ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកសម រង្ស៊ី៖បើតុលាការ លែងអ្នកភូមិ លោកនឹង ចូលខ្លួនទទួលខុសត្រូវ


ដើម្បីស្តាប់ព័ត៌មាននេះ

បន្ទាប់ពីតុលាការចេញដីការបង្គាប់ឲ្យចាប់ខ្លួន លោកសម រង្ស៊ី បានដាក់លក្ខ
ខណ្ឌឲ្យដោះលែងប្រជាពលរដ្ឋពីររូបសិន នោះលោកនឹងចូលខ្លួនចំពោះមុខ
ច្បាប់។

លោក ហេង រស្មី រាយការណ៍ជូនដូចតទៅ៖

លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងបានដាក់លក្ខខណ្ឌថា លោកនឹង
ចូលខ្លួន ដើម្បីប្រឈមមុខនឹងការចោទប្រកាន់របស់តុលាការ ប្រសិនបើតុលា
ការខេត្តស្វាយរៀងដោះលែងប្រជាពលរដ្ឋចំនួនពីររូប ដែលកំពុងជាប់ឃុំឃាំង
ដោយសារតែសំណុំរឿងដកតម្រុយបង្គោលព្រំដែននោះ ឲ្យមានសេរីភាពឡើង
វិញ។

ការបញ្ជាក់របស់លោកសម រង្ស៊ីនេះបានកើតមានឡើងក្រោយពីតុលាការខេត្ត
ស្វាយរៀង កាលពីថ្ងៃទី២៩ ខែធ្នូកន្លងទៅនេះ បានចេញដីការបង្គាប់ឲ្យចាប់ខ្លួន
លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងពីបទធ្វើឲ្យខូចខាត ដោយចេតនានូវ
តម្រុយបង្គោលព្រំដែនលេខ១៨៥ រវាងប្រទេសកម្ពុជា និងប្រទេស វៀតណាម
និងញុះញ៉ង់ឲ្យមានការរើសអើងជាតិសាសន៍។

លោកសម រង្ស៊ី បានបញ្ជាក់ប្រាប់VOAសម្លេងសហរដ្ឋអាមេរិកពីប្រទេសបារាំង
តាមទូរស័ព្ទនៅថ្ងៃសុក្រនេះថា លោក នឹងវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ
នៅពេលណាក៏បាន ដរាបណាអាជ្ញាធរខ្មែរ ដោះលែងប្រជាកសិករដែលជាប់ឃុំ
និងប្រគល់ដីសងពួកគេវិញ។

"ការតស៊ូរបស់ខ្ញុំនេះមិនមែនសម្រាប់សម រង្ស៊ី ទេ គឺខ្ញុំការពារប្រជារាស្រ្តខ្មែរ។
ដូច្នេះបើតុលាការហ្នឹងចង់ចាប់ខ្ញុំ ចង់យកខ្ញុំទៅធ្វើអី ធ្វើទៅ ប៉ុន្តែខ្ញុំសូមតែមួយ
ទេ សូមឲ្យដោះលែងអ្នកដែលគេបានយកទៅឃុំឃាំងដោយអយុត្តិធម៌ ហើយ
ប្រគល់សងដីធ្លីជូនពួកគាត់វិញ។ដីធ្លីដែលគេបានរឹបអូសដោយអយុត្តិធម៌ដែរ
នោះ"។

កាលពីថ្ងៃទី២៣ ខែធ្នូកន្លងទៅនេះ ប្រជាពលរដ្ឋចំនួនពីររូប គឺអ្នកស្រីមាស ស្រី
អាយុ ៣៩ឆ្នាំ និងលោកព្រំ ជា អាយុ៤១ឆ្នាំ ត្រូវបានជាប់ឃុំពីបទចោទប្រកាន់
ថា បានបំផ្លិចបំផ្លាញដោយចេតនានូវតម្រុយបង្គោលព្រំដែនខ្មែរ និងវៀតណាម
កាលពីថ្ងៃទី២៥ ខែតុលាកន្លងទៅនេះ។

លោក សម រង្ស៊ី បានមានប្រសាសន៍ថា លោកទទួលខុសត្រូវទំាងស្រុងចំពោះ
ការដកបង្គោលព្រំដែន នោះ។ វាពុំជាប់ពាក់ព័ន្ធប្រជាពលរដ្ឋទាំងពីររូបនេះទេ។

លោកសម រង្ស៊ីបានមានប្រសាសន៍ទៀតថា រឿងនេះគឺជារឿងនយោបាយដែល
ទាមទារឲ្យមាន ការដោះស្រាយខាងផ្នែកនយោបាយជាអន្តរជាតិ។លោកពុំអាច
លេងសើចជាមួយតុលាការខ្មែរបានទេ។

"ខ្ញុំបន្តការតស៊ូរបស់ខ្ញុំលើឆាកអន្តរជាតិ ។ បើចង់ឲ្យខ្ញុំទៅដោះស្រាយនៅលើ
ឆាកជាតិ គឺនៅចំពោះមុខរដ្ឋាភិបាល ចំពោះមុខតុលាការខ្មែរសព្វថ្ងៃ ខ្ញុំសូមឲ្យ
គេដោះលែងអ្នកដែលគេបានចាប់យកទៅឃុំឃាំង ហើយប្រគល់សងដីធ្លីជូន
ពួកគាត់វិញ"។

លោកគាំ ឈាន ប្រធានតុលាការខេត្តស្វាយរៀងបានមានប្រសាសន៍ថា តាម
ផ្លូវច្បាប់យើងមិនអាចធ្វើទៅបានទេ។

"ហ្នឹងហើយ ធ្វើម៉េចកើត ។ យើងត្រូវពិចារណាតាមផ្លូវច្បាប់មើមើល? លោក
សម រង្ស៊ី គាត់ចេះច្បាប់។ តើគាត់មិនចេះច្បាប់ម៉េចកើត? រឿងនេះមិនមែនជា
រឿងព្រះអាឡា សម្រេចនរណាទទួលបាបទេ។ មិនមែនរឿង អញ្ចឹងឯណា រឿង
ច្បាប់ៗហើយ"។

ក្រុមគ្រួសារនិងសាច់ញាតិរបស់ប្រជាពលរដ្ឋទាំងពីររូប ដែលបានជាប់ឃុំឃាំង
ដោយតុលាការខេត្តស្វាយរៀងនោះ ពុំអាចស្នើសុំដើម្បីសេចក្តីអត្ថាធិប្បាយបំភ្លឺ
បានទេនៅថ្ងៃសុក្រនេះ។

លោក ឡុង កេសភិរម្យ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្វាយរៀង កាលពី
ថ្ងៃព្រហស្បត៍មិ្សលមិញនេះ បានចេញលិខិតជូនដំណឹងមួយអំពីការសម្រេច
បញ្ចប់ការស៊ើបសួរលើករណីរបស់លោកសម រង្ស៊ី ហើយ ។

លោកសម រង្ស៊ី អាយុ៦០ឆ្នាំ ត្រូវបានតុលាការខេត្តស្វាយរៀងចោទប្រកាន់ពីបទ
ព្រហ្មទណ្ឌនៅក្នុង សំណុំរឿងលេខ១៧៣ ដែលមានចែងឲ្យផ្តន្ទាទោសតាមបទ
បញ្ញត្តិមាត្រាទី៥២ និង មាត្រាទី៦១នៃច្បាប់ព្រហ្មទណ្ឌអន្តរកាល ។

ខ្ញុំ ហេង រស្មី រាយការណ៍ពីទីក្រុងភ្នំពេញ៕

XS
SM
MD
LG