ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចប់​ទស្សន​កិច្ច ​មន្ត្រី​អ.ស.ប. ​រិះ​គន់​ស្ថាន​ភាព​សិទ្ធិ​មនុស្ស


ប្រេសិតពិសេសអង្គការសហប្រជាជាតិ បាននិយាយថា ស្ថានភាពសិទ្ធិមនុស្ស
នៅកម្ពុជានៅតែមិនទាន់ឈានដល់កម្រិតស្តង់ដារអន្តរជាតិដែលតម្រូវឱ្យមាន
នោះទេ។

លោកជន សក្តា ជូនសេចក្តីរាយការណ៍ដូចតទៅ៖

ប្រេសិតពិសេសអង្គការសហប្រជាជាតិ Surya Prasad Subedi នៅថ្ងៃអង្គារ៍
នេះ បានរិះគន់រដ្ឋាភិបាលកម្ពុជាអំពីការរំលោភសិទ្ធិមនុស្សនៅតែបន្តកើតមាន
នៅក្នុងប្រទេសកម្ពុជា ដែលប៉ះពាល់ដល់សិទ្ធិដីធ្លី និងលំនៅដ្ឋាន សេរីភាពនៃ
ការបញ្ចេញមតិ និងប្រព័ន្ធតុលាការមិនឯករាជ្យ។

ប្រទេសកម្ពុជាបានរងនូវការរិះគន់អំពីការរំលោភសិទ្ធិទាក់ទងនឹងការបណ្តេញ
ចេញដោយបង្ខំ ការរឹបអូសយកដីធ្លី ការគម្រាមកំហែង និងការបំភិតបំភ័យអ្នក
ការពារសិទ្ធិមនុស្ស ចាប់ខ្លួនអ្នកតវ៉ាឬសកម្មជនសហគមន៍ចំពោះការតវ៉ាប្រឆាំង
នឹងការរំលោភសិទ្ធិផ្សេងៗ ការបំបិទសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និង ការ
ប្រមូលផ្តុំការចោទប្រកាន់ និង កាត់ទោសតំណាងរាស្ត្រគណបក្សប្រឆាំង និង
ប្រព័ន្ធតុលាការមិនឯករាជ្យ។

លោក Surya Prasad Subedi អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិ
មនុស្សនៅកម្ពុជារបស់អង្គការសហប្រជាជាតិ បានថ្លែងប្រាប់សន្និសីទកាសែត
នៅចុងបញ្ចប់ទស្សនាការងារ២សប្តាហ៍លើកទី២របស់លោកនៅកម្ពុជាថា ស្ថាន
ភាពសិទ្ធិមនុស្សនៅកម្ពុជា នៅតែមិនទាន់ដល់កម្រិតស្តង់ដារអន្តរជាតិ ដែល
តម្រូវឱ្យមាននោះទេ។

លោកប្រេសិតពិសេសរូបនេះបានបញ្ជាក់ថា សិទ្ធិដីធ្លី និង លំនៅដ្ឋានសេរីភាព
នៃការបញ្ចេញមតិ និងឯករាជ្យភាពនៃប្រព័ន្ធតុលាការគឺជាចំណុចសំខាន់នៃការ
ព្រួយបារម្ភដែលបានលើកឡើងដោយតំណាងអង្គការសង្គមស៊ីវិល។

"ចំពោះច្បាប់ និងការអនុវត្តរបស់ប្រទេសកម្ពុជា ច្បាប់ខ្លះ និងការអនុវត្តខ្លះ មិន
ស្របទៅនឹងស្តង់ដារអន្តរជាតិទេ។ ការព្រួយបារម្ភរបស់ខ្ញុំគឺលើបញ្ហានេះ ហើយ
ម៉្យាងទៀត មានស្ថាប័នដែលមានស្រាប់និងម៉្យាងទៀតការរំលោភសិទ្ធិមនុស្ស
កំពុងតែបន្ត"។

លោក Surya Prasad Subedi បានថ្លែងថា ស្ថាប័ននីតិប្រតិបត្តិគួរតែធ្វើជាគម្រូ
ល្អដោយ បង្ហាញនូវការអត់ ឱនយ៉ាងធំធេងចំពោះលទ្ធិប្រជាធិបតេយ្យសេរីពហុ
បក្សហើយកាប្រឈមគឺមិនមែនត្រឹមតែអនុវត្តច្បាប់ដែលមានស្រាប់ប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងធ្វើឱ្យច្បាប់កាន់តែមានលក្ខណៈប្រជាធិបតេយ្យនិងកាន់តែស្ថាបនា
ចំពោះការបញ្ចេញពហុមតិ និងការសប្បាយរីករាយនឹងសិទ្ធិ និងសេរីភាពដោយ
ប្រជាពលរដ្ឋកម្ពុជា។

លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បាន
ថ្លែងថា ការយកចិត្តទុកដាក់របស់លោក Surya Prasad Subedi លើសិទ្ធិ និង
សេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ គឺ ជារឿងសមហេតុផល ខណៈដែលប្រទេស
កម្ពុជាកំពុងអភិវឌ្ឍគោលការណ៍និងយន្តការដើម្បីធ្វើឱ្យការគោរពសិទ្ធិមនុស្ស
កាន់តែប្រសើរឡើង។

"យើងកំពុងតែដោះស្រាយ (បញ្ហារំលោភសិទ្ធិមនុស្ស)។រាជរដ្ឋាភិបាលមិនមែន
ដេកនៅក្នុងវិបត្តិទេ។រាជរដ្ឋាភិបាលកំពុងតែអភិវឌ្ឍនិងដោះស្រាយជាបន្តបន្ទាប់
តាមរយៈច្បាប់ ការយល់ដឹងច្បាប់ និងការអនុវត្តច្បាប់"។

លោក Surya Prasad Subedi បានលើកសរសើរប្រទេសកម្ពុជាថា បានធ្វើឱ្យ
មានការរីកចម្រើនដ៏ល្អក្នុងការបង្កើតស្ថាប័នផ្សេងៗ ដើម្បីជំរុញ និងការពារនីតិ
រដ្ឋ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ប៉ុន្តែមានកង្វល់អំពីមុខងាររបស់ស្ថា-
ប័នទាំងនោះប្រកបដោយប្រសិទ្ធិភាពច្បាស់លាស់ និងមិនលម្អៀង។

លោក Surya Prasad Subedi សង្ឃឹមថា នឹងទទួលបានកិច្ចសហប្រតិបត្តិការ
ពេញលេញពីរដ្ឋាភិបាល អង្គការ សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍អន្តរជាតិរបស់
ប្រទេសកម្ពុជា។

លោកSurya Prasad Subedi នឹងចាកចេញពីប្រទេសកម្ពុជានៅថ្ងៃពុធ បន្ទាប់
ពីបានបំពេញទស្សនាការងាររយៈពេល១០ថ្ងៃ នៅកម្ពុជា ដើម្បីជួបពិភាក្សាអំពី
បញ្ហាសិទ្ធិមនុស្សជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន តំណាងអង្គការសិទ្ធិ
មនុស្សសំខាន់ៗតំណាងអង្គទូតបរទេសប្រចាំនៅកម្ពុជា តំណាងដៃគូអភិវឌ្ឍន៍
របស់ប្រទេសកម្ពុជានិងតំណាងរាស្ត្រគណបក្សប្រឆាំងក្នុងកិច្ចខិតខំប្រឹងប្រែង
រិះរកវិធីសាស្ត្រ សហប្រតិបត្តិការរួមគ្នា ធ្វើឱ្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា
កាន់តែប្រសើរឡើង។

ពីទីក្រុងភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេងស.រ.អា.៕

XS
SM
MD
LG