ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាងរាស្ត្រគណបក្សប្រឆាំងនិង តំណាងរដ្ឋាភិបាលប៉ះសម្តីគ្នា


ដើម្បីស្តាប់ព័ត៌មាននេះ

តំណាងរាស្ត្រគណបក្សប្រឆាំង និងតំណាងរដ្ឋាភិបាល នៅថ្ងៃព្រហស្បតិ៍នេះ បានវ៉ាយប្រហារពាក្យសម្តីដាក់គ្នាទៅវិញទៅមក នៅក្នុងរដ្ឋសភាអំពីការបោះ
បង្គោលព្រំដែនជាមួយប្រទេសវៀតណាម។

លោកជន សក្តា សូមជូនព័ត៌មាននេះ។

ខណៈដែលគណបក្សប្រឆាំងបានហៅការឆ្លើយបំភ្លឺនេះថា មិនត្រូវនឹងសំណួរ។

លោក វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជា បានប្រឈមមុខនឹងរដ្ឋ
សភានៅថ្ងៃព្រហស្បតិ៍នេះ និងការរិះគន់យ៉ាងខ្លាំងៗពីតំណាងរាស្ត្រគណបក្ស
ប្រឆាំង ខណៈដែលលោកបានព្យាយាមឆ្លើយបំភ្លឺគោលនយោបាយព្រំដែនរបស់
រដ្ឋាភិបាលកម្ពុជា។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានបញ្ជូនលោកវ៉ា គឹមហុង ប្រធានគណៈកម្ម
ការព្រំដែនកម្ពុជាឱ្យទៅឆ្លើយបំភ្លឺនៅរដ្ឋសភាអំពីការបោះបង្គោលព្រំដែន ដែល
តំណាងរាស្ត្រគណបក្សប្រឆាំងបានរិះគន់អំពីកិច្ច ការបោះបង្គោលព្រំដែនដែល
បានធ្វើ និងកំពុងធ្វើនៅតាមព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម
មិនត្រឹមត្រូវ ដូចជាការខ្វះមន្ត្រីបច្ចេកទេស ការខ្វះមធ្យោបាយ និង នីតិវិធីមិន
ច្បាស់លាស់។

លោកសុន ឆ័យ តំណាងរាស្ត្រគណបក្សសម រង្ស៊ី បាននិយាយកាត់ការថ្លែង
របស់លោក វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជានៅក្នុងរដ្ឋសភាថា
លោកវ៉ា គឹមហុង 'មិនបានឆ្លើយនឹងសំណួររបស់យើង និងបានបិទបាំងការពិត
អំពីការបោះបង្គោលព្រំដែននេះ ដែលធ្វើឱ្យយើងគ្មានជំនឿលើគណៈកម្មការព្រំ
ដែននេះ ហើយយើងមានការខកចិត្តយ៉ាងខ្លាំងចំពោះការមិនឆ្លើយឱ្យចំសំណួរ
របស់យើង'។

"បើឆ្លើយមិនត្រូវសំណួរ។ ឯកឧត្តមចេះតែឆ្លើយច្រើនដងហើយ មិនត្រូវសំណួរ
របស់យើងខ្ញុំ។ អ្វីដែលឧត្តមបរិយាយនៅតែជាបញ្ហាដដែល។ យើងទ្រាំស្តាប់
ឯកឧត្តមមកដល់ពេលនេះហើយ អត់ឃើញឆ្លើយសំណួរសោះ។ដូច្នេះសុំមេត្តា
ឆ្លើយសំណួរ ឬក៏អនុញ្ញាតយ៉ាងហោចណាស់..."។

លោកវ៉ា គឹមហុងបានប្រតិកម្មតមនឹងលោកតំណាងរាស្ត្រសុន ឆ័យ ថា លោក
បានឆ្លើយបំភ្លឺសំណួររបស់លោកសុន ឆ័យទាក់ទងនឹងនីតិវិធី ធនធានមនុស្ស
បច្ចេកទេស និងសម្ភារៈ ហេតុអ្វីថា ការឆ្លើយបំភ្លឺនេះមិនចំសំណួរ។

លោកវ៉ា គឹមហុង បានបញ្ជាក់ថា លោកសុន ឆ័យប្រហែលជាមិនចាំនូវអ្វីដែល
លោកបាននិយាយនៅក្នុងលិខិតចុះនៅថ្ងៃទី២៥ ខែវិច្ឆិកាទេ។ ដូច្នេះ Memory
របស់លោកសុន ឆ័យមានការចង់ចាំខ្លីពេក។

"ថ្មីៗនេះ បើឯកឧត្តមចេះតែភ្លេចចាំ Memory ឯកឧត្តមខ្លីយ៉ាងហ្នឹង ខ្ញុំមិនដឹង
ជាធ្វើការព្រំដែនម៉េចកើតទេ។ បើយើងមានការចងចាំឱ្យវែងទៅ យើងធ្វើការ
ព្រំដែនកើត។ សូមឱ្យនិយាយការពិត។ យើងកុំនិយាយរឿងនយោបាយ។ ខ្ញុំ
អត់ធ្វើនយោបាយទេ។ ខ្ញុំមិនចង់បានប្រយោជន៍នយោបាយទេ ។ ខ្ញុំចង់បាន
បង្គោលព្រំដែនមួយជូនឱ្យប្រជាជាតិមានទៅថ្ងៃក្រោយ"។

លោកវ៉ា គឹមហុងបានបន្ថែមថា គោលនយោបាយរបស់រដ្ឋាភិបាលមានតម្លាភាព
បំផុតនៅក្នុងនីតិវិធី បោះបង្គោលព្រំដែន ប៉ុន្តែមិនមែនទៅបំផុសបំផុលប្រជា
ពលរដ្ឋឱ្យប្រឆាំងនឹងរដ្ឋាភិបាលដើម្បីប្រជាប្រិយភាពរបស់ឯកឧត្តមទេ។

លោក វ៉ា គឹមហុងបានថ្លែងថា យើងបានបោះបង្គោលព្រំដែនចំនួន១១១ក្នុង
ចំណោម៣១៤បង្គោលឱ្យបានច្បាស់លាស់ដើម្បីឱ្យប្រទេសកម្ពុជាមានបង្គោល
ព្រំដែននៅសតវត្សរ៍ក្រោយៗទៀត។

លោក វ៉ា គឹមហុង បានបញ្ជាក់ថា បើប្រទេសកម្ពុជាគ្មានបង្គោលព្រំដែនទេ
ប្រទេសជិតខាងរំលោភចូលមកក្នុងទឹកដីរបស់យើងជាដរាប។

ប្រទេសកម្ពុជានិងប្រទេសវៀតណាមគ្រោងនឹងបញ្ចប់ការបោះបង្គោលព្រំដែន
នៅចុងឆ្នាំ២០១២។

លោកសម រង្ស៊ី ប្រធានគណបក្សប្រឆាំង ត្រូវបានដកអភ័យឯកសិទ្ធិដោយរដ្ឋ
សភានៅថ្ងៃទី១៦ខែវិច្ឆិកាអំពីការដកបំផ្លាញតម្រុយបង្គោលព្រំដែនរបស់គណៈ
កម្មការចម្រុះព្រំដែនកម្ពុជា- វៀតណាម។

តុលាការខេត្តស្វាយរៀងបានកោះហៅលោក សម រង្ស៊ី ឱ្យចូលខ្លួនទៅឆ្លើយបំភ្លឺ
ជុំវិញពីការដកបំផ្លាញតម្រុយបង្គោលព្រំដែនលេខ១៨៥ និងការញុះញ៉ង់ឱ្យមាន
ការរើសអើងជាតិសាសន៍នៅថ្ងៃទី ២៨ ខែធ្នូ។ អ្នកស្រុកចន្ទ្រា២នាក់ត្រូវបានឃុំ
ខ្លួន និង៣នាក់ផ្សេងទៀតបានគេចខ្លួន ក្នុងការជាប់ពាក់ព័ន្ធនឹងការដកតម្រុយ
បង្គោលព្រំដែនជាមួយលោក សម រង្ស៊ី កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា។

ពីរាជធានីភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេង ស.រ.អា.៕

XS
SM
MD
LG