ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកសម រង្ស៊ីប្រកាសទទួល ខុសត្រូវ ទាមទារឱ្យតុលាការ ដោះលែងអ្នកភូមិ


មេដឹកនាំគណបក្សប្រឆាំងបានសារភាពអំពីការដកបំផ្លាញតម្រុយបង្គោលព្រំ
ដែនបន្ទាប់ពីអ្នកស្រុកចន្ទ្រា២នាក់ បានជាប់ឃុំ និង៣នាក់ផ្សេងទៀតបានរត់
គេចខ្លួន។

លោកជន សក្តា សូមជូនព័ត៌មានពិស្តារដូចតទៅ៖

លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង នៅថ្ងៃសុក្រនេះ បានប្រកាសទទួល
ខុសត្រូវទាំងស្រុងនៅចំពោះមុខច្បាប់អំពីការដកតម្រុយបង្គោលព្រំដែនលេខ
១៨៥ដោយអំពាវនាវដល់ក្រុមអាជ្ញាធរ និង តុលាការខេត្តស្វាយរៀងឱ្យដោះ
លែងអ្នកស្រុកចន្ទ្រា២នាក់ដែលកំពុងជាប់ឃុំឃាំងនិងបញ្ឈប់ការបំភិតបំភ័យ
អ្នកស្រុកចន្ទ្រា។

អ្នកស្រុកចន្ទ្រា២នាក់ រួមមានលោកស្រីមាស ស្រី អាយុ៣៩ឆ្នាំនិងលោកព្រំ ជា
អាយុ៤១ឆ្នាំ ត្រូវបានតុលាការចាប់ឃុំខ្លួនកាលពីថ្ងៃពុធ បន្ទាប់ពីបានសាកសួរជុំ
វិញការចោទប្រកាន់អំពីការធ្វើឱ្យខូចខាតដោយចេតនានូវតម្រុយបង្គោលព្រំដែន
លេខ១៨៥ កាលពីថ្ងៃទី ២៥ ខែតុលា។ អ្នកស្រុកចន្ទ្រា៣នាក់ទៀត ដែលបាន
រត់គេចខ្លួនគឺរួមមានលោកស្រីនាង ផល្លី អាយុ៣៩ឆ្នាំ ត្រូវបានទៅឆ្លើយបំភ្លឺនៅ
តុលាការនៅថ្ងៃពុធ និង លោកស្រីប្រាក់ កើន អាយុ៣១ឆ្នាំ និង លោកខន ជា
អាយុ៣១ឆ្នាំ បានឆ្លើយបំភ្លឺនៅតុលាការខេត្តស្វាយរៀងនៅថ្ងៃព្រហស្បតិ៍។

លោកសម រង្ស៊ី បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា លោកទទួលខុសត្រូវ
ទាំងស្រុងចំពោះការដកតម្រុយបង្គោលព្រំដែនឈើ៦ដើមនៅខេត្តស្វាយរៀង។

លោកសម រង្ស៊ីបានបន្តថា "បើយោងតាមគោលការណ៍ច្បាប់ និង ប្រព័ន្ធតុលា
ការលោកគឺជាមនុស្សតែម្នាក់គត់ដែលត្រូវប្រឈមមុខនឹងការកាត់ទោស ហើយ
លោកស្រីមាស ស្រីនិងលោកព្រំ ជា ដែលកំពុងជាប់ឃុំគឺជាជនរងគ្រោះដោយ
សាររូបលោក"។

លោកឡុង កេសភិរម្យ ចៅក្រមស៊ើបអង្កេតតុលាការខេត្តស្វាយរៀងបានបញ្ជាក់
ថា លោកនឹងពិចារណាសេចក្តីថ្លែងការណ៍របស់លោកសម រង្ស៊ី ហើយលោក
នឹងធ្វើសេចក្តីសម្រេច បន្ទាប់ពីការស៊ើបអង្កេតចប់។

"ចាំខ្ញុំពិចារណាមើល(សេចក្តីថ្លែងការណ៍របស់លោកសម រង្ស៊ី ) ពីព្រោះខ្ញុំកំពុង
តែស្ថិតនៅក្នុងការស៊ើបសួរ។ អញ្ចឹងខ្ញុំមិនទាន់ សម្រេចយ៉ាងម៉េចទេ"។

តុលាការខេត្តស្វាយរៀងបានកោះហៅលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង
ឱ្យទៅឆ្លើយបំភ្លឺជុំវិញការចោទប្រកាន់អំពីការដកបំផ្លាញតម្រុយបង្គោលព្រំដែន
លេខ១៨៥ និងការញុះញ៉ង់ឱ្យមានការរើសអើងជាតិសាសន៍ នៅថ្ងៃទី២៨ ខែធ្នូ
នេះ ដែលលោកសម រង្ស៊ី បានហៅ "ការរៀបចំសវនាការឆាកល្ខោនបង្គ្រប់កិច្ច
នេះថា ជាការបង្ហាញដ៏ល្អឥតខ្ចោះនៃការចំអកឱ្យប្រព័ន្ធយុត្តិធម៌"។

តុលាការខេត្តស្វាយរៀងបានចោទប្រកាន់ព្រហ្មទណ្ឌប្រឆាំងនឹងអ្នកស្រុកចន្ទ្រា
ចំនួន៥នាក់ ទាក់ទងនឹងការដកតម្រុយបង្គោលព្រំដែនលេខ ១៨៥ ដែលក្រុម
កសិករនៅស្រុកចន្ទ្រាបានគិតថា ព្រំដែនត្រូវបានរំលោភ។

លោក សម រង្ស៊ីបានថ្លែងថា "គណបក្សប្រជាជនកម្ពុជាមិនអាចប៉ះពាល់លោក
បាន ប៉ុន្តែគេមានបំណងបំភិតបំភ័យអ្នកភូមិ ដើម្បីបញ្ឈប់ការតស៊ូប្រឆាំងនឹង
ការរឹបអូសដីធ្លីដែលពាក់ព័ន្ធនឹងការឈ្លានពានព្រំដែន"។

លោកសម រង្ស៊ីបានបន្ថែមថា"អាជ្ញាធរគណបក្សប្រជាជនកម្ពុជាព្យាយាមបំបាត់
សាក្សីរស់ និងជនរងគ្រោះដើម្បីបញ្ចប់បញ្ហាព្រំដែន។ បើពុំនោះទេ អាចនឹងរីក
រាលដាល មិនអាចគ្រប់គ្រងបាន"។

ក្រុមមេដឹកនាំជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ក្នុងលិខិតទូល
ថ្វាយសម្តេចឪព្រះរោត្តមសីហនុកាលពីថ្ងៃទី១៦ខែវិច្ឆិកាថា "រហូតមកដល់ពេល
នេះមិនមានកសិករកម្ពុជាណាម្នាក់ដែលរស់នៅតាមបណ្តោយព្រំដែនវៀតណាម
បានបាត់បង់ដីស្រែរបស់ពួកគេ ដូចការចោទប្រកាន់អំពីការឈ្លានពានព្រំដែន
ដោយអាជ្ញាធរវៀតណាមឡើយ"។

លោកវ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជា បានបញ្ជាក់ថា គោល
នយោបាយរបស់រដ្ឋាភិបាលមានតម្លាភាពបំផុតក្នុងនីតិវិធីបោះបង្គោលព្រំដែន
ជាមួយប្រទេសជិតខាង។យើងបានបោះបង្គោលព្រំដែនចំនួន១១១ក្នុងចំណោម
៣១៤បង្គោលឱ្យបានច្បាស់លាស់សម្រាប់អនាគត ហើយប្រទេសកម្ពុជា និង
វៀតណាម គ្រោងនឹងបញ្ចប់ការបោះបង្គោលព្រំដែននៅចុងឆ្នាំ២០១២។

ពីរាជធានីភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេងស.រ.អា.។

XS
SM
MD
LG