ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកហ៊ុន សែនប្រកាស មិនលើកលែងទោស លោកសមរង្ស៊ីទេ


ដើម្បីស្តាប់ព័ត៌មាននេះ

លោកនាយករដ្ឋមន្ត្រីហ៊ុន សែននិយាយថា លោកនឹងមិនលើកលែងទោសដល់
លោក សម រង្ស៊ីទេ នៅពេលដែលតុលាការកាត់ទោសរឿងដកតម្រុយបង្គោល
ព្រំដែននោះ។

លោក ហេង រស្មី រាយការណ៍ជូនដូចតទៅ៖

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារ៍នេះ បានប្រកាសបិទច្រកដល់
លោក សម រង្ស៊ី ក្នុងការវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ។ ដោយលោក
នាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា លោកនឹងមិនលើកលែងទោស
ដល់លោកសម រង្ស៊ី ទេ ប្រសិនណាបើតុលាការខេត្តស្វាយរៀងកាត់ទោសពីបទ
ជាប់ពាក់ព័ន្ធ នឹងការដកតម្រុយបង្គោលព្រំដែននោះ។

លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ដែលកំពុងស្នាក់នៅប្រទេសបារំាង
ត្រូវបានតុលាការខេត្តស្វាយរៀង បានចេញដីការបង្គាប់ឲ្យចាប់ខ្លួនពីបទធ្វើឲ្យ
ខូចខាតដោយចេតនានូវតម្រុយបង្គោលព្រំដែនលេខ១៨៥ រវាងប្រទេសកម្ពុជា
និងប្រទេសវៀតណាម និងញុះញ៉ង់ឲ្យមានការរើសអើងជាតិសាសន៍ ។

លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានមានប្រសាសន៍ក្នុងពិធីបើកសម្ពោធន៍ដាក់
ឲ្យប្រើប្រាស់នូវកំណាត់ផ្លូវជាតិលេខ១ពីផ្សារគគីរទៅអ្នកលឿងចម្ងាយប្រមាណ
ជិត ៤៣គ.ម. លោកបានមានប្រសាសន៍ថា កុំសរសេរសំបុត្រសុំទោសដើម្បី
ឲ្យលើកលែងទោស។លោកហ៊ុន សែនបានបញ្ជាក់ទៀតថា រឿងនេះទុកឲ្យតុលា
ការសមេ្រចទៅចុះ។

"មិនចូលទេហីទៅ គ្មានអាណាអញ្ជើញអ្ហែងទេ! ហើយម្តងនេះ សូមប្រកាសឲ្យ
ហើយ អត់ទេ បើតុលាកាត់ហើយគឺកាត់ហើយ ។ គ្មានរឿងត្រូវអីណាច្រើនលើក
ច្រើនសារសរសេរសំបុត្រសុំទោសខ្ញុំ លើកលែងទោសឲ្យ។ អត់ទេលើកនេះ អត់
ទេ សុំទោស។ ត្រៀមខ្លួនឲ្យហើយទៅ"។

លោកហ៊ុន សែន បានមានប្រសាសន៍ទៀតថា យើងមិនដឹងថា តុលាការកាត់
ទោសដល់កម្រិតណាទេ ក៏ប៉ុន្តែបើតុលាការកាត់ទោសកុំសង្ឃឹមលើហ៊ុន សែន
ឲ្យសោះ។

"ប្រសិនទេ។ កុំសង្ឃឹមលើ ហ៊ុន សែនឲ្យសោះ ​ ព្រោះអ្នកឯងធ្វើនេះ ធ្វើដល់
កម្រិតមួយ។មើលរដ្ឋធម្មនុញ្ញមើល រដ្ឋធម្មនុញ្ញដាក់ថា ព្រះរាជាណាចក្រកម្ពុជា
បានប្រើប្រាស់កំណត់ផែនទីខ្នាត១/១០០.០០០(មួយលើមួយរយពាន់) ដែល
ក្រុមភូមិសាស្រ្តឥណ្ឌូចិនបោះពុម្ព"។

តាមទម្លាប់នៅក្នុងរបត់នយោបាយរបស់ប្រទេសកម្ពុជា ប្រសិនបើមានឥស្សរ
ជនណាម្នាក់ត្រូវបានតុលាការកាត់ឲ្យជាប់ទោស នាយករដ្ឋមន្រ្តីមានសិទ្ធិស្នើ
សុំទៅព្រះមហាក្សត្រ ដើម្បីឲ្យលើកលែងទោស និង បន្ថូរបន្ថយទោស ។

លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង បានឆ្លើយប្រាប់VOAសម្លេងសហ
រដ្ឋអាមេរិកពីប្រទេសបារាំងតាមទូរស័ព្ទមកថា លោកដាច់ខាតនឹងមិនសរសេរ
លិខិតមកសុំទោសលោកនាយករដ្ឋមន្រ្តីហ៊ុន សែនទេ។

"ដាច់ខាត មិនសរសេរទេ ទាល់តែអ្នកដែលធ្វើបាបប្រជារាស្រ្តសព្វថ្ងៃ សូម
ទោសប្រជារាស្រ្តខ្មែរ។គង់តែថ្ងៃណាមួយត្រូវសុំទោសប្រជារាស្រ្តខ្មែរវិញ។យក
ដីប្រជារាស្រ្តខ្មែរ ចាប់តំណាងប្រជារាស្រ្តខ្មែរដាក់គុក លក់ទឹកដីខ្មែរឲ្យទៅបរ
ទេសឈ្លានពាន អ្នកហ្នឹងហើយ ជនឧក្រិដ្ឋដែលដឹកនាំប្រទេសសព្វថ្ងៃដែល
ថ្ងៃណាមួយត្រូវតែសុំទោសប្រជារាស្រ្តខ្មែរវិញ"។

លោក សម រង្ស៊ី នៅតែប្រកាន់ជំហរថា លោកនឹងវិលត្រឡប់មកកាន់ប្រទេស
កម្ពុជា នៅពេលណាក៏បាន លុះត្រាតែតុលាការដែលមិនឯករាជ្យរបស់ប្រទេស
កម្ពុជា ដោះលែងប្រជាពលរដ្ឋចំនួនពីររូបដែលកំពុងជាប់ឃុំឃាំងនោះឲ្យមាន
សេរីភាពឡើងវិញ។

កាលពីថ្ងៃទី២៣ ខែធ្នូកន្លងទៅនេះ តុលាការខេត្តស្វាយរៀង បានចាប់ឃុំខ្លួន
ប្រជាពលរដ្ឋចំនួនពីររូបគឺអ្នកស្រីមាស ស្រី អាយុ៣៩ឆ្នាំនិងលោកព្រំ ជាអាយុ
៤១ឆ្នាំ ហើយកំពុងតែស្វែងរកចាប់ខ្លួនប្រជាពលរដ្ឋ៣រូបផ្សេងទៀត ក្រោមបទ
ចោទប្រកាន់ថា បានបំផ្លិចបំផ្លាញដោយចេតនានូវតម្រុយបង្គោលព្រំដែនខ្មែរ
និងវៀតណាម កាលពីថ្ងៃទី២៥ ខែតុលា កន្លងទៅនេះ។

លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង និងប្រជាពលរដ្ឋចំនួនពីររូប ដែល
កំពុងជាប់ឃុំឃាំងនោះ ប្រសិនណាបើតុលាការរកឃើញថា មានទោសកំហុស
និងត្រូវផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលពី១ឆ្នាំរហូតដល់ ៣ឆ្នាំ និងពិន័យ
ជាប្រាក់ប្រមាណពី៥លានរៀល រហូតដល់១០លានរៀល តាមមាត្រាទី៥២និង
មាត្រាទី៦១ នៃច្បាប់ព្រហ្មទណ្ឌអន្តរកាល ។

ពីទីក្រុងភ្នំពេញ ខ្ញុំ ហេង រស្មី VOA សម្លេង ស.រ.អា.៕

XS
SM
MD
LG