ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាពស៊ាំថ្នាំប្រឆាំងមេរោគ គ្រុនចាញ់នៅកម្ពុជា


ដើម្បីស្តាប់ព័ត៌មាននេះ

មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ក្នុងប្រទេសកម្ពុជា កំពុងបង្កើនកិច្ច
ខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីទប់ស្កាត់ការរីករាលដាលនៃភាពស៊ាំថ្នាំប្រឆាំងនឹង
មេរោគគ្រុនចាញ់នៅកម្ពុជា។

លោក ពេជ្រ សំណាង រាយការណ៍ពិស្តារអំពីរឿងនេះពីទីក្រុងភ្នំពេញ៖

អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺគ្រុនចាញ់ ក្រសួងសុខាភិបាល លោក
ស្រីវេជ្ជបណ្ឌិត ខេង ស៊ីម បានមានប្រសាសន៍ថា មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹង
ជំងឺគ្រុនចាញ់បានកំពុងបង្កើនយុទ្ធនាការទប់ស្កាត់ការកើនឡើងនូវភាពស៊ាំថ្នាំ
មេរោគគ្រុនចាញ់ដែលបានបង្កឱ្យមានការព្រួយបារម្ភក្នុងពេលថ្មីៗនេះ។

លោកស្រីខេង ស៊ីមមានប្រសាសន៍ក្នុងបទសម្ភាសន៍មួយ នៅថ្ងៃសុក្រសប្តាហ៍
មុនថា ចំណាត់ការបន្ថែមទៀត ដែលមជ្ឈមណ្ឌលរបស់លោកស្រីកំពុងផ្តោត
ទៅលើនោះគឺការចែកមុងជ្រលក់ថ្នាំឱ្យបានដល់គ្រប់គ្រួសារប្រជាពលរដ្ឋដែល
រស់នៅក្នុងតំបន់ដែលប្រឈមមុខខ្ពស់នៃការឆ្លងមេរោគគ្រុនចាញ់ដែលស៊ាំនឹង
ថ្នាំនេះនៅតាមបណ្តោយព្រំដែនថៃ។

“យើងបន្ថែមឱ្យខ្លាំងក្លាដូចជាយើងពង្រីកបន្ថែមទៅលើភូមិដែលត្រូវគ្របដណ្តប់
ដោយមុងជ្រលក់ថ្នាំ ធ្វើយ៉ាងម៉ិច១០០%គ្រប់ដណ្តប់ប្រជាជនឱ្យបានធ្វើយ៉ាង
ម៉ិចគឺថា ប្រជាជនដែលរស់នៅក្នុងតំបន់ Containment ហ្នឹង គឺថា១០០%
គឺគ្រួសារណាក៏មានមុងជ្រលក់ថ្នាំហ្នឹងសម្រាកដែរដើម្បីការពារ ហើយយើង
បន្ថែមមួយទៀត គឺយើងធ្វើការទៅលើក្រុមប្រជាជនចល័ត និង ចំណាកស្រុក
ទាំងចំណាកស្រុក ឬចល័តក្នុងប្រទេស ក៏ដូចជាអ្នកចំណាកស្រុកទៅប្រទេស
ថៃ”។

តំបន់ដែលប្រឈមមុខនឹងជំងឺគ្រុនចាញ់ស្ថិតក្នុងខេត្តចំនួន១០ទូទាំងប្រទេស
រួមមានខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យព្រះ
វិហារ ពោធិសាត់ កំពត កំពង់ស្ពឺ និងខេត្តកោះកុង។

ដោយឡែក តំបន់ដែលកំពុងប្រឈមមុខខ្ពស់បំផុតក្នុងការរីករាលដាលភាពស៊ាំ
ថ្នាំនៃមេរោគគ្រុនចាញ់នេះស្ថិតនៅតំបន់ព្រៃនៃខេត្តភាគខាងលិចប្រទេសកម្ពុជា
ជាពិសេសគឺខេត្តប៉ៃលិន បាត់ដំបង និងខេត្តពោធិសាត់។ ភាពស៊ាំថ្នាំនៃមេរោគ
គ្រុនចាញ់ត្រូវបានគេរកឃើញមានការវិវត្តកាន់តែកើនឡើងគួរឱ្យព្រួយបារម្ភនៅ
ចុងឆ្នាំ២០០៧ ដោយសារកត្តាមួយចំនួន ដូចជាការប្រើប្រាស់ថ្នាំប្រឆាំងមេរោគ
គ្រុនចាញ់មិនគ្រប់ចំនួនតាមវេជ្ជបញ្ជាក្នុងចំណោមអ្នកកើតជំងឺគ្រុនចាញ់នេះ
និង ការប្រើចំថ្នាំក្លែងក្លាយឬខ្វះគុណភាពជាដើម។

របាយការណ៍របស់មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺគ្រុនចាញ់កម្ពុជាបានបង្ហាញថា
អ្នកឆ្លងជំងឺគ្រុនចាញ់បានកើនឡើងពីជាង៥៨.0០០នាក់ក្នុងឆ្នាំ២០០៨ រហូត
ដល់ជាង៧៦.០០០នាក់ក្នុងឆ្នាំ២០០៩ ។ ចំណែកជនរងគ្រោះដែលស្លាប់បាត់
បង់ជីវិតដោយសារជំងឺនេះក៏កើនឡើងផងដែរគឺពី២១៥នាក់កាលពីឆ្នាំ២០០៨
មកដល់២៥៩នាក់កាលពីឆ្នាំទៅម៉ិញ។

ដើម្បីបង្ការការរីករាលដាលភាពស៊ាំថ្នាំនៃមេរោគគ្រុនចាញ់ រហូតមកដល់ពេល
នេះយុទ្ធនាការចែកចាយមុងជ្រលក់ថ្នាំបានគ្រប់ដណ្តប់ដល់គ្រួសារប្រជាពលរដ្ឋ
បានជាង៨៧%នៅទូទាំងប្រទេស នេះបើយោងតាមការបញ្ជាក់របស់លោកស្រី
ខេង ស៊ីម នៃមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺគ្រុនចាញ់។

ការរីករាលដាលនៃភាពស៊ាំថ្នាំនៃមេរោគគ្រុនចាញ់នេះបានបង្កឱ្យក្រុមអ្នកវិទ្យា
សាស្រ្តព្រួយបារម្ភយ៉ាងខ្លាំង ដោយសារបច្ចុប្បន្ន មានតែពពួកថ្នាំ Artesunate
ឬArtemisinin ប៉ុណ្ណោះដែលមានប្រសិទ្ធិភាពខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹង
មេរោគគ្រុនចាញ់នេះ។

លោកស្រី ខេង ស៊ីម មានប្រសាសន៍ថា មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុន
ចាញ់កម្ពុជាបានកំពុងបង្កើនការផ្សព្វផ្សាយបន្ថែមទៀតដើម្បីឱ្យប្រជាពលរដ្ឋយល់
ដឹងកាន់តែច្រើនឡើងអំពីគ្រោះថ្នាក់នៃភាពស៊ាំថ្នាំដោយមេរោគគ្រុនចាញ់នេះ។

“សារហ្នឹងយើងធ្វើតាមរយៈ radio spot, TV spot។ យើងមានបង្កើត Poster
leafletsចែកជូនទៅដល់ប្រជាពលរដ្ឋ។យើងឱ្យគាត់ទទួលនូវសារអប់រំទាំងអស់
នោះ ហើយយើងក៏ធ្វើផងដែរទៅលើសេវាឯក ជនឱ្យគាត់យល់ថា ថ្នាំណាមួយ
ដែលគួរយកព្យាបាលប្រជាពលរដ្ឋយើងដើម្បីរាំងស្កាត់ភាពស៊ាំ ការសាយភាព
នៃភាពស៊ាំនៃមេរោគគ្រុនចាញ់ទៅនឹងថ្នាំ Artemisininនេះ”។

សូមបញ្ជាក់ថា សកម្មភាពទប់ស្កាត់ការរីករាលដាលភាពស៊ាំថ្នាំនៃមេរោគគ្រុន
ចាញ់របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់នេះត្រូវបានធ្វើឡើងក្រោម
ជំនួយឧបត្ថម្ភរបស់មូលនិធិ Bill & Melinda Gates Foundation ដែលមានទឹក
ប្រាក់ ៩,៥លានដុល្លារអាមេរិកតាមរយៈអង្គការសុខភាពពិភពលោក។

លោកវេជ្ជបណ្ឌិតB George Steven ប្រធានគ្រប់គ្រង់កម្មវិធីជំងឺគ្រុនចាញ់នៃ
អង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ការទប់ស្កាត់
ការរីករាលដាលភាពស៊ាំនៃមេរោគគ្រុនចាញ់នេះគឺត្រូវធានាថា អ្នកឆ្លងមេរោគ
គ្រុនចាញ់ទទួលបានការព្យាបាលឱ្យបានពេញលេញ ក្រោយពីពួកគេត្រូវបាន
ធ្វើតេស្តរកឃើញថា ពួកគេពិតជាកើតជំងឺគ្រុនចាញ់ហើយនោះ។

លោកB George Stevenបន្តថា ក្រសួងសុខាភិបាលត្រូវធ្វើឱ្យប្រាកដថា អ្នក
កើតជំងឺគ្រុនចាញ់អាចទទួលបានថ្នាំព្យាបាលដែលមានគុណភាពល្អ។

“ខ្ញុំនិយាយដូច្នេះ ដោយសារមានថ្នាំក្លែងក្លាយនិងថ្នាំខូចគុណភាពជាច្រើននៅ
ក្នុងវិស័យឯកជន”។

លោក B George Steven នៃកម្មវិធីគ្រប់គ្រងជំងឺគ្រុនចាញ់របស់អង្គការសុខ
ភាពពិភពលោកប្រចាំនៅកម្ពុជាមានប្រសាសន៍បន្ថែមថា អ្នកកើតជំងឺគ្រុនចាញ់
ត្រូវប្រើប្រាស់ថ្នាំផ្គួបគ្នា ជាជាងប្រើតែថ្នាំArtemisininតែមួយមុខនោះ។ ថ្នាំដែល
ត្រូវប្រើផ្គួបគ្នានោះគឺArtesunate និងMefloquine។ ដោយឡែកសម្រាប់តំបន់
ដែលមានភាពស៊ាំថ្នាំខ្ពស់នៃមេរោគគ្រុនចាញ់នេះ អ្នកជំងឺត្រូវប្រើថ្នាំផ្គួបផ្សេងគឺ
DHA Piperaquine ។

ជាងនេះទៀតនោះ លោកB George Steven បន្ថែមថា ដើម្បីទប់ស្កាត់ការរីក
រាលដាលភាពស៊ាំថ្នាំនៃមេរោគគ្រុនចាញ់នេះ គេត្រូវបង្កើនចំនួនបុគ្គលិកផ្នែក
គ្រុនចាញ់ដែលមានឧបករណ៍ធ្វើតេស្តរកនិងព្យាបាលមេរោគគ្រុនចាញ់រួចជា
ស្រេចនៅតាមភូមិដាច់ស្រយាល។

“យើងត្រូវតែពង្រីកការធ្វើតេស្តរកមេរោគគ្រុនចាញ់ និង ការព្យាបាលឱ្យដល់
តំបន់ដែលដាច់ស្រយាលបំផុត ដោយសារទីនោះហើយដែលកើតមានជំងឺគ្រុន
ចាញ់នោះ។ ជំងឺនេះមិនមែនកើត ឡើងនៅទីក្រុងទេ គឺវាកើតឡើងនៅទីជន
បទដាច់ស្រយាល”។

លោកស្រីខេង ស៊ីម អនុប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់មាន
ប្រសាសន៍ថា ក្រសួងសុខាភិបាលបានកំពុងបង្កើនបុគ្គលិកស្ម័គ្រចិត្តតាមភូមិ
ដើម្បីធ្វើការអប់រំនិងបំរើសេវាព្យាបាលជំងឺគ្រុនចាញ់នេះឱ្យគ្រប់៣.៦៩០ភូមិក្នុង
តំបន់ដែលមានមេរោគគ្រុនចាញ់នេះឱ្យបានត្រឹមចុងឆ្នាំ២០១២ខាងមុខនេះ។

ពីទីក្រុងភ្នំពេញ ខ្ញុំ ពេជ្រ សំណាង VOAសម្លេងស.រ.អា.។

XS
SM
MD
LG