ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំកម្ពុជា និងសភាអាមេរិក ពិភាក្សាបង្កើនសហប្រតិបត្តិការ


ដើម្បីស្តាប់ព័ត៌មាននេះ

មេដឹកនាំកម្ពុជា និងសមាជិកសភាអាមេរិក បានពិភាក្សាគ្នាអំពីការបង្កើនកិច្ច
សហប្រតិបត្តិការនិងទំនាក់ទំនងពាណិជ្ជកម្មនិងសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកឱ្យកាន់តែល្អប្រសើរឡើង។

លោក ជន សក្តា រាយការណ៍ជូនដូចតទៅ៖

លោកនាយករដ្ឋមន្ត្រីហ៊ុន សែននិងក្រុមសមាជិកសភាសហរដ្ឋអាមេរិក នៅថ្ងៃ
ព្រហស្បតិ៍នេះ បានពិភាក្សាគ្នាអំពីការពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់
ទំនងពាណិជ្ជកម្ម តារាងតម្លៃពន្ធនាំចេញនាំចូល និងបញ្ហាបំណុល។

សមាជិកសភាអាមេរិកបីរូប រួមមានលោក Eni Faleomavaegaនៃគណបក្ស
ប្រជាធិបតេយ្យនិយមមកពីកោះ American Samoa លោក Mike Honda
ខាងគណបក្សប្រជាធិបតេយ្យនិយមមកពីរដ្ឋ California និងលោកJoseph
Cao ខាងគណបក្សសាធារណរដ្ឋនិយមកពីរដ្ឋ Louisiana បានជួបពិភាក្សា
ការងារជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន លោកហោ ណាំហុង រដ្ឋមន្ត្រី
ក្រសួងការបរទេស លោកគាត ឈន់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
និងលោកចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

លោក Eni Faleomavaega បានថ្លែងប្រាប់សន្និសីទកាសែតនៅអាកាសយាន
ដ្ឋានអន្តរជាតិភ្នំពេញ មុនចេញដំណើរទៅកាន់ប្រទេសលាវថា យើងមានការ
ជួបពិភាក្សាការងារយ៉ាងល្អជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ក្រុម
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា។

"យើងបានជួបពិភាក្សាការងារយ៉ាងល្អជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។ យើងបានផ្តោតទៅលើបញ្ហានៃកាតព្វកិច្ចបំណុល​ ហើយក៏ផ្តោតទៅលើបញ្ហាជា
ច្រើននៃការធ្វើពាណិជ្ជកម្ម និងតារាងតម្លៃពន្ធនាំចេញ នាំចូលក្នុងការព្យាយាម
នាំយកសេចក្តីត្រូវការផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច និងលក្ខខណ្ឌដ៏ល្អប្រសើរ
ជាពិសេសនៅក្នុងការធ្វើពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក"។

ប្រទេសកម្ពុជាបានជំពាក់បំណុលសហរដ្ឋអាមេរិកចំនួនជាង៣០០លានដុល្លារ នៅសម័យសាធារណរដ្ឋខ្មែររបស់របបលោកសេនាប្រមុខ លន់ នល់ ក្នុងទស
វត្សរ៍១៩៧០ ដែលក្រុមមន្ត្រីកម្ពុជាបានព្យាយាមស្នើសុំឱ្យសហរដ្ឋអាមេរិកលុប
ចោលបំណុលទាំងនេះ។

លោក Eni Faleomavaega បានជម្រាបប្រាប់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន
ថា លោកនឹងយកសំណើនេះទៅពិចារណា និងពិភាក្សាជាមួយសមាជិកសភា
ដទៃទៀត ដើម្បីធ្វើយ៉ាងណាពិនិត្យមើលលើបញ្ហាបំណុលនេះ។ បើបំណុលនេះ
អាចជួយដល់កម្ពុជា នោះវាជាការប្រសើរ។

លោក Eni Faleomavaega បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកមក
កម្ពុជា នៅពេលនេះមានគោលបំណងដើម្បីស្វែងយល់ និងស្តាប់អនុសាសន៍
របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីធ្វើយ៉ាងណាឱ្យកិច្ចសហប្រតិបត្តិ
ការ និងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិកកាន់តែល្អប្រសើរ
ថែមទៀត។

លោក Eni Faleomavaega បានជម្រាបប្រាប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ថា លោកបានផ្តល់ក្តីសង្ឃឹមនិងដើរតួនាទីជាស្ពានដើម្បីធ្វើយ៉ាងណាឱ្យប្រទេស
ទាំង២ មានទំនាក់ទំនងកាន់តែល្អប្រសើរឡើងដើម្បីចូលរួមចំណែកធ្វើឱ្យពិភព
លោកមានសន្តិភាពសម្រាប់ប្រជាពលរដ្ឋ ទាំងអស់។

លោកអៀង សុផលឡែត អ្នកនាំពាក្យផ្ទាល់របស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែង
អំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូសមាជិកសភាអាមេរិក និងបាន
សម្តែងនូវការរីករាយយ៉ាងខ្លាំងចំពោះទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិក ព្រមទាំងបានថ្លែងអំណរគុណជូនចំពោះសហរដ្ឋអាមេរិក ដែលបានផ្តល់ជំនួយ
ដល់កម្ពុជាក្នុងវិស័យផ្សេងៗ។

តួលេខក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា ទំនិញនាំចេញរបស់កម្ពុជាទៅ
កាន់សហរដ្ឋអាមេរិកមានចំនួនជាង២.០០០លានដុល្លារនៅក្នុងឆ្នាំ២០០៨ ហើយ
៥ខែដើមឆ្នាំ២០០៩មានចំនួនជាង៧៧០លានដុល្លារ ហើយទំនិញនាំចូលរបស់
សហរដ្ឋអាមេរិកមកក្នុងប្រទេសកម្ពុជាមានចំនួនជាង៦៤០លានដុល្លារនៅក្នុង
ឆ្នាំ២០០៩។

គណៈប្រតិភូសភាអាមេរិកបានមកទស្សនកិច្ចនៅកម្ពុជា បន្ទាប់ពីប្រទេសវៀត
ណាម។ គណៈប្រតិភូនេះបានចាកចេញទៅកាន់ប្រទេសលាវនៅរសៀលនេះ
ហើយនឹងបញ្ចប់ទស្សនកិច្ចនេះនៅប្រទេសជប៉ុន។

ពីទីក្រុងភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេង ស.រ.អា.៕

XS
SM
MD
LG