ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

៧មករាជាថ្ងៃវៀតណាមរំដោះ ឬឈ្លានពាន?


ដើម្បីស្តាប់ព័ត៌មាននេះ

៣១ឆ្នាំបន្ទាប់ពីប្រទេសកម្ពុជាបានរួចផុតពីការកាប់សម្លាប់របស់ពួកខ្មែរក្រហម
ថ្ងៃ៧ មករា ដែលកត់សម្គាល់បរាជ័យទាំងស្រុងនៃរបបខ្មែរក្រហមនោះ នៅតែ
ស្ថិតជាថ្ងៃដ៏ចម្រូងចម្រាស់ មិនទាន់ចប់នៅឡើយ។

លោក គង់ សុឋានរិទ្ធ រាយការណ៍ជូនពីទីក្រុងភ្នំពេញ ដូចតទៅ៖

ពីថ្ងៃ៧មករាឆ្នាំ១៩៧៩ដល់ថ្ងៃ៧មករា ឆ្នាំ២០១០គឺ៣១ឆ្នាំគត់ ក្រោយពីរបបខ្មែរ
ក្រហមត្រូវបានផ្ដួលរំលំ។ព្រឹត្តិការណ៍នេះនៅតែស្ថិតនៅក្នុងភាពចម្រូងចម្រាស់
រវាងភាគីដែលលើកតម្កើងថ្ងៃនោះ និងភាគីដែលមិនទទួលស្គាល់ថ្ងៃ៧មករា។

សម្រាប់លោក ជា ស៊ីម ប្រធានព្រឹទ្ធសភា និង ជាប្រធានគណបក្សប្រជាជន
កម្ពុជាកំពុងកាន់អំណាច មានប្រសាសន៍នៅខួបថ្ងៃ៧មករានេះថា ៧មករាគឺជា
ថ្ងៃជ័យជំនះជាប្រវត្តិសាស្ដ្រ ដែលបានជួយសង្គ្រោះប្រទេសកម្ពុជាឲ្យរួចផុតពី
ការកាប់សម្លាប់របស់ពួកខ្មែរក្រហម ហើយគឺជាថ្ងៃដែលនាំមកនូវភាពរីកចម្រើន
របស់ប្រទេសជាតិ។

“ប្រជាជនកម្ពុជាចងចាំជានិច្ចថា ៧មករាគឺជាថ្ងៃកំណើតទី២របស់ខ្លួន។បើគ្មាន
ជ័យជំនះ៧ មករា គឺគ្មានជីវិត គ្មានអ្វីៗដូចថ្ងៃនេះឡើយ "។

ក៏ប៉ុន្ដែនៅក្នុងក្រសៃភ្នែកគណបក្សនយោបាយជំទាស់វិញ ថ្ងៃ៧មករាមិនមែនជា
ថ្ងៃដែលមានការរំដោះប្រទេសកម្ពុជាយ៉ាងពិតប្រាកដនោះទេ។

លោក ថាច់ សិដ្ឋា សមាជិកគណៈកម្មាធិការអចិន្ដ្រៃយ៍នៃគណបក្ស សម រង្ស៊ី
បានបញ្ជាក់ថា គណបក្សរបស់លោកបានចាត់ទុកថា ថ្ងៃ៧មករាគឺជាថ្ងៃដែល
ប្រទេសវៀតណាមឈ្លានពានប្រទេសកម្ពុជា។

“ក្នុងនាមគណបក្សប្រឆាំង ថ្ងៃ៧មករាគឺយើងនៅតែចាត់ទុកថា ​ជាថ្ងៃដែលយួន
ឈ្លានពានដដែល ពីព្រោះបើគ្មានពួកយួនបង្កើតបក្សកុម្មុយនិស្ដកម្ពុជាក៏គ្មាន
ការកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរដ៏រង្គាលនេះដែរ។ អញ្ចឹងហើយអ្នកសម្លាប់ក៏អ្នក
ហ្នឹង អ្នកជួយខ្មែរក៏អ្នកហ្នឹង "។

លោក ថាច់ សិដ្ឋា មានប្រសាសន៍ថា កិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសថ្ងៃ
២៣ខែតុលាឆ្នាំ១៩៩១ ទើបជាថ្ងៃដែលនាំមកនូវសន្ដិភាព ការបញ្ចប់សង្គ្រាម
ស៊ីវិល៣ទសវត្សរ៍នៅក្នុងប្រទេសកម្ពុជា និង បាននាំមកនូវការរីកចម្រើនពិត
ប្រាកដ។

ក៏ប៉ុន្ដែថ្ងៃ២៣ខែតុលា ដែលធ្វើឲ្យភាគីខ្មែរបដិបក្ខទម្លាក់ចុងកាំភ្លើង ហើយវិល
មករកតុចរចាវិញនោះ ត្រូវបានរដ្ឋាភិបាលលុបចោលជាទិវាបុណ្យជាតិ ហើយ
រក្សាទុកតែ ថ្ងៃ៧មករាជាថ្ងៃបុណ្យជាតិ ត្បិតមន្ដ្រីគណបក្សប្រជាជនកម្ពុជាអះ
អាងថា ថ្ងៃ២៣ខែតុលាគ្រាន់តែជាកូនរបស់ថ្ងៃ៧មករាតែប៉ុណ្ណោះ។

ដោយឡែកលោក សឺន ស៊ូប៊ែរ្តិ៍ ប្រធានគណៈកម្មាធិការអចិន្ដ្រៃយ៍ នៃមូលនិធិ
សម្ដេចសឺន សាន មានប្រសាសន៍នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលពី
ថ្ងៃពុធថា ថ្ងៃ៧មករាគឺជាថ្ងៃ ដែលបានត្រួសត្រាយឲ្យប្រទេសវៀតណាមត្រួត
ត្រាប្រទេសកម្ពុជា។

កងទ័ពរបស់ប្រទេសវៀតណាមជាច្រើនម៉ឺននាក់ បានសហការជាមួយកងទ័ព
បំបែកខ្លួនពីពួកខ្មែរក្រហម ដែលរួមមានលោកជា ស៊ីម លោកហេង សំរិននិង
លោកហ៊ុន សែន ដែលបច្ចុប្បន្ននេះកំពុងកាន់អំណាច។កងទ័ពទាំងនោះបាន
ធ្វើការវាយបំបែករបបគ្រប់គ្រងរបស់ពួកកម្ពុជាប្រជាធិបតេយ្យរបស់ប៉ុល ពត
ដែលបង្កឲ្យប្រជាពលរដ្ឋខ្មែរយ៉ាងតិចចំនួន១,៧លាននាក់ស្លាប់បាត់បង់ជីវិត។

លោកទ្រិញ បាកឹម អ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំក្រុងភ្នំពេញ អធិប្បាយ
ថា ការរំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីការកាប់សម្លាប់របស់ពួកខ្មែរក្រហមនោះ
គឺជាការណ៍ពិតដោយមានការគាំទ្រពីកងទ័ពរបស់ប្រទេសវៀតណាម។

“ជាការណ៍ពិត ហ្នឹងគឺមានការរំដោះ៧ មករា គឺ មានរណសិរ្សសាមគ្គីសង្រ្គោះ
ជាតិកម្ពុជា និងកងទ័ពកម្ពុជា ដែលបានតស៊ូ ហើយទន្ទឹមនឹងនោះក៏មានការ
ជួយឧបត្ថម្ភគាំទ្រពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាមផងដែរ។បញ្ហាហ្នឹងគឺ
សំខាន់ ក្រោយ៧មករា គឺ ប្រជាជនកម្ពុជាគឺត្រូវបានរួចផុតពីរបបប្រល័យពូជ
សាសន៍របស់ប៉ុល ពត"។

ទីក្រុងហាណូយត្រូវគេមើលឃើញនៅពេលបន្ទាប់ពីការរំដោះប្រទេសកម្ពុជាពី
របបខ្មែរក្រហមថា បានលើកបន្តុបរបបគ្រប់គ្រងក្រុងភ្នំពេញ ហើយបានរក្សា
កងទ័ពរបស់ខ្លួនក្នុងទឹកដីកម្ពុជារហូតដល់ឆ្នាំ១៩៨៩។

លោកស្រី ពុង ឈីវកេក ប្រធានអង្គការការពារសិទ្ធិមនុស្ស លីកាដូ បានកត់
សំគាល់ថា ការបកស្រាយផ្ទុយគ្នាចំពោះថ្ងៃ៧មករានេះ មានចរិតនយោបាយ
រៀងៗខ្លួន។

“ខ្ញុំថា រឿងហ្នឹងជារឿងនយោបាយ។អ្នកនយោបាយតែងតែរកមធ្យោបាយដើម្បី
ទៅឃោសនាជម្រាបជូនប្រជាពលរដ្ឋ ឲ្យប្រជាពលរដ្ឋគាំទ្រ ។ ចំណែកការណ៍
ពិត ឬមិនពិត អាហ្នឹងស្រេចតែបងប្អូនយើង ដែលជាម្ចាស់សន្លឹកឆ្នោត លោក
ពិចារណាមើល "។

ទោះជាយ៉ាងណា លោកស្រីពុង ឈីវកេក យល់ថា ការស្ដីបន្ទោសពីការឈ្លាន
ពានរបស់ប្រទេសវៀតណាមក្នុងប្រទេសកម្ពុជាដោយសារប្រទេសវៀតណាម
រក្សាកងទ័ពរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាយូរពេក ពោលគឺរហូតដល់រយៈ
ពេលដប់ឆ្នាំ មុននឹងត្រូវដកថយទៅវិញ ។ លោកស្រីបានបន្ថែមថា ថ្ងៃ២៣ខែ
តុលា ក៏បាននាំសន្តិភាពជាចុងក្រោយសម្រាប់ប្រទេសកម្ពុជា និង បានធ្វើឲ្យ
ប្រទេសនេះដើរឆ្ពោះទៅរកការរីកចម្រើនថែមទៀត។

កាលពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះ លោកនាយករដ្ឋមន្ដ្រីខ្មែរហ៊ុន សែនបានព្រមាន
ជាសាធារណៈ មិនឲ្យមានការប្រឆាំងជំទាស់ទៅនឹងថ្ងៃ ៧ មករានេះទេ។

ថ្វីបើមានការខ្វែងគំនិតគ្នាក្នុងការបកស្រាយអំពីថ្ងៃ៧មករាក៏ដោយ ប្រជាជនវ័យ
ចំណាស់ក្នុងក្រុងភ្នំពេញមួយចំនួន បានផ្ដោតការចាប់អារម្មណ៍ទៅលើថ្ងៃនេះ។

“៧មករាថ្ងៃរំដោះ ពីដើមភ័យដែលជំនាន់នេះ គេធ្វើបាបធ្វើទោសនោះ "។

ក៏ប៉ុន្ដែក្រៅពីក្រុមនិស្សិត និងសិស្សានុសិស្ស យុវជនមួយចំនួនទៀតក្នុងទីក្រុង
ភ្នំពេញមិនបានចាប់អារម្មណ៍លើថ្ងៃ៧ មករានេះឡើយ ហើយខ្លះទៀតមិនទាំង
ដឹងថា ថ្ងៃ៧មករា ជាថ្ងៃអ្វីឡើយ។

“ស្គាល់ដែរ តែរាងដូចជាភ្លេចដែរ ។ ឮថា បុណ្យ៧មករា រំឭក..ភ្លេចដែរអត់សូវ
ចាំ"។

“ខ្ញុំអត់ដែរ... ខ្ញុំអត់ដឹងផង"។

បើទោះជាមានប្រជាជនកម្ពុជាខ្លះផ្ដល់តម្លៃលើថ្ងៃ ៧មករា ហើយប្រជាពលរដ្ឋ
មួយចំនួនទៀតមិនអើពើចំពោះថ្ងៃនេះក៏ដោយ ក៏ថ្ងៃ៧មករាតែងតែត្រូវបានប្រើ
ប្រាស់ជាគន្លឹះមួយសម្រាប់ឃោសនា ស្វែងរកសម្លេងឆ្នោតនៅរៀងរាល់ការបោះ
ឆ្នោតសំខាន់ៗនៅក្នុងប្រទេសកម្ពុជា។

ពីទីក្រុងភ្នំពេញ ខ្ញុំ គង់ សុឋានរិទ្ធ VOA សម្លេង ស.រ.អា.៕

XS
SM
MD
LG