ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការខ្មែរក្រហមមិនឲ្យមេធាវី សន្និដ្ឋានអំពីទោសឌុច


ដើម្បីស្តាប់ព័ត៌មាននេះ

តុលាការកំពូលនៃសាលាក្ដីខ្មែរក្រហមបានច្រានចោលបណ្ដឹងរបស់ដើមបណ្ដឹង
រដ្ឋប្បវេណីអំពីការជំទាស់ទៅនឹងការហាមសិទ្ធិពួកគេ ។ មេធាវីចាត់ទុកថា ការ
សម្រេចនេះប៉ះពាល់ដល់យុត្តិធម៌ សម្រាប់ជនរងគ្រោះ។

លោក គង់ សុឋានរិទ្ធ រាយការណ៍ជូនពីទីក្រុងភ្នំពេញដូចតទៅ៖

អង្គជំនុំជម្រះសាលាកំពូលរបស់សាលាក្ដីខ្មែរក្រហម ទើបតែបានច្រានចោល
ដោយមិនចាត់ការលើបណ្ដឹងឧទ្ធរណ៍របស់ក្រុមមេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋ
ប្បវេណី។ ក្រុមមេធាវីដែលប្រឆាំងទៅនឹងការសម្រេចរបស់អង្គជំនុំជម្រះសាលា
ដំបូង ដែលមិនអនុញ្ញាតឲ្យពួកខ្លួនធ្វើសេចក្ដីសន្និដ្ឋានទៅលើការសម្រេចដាក់
ទោសឌុច និង ធ្វើការចោទសួរទៅលើអត្ដចរិតរបស់អតីតប្រធានគុកទួលស្លែង
រូបនេះ។

កាលពីខែសីហា លោកចៅក្រមនិល ណុន ប្រធានអង្គជំនុំជម្រះសាលាដំបូង បានប្រកាសនៅក្នុងសវនាការរបស់កាំងហ្គិចអ៊ាវ ហៅឌុច ថា មេធាវីតំណាង
ឲ្យដើមបណ្ដឹងរដ្ឋប្បវេណីនឹងមិនត្រូវអនុញ្ញាតឲ្យធ្វើការសាកសួរដេញដោល
ដោយផ្ទាល់ទៅលើសាក្សី ទៅលើអ្នកជំនាញ ទាក់ទងទៅនឹងអត្ដចរិតរបស់ឌុច រួមទាំងមិនអនុញ្ញាតឲ្យពួកគេដាក់សេចក្ដីសន្និដ្ឋានទោសជូនអង្គជំនុំជម្រះផង
ដែរ។

ក្រុមមេធាវីនៃដើមបណ្ដឹងរដ្ឋប្បវេណីក្រុម២ និងក្រុម៣ បានប្ដឹងឧទ្ធរណ៍ជំទាស់
ទៅនឹងការសម្រេចនេះ ទៅអង្គជំនុំជម្រះសាលាកំពូល កាលពីខែកញ្ញា ដោយ
ចាត់ទុកថា ការហាមប្រាមនោះបានធ្វើឲ្យមានការបែងចែករវាងភាគីនានា នៅ
ក្នុងការកាត់ទោស ហើយបម្រាមនេះគឺជាកំហុសមួយផ្លូវច្បាប់។ មេធាវីតំណាង
ឲ្យដើមបណ្ដឹងទាំងពីរក្រុមបានស្នើឲ្យតុលាការកំពូលរបស់សាលាក្ដីខ្មែរក្រហម
ធ្វើសេចក្ដីសម្រេចទៅលើករណីនេះ។

នៅក្នុងការសម្រេចរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ប៉ុន្ដែទើបតែត្រូវ
បានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃច័ន្ទ លោកចៅក្រមគង់ ស្រ៊ីម ប្រធាន
អង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្តីខ្មែរក្រហមបានលើកឡើងថា "បណ្ដឹង
ឧទ្ធរណ៍នោះមិនអាចទទួលយកបានទេ"។

លោកគឹម ម៉េងឃី មេធាវីមួយរូបនៃមេធាវីតំណាងឲ្យដើមបណ្ដឹងរដ្ឋប្បវេណីមាន
ប្រសាសន៍ថា ការសម្រេចខាងលើគឺជាឆន្ទានុសិទ្ធិរបស់ចៅក្រម ប៉ុន្ដែការសម្រេច
នេះនឹងបង្កឲ្យមានការបាត់បង់ជំនឿរបស់ជនរងគ្រោះដោយរបបខ្មែរក្រហមទៅ
លើសាលាក្ដីខ្មែរក្រហម ព្រោះថា ការចោទសួរអំពីអត្តចរិតរបស់ ឌុចនឹងមិន
បង្កការប៉ះពាល់ដល់ការសម្រេចទោសលើជនជាប់ចោទរូបនេះទេ។

“ហេតុដូច្នេះ ការបដិសេធនូវការចូលរួមនេះ គឺវាប្រៀបដូចជាកាត់បន្ថយការចូល
រួមស្វែងរកការពិត ហើយនិងទទួលបានយុត្តិធម៌ពីជនរងគ្រោះទាំងអស់"។

សូមបញ្ជាក់ថា ដើមបណ្ដឹងរដ្ឋប្បវេណី ដែលសុទ្ធសឹងជាជនរងគ្រោះដោយរបប
ខ្មែរក្រហម ក៏ធ្លាប់បានសម្ដែងការមិនពេញចិត្តទៅនឹងសេចក្ដីសម្រេចរបស់អង្គ
ជំនុំជម្រះសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហម ដែលបានរារាំងមេធាវីការពារក្ដី
មិនឲ្យពួកគេចោទសួរអំពីអត្តចរិតរបស់ឌុច និងមិនឲ្យក្រុមមេធាវីទាំងនោះចូល
រួមធ្វើសេចក្ដីសន្និដ្ឋានទៅលើការដាក់ទោសឌុច។ ជនរងគ្រោះទាំងនោះចាត់ទុក
ថា សេចក្ដីសម្រេចរបស់អង្គជំនុំជម្រះសាលាដំបូងនោះគឺជាការមិនឲ្យតម្លៃទៅ
លើពួកខ្លួន។

ពីរាជធានីភ្នំពេញ ខ្ញុំ គង់ សុឋានរិទ្ធ VOA សម្លេងស.រ.អា.៕

XS
SM
MD
LG