ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវីខៀវសំផនសុំពន្យារពេល ការដាក់បណ្តឹងឧទ្ធរណ៍


សហមេធាវីរបស់អតីតប្រមុខរដ្ឋសម័យខ្មែរក្រហម បានស្នើសុំឲ្យសហចៅក្រម
ស៊ើបអង្កេត ពន្យារពេលកំណត់សម្រាប់ការដាក់បណ្ដឹងឧទ្ធរណ៍ប្រឆាំងនឹងការ
បិទបញ្ចប់ការស៊ើបអង្កេត។

សហមេធាវីការពារក្ដីឲ្យខៀវ សំផន អតីតប្រមុខរដ្ឋសម័យខ្មែរក្រហមបានឲ្យដឹង
នៅថ្ងៃនេះថា ខ្លួនបានស្នើសុំដល់សហចៅក្រមស៊ើបអង្កេតរបស់សាលាក្ដីពន្យារ
ពេលប្ដឹងឧទ្ធរណ៍ ដើម្បីឲ្យខ្លួនមានពេលវេលាគ្រប់គ្រាន់ សម្រាប់សិក្សាលើឯក
សារជាភាសាអង់គ្លេស។

កាលពីថ្ងៃទី១៤ មករា សហចៅក្រមស៊ើបអង្កេតបានជូនដំណឹងពីការបិទបញ្ចប់
ការស៊ើបអង្កេតរបស់ខ្លួនក្នុងសំណុំរឿង០០២ដែលមានជនជាប់ចោទសរុបចំនួន
៥ នាក់ នៅក្នុងនោះមានខៀវ សំផនផងដែរ។ ចៅក្រមស៊ើបអង្កេតបានទុករយៈ
ពេល ៣០ ថ្ងៃដល់មេធាវីការពារជនជាប់ចោទ ដើម្បីធ្វើការប្ដឹងឧទ្ធរណ៍ប្រឆាំង
ទៅនឹងការបិទបញ្ចប់ការស៊ើបអង្កេតនេះ។

លោកសរ សាវ៉ាន សហមេធាវីកម្ពុជារបស់ខៀវ សំផនមានប្រសាសន៍ថា រយៈ
ពេល៣០ថ្ងៃ មិនគ្រប់គ្រាន់សម្រាប់ពួកលោកនោះទេ ។ ហើយលោកបានធ្វើ
សំណើទៅកាន់សហចៅក្រមស៊ើបអង្កេតកាលពីសប្ដាហ៍មុនដើម្បីស្នើឲ្យមាន
ការពន្យារពេលច្រើនជាងនេះ ប្រយោជន៍គឺដើម្បីពិនិត្យមើលឯកសារជាភាសា
អង់គ្លេសឡើងវិញ មុននឹងសម្រេចចិត្តប្ដឹងឧទ្ធរណ៍។

“យើងសុំឲ្យសហចៅក្រមស៊ើបអង្កេតហ្នឹង មេតា្ដពន្យារពេលឲ្យយើង មិនមែន
ឲ្យ៣០ថ្ងៃទេ ឲ្យលើសពី៣០ថ្ងៃដើម្បីឲ្យយើងមានលទ្ធភាព អាច២ខែ ២ខែកន្លះ
មើលឯកសារហ្នឹង បានត្រូវធ្វើ អង្កេតបន្ថែម ឬមិនធ្វើ។ វាអត់មានបកប្រែជា
ភាសាបារាំងឲ្យលោកហ្ស៊ាក់ វែហ្សែស គាត់យល់" ។

លោក ឡាស អលសិន មន្ដ្រីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្ដីខ្មែរ
ក្រហម មានប្រសាសន៍ថា សហចៅក្រមស៊ើបអង្កេតបាទទួលបណ្ដឹងរបស់សហ
មេធាវីការពារក្ដីខៀវ សំផនរួចហើយ ហើយសហចៅក្រមស៊ើបអង្កេតនឹងផ្ដល់
ចម្លើយដល់ពួកគេនៅក្នុងអំឡុងសប្ដាហ៍ក្រោយនេះ។

ខៀវ សំផន ជាប់ចោទពីបទឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
និងបទប្រល័យពូជសាសន៍។ កាលពីពេលកន្លងទៅ សហមេធាវីរបស់ជនជាប់
ចោទរូបនេះធ្លាប់ បានស្នើសុំពន្យារពេលសវនាការក្នុងបណ្ដឹងឧទ្ធរណ៍ប្រឆាំង
នឹងការឃុំខ្លួនបណ្ដោះអាសន្នកូនក្ដីរបស់ខ្លួន ដោយសារមូលហេតុនៃកង្វះខាត
ផ្នែកបកប្រែឯកសារពីភាសាអង់គ្លេសទៅជាភាសាបារាំងសម្រាប់លោកមេធាវី
ហ្សាក់ វែហ្សែស។ ក៏ប៉ុន្ដែអង្គបុរេជំនុំជម្រះបានច្រានចោលសំណើនោះ។

សូមបញ្ជាក់ថា ចាប់តាំងពីការជូនដំណឹងអំពីការបិទបញ្ចប់ការស៊ើបអង្កេតរបស់
សហចៅក្រមស៊ើបអង្កេត មានបណ្ដឹងឧទ្ធរណ៍ចំនួន៧ត្រូវបានដាក់ប្ដឹងទៅកាន់
អង្គបុរេជំនុំជម្រះ ក្នុងនោះមានបណ្ដឹងមកពីមេធាវីនួន ជា ចំនួន៣បណ្ដឹង មក
ពីដើមបណ្ដឹងរដ្ឋប្បវេណីចំនួន៣ និង បណ្ដឹងមកពីសហព្រះរាជអាជ្ញាចំនួន១។ សហព្រះរាជអាជ្ញាបានទាមទារឲ្យមានការស៊ើបអង្កេតលើសំណុំរឿងខៀវ សំផន
បន្ថែមទៀត។

ពីទីក្រុងភ្នំពេញ ខ្ញុំ គង់ សុឋានរិទ្ធ VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG