ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រំដែនកម្ពុជា-វៀតណាមស្មុគស្មាញ


ដើម្បីស្តាប់ព័ត៌មាននេះ

បញ្ហាបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសវៀតណាមបានប្រឈម
នឹងបញ្ហាស្មុគស្មាញ ដោយសារការជីកព្រែកលើកទំនប់ដោយភាគីវៀតណាមនៅ
តាមបណ្តោយព្រំដែននៅក្នុងអំឡុងឆ្នាំ១៩៧៩នោះពុំបានគោរពតាមខ្សែព្រំដែន
ដែលមាននៅលើផែនទីមូលដ្ឋាន។

ប្រធានគណៈកម្មការព្រំដែនកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ បានត្អូញត្អែរអំពីការជីក
ព្រែក និងការ លើកទំនប់ដោយអាជ្ញាធរវៀតណាមនៅក្នុងអំឡុងឆ្នាំ១៩៧៩ ដែល
បង្កឱ្យមានបញ្ហាប្រឈមដ៏ស្មុគស្មាញជាច្រើន ទាក់ទងនឹងការងារបោះបង្គោលព្រំ
ដែនគោកជាមួយប្រទេសវៀតណាម ។

តំណាងរាស្ត្រគណបក្សប្រឆាំង និងរដ្ឋាភិបាលតែងតែរិះគន់គ្នាទៅវិញទៅមកជុំវិញ
ការបាត់បង់ដីស្រែចម្ការរបស់ប្រជាពលរដ្ឋដោយការរំលោភយកពីសំណាក់អាជ្ញាធរ
វៀតណាម តាមរយៈការបោះបង្គោលព្រំដែន។

លោក វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជា បានថ្លែងនៅក្នុងការបិទ
សន្និបាតបូកសរុបលទ្ធផលការងារព្រំដែនឆ្នាំ២០០៩ថា យើងប្រឈមបញ្ហាមួយ
ចំនួនក្នុងការបោះបង្គោល និងខណ្ឌសីមាព្រំដែនគោកជាមួយប្រទេសវៀតណាម
នៅតំបន់វាលទំនាប ដែលខ្សែព្រំដែនដើរកាត់តំបន់ដែលមានប្រជាពលរដ្ឋរស់
នៅច្រើនកុះករ។

លោក វ៉ា គឹមហុងបានបន្តថា បញ្ហាស្មុគស្មាញមួយទៀត គឺ ការជីកព្រែកលើក
ទំនប់ដោយភាគីវៀតណាមតាមបណ្តោយព្រំដែននៅក្នុងអំឡុងឆ្នាំ ១៩៧៩នោះ ពុំបានគោរពតាមខ្សែព្រំដែនដែលមាននៅលើផែនទីមូលដ្ឋានទេ ហើយប្រជាពល
រដ្ឋខ្លះដែលរស់នៅទាំងសងខាងព្រំដែន និង អាជ្ញាធរមូលដ្ឋាន បានចាត់ទុកថា
ទំនប់-ប្រឡាយទាំងនេះ គឺជាខ្សែ ព្រំដែនរវាងប្រទេសទាំងពីរ។

"យើងបោះបង្គោលព្រំដែននេះតែងតែមានបញ្ហាចូលទៅក្នុងទឹកដីវៀតណាមនិង
បញ្ហាចូលមកក្នុងទឹកដីកម្ពុជា។ មានការបោះបង្គោលព្រំដែនចូលទឹកដីគ្នាទៅវិញ
ទៅមក។ មានកន្លែងខ្លះទៀតចេញ-ចូលមិនច្រើនទេដោយកន្លែងខ្លះ១០០ម៉ែត្រ
កន្លែងខ្លះ៥០ម៉ែត្រនិងកន្លែងខ្លះទៀត២០ម៉ែត្រ តែងតែមានជៀសមិនរួច ពីព្រោះ
ខ្សែនៅលើផែនទីខ្នាត១/១០០.០០០"។

លោកយឹម សុវណ្ណ តំណាងរាស្ត្រគណបក្សប្រឆាំង បានបញ្ជាក់ថា យើងមិនអាច
ទទួលយកអំណះអំណាងនេះ ដែល ជាការដោះសារយករួចខ្លួនតែប៉ុណ្ណោះ។

"តាំងពីប្រវត្តិសាស្ត្រយូរលុងរាប់រយសតវត្សរ៍ណាស់មកហើយ ខ្ញុំមិនដែលឮសូរ
ខ្មែរទៅយកដីវៀតណាមបានមួយចំអាមទេ។ មានតែវៀតណាម និងថៃដែលមក
យកដីខ្មែរ រហូតមកដល់ពេលនេះ នៅសល់តែ ១៨១.០៣៥ គីឡូម៉ែត្រការ៉េទេ។
ខ្ញុំអត់ដែលឮសូរវៀតណាម មកទាមទារដីរបស់គេ ដែលបាត់បង់ដោយសារខ្មែរ
យកទេ។ វាអត់មានទេ។ មកទល់ពេលនេះ ខ្ញុំមិនទាន់ឮវៀតណាមស្រែកឡូឡា
ថា បាត់ដីដោយសារខ្មែរបោះបង្គោលព្រំដែន ។ វាអត់មានទេ ។ មានតែខ្មែរទេ
ដែលយំទួញសោក ដោយការបាត់បង់ដីស្រែរបស់គាត់"។

លោកយឹម សុវណ្ណ តំណាងរាស្ត្រគណបក្សប្រឆាំងបានបញ្ជាក់ថា តាមបង្គោល
ព្រំដែនមួយចំនួនប្រជាពលរដ្ឋបានអះអាងថា បង្គោលព្រំដែនមួយចំនួនបាន
បោះនៅលើដីរបស់គាត់ និងធ្វើឱ្យគាត់បាត់បង់ដី ស្រែចម្ការ។

ប្រទេសកម្ពុជានិងវៀតណាមបានសាងសង់បង្គោលព្រំដែនរួមចំនួន១១១បង្គោល
និងកំពុងសាងសង់ចំនួន ៤៩បង្គោលទៀត ហើយគ្រោងនឹងបញ្ចប់ការងារបោះ
បង្គោលព្រំដែននេះទាំងស្រុង នៅឆ្នាំ ២០១២។

ប្រទេសកម្ពុជានិងថៃបានរកឃើញបង្គោលចំនួន៤៨នៃបង្គោលព្រំដែនចាស់ទាំង
អស់៧៣ ក្នុងនោះឯកភាពគ្នាចំនួន៣៣បង្គោល និងមិនបានឯកភាពគ្នាចំនួន១៥
បង្គោល ហើយនៅសល់២៥បង្គោលទៀត នឹងចរចាបន្តទៀត។

ប្រទេសកម្ពុជានិងឡាវបានបោះនិងសាងសង់រួចនូវបង្គោលព្រំដែនចំនួន១២១នៃ
១៤៥បង្គោល ហើយនៅសល់៤បង្គោល មិនទាន់បានសាងសង់ និង២០បង្គោល
ទៀតត្រូវបន្តការចរចា។

ពីរាជធានីភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេង ស.រ.អា.៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG