ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំណាយប្រាក់ចំណូល ពីធនធានធម្មជាតិ


ដើម្បីស្តាប់ព័ត៌មាននេះ

កំណត់សម្គាល់និពន្ធនាយក៖ កម្ពុជាមិនបានរុករកនិងអភិវឌ្ឍធនធានធម្មជាតិ
ប៉ុន្មានទេក្នុងអំឡុងសង្គ្រាមស៊ីវិលនិងជម្លោះផ្ទៃក្នុងរវាងឆ្នាំ១៩៧០ និង១៩៩៣
ប៉ុន្តែធនធានធម្មជាតិទាំងនេះត្រូវបានទាញយកផលហួសប្រមាណក្នុងរវាងពីរ
ទសវត្សរ៍ចុងក្រោយនេះ ។ អ្នកជំនាញបានប្រាប់វីអូអេផ្នែកខេមរភាសាក្នុងបទ
សម្ភាសន៍មួយឈុតថា សមត្ថភាពរបស់រដ្ឋាភិបាលនៅមានកំណត់ក្នុងការគ្រប់
គ្រងធនធានធម្មជាតិដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាកាត់បន្ថយភាព
ក្រីក្រនិងដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។

លោកអ៊ឹម សុធារិទ្ធ វីអូអេ ផ្នែកខេមរភាសា បានរៀបចំកម្មវិធីប្រចាំសប្តាហ៍មួយ
ឈុតស្តីអំពីការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងប្រទេសកំពុងអភិវឌ្ឍនិងកម្ពុជា
ដែលត្រូវចាក់ផ្សាយនៅរៀងរាល់ថ្ងៃអាទិត្យ។

ក្នុងភាគទី១៥នេះ លោកអ៊ឹម សុធារិទ្ធ រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោនថា អ្នក
ជំនាញនិយាយថា រដ្ឋាភិបាលកម្ពុជាមិនមានយន្តការច្បាស់លាស់សម្រាប់ការ
ចំណាយប្រាក់ចំណូលនៃធនធានធម្មជាតិប្រកបដោយប្រសិទ្ធិភាពទេ។សេចក្តី
រាយការណ៍នេះមានខ្លឹមសារដូចតទៅ៖

ការខ្វះយន្តការសម្រាប់ការចំណាយប្រាក់ចំណូលធនធានធម្មជាតិដើម្បីការអភិ-
វឌ្ឍសេដ្ឋកិច្ចសង្គមនិងជាប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅគឺជាអ្វីដែលកម្ពុជា
កំពុងជួបប្រទះ ដែលការខ្វះយន្តការនេះនាំឱ្យធនធានធម្មជាតិត្រូវបានបំផ្លាញ
ហើយចំណូលមិនបានចូលទៅក្នុងហឹបថវិកាជាតិតាមចំនួនដែលត្រូវបានរំពឹង
ទុកទេ នេះបើតាមសម្តីរបស់អ្នកជំនាញ ដែលបានប្រាប់ វីអូអេ ផ្នែកខេមរភាសា
ក្នុងបទសម្ភាសន៍តាមទូរស័ព្ទមួយឈុត ។

នៅក្នុងសៀវភៅឈ្នះពានរង្វាន់ដែលមានចំណងជើងថា“អ្នកក្ររាប់កោដិ៍៖ហេតុ
អ្វីបានជាប្រទេសក្រីក្របំផុតបរាជ័យ ហើយត្រូវដោះស្រាយដោយរបៀបណា”
បណ្ឌិតផល ខូលីយ័រ (Paul Collier)សាស្ត្រាចារ្យសេដ្ឋកិច្ចសាកលវិទ្យាល័យ
អក់ស្វ៊ត (Oxford University) នៃចក្រភពអង់គ្លេសសរសេរថា ការអភិវឌ្ឍគឺ
ជាការផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋទូទៅ ដែលកូនចៅរបស់ពួកគាត់នឹងរស់
នៅក្នុងសង្គមមួយ ដែលដើរទាន់ការវិវត្តរបស់ពិភពលោក ។

បណ្ឌិតផលខូលីយ័រ បានប្រាប់វីអូអេផ្នែកខេមរភាសាតាមទូរស័ព្ទថា ចំណូល
ធនធានធម្មជាតិ បង្កើតឱកាសដ៏ល្អមួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
ដោយសារតែធនធានធម្មជាតិនឹងត្រូវរិចរិល ចំណូលនៃធនធានធម្មជាតិគួរត្រូវ
ផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅ ។ និន្នាការនៃការចំណាយសាធារណៈ
នោះគឺការកសាងធនធានមួយដែលផ្តល់ប្រយោជន៍ដល់គ្រប់ៗគ្នាក្នុងសង្គម ។ វិស័យមួយដែលនឹងផ្តល់ប្រយោជន៍សម្រាប់អនាគតនោះគឺវិស័យអប់រំ។

ចំណាយលើវិស័យអប់រំគឺមានន័យថា ចំណាយលើការកសាងធនធាន ដែលជា
អ្វីដែលអ្នកសេដ្ឋកិច្ចហៅថា ធនធានមនុស្ស ដែលតាមរយៈនេះ ចំណូលធន
ធានធម្មជាតិត្រូវបានចែកចាយប្រកបដោយគតិបណ្ឌិត ។ បណ្ឌិតខូលីយ័យ
បន្ថែមទៀតថា៖

“មានមូលហេតុជាច្រើនដែលអ្វីៗមានដំណើរការមិនត្រឹមត្រូវ។ជារឿយៗចំណូល
មិនត្រូវបានប្រមូលដោយរដ្ឋាភិបាលតាមរយៈពន្ធដារទេ។ប៉ុន្តែបញ្ហាជាទូទៅដែល
កើតឡើងជាញឹកញាប់ជាងនេះនោះគឺចំណូលត្រូវបានចំណាយខុសគោលដៅ។ ជាជាងការចំណាយទៅលើវិនិយោគល្អ គេបែរជាប្រើចំណូលទាំងនោះលើការប្រើ
ប្រាស់សាធារណៈ ដែលបង្កើតឱ្យមានជម្លោះផលប្រយោជន៍រវាងអ្នកនយោបាយ
ទៅវិញ” ។

អ៊ែនធ័នហឺទី (Antoine Heuty) អនុប្រធាវិទ្យាស្ថានឃ្លាំមើលចំណូល Revenue
Watch Institute ដែលមានទីតាំងនៅទីក្រុងញូយ៉ក បានប្រាប់វីអូអេផ្នែកខេមរ
ភាសាតាមទូរស័ព្ទនាពេលថ្មីៗនេះ ថាតើប្រទេសកម្ពុជាមានលទ្ធភាពកំណត់
មាគ៌ារបស់ខ្លួន ហើយថា តើប្រទេសនិងប្រជាពលរដ្ឋទទួលបានផលប្រយោជន៍
ពីធនធានធម្មជាតិ គឺជាការលំបាកក្នុងការកំណត់ នាពេលនេះ ដោយហេតុថា
អភិបាលកិច្ចនៅក្នុងប្រទេសកម្ពុជាមានភាពផុសស្រួយណាស់ ។ លើសពីនេះ
ចំណូលនៃធនធានធម្មជាតិមិនទៀងទាត់ទេ ហើយវាជាការសំខាន់ណាស់ក្នុង
ការធ្វើឱ្យមានស្ថេរភាពក្នុងការចំណាយថវិកា ។ លោកថ្លែងថា ដូច្នេះរដ្ឋាភិបាល
កម្ពុជា ត្រូវសន្សំធនធានមួយចំនួនដើម្បីធ្វើឱ្យមានស្ថេរភាព ដែលអាចជៀសវាង
ការរំខានដល់គោលនយោបាយរបស់រដ្ឋាភិបាល និង ការចំណាយថវិកា ហើយ
ដែលការរំខាននោះ នឹងមិនមែនជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍប្រកបដោយ
និរន្តរភាពសម្រាប់ប្រទេសទេ ។ដើម្បីឱ្យមានការចំណាយប្រាក់ចំណូលនៃធន
ធានធម្មជាតិឱ្យមានប្រសិទ្ធិភាព លោកមានប្រសាសន៍ថា ការចំណាយនោះ
ត្រូវតែស៊ីសង្វាក់ជាមួយនឹងទស្សនវិស័យអភិវឌ្ឍជាតិរយៈពេលយូរ ។ ទស្សន
វិស័យអភិវឌ្ឍរយៈពេលយូរត្រូវតែបានធ្វើឡើងពីក្រោមមកវិញដោយប្រឹក្សាជា
មួយនឹងអ្នកមានចំណែកគ្រប់ភាគី ។

លោកហឺទីបន្តទៀតថា៖

“ការប្រមូលចំណូលដើម្បីការអភិវឌ្ឍត្រូវការមាគ៌ាវិនិយោគប្រកបដោយនិរន្តរ
ភាពមួយ ដែលមានន័យថា ការវិនិយោគធនធានក្នុងស្រុក ហើយមិនត្រូវសន្សំ
ទុកនៅបរទេសនោះទេ ពីព្រោះការសន្សំទុកនៅបរទេសមិនអាចដំណើរការទៅ
បានសម្រាប់រយៈពេលយូរនោះទេ ។ ដូច្នេះ ខ្ញុំយល់ថា មានវិធីមួយដើម្បីចាត់
ចែងប្រាក់ចំណូលឱ្យត្រឹមត្រូវ ប្រសិនបើធ្វើការប្រឹក្សាជាមួយប្រជាពលរដ្ឋ សង្គម
ស៊ីវិល រដ្ឋសភា ក្នុងក្របខ័ណ្ឌប្រកបដោយប្រព័ន្ធច្បាស់លាស់ ដើម្បីពន្យល់ថា
តើប្រាក់ចំណូលនឹងត្រូវបានប្រើប្រាស់ដោយបៀបណា ហើយផ្តល់ប្រវត្តិការប្រើ
ប្រាស់ ហើយវាមានផលប៉ះពាល់យ៉ាងដូចម្តេច” ។

លោកហឺទីមានប្រសាសន៍ថា ការអភិវឌ្ឍតម្លៃច្បាស់លាស់អំពីទំហំនៃចំណាយ

ទៅលើវិនិយោគគឺជាការចាំបាច់សម្រាប់ទទួលបានទស្សនៈវិស័យរយៈពេលវែង ហើយភ្ជាប់គម្រោងចំណាយនោះទៅនឹងថវិកាក្នុងក្របខ័ណ្ឌសារពើពន្ធរបស់ជាតិ
រយៈពេលមធ្យម ។ បើមិនដូច្នេះទេ លោកថ្លែងថា ទីបំផុតយើងនឹងមានថវិកា
ដែលមិនផ្តល់មូលដ្ឋានសម្រាប់ធ្វើឱ្យមានសេដ្ឋកិច្ចចម្រុះដែលអាចផ្តល់ការអភិ-
វឌ្ឍដល់ប្រជាពលរដ្ឋពិតប្រាកដ ។

លោកមានប្រសាសន៍ថា៖

“ការមានយុទ្ធសាស្រ្ត ការធ្វើឱ្យបា្រកដថា អ្នកមានប្រឹក្សាត្រឹមត្រូវ និងការភ្ជាប់
កត្តាទាំងនេះទៅនឹងថវិកា គឺជាទិដ្ឋភាពជាមូលដ្ឋានបីដែលធ្វើឱ្យប្រាកដថា ការ
ចំណាយផ្តល់ប្រយោជន៍សម្រាប់កម្ពុជា” ។

យន្តការដែលត្រូវបានលើកឡើងដោយអ្នកជំនាញទាំងប៉ុន្មានខាងលើ មិនត្រូវ
បានឃើញនៅក្នុងប្រទេសកម្ពុជាទេ។ យន្តការសម្រាប់ការប្រមូលចំណូលធន
ធានធម្មជាតិចូលក្នុងហឹបថវិកាជាតិ និង យន្តការសម្រាប់ការចំណាយប្រាក់
ចំណូលទាំងនោះ សម្រាប់ការអភិវិឌ្ឍសេដ្ឋកិច្ចសង្គម និងវិនិយោគអនាគត ក៏
មិនមាននៅក្នុងយុទ្ធសាស្រ្តចតុកោណរបស់រដ្ឋាភិបាលកម្ពុជាដែរ។ ទោះបីជា
យុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាលកម្ពុជាក៏បានផ្តោតទៅលើកំណែទម្រង់
ដីធ្លី នេសាទ និង ព្រៃឈើក្តី យុទ្ធសាស្ត្រចតុកោណនោះមិនបាននិយាយអំពី
ការគ្រប់គ្រងចំណូលនៃធនធានធម្មជាតិទេ ។

លោកជាម យៀប តំណាងរាស្រ្តចាស់វស្សានៃគណបក្សប្រជាជនកម្ពុជា និង
ជាប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា
ជាតិកម្ពុជាបានទទួលស្គាល់ថា ច្បាប់និងបទបញ្ញត្តិនានាស្តីអំពីការគ្រប់គ្រង
ចំណូលធនធានធម្មជាតិមិនទាន់ត្រូវបានតាក់តែងឡើងនៅឡើយទេ ប៉ុន្តែទាំង
រដ្ឋាភិបាល ទាំងរដ្ឋសភា បាន និងកំពុងព្យាយាមស្វែងរកធនធាន និងជំនួយ
សម្រាប់តាក់តែងច្បាប់ ដើម្បីឱ្យចំណូលធនធានធម្មជាតិ ត្រូវបានប្រមូលចូល
ក្នុងហឹបថវិកាជាតិបានល្អ។ លោកមានប្រសាសន៍ថា ចំណូលធនធានធម្មជាតិ
គឺត្រូវបានចាយទៅលើចំណាយសាធារណៈទូទៅ ។ លោកជាម យៀបបាន
ប្រាប់ វីអូអេ ផ្នែកខេមរភាសាតាមទូរស័ព្ទយ៉ាងដូច្នេះថា៖

“យើងមានដាក់រៀបចំចំណូលដែលចូលអំពីការវិនិយោគលើធនធានធម្មជាតិ
គឺដាក់ម្តុំ គឺបាន បែងចែកហើយស្រេចជាភាគរយសម្រាប់ទៅរដ្ឋ ទៅគ្រប់គ្រង
ទៅលើវិស័យវិនិយោគ ដែលយើងដាក់ឱ្យគេធ្វើវិនិយោគនេះ ហើយទន្ទឹមនឹង
នេះគឺថា ចូលថវិកាជាតិដើម្បីប្រើប្រាស់ជាទូទៅ”។

បណ្ឌិតខូលីយ័រមានប្រសាសន៍ថា ដើម្បីឱ្យប្រជាពលរដ្ឋសាមញ្ញទទួលបានផល
ពីចំណូលធនធានធម្មជាតិ យើងត្រូវមានតម្លាភាពដែលគ្មានអ្វីយកមកជំនួស
បានទេ ក្នុងការចំណាយឱ្យមានប្រសិទ្ធិភាព ។

“ជាថ្មីម្តងទៀត របៀបចាយលុយត្រូវតែធ្វើឡើងក្នុងលក្ខណៈតម្លាភាព ដោយ
មានការផ្តោតការយកចិត្តទុកដាក់ទៅលើវិនិយោគសាធារណល្អ ។ ប្រជាពល
ត្រូវតែចូលរួមក្នុងការសម្រេចចិត្តគឺប្រហែលជាត្រូវមើលឱ្យឃើញថា ការសម្រេច
ចិត្តនោះមានអ្វីខ្លះ” ។

លោកភិតធ័រ ស្ទិហ្គសិត (Petter Stigset) ទីប្រឹក្សាជាន់ខ្ពស់នៃគម្រោងឥន្ធនៈ
សមា្រប់ការអភិវឌ្ឍនៃភ្នាក់ងារណ័រវ៉េសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍ ដែល
ហៅកាត់ថា ណរ៉ាត់ (NORAD) ដែលបានធ្វើការនៅក្នុងប្រទេសកម្ពុជាចាប់តាំង
ពីឆ្នាំ២០០៥ ហើយនាពេលថ្មីៗចុងក្រោយនេះ ធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញា
ធរប្រេងកាតជាតិកម្ពុជា ដើម្បីតាក់តែងច្បាប់ឥន្ធនៈសម្រាប់កម្ពុជា ។

លោកស្ទិហ្គសិតបានប្រាប់វីអូអេផ្នែកខេមរភាសាថា នៅពេលដែលមានចំណូល
ពីឥន្ធនៈ និងឧស្ម័ន វាជាការចាំបាច់ណាស់ដែលអាជ្ញាធរត្រូវតែធ្វើឱ្យប្រាកដថា
ចំណូលនោះត្រូវបានគ្រប់គ្រង និងចាត់ចែងបានល្អ ពីព្រោះវាមានសក្តានុពល
យ៉ាងសម្បើមក្នុងការកែប្រែសេដ្ឋកិច្ចកម្ពុជាពីភាពក្រីក្រទៅជាចម្រើនរុងរឿង។
លោកបន្តថា៖

“វាពិតជាការចាំបាច់ណាស់ដែលប្រាក់ចំណូលពីអាជីវកម្មឥន្ធនៈត្រូវតែគ្រប់គ្រង
ឱ្យបានល្អដោយធ្វើឱ្យប្រាកដថា ប្រាក់ចំណូលបានទៅរដ្ឋ មិនធ្លាក់ទៅបុគ្គល
ឬអ្វីផ្សេងទៀតឡើយ” ។

អ្នកជំនាញឱ្យដឹងថា ពីព្រោះតែប្រទេសកម្ពុជាមិនធ្លាប់មានប្រវត្តិល្អក្នុងការគ្រប់
គ្រងធនធានធម្មជាតិ ពេលនេះគឺដល់ពេលដែលប្រទេសក្រីក្រមួយនេះរៀនពីបទ
ពិសោធន៍មិនល្អកាលពីអតីត ហើយត្រូវគ្រប់គ្រងនិងចាត់ចែងធនធានធម្មជាតិ
ដែលត្រូវបានរកឃើញឱ្យបានល្អ។ ឥន្ធនៈ និងឧស្ម័នគឺជាប្រភពចំណូលប្រកប
ដោយសក្តានុពលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ប្រសិនបើធនធាននេះត្រូវ
បានគ្រប់គ្រងមិនបានល្អទេនោះ នៅទីបំផុតវានឹងត្រូវបានទាញយកផលខ្សោះ
ហិនហោច ហើយផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋសាមញ្ញនិងដល់ការអភិវឌ្ឍ
សេដ្ឋកិច្ចសង្គមតិចតួចបំផុត ។

រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន ខ្ញុំ អ៊ឹម សុធារិទ្ធ វីអូអេផ្នែកខេមរភាសា ។

XS
SM
MD
LG