ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិកសភាអាមេរិកមកកម្ពុជា ពិភាក្សាបំណុលនិងពាណិជ្ជកម្ម


សមាជិកសភាសហរដ្ឋអាមេរិកនឹងចូលរួមពិធីរំឭកខួបថ្ងៃ ៧មករា រួចហើយ
គ្រោងនឹងជួបជាមួយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍ស្អែក
នេះដើម្បីពិភាក្សារឿងពាណិជ្ជកម្មជាមួយកម្ពុជា។

លោក ហេង រស្មី រាយការណ៍ជូនដូចតទៅ៖

សមាជិកសភារបស់សហរដ្ឋអាមេរិកចំនួន ៣រូប បានមកដល់ប្រទេសកម្ពុជា
ហើយ កាលពីល្ងាចថ្ងៃអង្គារម្សិលមិញនេះ ហើយគ្រោងនឹងចូលរួមពិធីរំឭកខួប
លើកទី៣១នៃការដួលរលំរបស់ពួកខ្មែរក្រហមថ្ងៃ៧ ខែមករា នៅថ្ងៃព្រហស្បតិ៍
ស្អែកនេះ។ហើយគ្រោងមានជំនួបដាច់ដោយឡែកមួយទៀតជាមួយនឹងលោក
នាយករដ្ឋមន្រ្តីហ៊ុន សែន ដើម្បីពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្ម ហើយនិង
បំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិក។នេះបើតាមការបញ្ជាក់របស់លោក
កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ។

សមាជិកសភារបស់អាមេរិកទាំង៣រូប រួមមានលោក Eni Faleomavaegaនិង
លោក Mike Honda មកពីគណបក្សប្រជាធិបតេយ្យនិយម ព្រមទាំងលោក
Joseph Cao មកពីគណបក្សសាធារណរដ្ឋនិយម ។

លោកកុយ គួងបានបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ សមាជិកសភា១រូប
ក្នុងចំណោមសមាជិកសភាទាំង៣រូបនេះនឹងចូលរួមពិធីរំឭកខួបថ្ងៃ៧ ខែមករា
ហើយពីររូបផ្សេងទៀតនឹងទៅទស្សនាវាលពិឃាដបឹងជើងឯក។

លោកបានមានប្រសាសន៍ថា សមាជិកសភាទាំង៣រូបរបស់សហរដ្ឋអាមេរិក
គ្រោងនឹងមានជំនួបដាច់ដោយឡែកមួយទៀតជាមួយលោកនាយករដ្ឋមន្រ្តីហ៊ុន
សែន ដើម្បីពិភាក្សាអំពីកិច្ចការពាណិជ្ជកម្ម និងបំណុលដែលកម្ពុជាជំពាក់សហ
រដ្ឋអាមេរិកនៅក្នុងរបបលន់ នល់។

"ពិភាក្សាបញ្ហាពង្រឹងទំនាក់ទំនងទេ្វរភាគីកម្ពុជាអាមេរិកហ្នឹងឯង អាចមានបញ្ហា
ជំរុញផ្នែកពាណិជ្ជកម្មដែលរដ្ឋាភិបាលអាចជំរុញឲ្យខាងភាគីអាមេរិកអនុវត្តច្បាប់
អនុគ្រោះពន្ធនាំទំនិញចូលទៅសហរដ្ឋអាមេរិក ហើយអាចនឹងលើកបញ្ហាដោះ
ស្រាយបំណុលកម្ពុជាជំពាក់អាមេរិកក្នុងសម័យសង្រ្គាមរបបលន់ នល់"។

ប្រទេសកម្ពុជាបានជំពាក់សហរដ្ឋអាមេរិកក្នុងអំឡុងសង្រ្គាម លន់ នល់ ចន្លោះ
ឆ្នាំ១៩៧០ដល់ ឆ្នាំ១៩៧៥ ចំនួនជាង៣០០លានដុល្លារសហរដ្ឋអាមេរិក។

មន្រ្តីស្ថានទូតអាមេរិកប្រចាំប្រទេសកម្ពុជា នៅថ្ងៃពុធនេះ ពុំអាចស្នើសុំដើម្បី
សេចក្តីអត្ថាធិប្បាយបំភ្លឺបានទេ។ក៏ប៉ុន្តែបើតាមការបញ្ជាក់របស់លោកកុយ គួង
បានឲ្យដឹងថា បំណុលដែលកម្ពុជាជំពាក់សហរដ្ឋអាមេរិកនោះ អាចនឹងត្រូវ
លុបចោលនៅពេលដែលជំនួបទ្វេភាគីរវាងសមាជិកសភារបស់សហរដ្ឋអាមរិក
ទាំង៣រូប ជាមួយនិងលោកនាយករដ្ឋមន្រ្តីហ៊ុន សែននោះ។

លោកកុយ គួង បានបញ្ជាក់ថា ជំនួបនោះក៏ នឹងលើកយកមកពិភាក្សាផងដែរ
ខាងវិស័យយោធានៃប្រទេសទាំងពីរ។

សហរដ្ឋអាមេរិក និងកម្ពុជាបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាឡើងវិញ នៅ
ក្នុងអំឡុងឆ្នាំ១៩៩១ ហើយប្រទេសទាំងពីរ បានពង្រឹងកិច្ចសហប្រតិបត្តិការលើ
គ្រប់វិស័យទាំងវិស័យយោធា និងពាណិជ្ជកម្ម។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា ទំនាក់
ទំនងកម្ពុជាជាមួយសហរដ្ឋអាមេរិកខាងផ្នែកពាណិជ្ជកម្មនៅក្នុងឆ្នាំ២០០៨ និង
ឆមាសទី១ឆ្នាំ២០០៩នេះ បានឲ្យដឹងថា កម្ពុជាបាននាំទំនិញចេញទៅសហរដ្ឋ
អាមរិកមានទឹកប្រាក់ចំនួនប្រមាណ២.០៨៣ លានដុល្លារសហរដ្ឋអាមេរិក ក្នុង
នោះមានចំនួន៧៧២លានដុល្លារសហរដ្ឋអាមេរិកក្នុងរយៈពេលតែ៥ខែប៉ុណ្ណោះ
នៅដើមឆ្នាំ២០០៩នេះ ហើយកម្ពុជាបាននាំចូលទំនិញពីសហរដ្ឋអាមរិកវិញ
ចំនួន៦៤១លាន ដុលា្លរសហរដ្ឋអាមេរិក ក្នុងនោះមាន៤៦លានដុល្លារសហរដ្ឋ
អាមរិកក្នុងរយៈពេលតែ៥ខែដើមឆ្នាំ២០០៩កន្លងទៅនេះ ។

ពីរាជធានីភ្នំពេញ ខ្ញុំ ហេង រស្មី VOA សម្លេង ស.រ.អា.។


XS
SM
MD
LG