ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជាបានដាក់ផែនការពង្រឹងកងទ័ព


ដើម្បីស្តាប់ព័ត៌មាននេះ

ក្រសួងការពារជាតិរបស់ប្រទេសកម្ពុជាបានដាក់ផែនការពង្រឹងកងទ័ពជាបន្ថែម
ទៀត ស្របពេលដែលកំពុងមានស្ថានភាពតានតឹងផ្នែកយោធាជាមួយប្រទេស
ថៃ។

លោក គង់ សុឋានរិទ្ធ រាយការណ៍ជូនពីទីក្រុងភ្នំពេញដូចតទៅ៖

ប្រទេសកម្ពុជាបានដាក់ផែនការធ្វើការកែទម្រង់ដើម្បីពង្រឹងកងទ័ពបន្ថែមទៀត
សម្រាប់រយៈពេល៥ឆ្នាំទៅមុខ ពោលគឺចាប់ពីឆ្នាំ២០១០រហូតទៅដល់ឆ្នាំ២០១៤ ស្របពេលដែលជម្លោះព្រំដែនរវាងកម្ពុជា និងប្រទេសថៃ នៅតែស្ថិតនៅក្នុងការ
ប្រទាញប្រទង់នៅឡើយ ។ យោងតាមរបាយការណ៍បូកសរុបការងារកែទម្រង់
កងយោធពលខេមរភូមិន្ទឆ្នាំ២០០៥ ឆ្នាំ២០០៩ និង ទិសដៅអនុវត្តសម្រាប់ឆ្នាំ
២០១០និងឆ្នាំ២០១៤ ដែលបង្ហាញនៅក្នុងសន្និសីទប្រចាំឆ្នាំរបស់ក្រសួងការពារ
ជាតិកាលពីថ្ងៃអង្គារបានបញ្ជាក់ថា ប្រទេសកម្ពុជានឹងត្រូវពង្រឹងកងកម្លាំងទ័ព
រួមទាំងផ្នែកយុទ្ធសាស្រ្តនៅតាមភូមិភាគទី៣ ទី៤ និង ភូមិភាគទី៥ ដែលសុទ្ធ
សឹងជាតំបន់សំខាន់ៗសម្រាប់យុទ្ធសាស្រ្តការពារបន្ទាត់ព្រំដែនជាមួយប្រទេស
ថៃ។

របាយការណ៍ចំនួន១៩ទំព័រ ដែលបង្ហាញដោយលោកទៀ បាញ់ ឧបនាយករដ្ឋ
មន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការពារជាតិបានបញ្ជាក់ថា កម្ពុជាត្រូវការពង្រឹងមូល
ដ្ឋានសម្ភារៈ និង កម្លាំងទ័ពជើងទឹក ការពារដែនអាកាសសម្រាប់បម្រើឲ្យយុទ្ឋ
សាស្រ្តចំពោះមុខ ព្រមទាំងពង្រីកកម្លាំងការពារព្រំដែនជាដើ ។កងយោធារបស់
ប្រទេសកម្ពុជាត្រូវគេមើលឃើញថា ស្ថិតក្នុងស្ថានភាពទន់ខ្សោយផ្នែកសម្ភារៈ
សឹក និងមានចំនួនទ័ពខ្មោចជាច្រើន។

ការដាក់ផែនការសម្រាប់ពង្រឹងវិស័យយោធារយៈពេល៥ឆ្នាំទៅមុខទៀតធ្វើឡើង
នៅពេលដែលកងទ័ពរបស់ប្រទេសកម្ពុជាកំពុងតែប្រឈមមុខនៅតាមព្រំដែន
ជាមួយ និង កងទ័ពប្រទេសថៃ។ ការប្រឈមមុខដាក់គា្ន ដែលកើតឡើងជុំវិញ
ទំនាស់ប្រសាទព្រះវិហារដ៏រីករាលដាលចាប់តាំងពីខែកក្កដាឆ្នាំ២០០៨មកម៉្លេះ។

លោក ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ មិនអាចធ្វើទំនាក់ទំនង ដើម្បីសុំ
សេចក្តីអត្ថាធិប្បាយបានទេ នៅថ្ងៃពុធនេះ ដោយសារតែទូរស័ព្ទរបស់លោក
មានអ្នកទទួល ក៏ប៉ុន្តែពុំមានអ្នកនិយាយឆ្លើយឆ្លង។ ដោយឡែកលោកឧត្តម
សេនីយ៍ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរៈភូមិន្ទ មានប្រសា-
សន៍ថា លោកមិនអាចធ្វើអត្ថាធិប្បាយបានទេអំពីរបាយការណ៍នោះ ហើយត្រូវ
ទាក់ទងទៅក្រសួងការពារជាតិវិញ ។

"អត់ទេ! ទាល់សួរក្រសួងការពារជាតិទៅ។ ខ្ញុំកំពុងប្រជុំណា៎"។

របាយការណ៍របស់ក្រសួងការពារជាតិដដែលក៏បានលាតត្រដាងផងដែរថា ក្រ-
សួងបានពង្រឹងកងទ័ពនៅជួរមុខ នៅតាមព្រំដែនភាគខាងលិច និង ភាគខាង
ជើង ដោយមានការជ្រើសរើសកងទ័ពថ្មីជាបន្ថែម រួមទាំងបន្ថែមនូវគ្រឿងបំពាក់
ថ្មីសម្រាប់យោធាផងដែរ។

យោងតាមច្បាប់ថវិកាឆ្នាំ២០១០បានបង្ហាញថា រដ្ឋាភិបាលកម្ពុជាបានបង្កើន
ចំណាយសម្រាប់វិស័យសន្តិសុខនិងការពារជាតិពីចំនួន២២៦លានដុល្លារនៅ
ឆ្នាំ២០០៩រហូតទៅដល់២៧៦លានដុល្លារឆ្នាំ២០១០ នៅក្នុងនោះ ថវិកាចំនួន
១៦៨,៨សែនដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់ការពារជាតិ ៕

ពីរាធានីភ្នំពេញ ខ្ញុំ គង់ សុឋានរិទ្ធ VOA សម្លេង ស.រ.អា.៕

XS
SM
MD
LG