ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្ដីខ្មែរក្រហមបញ្ចប់ការ ស៊ើបអង្កេតសំណុំរឿង០០២


ដើម្បីស្តាប់ព័ត៌មាននេះ

សាលាក្ដីខ្មែរក្រហមបានបិទបញ្ចប់ការស៊ើបអង្កេតក្នុងសំណុំរឿង លេខ០០២
នៅថ្ងៃព្រហស្បតិ៍នេះ ដោយរំពឹងថា ការកាត់ក្ដីជនជាប់ចោទក្នុងសំណុំរឿងនេះ
អាចនឹងប្រព្រឹត្តទៅបាននៅចុងឆ្នាំ២០១០នេះ។

លោក គង់ សុឋានរិទ្ធ រាយការណ៍ពិស្ដារពីទីក្រុងភ្នំពេញ ដូចតទៅ៖

សហចៅក្រមស៊ើបអង្កេតរបស់សាលាក្ដីខ្មែរក្រហម នៅថ្ងៃព្រហស្បតិ៍នេះបាន
បិទបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួន ក្នុងសំណុំរឿងលេខ ០០២ ដោយរំពឹងថា
ជនជាប់ចោទទាំង៥នាក់នៅក្នុងសំណុំរឿងនេះ នឹងត្រូវនាំខ្លួនឡើងរង្វង់ក្រចក
សេះសម្រាប់កាត់ទោសនៅអំឡុងដំណាច់ឆ្នាំ២០១០នេះ នេះបើតាមការប្រកាស
ឲ្យដឹងរបស់លោកឡាស អលសិន មន្ដ្រីទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្ដី
ខ្មែរក្រហម នៅក្នុងសន្និសីទកាសែតនៅជាយទីក្រុងភ្នំពេញ។

“នៅថ្ងៃនេះ ស្របតាមវិធានផ្ទៃក្នុងរបស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការ
កម្ពុជាសហចៅក្រមស៊ើបអង្កេតបានជូនដំណឹងដល់គ្រប់ភាគី និងមេធាវីរបស់
ពួកគេថា សហចៅក្រមស៊ើបអង្កេតយល់ឃើញថា ការស៊ើបសួរក្នុងសំណុំរឿង
លេខ០០២ ត្រូវបានបញ្ចប់ហើយ "។

សេចក្ដីប្រកាសខាងលើនេះធ្វើឡើងបន្ទាប់ពីសហចៅក្រមស៊ើបអង្កេត លោក
ម៉ាកសែលឡឺម៉ុង និងលោក យូ ប៊ុនឡេង បានចំណាយពេលអស់រយៈចំនួន២
ឆ្នាំកន្លះ ក្នុងការស៊ើបអង្កេតទៅលើអំពើរឃោរឃៅ ដែលជាប់ពាក់ព័ន្ធជនជាប់
ចោទទាំង៥នាក់ដែលរួមមាននួន ជា អតីតប្រធានសភាខ្មែរក្រហម ខៀវ សំផន
អតីតប្រមុខរដ្ឋខ្មែរក្រហមអៀង សារី អតីតរដ្ឋមន្រ្ដីការបរទេស ប្រពន្ធរបស់គាត់
គឺអៀង ធីរិទ្ធ អតីតរដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច រួមទាំងឌុចអតីតប្រធានគុកទួល
ស្លែងដ៏ទារុណកម្ម។

ជនជាប់ចោទទាំងនេះត្រូវចាប់ខ្លួន និងចោទប្រកាន់ចំពោះការទទួលខុសត្រូវក្នុង
ការសម្លាប់និងការបង្កឲ្យប្រជាជនកម្ពុជាស្លាប់អស់ជិត២លាននាក់ចន្លោះពីឆ្នាំ
១៩៧៥ ដល់ឆ្នាំ១៩៧៩។

លោកឡាស អលសិន បញ្ជាក់ថា ការស៊ើបអង្កេតក្នុងករណីលេខ០០២នេះមាន
ឯកសាររាប់ម៉ឺនទំព័រត្រូវបានដាក់បញ្ចូលក្នុងសំណុំរឿង មានសេចក្ដីបំភ្លឺចំនួន
៨០០ឯកសារពីសាក្សី ពីដើមបណ្ដឹងរដ្ឋប្បវេណីនិងពីជនជាប់ចោទទាំង៥នាក់។

មន្ដ្រីផ្លូវការខាងភាគីអង្គការសហប្រជាជាតិដដែលបានបន្ថែមថាបន្ទាប់ពីបញ្ចប់
ការស៊ើបអង្កេត នេះទៅគ្រប់ភាគីទាំងអស់មានពេលចំនួន៣០ថ្ងៃដើម្បីធ្វើបណ្ដឹង
ទាមទារឲ្យមានការស៊ើបអង្កេតបន្ថែមណាមួយ ដោយឡែកជនរងគ្រោះដោយ
របបខ្មែរក្រហមមានពេល១៥ថ្ងៃទៀត សម្រាប់ដាក់បណ្ដឹង ដើម្បីសុំតាំងខ្លួនជា
ដើមបណ្ដឹងរដ្ឋប្បវេណី។

លោកឡាស អលសិន លើកឡើងថា សហចៅក្រមស៊ើបអង្កេតគ្រោងនឹងបញ្ជូន
សំណុំរឿងនេះទៅ កាន់អង្គជំនុំជម្រះសាលាដំបូងដើម្បីកំណត់ថ្ងៃកាត់ទោសជន
សង្ស័យទាំង៥ នៅក្នុងអំឡុងខែកញ្ញា ហើយប្រសិនបើមិនមានឧបសគ្គអ្វីទេនោះ
ការកាត់ទោសអាចនឹងប្រព្រឹត្តទៅនៅចុងឆ្នាំនេះ។

ទោះជាយ៉ាងណា គេនៅមិនទាន់ច្បាស់នៅឡើយទេថា តើឌុច អាចនឹងត្រូវកាត់
ទោសម្ដងទៀតនៅក្នុងសំណុំរឿងលេខ០០២នេះយ៉ាងណា។ លោកឡាស អល
សិនបញ្ជាក់ថា ឌុចត្រូវកាត់ទោសក្នុងសំណុំរឿង ទី២ឬយ៉ាងណា វាអាស្រ័យទៅ
នឹងដីការបញ្ជូនរឿងឲ្យជំនុំជម្រះរបស់សហចៅក្រមស៊ើបអង្កេត។

កាលពីសប្ដាហ៍មុន សហចៅក្រមស៊ើបអង្កេតកម្ពុជាលោកយូ ប៊ុនឡេងមានប្រ-
សាសន៍ថា ឌុចអាចនឹងត្រូវកាត់ទោសម្ដងទៀត ប្រសិនបើជនជាប់ចោទរូបនេះ
នឹងត្រូវទទួលរងការចោទប្រកាន់ពីបទចោទថ្មី ជាបន្ថែមទៀត។

ពីរាជធានីភ្នំពេញ ខ្ញុំ គង់ សុឋានរិទ្ធ VOA សម្លេងស.រ.អា.៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG