម្នាក់សង្ស័យថា ត្រូវ ទាហានព្រំដែនថៃបាញ់របួស


មន្រ្តីប៉ូលិសនិយាយថា មានពលរដ្ឋខ្មែរម្នាក់ត្រូវសង្ស័យថា ទាហានការពារព្រំដែន
ថៃបាញ់ឱ្យរងរបួស ក្នុងពេលដែលពួកគេប្រហែលជាបានឆ្លងដែនទៅកាប់ឈើក្នុង
ទឹកដីថៃ។ ក៏ប៉ុន្តែមន្ត្រីថៃបានច្រានចោលការចោទប្រកាន់នេះ។

លោក ហេង រស្មី សូមជូនព័ត៌មាននេះ ដូចតទៅ៖

លោកអនុសេនីយ៍ត្រី ម៉ាក បូរិន នាយប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរស្មាច់ ខេត្តឧត្តរមាន
ជ័យ បានថ្លែងប្រាប់ VOA សម្លេងសហរដ្ឋអាមេរិកតាមរយៈទួរស័ព្ទមកថា យ៉ាង
តិចមានប្រជាពលរដ្ឋមួយរូបត្រូវគេសង្ស័យថា ទាហានឈុតខ្មៅថៃបាញ់ឲ្យរងរបួស
ក៏ប៉ុន្តែមន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលថៃបានច្រានចោលការចោទប្រកាន់ទាំងនេះ ។

លោកម៉ាក បូរិន បានបញ្ជាក់ទៀតថា ហេតុការណ៍នេះបានកើតមានឡើងនៅ
វេលាម៉ោងប្រមាណ៦និង៣០នាទីព្រឹកថ្ងៃអង្គារ៍នេះ ខណៈពេលដែលប្រជាពលរដ្ឋ
ចំនួន១២រូប មកពីភូមិអភិវឌ្ឍន៍សង្កាត់អូរស្មាច់ សង្ស័យថា បានលួចឆ្លងដែនដោយ
ខុសច្បាប់ទៅកាប់ឈើនៅក្នុងទឹកដីប្រទេសថៃ ក៏ពើបប្រទះនឹងទាហានថៃរួចហើយ
ក៏បានធ្វើការបាញ់រះដោយពុំបានសួរនាំអ្វីទាំងអស់។

លោកបានឱ្យដឹងថា ហេតុការណ៏នេះបានកើតមានឡើង នៅជិតបង្គោលខណ្ឌ
សីមាលេខ១៤នៅក្នុងទឹកដីរបស់ប្រទេសថៃ។ លោកបានមានប្រសាសន៍ទៀតថា
ជនរងគ្រោះឈ្មោះ លី ខ្លឹង អាយុ២៥ឆ្នាំ បានរងរបួសចំកំភូនដៃខាងស្តាំដោយ
សង្ស័យថា ភាគីថៃបាញ់ ហើយបច្ចុប្បន្ន ជនរងគ្រោះកំពុងតែសម្រាកព្យាបាល
នៅមន្ទីរពេទ្យខេត្តឧត្តរមានជ័យ ។

«ថាចួលទៅ ដល់ពេលចូលកាលពីព្រលប់ៗ ដល់ពេលកាត់បាន ក្រោយពេល
យើងអូសឈើមកហ្នឹង ទាហានថៃស្ទាក់បាញ់»។

លោកPanitan Watanayagorn អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានបដិសេធការ
ចោទប្រកាន់ទាំងនេះ ។

លោកបានឆ្លើយតាមទូរស័ព្ទពីទីក្រុងបាងកកមកថា «ខ្ញុំមិនជឿថា មានការបាញ់
រះទៅលើប្រជាពលរដ្ឋខ្មែរទេ»។

លោកបានមានប្រសាសន៍ទៀតថា មានជនអន្តោប្រវេសន៍រាប់លាននាក់ មកពី
ប្រទេសជិតខាងបានឆ្លងដែនចូលក្នុងប្រទេសថៃ ហើយជាគោលការណ៍ទា
ហានការពារព្រំដែនថៃ បានរក្សានូវភាពថ្លៃថ្នូរមិនប្រើប្រាស់អំពើខុសច្បាប់ទេ។

ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ លោកស្រី ណារ៉េន មន្រ្តីផ្នែកស៊ើបអង្គេតរបស់
សមាគមសិទ្ធិមនុស្ស ADHOC វិញបានហៅសកម្មភាពបាញ់ប្រហារពីខាងទឹកដី
ថៃនេះថា ជាអំពើអមនុស្សធម៌មកលើពលរដ្ឋខ្មែរ។

"ការបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរនឹងជាទង្វើមួយអមនុស្សធម៌ ហើយមិនគោរព
ច្បាប់អន្តរជាតិ ព្រោះប្រជាពលរដ្ឋទាំងអស់ហ្នឹងជាជនស្លូតត្រង់អញ្ចឹងណាស់។
ហើយគាត់មិនមែនជាកងកម្លាំងប្រដាប់អាវុធដែលត្រូវទៅវាយអីអញ្ចឹងទេ"។

លោកស្រី ណា រ៉េត បានមានប្រសាសន៍ទៀតថា កាលពីឆ្នាំពី២០០៩កន្លងទៅ
នេះ មានប្រជាពលរដ្ឋខ្មែរចំនួន៩នាក់យ៉ាងតិច ត្រូវស្លាប់បាត់បង់ជីវិតដោយ
សង្ស័យថា ទាហានថៃបាញ់សម្លាប់។

ដោយឡែកនៅដើមឆ្នាំ២០១០នេះ មានពលរដ្ឋចំនួន២រូបហើយសង្ស័យថា ត្រូវ
បានទាហានថៃបាញ់ឲ្យរងរបួស និងចាប់ខ្លួនមួយចំនួនទៀត នៅក្នុងខេត្តឧត្តរ
មានជ័យ។

ពីទីក្រុងភ្នំពេញ, ខ្ញុំ ហេង រស្មី VOA សម្លេងសហរដ្ឋអាមេរិក ៕

XS
SM
MD
LG