ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការកាត់ទោសជនជាតិអង់គ្លេស ម្នាក់ឲ្យជាប់ពន្ធនាគារ១ឆ្នាំ ពីបទអាសលើកុមារី


តុលាការក្រុងភ្នំពេញ បានកាត់ទោសជនជាតិអង់គ្លេសម្នាក់ឲ្យជាប់ពន្ធនាគារ
រយៈពេល១ឆ្នាំពីបទថា បានប្រព្រឹត្តអំពើអាសលើកុមារីអាយុ ១៣ឆ្នាំ។

លោកហេង រស្មី សូមជូនព័ត៌មាននេះ ដូចតទៅ៖

តុលាការក្រុងភ្នំពេញ នៅថ្ងៃសុក្រនេះ បានសម្រេចផ្តន្ទាទោសជនជាតិអង់គ្លេស
ម្នាក់ឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ហើយពិន័យជាប្រាក់ប្រមាណជិត១០០០
ដុល្លារសហរដ្ឋអាមេរិកពីបទថា បានប្រព្រឹត្តអំពើ់អាសទៅលើកុមារីជនជាតិ
កម្ពុជាមួយរូបអាយុ១៣ឆ្នាំ។

លោកកែ សាខន ប្រធានចៅក្រមជំនុំជម្រះនៃតុលាការក្រុងភ្នំពេញ បានប្រកាស
ថា លោក Gareth Ashley Korbett អាយុ៥១ឆ្នាំ ជនជាតិអង់គ្លេសដែលត្រូវ
បានអាជ្ញាធរប៉ូលិសចាប់ខ្លួនកាលពីខែកក្កដាឆ្នាំ២០០៨នោះត្រូវតុលាការសម្រេច
ផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ តាមមាត្រាទី៤៣ នៃច្បាប់ស្តីពីការ
បង្រ្កាបការជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ។

លោកGareth Ashley Korbett អាយុ៥១ឆ្នាំ ត្រូវបានអាជ្ញាធរប៉ូលិសចាប់ខ្លួន
នៅក្នុងភោជនីយដ្ឋានរបស់លោកមួយកន្លែងនៅក្នុងខេត្តព្រះសីហនុ បន្ទាប់ពី
ម្តាយរបស់កុមារីជនរងគ្រោះដាក់ពាក្យបណ្តឹងប្តឹងលោក។

ជនរងគ្រោះឈ្មោះស្រី ពៅ អាយុ១៣ឆ្នាំ បានចោទប្រកាន់បុរសជនជាតិអង់
គ្លេសរូបនេះថា បានប៉ុនប៉ងប្រព្រឹត្តអំពើអាសទៅលើរូបនាងជាច្រើនដងរហូត
ដល់បានសម្រេចមួយលើក នៅក្នុងខណៈដែលនាងបម្រើការងារនៅក្នុងភោជ-
នីយដ្ឋានរបស់ជនជាតិអង់គ្លេសរូបនោះ។

ក្នុងបន្ទប់សាវនាការកាលពីថ្ងៃទី១៦ ខែធ្នូកន្លងទៅនេះ លោកGareth Ashley
Korbett បានថ្លែងប្រាប់តុលាការថា លោកពុំបានប្រព្រឹត្តដូចមានការចោទប្រ-
កាន់ទេ ដោយសារតែលោកបានយកកុមារីរូបនេះឲ្យបម្រើការងារជាអ្នកលាង
ចាននិងជូតតុតែប៉ុណ្ណោះ។

ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏កញ្ញាប៉េង ម៉ាណែត មេធាវីការពារក្តីជនរង
គ្រោះបានបញ្ជាក់ថា ជនជាតិអង់គ្លេសរូបនេះពិតជាបានប្រព្រឹត្តអំពើអាសទៅ
លើកូនក្តីរបស់នាងពិតប្រាកដមែន ។

កញ្ញាប៉េង ម៉ាណែតបានមានប្រសាសន៍ទៀតថា តុលាការផ្តន្ទាទោសជនជាតិ
អង់គ្លេសរូបនេះឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ហាក់បីដូចជាតិចតូចពេក
ចំពោះទោសកំហុសរបស់គាត់ ដែលបានប្រព្រឹត្តកន្លងមក ។

"មួយឆ្នាំ គឺជាស្ថានសម្រាលដែលទាបបំផុតសម្រាប់ជនរងគ្រោះ ម៉្យាងទៀតគឺ
បញ្ហាសំណងគឺជនរងគ្រោះមិនបានទទួលទេ អញ្ចឹងជនរងគ្រោះមិនទទួល
បាននូវយុត្តិធម៌សម្រាប់គាត់ពេញលេញទេ វានៅមានភាពខ្វះខាតយុត្តិធម៌
ចំពោះគាត់"។

ចំណែកលោក ថេង ប៉េងអុី មេធាវីការពារក្តីជនជាប់ចោទវិញ បាននិយាយថា
តុលាការខ្វះភស្ថុតាងក្នុងការដាក់បន្ទុកទៅលើកូនក្តីរបស់លោក ហើយលោក
បានហៅការប្រកាសសាលក្រមរបស់តុលាការនេះថា អយុត្តិធម៌ចំពោះកូនក្តី
របស់លោក។

"ដោយសារនៅពេលសាវនាការហ្នឹង គឺ បញ្ជាក់ច្បាស់ហើយ អត់មានភស្ថុតាង
សាក្សីណាមកឆើ្លយដាក់បន្ទុកលើកូនក្តីខ្ញុំផងហ្នឹង ហើយកាត់ឲ្យគាត់ជាប់គុក១
ឆ្នាំវាមិនផ្តល់យុត្តិធម៌ដល់គាត់ផង ផ្អែកតែទៅលើសម្តីក្មេងស្រីម្នាក់ដែលនិយាយ
ម្តងអញ្ចេះម្តងអញ្ចុះមិនទាន់ដឹងអីច្បាស់លាស់ផង ហើយគ្មានភស្ថុតាងអីទៀត
ផ្សេងឲ្យគ្រប់គ្រាន់ដើម្បីដាក់ទោសទេ"។

លោកសំណង សីលា ប្រធានអង្គការសកម្មភាពដើម្បីកុមារ បាននិយាយថា ការ
ដាក់ទោសរបស់តុលាការនេះ វាហាក់បីដូចជាស្រាលពេក ហើយជនរងគ្រោះពុំ
ទទួលបានសំណងអ្វីទាំងអស់។ លោកបានបញ្ជាក់ថា តុលាការគួរតែដាក់ទោស
ឲ្យបានធ្ងន់ជាងនេះ។

"ដោយសារនៅក្នុងច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និង កេងប្រវ័ញ្ចផ្លូវ
ភេទហ្នឹងគឺថា ក្នុងការប្រព្រឹត្តអំពើអាស ទោសមានពី១ឆ្នាំ ទៅ៣ឆ្នាំ ប៉ុន្តែនៅក្នុង
ករណីនេះ គឺគាត់ទទួលបានតែ១ឆ្នាំទេ ហើយតុលាការក៏មិនបានសម្រេចផ្តល់
សំណងជាប្រាក់ឲ្យជនរងគ្រោះដែរ"។

លោក សំណង សីលាបានញ្ជាក់ទៀតថា ការប្រព្រឹត្តអំពើអាសទៅលើកុមារ
កម្ពុជាពីសំណាក់ជនបរទេសនៅក្នុងឆ្នាំនេះមានការកើនឡើងគឺបានកើនឡើង
ពី១៣ករណីកាលពីឆ្នាំ២០០៨មក២៦ករណី នៅឆ្នាំ២០០៩នេះ។

ខ្ញុំ ហេង រស្មី រាយការណ៍ពីទីក្រុងភ្នំពេញ៕

XS
SM
MD
LG