ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកសម រង្ស៊ីជួបសមាជិក តាមវីដេអូអ៊ីនធឺណិត


លោកសម រង្ស៊ី បានសំណេះសំណាលនយោបាយដោយផ្ទាល់ជាមួយក្រុមអ្នក
គាំទ្រ គណបក្សសម រង្ស៊ី តាមរយៈប្រព័ន្ធបច្ចេកទេសទំនើបពីទីប្រទេសបារាំង
មកកាន់ទីក្រុងភ្នំពេញ។

លោក ជន សក្តា សូមជូនព័ត៌មាននេះដូចតទៅ៖

លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង បានថ្លែងសុន្ទរកថានយោបាយមក
កាន់សកម្មជននិងមេដឹកនាំគណបក្សសម រង្ស៊ីប្រមាណ៥០០នាក់នៅក្នុងទីក្រុង
ភ្នំពេញជាលើកដំបូង នៅល្ងាចថ្ងៃច័ន្ទនេះ ដើម្បីជំរុញសកម្មភាពការងារគណ
បក្សនេះឱ្យកាន់តែមានប្រសិទ្ធិភាព និងខ្លាំងក្លាបន្ថែមទៀត។

តុលាការខេត្តស្វាយរៀងបានកាត់ទោសកំបាំងមុខឱ្យលោកសម រង្ស៊ី ជាប់ពន្ធនា
គារចំនួន២ឆ្នាំ អំពីការដកតម្រុយបង្គោលព្រំដែនលេខ១៨៥ និងការញុះញ៉ង់ឱ្យ
មានការរើសអើងជាតិសាសន៍ កាលពីសប្តាហ៍មុន និង អ្នកស្រុកចន្ទ្រា២នាក់ឱ្យ
ជាប់ពន្ធនាគារម្នាក់ៗចំនួន១ឆ្នាំអំពីការដកបំផ្លាញតម្រុយបង្គោលព្រំដែនលេខ
១៨៥ដោយចេតនា។

លោកតំណាងរាស្ត្រយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ីបានថ្លែងថា
ព្រឹត្តិការណ៍នេះមានសារៈសំខាន់ណាស់ ដើម្បីផ្តល់ឱកាសដល់លោកប្រធាន
សម រង្ស៊ី សំណេះសំណាលដោយផ្ទាល់និងផ្តល់អនុសាសន៍ ដើម្បីលើកទឹក
ចិត្តដល់សកម្មជន និងថ្នាក់ដឹកនាំគណបក្សឱ្យសកម្មភាពការងារបម្រើផល
ប្រយោជន៍គណបក្សនិងប្រទេសជាតិ។

"ថ្នាក់ដឹកនាំមូលដ្ឋានទូទាំងរាជធានីភ្នំពេញរបស់គណបក្សសម រង្ស៊ីប្រហែលជា
៥០០នាក់ នឹងមកជួបសំណេះសំណាលជាមួយលោកប្រធាន សម រង្ស៊ីតាមរយៈ
ប្រព័ន្ធ Video Internet/Video Conference ហើយក្នុងឱកាសនេះ លោក
ប្រធានសម រង្ស៊ី នឹងជម្រាបជូនអំពីស្ថានការណ៍នយោបាយ អំពីបញ្ហាព្រំដែន
និងផ្តល់ជូននូវអនុសាសន៍លើកទឹកចិត្តដល់សកម្មជនគណបក្សសម រង្ស៊ី នៅ
ក្នុងទីក្រុងភ្នំពេញទាំងអស់ ធ្វើយ៉ាងម៉េចដើម្បីឱ្យគណបក្សយើងធ្វើការកាន់តែ
មានប្រសិទ្ធិភាពថែមទៀត។"

លោកសម រង្ស៊ី ប្រធានគណបក្សប្រឆាំងបានចាកចេញទៅកាន់ប្រទេសបារាំង
បន្ទាប់ពីតុលាការខេត្តស្វាយរៀង បានចោទប្រកាន់ព្រហ្មទណ្ឌប្រឆាំងនឹងលោក
នៅកាលពីខែវិច្ឆិកាឆ្នាំ២០០៩ ហើយឥឡូវនេះ លោកកំពុងស្ថិតនៅក្រៅប្រទេស
ក្នុងការតស៊ូប្រយុទ្ធតាមផ្លូវច្បាប់ ដើម្បីធ្វើឱ្យអាជីពនយោបាយរបស់លោករស់
ឡើងវិញ។

លោកសម រង្ស៊ីបានថ្លែងប្រាប់VOAពីប្រទេសបារាំងមកថា លោកនឹងជួបពិភាក្សា
ការងារជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសម រង្ស៊ី រៀងរាល់សប្តាហ៍
គណៈកម្មាធិការនាយកចំនួនជិត១០០នាក់យ៉ាងតិចមួយខែម្តង និង សកម្មជន
គណបក្សនៅតាមខេត្តនៅក្នុងព្រឹត្តិការណ៍សំខាន់ៗ។

"ខ្ញុំជឿថា សមាជិក និងសកម្មជនគណបក្សសម រង្ស៊ី មានគោលជំហររឹងមាំ និង
មានស្មារតីប្តូរផ្តាច់យ៉ាងខ្ពង់ខ្ពស់និងមានភាពក្លាហ៊ាន។ដូច្នេះ យើងធ្វើការជាមួយ
គ្នា។ យើងប្តូរយោបល់គ្នា។ យើងសម្រេចជាមួយគ្នា"។

ការិយាល័យនៃឧត្តមស្នងការទទួលបន្ទុកកិច្ចការសិទ្ធិមនុស្សរបស់អង្គការសហ
ប្រជាជាតិប្រចាំកម្ពុជាបានសម្តែងការសោកស្តាយជាថ្មីម្តងទៀតថា តុលាការត្រូវ
បានគេប្រើប្រាស់ ដើម្បីប្រតិកម្មតបទៅនឹងបញ្ហាដែលជាប្រយោជន៍សាធារណៈ
ដែលបញ្ហានោះអាចត្រូវបានដោះស្រាយក្នុងលក្ខណៈជំហរបែបស្ថាបនាជាងនេះ
តាមរយៈការជជែកពិភាក្សាជាសាធារណៈក្នុងស្ថាប័នប្រជាធិបតេយ្យកម្ពុជា។

លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បាន
បញ្ជាក់ថា ការរិះគន់នេះគឺជាការយល់ច្រឡំ។ ប្រទេសកម្ពុជាមានច្បាប់។ យើង
ត្រូវតែគោរពការសម្រេចរបស់តុលាការ។

ការកាត់ទោសនេះបានកើតចេញមកពីព្រឹត្តិការណ៍ដែលលោកសម រង្ស៊ីបានចូល
រួមជាមួយអ្នកភូមិជាច្រើននាក់ដកតម្រុយបង្គោលព្រំដែនលេខ១៨៥ នៅស្រុក
ចន្ទ្រា ខេត្តស្វាយរៀង កាលពីថ្ងៃទី២៥ ខែតុលា។

ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា បាននិយាយថា ការប្រើប្រព័ន្ធ
បចេ្ចកទេសទំនើបរបស់លោកសម រង្ស៊ីនេះ អាចមានប្រយោជន៍ក្នុងការគ្រប់គ្រង
សមាជិកគណបក្សដើម្បីជៀសវាងការបាក់ទឹកចិត្តនិងការបែកបាក់ផ្ទៃក្នុងខណៈ
ដែលប្រធានគណបក្សកំពុងនិរទេសខ្លួន ពីការកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន
២ឆ្នាំដោយតុលាការខេត្តស្វាយរៀងនោះ។

ពីទីក្រុងភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេងស.រ.អា.។

XS
SM
MD
LG