ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្អូនប្រុសសពលោកជា វិជ្ជាព្រមាន ថានឹងដឹកនាំធ្វើមហាបាតុកម្ម


ដើម្បីស្តាប់ព័ត៌មាននេះ

ប្រសិនបើរដ្ឋាភិបាល កម្ពុជាពុំបានស្វែងរកចាប់ខ្លួនឃាដករពិតបា្រកដដែលជាប់
ពាក់ព័ន្ធនឹងការបាញ់សម្លាប់បងប្រុសរបស់លោក ហើយនាំយកមកកាត់ទោស
ទេនោះ។

លោក ហេង រស្មី រាយការណ៍ជូនពិស្តារដូចតទៅ ៖

នៅថ្ងៃសុក្រនេះ ជាថ្ងៃគម្រប់ខួបលើកទី៦ឆ្នាំនៃសពលោកជា វិជ្ជា អតីតប្រធាន
សហជីពកម្មករដ៏ល្បីល្បាញត្រូវឃាដករមិនស្គាល់មុខបាញ់សម្លាប់នោះ ប្អូន
ប្រុសរបស់លោកគឺលោកជា មុន្នី បានប្រកាសនៅពីមុខហ្វូងមហាជនដែលបាន
មកចូលរួមទុក្ខនៅថ្ងៃនេះថា ប្រសិនបើរដ្ឋាភិបាលកម្ពុជាពុំបានស្វែងរកចាប់ខ្លួន
ឃាដករពិតប្រាកដមកកាត់ទោសទេ លោកនឹងដឹកនាំធ្វើមហាកូដកម្មលក្ខណៈ
ទ្រង់ទ្រាយធំនៅទូទាំងប្រទេសកម្ពុជា។

"បើសិនជាមិនរកឲ្យទាន់ពេលវេលាទេ យើងនឹងចាប់ផ្តើមយកថ្ងៃណាមួយគឺជា
ថ្ងៃកូដកម្មរបស់កម្មករកម្មការិនីទូទាំងប្រទេស យើងដឹងអំពីបញ្ហាវិបត្តិសេដ្ឋកិច្ច
ប៉ុន្តែបើរដ្ឋាភិបាលព្រងើយកន្តើយ មិនតាមចាប់ខ្លួនឃាដករ គឺយើងប្តូរទៅនឹង
ការធ្វើកូដកម្មរយៈពេល១សបា្តហ៍"។

លោកជា មុន្នី ពុំបានបញ្ជាក់អំពីកាលបរិច្ឆេទច្បាស់លាស់ទេ ក៏ប៉ុន្តែលោកបាន
បញ្ជាក់ថា នេះមិនមែនជាការគម្រាមទេ លោកនឹងដឹកនាំមហាកូដកម្មពិតមែន
បើសិនរដ្ឋាភិបាលនៅតែព្រងើយកន្តើយមិនចាប់ខ្លួនឃាដករពិតប្រាកដនោះ។

លោកយឹម សុវណ្ណ អ្នកនាំពាក្យ និងជាអ្នកតំណាងរាស្រ្តគណបក្សប្រឆាំង បាន
ថ្លែងប្រាប់ក្រុម អ្នកកាសែតថា រដ្ឋាភិបាលអត់បានបំពេញតួនាទីរបស់ខ្លួន ដើម្បី
តាមរកឃាដករជនដៃដល់ពិតប្រាកដ ព្រមទាំងអ្នកនៅពីក្រោយខ្នង មកកាត់
ទោសទេ។

លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលគួរតែចាប់ខ្លួនឃាដករ យកមកកាត់
ទោស។

"ករណីជា វិជ្ជា ខ្ញុំអំពាវនាវឲ្យរកឃាដករ អ្នកដៃដល់ អ្នកនៅពីក្រោយខ្នងយក
មកកាត់ទោស។ ទីពីរសុំឲ្យរដ្ឋាភិបាល ក៏ដូចជា សូមថ្វាយព្រះមហាក្សត្រដើម្បី
ធ្វើយ៉ាងម៉េចជួយផ្តល់គោរមងារជូនលោកជា វិជ្ជា ជាវីរៈកម្មករខ្មែរ"។

លោកអាត់ ធន ប្រធានសហភាពការងារកម្ពុជា បានលើកឡើងថា លោកជា វិជ្ជា
គឺជាវីរៈជន កម្មករមួយដែលហ៊ានតស៊ូប្រឆំាងនឹងថៅកែរោងចក្រ និងមន្រ្តីមួយ
ចំនួនដែលគាបសង្កត់កម្មករ ដើម្បីទាមទារប្រាក់បៀរវត្សរ៍ជូនកម្មករឲ្យបានសម
រម្យ។

លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលត្រូវតែបង្ហាញឆន្ទៈរបស់ខ្លួនក្នុងការ
ស្វែងរកចាប់ខ្លួន ឃាដករពិតប្រាកដមកកាត់ទោស។

"ហើយប្រសិនជាលោក ជា វិជ្ជា មិនត្រូវមានយុត្តិធម៌ ហើយឃាដករមិនត្រូវរក
ឃើញ ហើយអ្នកបញ្ជាក្រោយខ្នងមិនត្រូវរកឃើញ យើងមិនសប្បាយចិត្ត។យើង
នឹងចូលរួមក្នុងការតវ៉ាផ្សេងៗជាមួយសហជីពសេរីកម្មករ ដើម្បីប្រឆាំងនឹងការ
សម្លាប់ និងប្រឆាំងនិទណ្ឌភាព ចំពោះអ្នកដែលស្នេហាជាតិ"។

ចំណែកលោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃវិញបាន
មានប្រសាសន៍ថា រដ្ឋាភិបាលបានចាប់ខ្លួនរួចហើយ ចំពោះឃាដករ ដែលបាន
បាញ់សម្លាប់លោកជា វិជ្ជា។ លោកបានមានប្រសាសន៍ថាបើការធ្វើកូដកម្មណា
មួយដោយអត់ច្បាប់នោះ យើងនិងមានវិធានការបង្រ្កាប ។

"កន្លងមកយើងបានធ្វើហើយៗ គាត់ចេះថា ឃាដករនេះ ឃាដករនោះ។គាត់អត់
ដែលបានមកបង្ហាញខ្លួន ឬផ្តល់ភស្តុតាងទេ គឺចេះតែថាចេះតែស្រែក។គាត់មិន
ពេញចិត្តគាត់។ គាត់ចង់ដើរតួជាតុលាការផង ដើរតួជាសមត្ថកិច្ចផង។ តាមតែ
គាត់ទៅ"។

លោកជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃប្រទេសកម្ពុជាត្រូវបានឃាដ
ករបាញ់សម្លាប់កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ ២០០៤ នៅក្បែរបងវត្តលង្ការក្រុង
ភ្នំពេញ ។

សហជីពសេរីកម្មករ ដែលដឹកនាមដោយលោកជា មុន្នីបានដើរក្បួនដង្ហែរដោយ
សន្តិវិធីមួយ គំរប់ខួប៦ឆ្នាំនៃការបាញ់សម្លាប់លោកជា វិជ្ជាក្រោមការដាក់ពង្រាយ
កម្លាំងសមត្ថកិច្ចច្រើនរាប់សិបនាក់ ក៏ប៉ុន្តែពុំមានការប៉ះទង្គិចគ្នាណាមួយកើត
ឡើងនោះទេ ។

រាយការណ៍ពីទីក្រុងភ្នំពេញ ខ្ញុំ ហេង រស្មី VOA សម្លេងស.រ.អា. ៕

XS
SM
MD
LG