ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បញ្ជូនជនជាតិ Uighur ទៅប្រទេស ចិនវិញជាអំពើអសីលធម៌


ដើម្បីស្តាប់ព័ត៌មាននេះ

អង្គការសង្គមស៊ីវិលរួមទាំងសហរដ្ឋអាមេរិកបានបញេ្ចញប្រតិកម្មចម្រុះក្រោយពី
កម្ពុជាបានចាប់បញ្ជូនជនជាតិចិនភាគតិច Uighur ត្រឡប់ទៅកាន់ប្រទេសចិន
ដោយចាត់ទុកថា កម្ពុជាបានធ្លាក់ចុះយ៉ាងខ្លាំងខាងផ្នែកសីលធម៌ ។

លោក ហេង រស្មី រាយការណ៍ជូនដូចតទៅ ៖

រដ្ឋាភិបាលសហរដ្ឋអាមេរិក រួមទាំងអង្គការសង្គមស៊ីវិលក្នុងស្រុកមួយចំនួនរបស់
ប្រទេសកម្ពុជា បាន បញ្ចេញប្រតិកម្មចម្រុះរួមគ្នានៅថ្ងៃច័ន្ទនេះ ដោយបានធ្វើការ
ស្តីបន្ទោសយ៉ាងខ្លាំងៗ ក្រោយពីរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ជូនចេញដោយ
បង្ខំ ចំពោះជនជាតិចិនភាគតិUighurឲ្យវិលត្រឡប់ទៅកាន់ប្រទេសចិនវិញ ។

កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍មុននេះ ជនជាតិភាគតិចUighurមួយក្រុមដែលមាន
គ្នាប្រមាណ២០នាក់ ដែលក្នុងនោះមានស្ត្រីមួយរូបផងដែរ ត្រូវរដ្ឋាភិបាលកម្ពុជា បានចាប់បញ្ជូនចេញទៅកាន់ប្រទេសចិនតាមយន្តហោះឯកជនមួយ តាមច្រក
ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មុនដំណើរទស្សនៈកិច្ចជាផ្លូវការរបស់លោក
អនុប្រធានាធិបតីចិន Xi Jinping មកកាន់ប្រទេសកម្ពុជា ។

លោក Gordon Duguid អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបាន
សរសេរនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកថា
ការចាប់បង្ខំឲ្យអ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិ Uighur ឲ្យត្រឡប់ទៅកាន់
ប្រទេសចិនវិញនោះគឺជាការរំលោភកាតព្វកិច្ចអន្តរជាតិរបស់ប្រទេសកម្ពុជា។

លោកGordon Dunguid បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍នោះថា ការធ្វើ
ដូច្នេះនឹងមានផលប៉ះពាល់ដល់ទំនាក់ទំនងរបស់ប្រទេសកម្ពុជាជាមួយសហរដ្ឋ
អាមេរិក និងកិត្តិនាមរបស់កម្ពុជាលើឆាកអន្តរជាតិ ។

ចំណែកលោកស្រី Denice Coghlan មន្រ្តីបម្រើការងារនៅអង្គការសេវាកម្មជន
ភៀសខ្លួន Jesus ដែលជាអង្គការជួយជ្រោមជ្រែងដល់ជនភៀសខ្លួនផ្នែកនយោ
បាយផ្សេងៗ បាននិយាយថា លោកស្រីបានសម្តែងនូវការខកចិត្តយ៉ាងខ្លាំងនិង
មានការព្រួយបារម្ភជាពន់ពេកណាស់ ចំពោះអ្វីដែលបានកើតមានឡើងទៅលើ
ជនជាតិចិនភាគតិចទាំងនោះ។

លោកស្រីបានបញ្ជាក់ថា កម្ពុជាបានរំលោភច្បាប់ទៅលើជនភៀសខ្លួន ។

"កន្លងមករដ្ឋាភិបាលកម្ពុជាមានចិត្តមនុស្សធម៌គួរសមជាមួយជនភៀសខ្លួន ក៏
ប៉ុន្តែក្នុងករណីមួយនេះ ខ្ញុំគិតថា វាអមនុស្សធម៌ ។ ខ្ញុំប្រើពាក្យថា វាធ្លាក់ចុះ
យ៉ាងខ្លាំងផ្នែកសីលធម៌"។

លោក ធន សារ៉ាយ ប្រធានអង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សកម្ពុជាមួយ
ដែលមានឈ្មោះថាADHOC បានបញ្ជាក់ថា កម្ពុជាក្នុងនាមជាប្រទេសហត្ថលេខី
នៃអនុសញ្ញាស្តីអំពីការគោរពនូវសិទ្ធិជនភៀសខ្លួន ត្រូវតែទទួលនូវការការពារ
ជនភៀសខ្លួន ដូចដែលរដ្ឋាភិបាលកម្ពុជាបានធ្វើចំពោះលោកអតីតនាយករដ្ឋ
មន្រ្តីថៃថាក់ស៊ីនស៊ីណាវ៉ាត្រផងដែរ។

"យើងឃើញថា បើសិនជាមានទំនាក់ទំនងល្អ យើងមិនហ៊ានជាមួយប្រទេស
ហ្នឹង។ ប៉ុន្តែបើយើងមានទំនាក់ទំនងមិនល្អ យើងទៅជាហ៊ានធ្វើទៅវិញ អញ្ចឹង
ណា៎។ បាទ អានេះជាប្រការមួយដែលអត់ត្រូវតាមគោលការណ៍នៃហត្ថលេខី
នានានៅក្នុងពិភពលោកដែលការពារនូវសិទ្ធិជនភៀសខ្លួននេះ បាទ!"

លោកកួយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ការចាប់
បញ្ជូនខ្លួនជនជាតិ Uighur ឲ្យត្រឡប់ទៅកាន់ប្រទេសចិនវិញនោះ គឺកម្ពុជាធ្វើ
ទៅតាមច្បាប់អន្តោប្រវេសន៍ ដែលរដ្ឋធម្មនុញ្ញកម្ពុជាអនុម័តតាំងពីឆ្នាំ ១៩៩៤
មកម៉្លេះ។

"ដោយសារកម្ពុជាខិតខំប្រឹងប្រែងអនុវត្តច្បាប់របស់ខ្លួន ហើយកន្លងមកសហ-
គមន៍អន្តរជាតិក៏បានទាមទារឲ្យប្រទេសនានា ហ្នឹងខំលើកតម្កើងគេហៅថា នីតិ
រដ្ឋគឺការគោរពច្បាប់។ ឥឡូវនេះកម្ពុជាកំពុងតែអនុវត្តច្បាប់របស់ខ្លួន ដូច្នេះមាន
រឿងអីមានផលប៉ះពាល់ទៅដល់មុខមាត់របស់ខ្លួននោះ?"

ជនជាតិភាគតិចUighurចំនួន២៣រូប ដែលនៅក្នុងនោះមានកុមារចំនួន៣រូបផង បានភៀសខ្លួនចេញពីតំបន់ហ្ស៊ីនហ្សាង ដែលជាតំបន់រំជើបរំជួលមួយប្រឆាំង
រដ្ឋាភិបាលចិន ។ ជនជាតិភាគតិច Uighur ចំនួន២២នាក់បានចូលមកប្រទេស
កម្ពុជាតាមច្រកបាវិត ខេត្តស្វាយរៀង កាលពីដើមខែវិច្ឆិកា ។

ហើយមានជនជាតិចិន Uighur ជាច្រើននាក់ទៀតត្រូវបានរដ្ឋាភិបាលចិនកាត់
ទោសប្រហារជីវិត ក្រោយពីបានទៅដល់ប្រទេសចិនវិញ ។

ខ្ញុំ ហេង រស្មី រាយការណ៍ពីទីក្រុងភ្នំពេញ ។

XS
SM
MD
LG