ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្សែ​ភាពយន្ត​ 'សត្រូវ​ប្រជាជន' ក្នុង​មហោស្រព​ភាពយន្ត Sundance


នៅ​ក្នុង​ខ្សែ​ភាពយន្ត​ឯកសារ Enemies of the People ឬ សត្រូវ​របស់​ប្រជាជន​មេដឹក​នាំ​ខ្មែរ​ក្រហម​លំដាប់​ថ្នាក់​ទី​២​បាន​និយាយ​យ៉ាង​ពិស្តារ​ជា​លើក​ដំបូង​បង្អស់​អំពី​ការ​សម្រេច​សម្លាប់​សមាជិក​បក្សណា​ដែល​គាត់​និង​មេដឹកនាំ​ខ្មែរ​ក្រហម​ប៉ុល ពត​ចាត់​ទុក​ថា​ជា​សត្រូវ​របស់​អង្គការ​បដិវត្តន៍​នោះ។

លោក​ ថេត​ សម្បត្តិ អ្នក​ដឹក​នាំ​ភាព​យន្ត​រយៈ​ពេល​៩២នាទី​នេះ​ថ្លែង​ថា​ លោក បាន​ជួប​ជាមួយ​ នួន ជា សឹង​តែ​រាល់​ចុង​សប្តាហ៍​អស់​ពេល​៥​ឆ្នាំ​ ទំរាំ​ នួន ជា ព្រម ផ្តល់​បទ​សម្ភាសន៍។

“ថ្ងៃ​មួយ​គាត់​និយាយ​ត្រង់​ចំពោះ​ខ្ញុំ។ គាត់​ថា 'ក្មួយ​ ខ្ញុំ​បាន​សង្កេតក្មួយ​ឯង​ច្រើន​ឆ្នាំ ហើយ ហើយ​ខ្ញុំ​ឃើញ​ថាក្មួយ​ឯង​ស្មោះ​ត្រង់​មិន​លម្អៀងទៅប៉ែក​ខាង​ណា ដូច្នេះ ពី​ថ្ងៃ​នេះ​តទៅ​ក្មួយ​ចង់​សួរ​អី​ក៏​បាន​ដែរ' ហើយ​ថា​គាត់​អាច​ឆ្លើយ​ប្រាប់​ទាំង​អស់ នូវ​រឿង​សម្ងាត់​ទាំង​អស់ ដែល​គាត់​បាន​ធ្វើ​ជាមួយប៉ុលពតនោះ”។

លោក​សម្បត្តិ​ថ្លែង​ថា លោក​ចំណាយ​ពេល​១០​ឆ្នាំ​ថត​ភាព​យន្ត​នេះ ដើម្បី​ស្វែង​រក​មូលហេតុ​នៃ​ការ​បាត់​បង់​ជីវិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជិត​២លាន​នាក់​ដែល​មាន​រួម​ទាំងឪពុក​ម្តាយ និង​បង​ប្រុស​របស់​លោក​ផង។

លោក Rob Lemkin ជា​ដៃ​គូ​របស់​លោក ​ថេត សម្បត្តិ ក្នុង​ការ​ថត​ខ្សែ​ភាព​យន្ត​ឯកសារ​នេះ។ លោក​ថ្លែង​ថា នួន​ ជា​ បាន​និយាយ​ប្រាប់​លោក​សម្បត្តិ​អំពី​ការ​សម្រេច ចិត្ត​ទាំង​ឡាយ​របស់​គាត់​ជាមួយ ប៉ុល ពត តាំង​ពី​ឆ្នាំ ១៩៦០ រហូត​មក​ហើយ​ថា ស្រេច​តែ​អ្នក​ទស្សនា​ទេ ដែល​ត្រូវ​សម្រេច​ចិត្ត​ថា តើ​គេ​ជឿ​ឬ​មិន​ជឿ នួន ជា នោះ។

“ទោះ​ជា​យើង​ជឿ​គាត់​ឬ​មិន​ជឿ​ក៏​ដោយ វា​ជា​ការ​សំខាន់​ណាស់​ដែល​យើង​អនុញ្ញាត​ឲ្យ​គាត់​និយាយ​អំពី​រឿង​ហេតុ​តាម​ការ​យល់​ឃើញ​របស់​គាត់​ដើម្បី​ឲ្យ​មនុស្ស ជំនាន់​ក្រោយ​អាច​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ថា តើ​គេ​យល់​យ៉ាង​ដូច​ម្តេច​ដែរ អំពី ព្រឹត្តការណ៍​ទាំង​នោះ”។

ដូច​ជន​រង​គ្រោះ​ក្នុង​សម័យ​ខ្មែរ​ក្រហម​រាប់​លាន​នាក់​ដែរ លោក​សម្បត្តិ​ថ្លែង​ថា​លោក​មាន​ការ​រង​គ្រោះ​ក្នុង​ចិត្ត​ដោយ​សារ​ការ​បាត់​បង់​ក្រុម​គ្រួសារ​ក្នុង​របប​នោះ។ ប៉ុន្តែ​លោក​ថា លោក​មាន​អារម្មណ៍​ធូរ​ស្បើយ​ក្នុង​ចិត្ត​ច្រើន​ក្រោយ​ពី​បាន​យល់​ដឹង​អំពី​នយោបាយ​របស់​ពួក​ខ្មែរ​ក្រហម។

“ដោយ​សារ​តែ​មាន​បញ្ហា​ទាំង​ហ្នឹង​ហើយ បាន​ចាប់​ផ្តើម​ជំរុញ​ឲ្យ​ខ្ញុំ​ទៅ​ធ្វើ​ការងារ ដើម្បី​ចង់​ដឹង​ការ​ពិត ចង់​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​មាន​ការ​សម្លាប់​នៅ​សម័យ ហ្នឹង បាន​ជំរុញ​ឲ្យ​ខ្ញុំ​ធ្វើ។ ពេល​ដែល​ខ្ញុំបាន​ដឹង​អស់​ហើយ ខ្លួន​ខ្ញុំ​ស្រឡះ ច្បាស់ ដូច​គ្មានអី​សោក​សៅ​អ្វី​ទាំង​អស់ ដោយ​សារ​នេះ​ជា​ប្រវត្តិ​មួយ”។

លោក John Cooper ជា​នាយក​នៃ​មហោស្រព​ភាពយន្ត Sundance។ លោក​បាន កោត​សរសើរ​យ៉ាង​ខ្លាំង​ដល់​សេចក្តី​ក្លាហាន​របស់​លោក​សម្បត្តិ​ក្នុង​ការ​ថត​ខ្សែភាពយន្តឯកសារ​នេះ។

“ខ្សែ​ភាពយន្ត​នេះនាំ​ឲ្យ​ភ័យ​តក់​ស្លុត និង​ដក់​ជាប់​ក្នុង​អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​ព្រម ពេល​ជាមួយ​គ្នា។​គេ​មិន​អាច​ថត​រឿង​នេះ​រហូត​មក​ទល់​នឹង​ពេល​នេះ ពីព្រោះ គ្មាន​អ្នក​ណា​មាន​ឆន្ទៈ​ធ្វើ​នៅ​ឡើយ។ អ្នក​ផលិត​រឿង​នេះ​រង់​ចាំ​អស់​ពេល​រាប់​ឆ្នាំ ទំរាំ​ពួក​មេដឹកនាំ​ខ្មែរ​ក្រហម​ព្រម​និយាយ​ប្រាប់​នូវ​ការ​ពិត”។

លោក Robert Redford ជា​អ្នក​បង្កើត​មហោស្រព​ភាពយន្ត Sundance។ ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​សម្ពោធ​មហោស្រព​ភាពយន្ត លោក​កោត​សរសើរ​យ៉ាង​ខ្លាំង ដល់​ខ្សែ​ភាពយន្ត 'សត្រូវ​របស់​ប្រជាជន' របស់​លោក​ថេត សម្បត្តិ​និង​លោក Rob Lemkin ។

“អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត​អំពី​ភាពយន្ត​នេះ នេះ​ជា​រឿង​យ៉ាង​ស៊ីជម្រៅ​មួយ​របស់​អ្នក កាសែត​ម្នាក់ ដើម្បី​ចង់​ដឹង​ថា​តើ​អ្វី​ទៅ​ដែល​នៅ​ពី​ក្រោយ​ការ​កាប់​សម្លាប់​នោះ។ រឿង​ដែល​គេ​មិន​ដែល​និយាយ​ចេញ​មក​នោះ ជា​អ្វី​ដែល​តែង​តែ​នាំ​ឲ្យ​ខ្ញុំ​មាន​ការ ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង។ អ្វី​ទៅ​ដែល​នៅ​ពី​ក្រោយ​នោះ ។ យើង​ស្មាន​តែ​យើង​ហ្នឹង ដឹង​ឬ? នេះ​ជា​ឧទាហរណ៍​មួយ​បង្ហាញ​នូវ​ការ​ស៊ីជម្រៅ​ក្នុង​រឿង​មួយ ដែល​នាំ​មក នូវ​ព័ត៌មាន​ថ្មី”។

ទន្ទឹម​នឹង​ការ​ជួប​ជាមួយ​ នួន ជា អស់​ពេល​មួយ​ទសវត្សរ៍​នេះ លោកថេត សម្បត្តិ ថែម​ទាំង​បាន​ចំណាយ​ពេល​វេលា​និង​ថវិកា​យ៉ាង​ច្រើន​ដើម្បី​រក​មុខ​ពួក​ជន​ដៃ​ដល់ ដែល​ទទួល​បញ្ជា​ឲ្យ​សម្លាប់​មនុស្ស​ផង។ លោក​ សម រដ្ឋា ជន​ជាតិ​ខ្មែរ​មួយ​រូប​នៅ​ទី​ក្រុង Salt Lake រដ្ឋ Utah បាន ទស្សនា​ខ្សែភាពយន្ត​នេះ​មុន​គេ។ លោក​កោត​សរសើរ​ចំពោះ​សេចក្តី​ក្លាហាន​របស់​ពួកអ្នក​ដៃ​ដល់​ដែល​ហ៊ាន​សារភាព។

“គាត់​បាន​បញ្ចេញ​ភាព​នៃ​ការ​ពិត​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​ដឹង​ថា អ្វី​ដែល​គាត់ បាន​ធ្វើ និង​អ្នក​ដែល​កំពុង​ប្រព្រឹត្ត​ហ្នឹង​ឲ្យ​ដឹង​ខ្លួន​ថា​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់​មាន​ថ្ងៃ​ណា​មួយ​ដែល​មាន​វិប្បដិសារី។ ពេល​ឥឡូវ​យើង​កំពុង​មាន​អំណាច​អាច​ធ្វើ​អ្វី​បាន​តាម​ចិត្ត ក៏​ប៉ុន្តែ​កុំ​ភ្លេច​ថា ថ្ងៃ​ក្រោយ​វាសនា​របស់​អ្នក​ដូច នួន ជា អញ្ចឹង។”

ទោះ​ជា​សីតុណ្ហភាព​នៅ​ក្នុង​ទីក្រុង Park City ត្រជាក់​ក្រោម​សូន្យ​អង្សារ​សង់ទីក្រាត យ៉ាង​ណា​ក៏​ដោយ​ក៏​ទស្សនិកជន​ម្នាក់​មក​ពី​រដ្ឋ Florida មិន​រួញ​រា ក្នុង​ការ​ធ្វើ​ដំណើរ មក​ទស្សនា​ខ្សែភាពយន្ត 'សត្រូវ​របស់​ប្រជាជន' ផង។

“ខ្ញុំ​ធ្លាប់​បាន​មើល​ខ្សែ​ភាព​យន្ត The Killing Fields ប៉ុន្តែ​ខ្ញុំ​មិន​បាន​ដឹង​អំពី​ខ្សែភាព យន្ត​ឯកសារ​នេះ​ទេ។​ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​អំពី​វិធី​ដែល​អ្នក​ដឹកនាំ​រឿង​សម្ភាសន៍ ពួក​អ្នក​ទទួល​ខុស​ត្រូវ។ ឥឡូវ​នេះ​ខ្ញុំ​យល់​ហើយ​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ខ្មែរ និយាយ​ថា​ពួកគេ​ចង់​អត់​ឱន​ទោស និង​សម្រុះ​សម្រួល​ជាមួយ​ពួក​ឃាតករ”។

បុរស​វ័យ​ក្មេង​ម្នាក់​ ជិះ​យន្តហោះ​ពី​ប្រទេស​មួយ​ដែល​ត្រជាក់​ខ្លាំង​ស្រាប់​ គឺ​ប្រទេស កាណាដា​ដើម្បី​មក​ទស្សនា​ខ្សែភាពយន្ត​ឯកសារ​នេះ។

“ភាពយន្ត​នេះ​មាន​ប្រសិទ្ធិភាព​អស្ចារ្យ​ណាស់។ ខ្ញុំ​បាន​ទៅ​ប្រទេស​កម្ពុជា​កាល ពី​២ឆ្នាំ​មុន ចំនួន​៣​សប្តាហ៍។​ ខ្ញុំ​បាន​ទៅ​មើល​វាល​ពិឃាត។ វា​បាន​ប៉ះ​ពាល់​ដល់ អារម្មណ៍​ខ្ញុំ​ខ្លាំង​ណាស់”។

ខ្សែ​ភាពយន្ត​ឯកសារ Enemies of the People នេះ ត្រូវ​គេ​បញ្ចាំង​ជា​លើក​ដំបូង បង្អស់ នៅ​ទ្វីបអាមេរិក ក្នុង​មហោស្រព​ភាពយន្ត Sundance Film Festival ឆ្នាំ២០១០ នៅ​ក្នុង​ទី​ក្រុង Park City រដ្ឋ Utah ពី​ថ្ងៃទី២១​ ដល់​ថ្ងៃ​ទី​៣១ មករា។ ខ្សែ ភាពយន្ត Enemies of the People ឬ 'សត្រូវ​របស់​ប្រជាជន' និង​ភាពយន្ត​ឯកសារ ១១​ផ្សេង​ទៀត​ត្រូវ​បាន​ជ្រើស​រើស​ពី​ក្នុង​ចំណោម​ភាពយន្ត​ឯកសារ​ជាង​ ៧០០នៅ​ទូទាំង​ពិភព​លោក ដើម្បី​ប្រកួត​យក​រង្វាន់ Sundance នៅ​ឆ្នាំ​នេះ។ ការ​ប្រកាស រង្វាន់​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០មករា។

XS
SM
MD
LG