ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំកម្ពុជា និងវៀតណាម ពង្រឹងសហប្រតិបត្តិការ


ដើម្បីស្តាប់ព័ត៌មាននេះ

មេដឹកនាំកម្ពុជា និងវៀតណាម បានជួបពិភាក្សាការងារពង្រឹងពង្រីកទំនាក់ទំនង
និងកិច្ចសហប្រតិបត្តិការហើយសហគមន៍ខ្មែរកម្ពុជាក្រោមបានស្នើសុំឱ្យមេដឹកនាំ
ខ្មែរលើកយកបញ្ហារំលោភសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ទៅ
ដោះស្រាយជាមួយមេដឹកនាំវៀតណាម។

មេដឹកនាំជាន់ខ្ពស់វៀតណាម បានមកដល់ប្រទេសកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ
ដើម្បីជួបពិភាក្សាការងារជាមួយក្រុមមេដឹកនាំកម្ពុជា អំពីការពង្រឹងពង្រីកទំនាក់
ទំនង និងកិច្ចសហប្រតិបត្តិរវាងប្រទេសជាតិទាំង២ឱ្យកាន់តែរឹងមាំថែមទៀត។

លោក Nong Duc Manh អគ្គលេខាធិការនៃបក្សកុម្មុយនិស្តវៀតណាម បាន
ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៣ថ្ងៃ នៅ
កម្ពុជា ពីថ្ងៃទី១៧ ដល់ថ្ងៃ ១៩។

លោក កួយ គង់ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការបរទេស បាន
ថ្លែងថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំជាន់ខ្ពស់វៀតណាមនេះមានសារៈសំ-
ខាន់ណាស់ សម្រាប់លើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រ-
ទេសទាំងពីរ។

"ដំណើរទស្សនកិច្ចជាផ្លូវរដ្ឋរបស់ឯកឧត្តម Nong Duc Manh អគ្គលេខាធិការ
នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមមកប្រទេសកម្ពុជា ចាប់ពី
ថ្ងៃទី១៧ដល់ ថ្ងៃទី១៩ ខែធ្នូនេះ គឺមានសារៈសំខាន់ណាស់ ដើម្បីពង្រឹងពង្រីក
កិច្ចសហប្រតិបត្តិការ ទំនាក់ទំនង និងមិត្តភាពរវាងប្រទេសទាំងពីរ"។

លោកកួយ គង់បានបញ្ជាក់ថា អំឡុងពេលទស្សនកិច្ចរបស់លោកNong Duc
Manh នេះនឹងមានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២ គឺទី១ កិច្ចព្រម
ព្រៀងស្តីពីកិច្ចសហប្រតិបត្តិការថាមពល ឧស្សាហកម្ម និងធនធានរ៉ែ និងទី២
កិច្ចព្រមព្រៀងស្តីអំពីការដឹកជញ្ជូនផ្លូវទឹក ។ នៅថ្ងៃទី១៩នឹងមានសេចក្តីថ្លែង
ការណ៍រួមកម្ពុជា-វៀតណាម ដើម្បីបញ្ជាក់អំពីបញ្ហាពង្រឹងទំនាក់ទំនង និងកិច្ច
សហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពខ្លាំងក្លានិងរឹងមាំថែម
ទៀត"។

លោក Nong Duc Manh បានជួបពិភាក្សាការងារដាច់ដោយពីគ្នាជាមួយព្រះ
មហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី លោក ជា ស៊ីម
ប្រធានព្រឹទ្ធសភា លោកហេង សំរិន ប្រធានរដ្ឋសភា និងលោកនាយករដ្ឋមន្ត្រី
ហ៊ុន សែន ព្រមទាំងសម្តេចព្រះសង្ឃរាជទេព វង្ស និង សម្តេចព្រះសង្ឃរាជ
ប៊ូ គ្រី។

លោក ថាច់ សេដ្ឋា ប្រធានសហគមខ្មែរកម្ពុជាក្រោម បានសរសេរលិខិតទូល
ថ្វាយព្រះមហាក្សត្រនិងជូនលោកជា ស៊ីម ប្រធានព្រឹទ្ធសភា លោកហេង សំរិន
ប្រធានរដ្ឋសភានិងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនសុំឱ្យពិភាក្សាជាមួយមេដឹក
នាំវៀតណាមអំពីការរំលោភសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម
ពីសំណាក់អាជ្ញាធរវៀតណាម ដោយលោកបញ្ជាក់ថា អាជ្ញាធរវៀតណាមបាន
រំលោភបំពានលើសិទ្ធិសេរីភាពរបស់ខ្មែរកម្ពុជាក្រោម ដោយរឹបអូសយកដីធ្លីពី
ខ្មែរកម្ពុជាក្រោម ការប្រើអំពើហិង្សាវាយដំ ការមិនអនុញ្ញាតឱ្យរៀនភាសាខ្មែរ
ការគាបសង្កត់ និង គម្រាមកំហែងទៅលើព្រះសង្ឃព្រះពុទ្ធសាសនាខ្មែរកម្ពុជា
ក្រោម ដោយបង្ខំឱ្យព្រះសង្ឃធ្វើស្រែចម្ការនិងចិញ្ចឹមសត្វពាហនៈព្រមទាំងផ្តាច់
ទំនាក់ទំនងរវាងព្រះសង្ឃ និងប្រជាពលរដ្ឋ ឬមិនឱ្យមានការជួបប្រជុំពិភាក្សា
បញ្ហាសង្គមឬនយោបាយឡើយ។

"សហគមខ្មែរកម្ពុជាក្រោមយើងខ្ញុំ សូមស្នើទៅដល់ព្រះមហាក្សត្រ និងមេដឹក
នាំកំពូលទាំងអស់គ្រប់ស្ថាប័ន នៅពេលជួប សវនាការជាមួយអគ្គលេខាធិការ
បក្សកុម្មុយនិស្តវៀតណាមNong Duc Manh សុំមេត្តាជួយលើកយកបញ្ហាទុក្ខ
វេទនារបស់ប្រជារាស្ត្រខ្មែរកម្ពុជាក្រោម ដែលកំពុងជួបប្រទះបច្ចុប្បន្ននេះទៅ
ជជែកជាមួយមេដឹកនាំកំពូលរបស់ប្រទេសវៀតណាម ដើម្បីរកដំណោះស្រាយ
ដើម្បីការពារដល់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមដែលកំពុងជួបបញ្ហានាបច្ចុប្បន្ន
នេះ"។

ប្រទេសកម្ពុជា និងប្រទេសវៀតណាមបានប្តេជ្ញាចិត្តបោះបង្គោលព្រំដែនរវាង
ប្រទេសទាំងពីរ ឱ្យបានចប់សព្វគ្រប់នៅចុងឆ្នាំ២០១២។

ចំណែកឯពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងវៀតណាម មានចំនួនជាង
១.០០០លានដុល្លារអាមេរិក នៅក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ ២០០៩នេះ។
ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនពីចំនួន៩៣៥ លានដុល្លារអាមេរិកនៅ
ក្នុងឆ្នាំ២០០៦ ឡើងដល់ចំនួន១.៧០០លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០០៨។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និង នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan
Dung បានបង្កើតគម្រោងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនេះ ឱ្យឡើងដល់
២.០០០លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១០។

ពីរាជធានីភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេងស.រ.អា.៕

XS
SM
MD
LG