ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការកាត់ទោសលោកសម រង្ស៊ី ឱ្យជាប់ពន្ធនាគារ២ឆ្នាំ


តុលាការខេត្តស្វាយរៀងបានកាត់ទោសកំបាំងមុខឲ្យលោកសម រង្ស៊ី ជាប់ពន្ធ
នាគាររយៈពេលពីរឆ្នាំ ចំណែកឯប្រជាពលរដ្ឋពីរនាក់ផ្សេងទៀត ត្រូវបានកាត់
ឲ្យជាប់ទោសម្នាក់ៗរយៈពេលមួយឆ្នាំពីបទធ្វើឲ្យខូចខាតតម្រុយបង្គោលព្រំដែន
រវាងកម្ពុជា និងវៀតណាម ។

លោក ហេង រស្មី រាយការណ៍ពិស្តារពីខេត្តស្វាយរៀងដូចតទៅ៖

តុលាការខេត្តស្វាយរៀង ថ្ងៃពុធនេះ បានកាត់ទោសកំបាំងមុខលោកសម រង្ស៊ី
មេដឹកនាំគណបក្សប្រឆាំងឲ្យជាប់ពន្ធនាគាររយៈពីរឆ្នាំពីបទធ្វើឲ្យខូចខាតដោយ
ចេតនានូវតម្រុយបង្គោលព្រំដែនលេខ១៨៥ រវាងប្រទេសកម្ពុជា និង ប្រទេស
វៀតណាម និងញុះញង់ឲ្យមានការរើសអើងជាតិ សាសន៍ តាមមាត្រាទី៥២និង
មាត្រាទី៦១នៃច្បាប់ព្រហ្មទណ្ឌអន្តរកាល។

ការសេចក្តីសម្រេចរបស់តុលាការ ដែលបានបើកសវនាការរយៈពេលជាង៦ម៉ោង
ជាអសាធរណៈនោះក៏បានកាត់ទោសប្រជាពលរដ្ឋចំនួនពីររូបផ្សេងទៀតគឺលោក
ព្រំ ជា និងលោកស្រីមាស ស្រីឲ្យជាប់ពន្ធនាគារម្នាក់ៗរយៈពេល១ឆ្នាំពីបទធ្វើឲ្យ
ខូចខាតដោយចេតនានូវតម្រុយបង្គោលព្រំដែននេះដែរ។

តុលាការក៏បានបង្គាប់ឲ្យលោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបង់ពិន័យ
ជាប្រាក់ចំនួន៨លានរៀល គឺស្មើនិងប្រមាណជិត២០០០ពាន់ដុល្លារសហរដ្ឋអា-
មេរិក ចូលរដ្ឋាភិបាលនិងពិន័យដោយឡែកមួយផ្សេងទៀតចំនួន៥៥លានរៀល
ស្មើនឹងប្រមាណ១៤.៣០០ដុល្លារសហរដ្ឋអាមេរិកដែលរួមមានលោកសម រង្ស៊ី
លោកព្រំ ជា និងលោកស្រីមាស ស្រី ជូនដើមបណ្តឹងគឺលោកជា ជាងអភិបាល
ស្រុកចន្ទ្រា នេះបើតាមការប្រកាសសាលក្រមរបស់លោកគាំ ឈានប្រធានចៅ
ក្រមជំនុំជម្រះនៃសាលាដំបូងខេត្តស្វាយរៀង។

លោកគាំ ឈាន ក៏បានលើកលែងការចោទប្រកាន់ប្រជាពលរដ្ឋចំនួន៣រូបផ្សេង
ទៀត គឺប្រាក់ ជា នាង ផល្លី និងប្រាក់ កើនឲ្យមានសេរីភាពឡើងវិញ។

លោកសម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ី បានថ្លែងប្រាប់ VOA សម្លេងសហរដ្ឋ
អាមេរិកតាមរយៈទូរស័ព្ទពីប្រទេសបារាំងមកថា ការកាត់ទោសលោកមិនសំខាន់
ទេ អ្វីដែលសំខាន់នោះគឺការកាត់ទឹក ដីឲ្យទៅបរទេស ។

លោកបានបញ្ជាក់ថា តុលាការមិនបានផ្តល់យុត្តិធម៌ចំពោះលោក និងប្រជាពល
រដ្ឋទេ ហើយតុលាការនេះ គឺជាឧបករណ៍របស់អ្នកកាន់អំណាច។

"សវនាការហ្នឹងគឺមិនយុត្តិធម៌ទាល់តែសោះ ហើយមិនសង្កត់ធ្ងន់លើរឿងដែល
សំខាន់។ រឿង ដែលសំខាន់មិនមែនកាត់ទោសសម រង្ស៊ីទេ ។ រឿងដែលសំខាន់
គឺការកាត់ទឹកដីខ្មែរឲ្យទៅបរទេស។ដូច្នេះយើងត្រូវដោះស្រាយអ្នកដែលបង្កបញ្ហា ហើយបញ្ហាហ្នឹងគឺការកាត់ទឹកដីខ្មែរឲ្យទៅបរទេស ។ អ្នកដែលមានទោសគឺមិន
មែនអ្នកការពារទឹកដីមាតុភូមិកម្ពុជារបស់យើងទេ។ អ្នកដែលមានទោសគឺ អ្នក
ដែលធ្វើឲ្យប្រទេសកម្ពុជាយើងបាត់បង់ទឹកដីរបស់ខ្លួន"។

លោកសំ សុគង់ មេធាវីការពារក្តីលោកព្រំ ជា និង អ្នកស្រីមាស ស្រីបានប្រាប់
អ្នកកាសែតនៅមុខសាលាដំបូងខេត្តស្វាយរៀងថា សវនាការនេះ លោកមិន
អាចទទួលយកបានទេ ពីព្រោះតុលាការពុំបានផ្តល់ភស្ថុតាងគ្រប់គ្រាន់ ដើម្បី
ដាក់បន្ទុកទៅលើកូនក្តីរបស់លោកទេ។

ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកនឹងពិចារណាអំពីបណ្តឹងឧទ្ធរណ៍ប្រឆាំង
ការសម្រេចសាលក្រមនេះ។

"ទាក់ទងនឹងបន្ទប់សវនាការ យើងឃើញថា ដោយយើងនិយាយពីភស្ថុតាង យើងអត់ឃើញមានភស្ថុតាងអីក្រៅពីសម្តីសាក្សីទេ ។ ប៉ុន្តែបើយើងមើលទាក់
ទង់ទៅហ្នឹងសាក្សី យើងឃើញថា សាក្សី នៅពេលដែលគាត់ឆ្លើយពីមុនមក
គាត់ឆ្លើយផ្សេង។ នៅពេលសវនាការឆ្លើយផ្សេង។ ប៉ុន្តែតុលាការ គាត់មិនយក
ចម្លើយនៅពេលសវនាការយកមកពិចារណាដើម្បីសម្រេចសេចក្តី ចំពោះកូនក្តី
ខ្ញុំបាទ ទាំងពីរនាក់ គឺព្រំ ជា និងមាស ស្រីនោះទេ"។

លោកស្រីឈឿង សារិន ភរិយារបស់លោកព្រំ ជាបានបញ្ជាក់ថា តុលាការមិន
បានផ្តល់យុត្តិធម៌ដល់ស្វាមីរបស់លោកស្រីទេ។ ចំណែកឯលោកស្រីស៊ឹម គើយ
អាយុ៦៣ដែលជាមា្តយរបស់លោកព្រំ ជា វិញ បានយំបណ្តើរទទូចអង្វរបណ្តើរ
សុំឱ្យរដ្ឋាភិបាលលើកលែងការចោទប្រកាន់ ចំពោះកូនប្រុសរបស់អ្នកស្រី។

"យកកូនខ្ញុំទៅដាក់គុកទៀតហើយ។ អស់លោកជួយកូនខ្ញុំឲ្យរួចផង។ កូនខ្ញុំឈឺ
ផង។ សុំឲ្យអស់លោកជួយកូនខ្ញុំ ដោះលែងកូនខ្ញុំផង"។

មន្រ្តីតុលាការខេត្តស្វាយរៀងពុំបានផ្តល់អត្ថាធិប្បាយណាមួយចំពោះអ្នកកាសែត
ទេ ក្រោយ ពីសវនាការត្រូវបានបញ្ជប់។

គួរបញ្ជាក់ផងដែរថា សវនាការនៅព្រឹកថ្ងៃពុធនេះ ពុំអនុញ្ញាតឱ្យអ្នកកាសែតនិង
មន្រ្តីអង្គការក្រៅរដ្ឋាភិបាលចូលស្តាប់និងយកព័ត៌មានទេគឺជាសវនាការធ្វើឡើយ
ដោយបិទទ្វារ និង មានការយាមកាមយ៉ាងតឹងរឹងបំផុត ពីកម្លាំងសមត្ថកិច្ចខេត្ត
ស្វាយរៀងច្រើនរាប់រយនាក់ រួមទាំងរថយន្តពន្លត់អគ្គីភ័យផងដែរ ។

ពីខេត្តស្វាយរៀង ខ្ញុំ ហេង រស្មី VOA សម្លេងស.រ.អា.៕

XS
SM
MD
LG