ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជាទាល់ចោលការអះអាងរបស់ថៃ ដែលថាវត្តព្រំដែនជារបស់ខ្លួន


ជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និង ប្រទេសថៃកាន់តែមានបញ្ហាបន្ថែមទៀត ខណៈដែលប្រទេសថៃបានអះអាងថា តំបន់វត្តកែវសិក្ខាគីរីស្វារៈជាកម្មសិទ្ធិរបស់
ប្រទេសថៃនោះ។

លោកជន សក្តា សូមជូនព័ត៌មាននេះ ដូចតទៅ៖

រដ្ឋាភិបាលកម្ពុជា នៅថ្ងៃច័ន្ទនេះ បានបដិសេធការអះអាងរបស់ប្រទេសថៃដែល
ថា តំបន់វត្តព្រះពុទ្ធសាសនាមួយនៅក្បែរប្រាសាទព្រះវិហារចំណាស់ជាង៩០០
ឆ្នាំរបស់ប្រទេសកម្ពុជា គឺជាកម្មសិទ្ធិរបស់ប្រទេសថៃ។

វត្តកែវសិក្ខាគីរីស្វារៈបានស្ថិតនៅចំបេះដូងនៃការប្រឈមមុខដោយកងទ័ពនៅ
ព្រំដែន ដែលបានចាប់ផ្តើមនៅក្នុងខែកក្កដា ឆ្នាំ ២០០៨ បន្ទាប់ពីប្រាសាទព្រះ
វិហារត្រូវបានចុះក្នុងបញ្ចីបេតិកភណ្ឌពិភពលោក។

ក្រសួងការបរទេសថៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ចុះផ្សាយនៅក្នុង
កាសែតThe Nationនៅថ្ងៃសៅរ៍ថា តំបន់វត្តកែវសិក្ខាគីរីស្វារៈគឺស្ថិតនៅក្នុងទឹក
ដីថៃ ហើយការបង្កើតសហគមន៍ខ្មែរ រួមមានការកសាងវត្តនិងផ្ទះសម្បែងព្រម
ទាំងការតាំងបន្ទាយកងយោធពលខេមរភូមិន្ទនៅក្នុងតំបន់នោះ បង្កបង្កើតឱ្យ
មានការរំលោភអធិបតេយ្យភាព និង បូរណភាពទឹកដីរបស់ប្រទេសថៃជាបន្ត
បន្ទាប់ប្រឆាំងនឹងប្រទេសថៃដែលបានធ្វើការតវ៉ាម្តងហើយម្តងទៀត។

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បាន
ថ្លែងប្រាប់ VOA ថា ការអះអាងរបស់ក្រសួងការបរទេសថៃនេះ មិនមានចរិក
ថ្លៃថ្នូ និងគ្មានអារ្យធម៌ ព្រមទាំងក្បត់ប្រវត្តិសាស្ត្រ និងការណ៍ពិត។

លោកផៃ ស៊ីផាន បានបញ្ជាក់ថា ប្រទេសថៃកំពុងតែបោកប្រាស់ និងបំភាន់មតិ
ជាតិថៃ និងមតិអន្តរជាតិ ប៉ុន្តែវាជារឿងហួសពេលដែលប្រទេសថៃត្រូវនិយាយ
បែបនេះ។

"រដ្ឋាភិបាលកម្ពុជា សូមបដិសេធចោលទាំងស្រុងនូវការអះអាងរបស់ប្រទេសថៃ
បែបនេះ។ ការសរសេរនិងការបញ្ចេញមតិនេះគ្រាន់តែជាការបោកប្រាស់និងការ
បំផ្លាញកិត្តិយសរបស់ប្រទេសថៃខ្លួនឯង។ យើងមិនអាចទទួលយកបាន នូវការ
អះអាងរបស់ក្រសួងការបរទេសថៃដែលប្រាស់ចាកពីការណ៍ពិតនៃប្រវត្តិសាស្ត្រ
និងពីការសម្រេចសេចក្តីរបស់តុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេនៅក្នុងឆ្នាំ
១៩៦២"។

ក្រសួងការបរទេសថៃបានបញ្ជាក់ថា បញ្ហាប្រាសាទព្រះវិហារ គឺជាបញ្ហាដ៏ស្មុគ
ស្មាញជាច្រើនឆ្នាំនៃប្រវត្តិសាស្ត្រ។ប្រទេសថៃទទួលស្គាល់សារៈសំខាន់នៃវប្បធម៌
និងតម្លៃរួមនៃប្រាសាទ។ ទោះបីជាយ៉ាងនេះ មុនពេលដំណើរការដាក់ប្រាសាទ
នេះជាបេតិកភណ្ឌពិភពលោក បញ្ហាទាក់ទងនឹងតំបន់ព្រំដែនជាប់នឹងប្រាសាទ
គួរតែត្រូវបានដោះស្រាយមុន ដើម្បីធ្វើឱ្យងាយស្រួលដល់ផែនការអភិវឌ្ឍន៍ណា
មួយ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃនេះ បានធ្វើឡើងនៅចំពេលដែល
ទំនាក់ទំនងការទូតរវាងប្រទេសថៃនិងប្រទេសកម្ពុជាកាន់តែយ៉ាប់យ៉ឺនឡើង អំពី
ការតែងតាំងលោកអតីតនាយករដ្ឋមន្ត្រីថៃ Thaksin Shinawatra ធ្វើជាទីប្រឹក្សា
សេដ្ឋកិច្ចរបស់រដ្ឋាភិបាលកម្ពុជា។

កងទ័ពពីប្រទេសកម្ពុជានិងប្រទេសថៃបានប្រមូលផ្តុំនៅតំបន់ព្រំដែនក្បែរប្រាសាទ
ព្រះវិហារ។ កងទ័ពយ៉ាងតិច ៧ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រយុទ្ធគ្នាជា
ច្រើនលើក បន្ទាប់ពីប្រាសាទព្រះវិហារចំណាងជាង៩០០ឆ្នាំ បានចុះនៅក្នុងបញ្ចី
បេតិកភណ្ឌពិភពលោកនៅក្នុងខែកក្កដា ឆ្នាំ២០០៨។
ពីរាជធានីភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេងស.រ.អា.៕


XS
SM
MD
LG