ដើម្បីស្តាប់ព័ត៌មាននេះ
ប្រតិកម្មបានកើតឡើងសារជាថ្មីបន្ទាប់ពីរដ្ឋសភាប្រទេសកម្ពុជា បានអនុម័ត
សេចក្ដីព្រាងច្បាប់ស្ដីពីអស្សាមិករណ៍។ ច្បាប់នេះអនុញ្ញាតិឲ្យរដ្ឋាភិបាលដក
ហូតកម្មសិទ្ធិស្របច្បាប់របស់ប្រជាពលរដ្ឋ។
លោក គង់ សុឋានរិទ្ធ រាយការណ៍ពិស្ដារជូនពីទីក្រុងភ្នំពេញ ដូចតទៅ៖
អង្គការសង្គមស៊ីវិល និង គណបក្សជំទាស់នៅក្នុងប្រទេសកម្ពុជា បានលើក
ឡើងសារជាថ្មីម្ដងទៀតថា ច្បាប់ស្ដីពីអស្សាមិករណ៍ដែលរដ្ឋសភាទើបតែបាន
អនុម័តនឹងក្លាយជាឧបករណ៍មួយជួយជំរុញឲ្យប្រជាពលរដ្ឋដ៏ក្រីក្រនៅក្នុងប្រ-
ទេសធ្លាក់ទៅក្នុងរណ្ដៅនៃគ្រោះថ្នាក់។
កាលពីរសៀលថ្ងៃអង្គារម្សិលមិញនេះ សមាជិកសភាដ៏លើសលុបចំនួន៧៦រូប
ក្នុងចំណោមសមាជិកសភាចំនួន១០០រូបដែលមានវត្តមានក្នុងសម័យប្រជុំបាន
បោះឆ្នោតដោយលើកដៃអនុម័តនូវសេចក្ដីព្រាងច្បាប់ស្ដីពីអស្សាមិករណ៍ឬជា
ច្បាប់ស្ដីពីការដកហូតកម្មសិទ្ធិអចលនទ្រព្យស្របច្បាប់ដោយស្ថិតនៅក្រោមការ
រិះគន់ដ៏ចម្រូងចម្រាស់ជាខ្លាំង។ដោយឡែកតំណាងរាស្ដ្រមកពីគណបក្សជំទាស់
សម រង្ស៊ីនិងតំណាងរាស្ដ្រមកពីគណបក្សសិទ្ធិមនុស្ស មិនបានបោះឆ្នោតគាំទ្រ
ការអនុម័ត សេចក្ដីព្រាងច្បាប់នេះទេ។
លោកនី ចរិយា ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការការពាសិទ្ធិមនុស្សអាដហុក
មានប្រសាសន៍ នៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងភ្នំពេញនៅថ្ងៃពុធ
នេះថា ក្រុមអាជ្ញាធរ និង រដ្ឋាភិបាលរបស់ប្រទេសកម្ពុជាអាចនឹងយកច្បាប់ស្ដី
ពីអស្សាមិករណ៍នេះ មកធ្វើជាមូលហេតុនៃការដកហូតកម្មសិទ្ធិអចលនទ្រព្យ
ស្របច្បាប់របស់ប្រជាពលរដ្ឋទន់ខ្សោយ។
“នៅពេលដែលច្បាប់អស្សាមិករណ៍ចូលជាធរមានដែលជាច្បាប់មួយធ្វើឲ្យរដ្ឋា
ភិបាលក៏ដូចជាអាជ្ញាធរនៅតាមទីក្រុង និងតាមខេត្តនានា មានលទ្ធភាពគ្រប់
គ្រាន់ក្នុងការដកហូតអចលនទ្រព្យរបស់ប្រជាពលរដ្ឋយ៉ាងងាយដោយគ្រាន់តែ
យកលេសថា បម្រើឲ្យហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដបុគ្គលតែប៉ុណ្ណោះ "។
ប្រទេសកម្ពុជាត្រូវគេមើលឃើញថា ជាប្រទេសដែលមានជម្លោះដីធ្លីយ៉ាងរ៉ាំរ៉ៃ
មួយ។ ប្រជាពលរដ្ឋជា ច្រើនបានបាត់បង់ដីធ្លី បន្ទាប់ពីទីតាំងរស់នៅរបស់ពួក
គេ ឬដីកសិកម្មរបស់ពួកគេត្រូវរឹបអូស ត្រូវបំពានយក តាមរូបភាពនៃការចោទ
ប្រកាន់តាមផ្លូវតុលាការ ឬតាមរូបភាពនៃតម្រូវការចាំបាច់របស់រដ្ឋ។ក៏ប៉ុន្ដែក្រុម
ប្រជាពលរដ្ឋរងគ្រោះ និងក្រុមអ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សលើកឡើងថា
ការរឹបអូសដីធ្លីមួយចំនួនកើតឡើងដោយសារតែតម្លៃអចលនទ្រព្យនៅទីផ្សារ
មានការឡើងថ្លៃ។
លោក កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស បានលើកឡើងថា ច្បាប់ស្ដីពី
អស្សាមិករណ៍នេះ នឹងផ្ដល់សិទ្ធិអំណាចកាន់តែធំធេងដល់ការរឹបអូសយក
អចលនទ្រព្យស្របច្បាប់របស់ប្រជាពលរដ្ឋ។
"តាំងពីមិនទាន់មានច្បាប់នេះក៏មានការរឹបអូសយកដីប្រជាពលរដ្ឋដោយគ្មាន
សំណងសមស្របដែរ ហើយមានច្បាប់នេះទៀតរឹតតែរដ្ឋាភិបាលងាយក្នុងការ
យកដីប្រជាពលរដ្ឋតទៅទៀត"។
លោកអ៊ុក រ៉ាប៊ុន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានប្រសាសន៍
ថា រាល់បញ្ហាទំនាស់ដីធ្លីតែងតែមានការបកស្រាយជាលក្ខណៈអវិជ្ជមាន ។
លោកអ៊ុក រ៉ាប៊ុន បានព្រមាននៅក្នុងការថ្លែង ការពារសេចក្ដីព្រាងច្បាប់កាល
ពីថ្ងៃអង្គារម្សិលមិញនេះថា គេគួរតែធ្វើការវែកញែករវាងតម្រូវការដីធ្លីស្របច្បាប់
និងការរំលោភយកដោយអំពើហឹង្សា។
“រឿងនេះ គឺរាជរដ្ឋាភិបាលជាអ្នកចេញមកសម្រេចធ្វើអស្សាមិករណ៍ ញែកឲ្យ
ច្បាស់រវាងការធ្វើអស្សាមិករណ៍ ការដកហូតតាមផ្លូវច្បាប់ និង ការប៉ះពាល់
ដោយអំពើហឹង្សាដោយរំលោភ "។
សេចក្ដីព្រាងច្បាប់ស្ដីពីអស្សាមិករណ៍ ដែលរដ្ឋសភាទើបបានអនុម័តនេះមាន
៨ ជំពូក និង៣៩មាត្រា ។ សេចក្ដីព្រាងច្បាប់នេះបានចែងថា រដ្ឋមានសិទ្ធិដក
ហូតអចលនទ្រព្យពីម្ចាស់កម្មសិទ្ធិ មានដូចជាដី សំណង់ កសិដ្ឋាន សម្រាប់
ជាប្រយោជន៍សាធារណៈ ដូចជាសម្រាប់ការសាងសង់កំពង់ផែ ព្រលានយន្ដ
ហោះ ផ្លូវថ្នល់ ស្ពាន ការសាងសង់បណ្ដាញអគ្គិសនីនិងថាមពលជាដើម។ការ
រឹបអូសដោយរាប់បញ្ចូលទាំងមូលហេតុចាំបាច់សម្រាប់សន្ដិសុខ និង បូរណ
ភាពទឹកដីផងដែរ។
ក្រុមមន្ដ្រីអង្គការសង្គមស៊ីវិល និងមន្ដ្រីគណបក្សជំទាស់បានលើកអំពីភាពខ្វះ
ចន្លោះជាច្រើន នៅក្នុងច្បាប់នេះ ដូចជាមានភាពផ្ទុយគ្នារវាងការផ្ដល់សំណង
ដោយយុត្តិធម៌ និងការរឹបអូសកម្មសិទ្ធិស្របច្បាប់មុននឹងការដោះស្រាយចប់
ជាស្ថាពរ ការកំណត់ដាក់ទោសទៅលើជនណាដែលគេសង្ស័យថា បានរារាំង
ការអនុវត្តការរឹបអូសរបស់រដ្ឋាភិបាល។ជាពិសេសការចែងអំពីការផ្ដល់សំណង
ទៅតាមតម្លៃអចលនទ្រព្យនៅលើទីផ្សារ ក៏ប៉ុន្ដែការវាយតម្លៃអចលនទ្រព្យនៅ
លើទីផ្សារត្រូវពឹងផ្អែកលើការ សន្មត់នៃគណៈកម្មការរបស់រដ្ឋាភិបាល។
លោកនី ចរិយា ប្រធានផ្នែកស៊ើបអង្កេតរបស់អង្គការការពាសិទ្ធិមនុស្ស អាដ
ហុក មានប្រសាសន៍ថា អង្គការសង្គមស៊ីវិលបានលើកអនុសាសន៍ជាច្រើន
សម្រាប់ដាក់ជាគំនិតចូលទៅក្នុងសេចក្ដីព្រាងច្បាប់ដែលទើបតែអនុម័តនេះ
ទៅកាន់រដ្ឋាភិបាល និងទៅកាន់រដ្ឋសភា ក៏ប៉ុន្ដែស្ថាប័នទាំងពីរមិន បានអើពើ
ចំពោះការផ្ដល់គំនិតនោះទេ។
ក៏ប៉ុន្ដែលោកជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុនិងធនាគារ
របស់រដ្ឋសភា មានប្រសាសន៍កាលពីសប្ដាហ៍មុនថា រដ្ឋសភានឹងយកអនុសា-
សន៍ខ្លះក្នុងចំណោមអនុសាសន៍ទាំងនោះ ទៅដាក់ជូនរដ្ឋាភិបាលសម្រាប់ជា
ការផ្ដល់គំនិតដល់ការតាក់តែងអនុក្រិត្យ ប្រយោជន៍ដល់ការដាក់ច្បាប់ស្ដីពី
អស្សាមិករណ៍នេះឲ្យប្រើប្រាស់។
ពីទីក្រុងភ្នំពេញ ខ្ញុំ គង់ សុឋានរិទ្ធ VOA សម្លេង ស.រ.អា.៕