ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះមហាក្សត្រខ្មែរលើកលែង ទោសវិស្វករថៃ


ដើម្បីស្តាប់ព័ត៌មាននេះ

ព្រះមហាក្សត្រនៃប្រទេសកម្ពុជា បានឡាយព្រហស្ថលេខាលើកលែងទោស
វិស្វករជនជាតិថៃ បន្ទាប់ពីមានសំណើពីគណបក្សភឿថៃ។

លោក ហេង រស្មី រាយការណ៍ជូនដូចតទៅ ៖

បន្ទាប់ពីត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារទើបតែរយៈពេល៤ថ្ងៃប៉ុណ្ណោះ
លោកស៊ីវ៉ារ៉ាក់ជោធិពង្ស វិស្វករជនជាតិថៃ ដែលបានបម្រើការងារនៅសេវា
កម្មហោះហើរមួយ ដែលហៅកាត់ថា CATS ត្រូវបានព្រះមហាក្សត្រប្រទេស
កម្ពុជា គឺព្រះករុណាសម្តេចព្រះបរមនាថ នរោត្តមសីហមុនី បានឡាយព្រះ
ហស្ថលេខាលើកលែងទោស នៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីមានសំណើស្នើ
សុំមួយយ៉ាងប្រញាប់ប្រញាល់ពីគណបក្សភឿថៃ ដែលជាគណបក្សមួយស្និទ្ធ
ទៅនឹងគណបក្សគ្រប់គ្រងអំណាចរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។

ការឡាយព្រះហស្ថលេខាលើកលែងទោសវិស្វករជនជាតិថៃនេះ បានបង្កឲ្យ
មានការលើកឡើងពីមន្រ្តីអង្គការសិទ្ធិមនុស្សថា មានសកម្មជនសិទ្ធិមនុស្ស
អ្នកកាសែត និងឥស្សរជនសំខាន់ៗ ដែលកំពុងជាប់ឃុំឃាំងនៅពន្ធនាគារព្រៃ
សជាយូរមកហើយ គួរទទួលបាននូវព្រះរាជទានលើកលែងទោសពីព្រះមហា
ក្សត្រខ្មែរផងដែរ។

លោក ខៀវ កាញារិទ្ធ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថា
ព្រះមហាក្សត្របានឡាយព្រះហស្ថលេខាលើកលែងទោសចំពោះវិស្វករជន
ជាតិថៃ នៅព្រឹកថ្ងៃសុក្រនេះ ក្រោយពីមានសំណើរួមគ្នាមួយពីមេធាវីការពារក្តី
ហើយនិងម្តាយរបស់ទណ្ឌិត ព្រមទាំងគណបក្សភឿថៃ ។

លោកខៀវ កាញារិទ្ធ បានបញ្ជាក់ថា វិស្វករជនជាតិថៃនេះ ទំនងជានិងត្រូវដោះ
លែងវិញ យ៉ាងឆាប់បំផុតនៅថ្ងៃច័ន្ទខាងមុខនេះ។

លោកបានមានប្រសាសន៍ថា កម្ពុជាសូមស្វាគមន៍ ប្រសិនណាជនជាតិថៃរូប
នេះមានបំណងមកធ្វើការនៅប្រទេសកម្ពុជាវិញ។

"អញ្ចេះ ដោយសារតែពីព្រឹកមិញនេះ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន លោក
បានមានប្រសាសន៍ថា បើសិនជាវិស្វករជនជាតិថៃហ្នឹងមានបំណងចង់មកធ្វើ
ការនៅកម្ពុជាវិញ ក៏លោកសូមស្វាគមន៍ ពីព្រោះដោយសារថា គាត់បានប្រព្រឹត្ត
ខុសមែន ប៉ុន្តែគ្នាតាមបញ្ជារបស់គេដែរ"។

លោកខៀវ សំបូរ មេធាវីការពារក្តីលោកស៊ីវ៉ារ៉ាក់ ជោធិពង្ស បានបដិសេធពុំធ្វើ
អត្ថាធិប្បាយទេ។

លោកស៊ីវ៉ារ៉ាក់ ជោធិពង្ស អាយុ៣១ ឆ្នាំ ហៅតៅ ត្រូវបានតុលាការក្រុងភ្នំពេញ
កាលពីថ្ងៃអង្គារ កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ និងពិន័យជាប្រាក់
ប្រមាណ១០លានរៀល គឺស្មើនឹងប្រមាណ២.៥០០ដុល្លារសហរដ្ឋអាមេរិកពីបទ
ថា បានធ្វើចារកម្មនៅក្នុងប្រទេសកម្ពុជា ក្នុងអំឡុងពេលដែលលោកថាក់ស៊ីន
ស៊ីណាវ៉ាត្រ អតីតនាយករដ្ឋមន្រ្តីថៃ បានមកបំពេញទស្សនកិច្ចនៅកម្ពុជា កាល
ពីថ្ងៃទី១០ ខែវិច្ឆិកា ក្រោយពីលោកថាក់ ស៊ីន ត្រូវបានតែងតាំងជាទីប្រឹក្សារបស់
រដ្ឋាភិបាលខ្មែរទទួលបន្ទុកសេដ្ឋកិច្ច និង ជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋ
មន្រ្តីហ៊ុន សែន។

ស្ថានទូតថៃប្រចាំប្រទេសកម្ពុជាពុំអាចស្នើសុំសេចក្តីអត្ថាធិប្បាយ ចំពោះសេចក្តី
សម្រេចរបស់ព្រះមហាក្សត្រកម្ពុជាបានទេ ។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏
លោក Panitan Watanayagorn អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានថ្លែងប្រាប់
VOA សម្លេងសហរដ្ឋអាមេរិក តាមទូរស័ព្ទពីទីក្រុងបាងកកមកថា លោកសូម
ថ្លែងអំណរគុណចំពោះទឹកព្រះទ័យរបស់ព្រះមហាក្សត្រខ្មែរ។

លោក Panitan Watanayagorn ក៏បានអំពាវនាវឲ្យពលរដ្ឋថៃទាំងអស់គោរព
ច្បាប់ នៅពេលពួកគេបំពេញការងារនៅឯក្រៅប្រទេសនោះ។

"ខ្ញុំមានសេចក្តីសប្បាយរីករាយខ្លាំងណាស់ ចំពោះលោកស៊ីវ៉ារ៉ាក់និងក្រុមគ្រួសារ
របស់លោកដែលទទួលបានព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ។គាត់
រំពឹងថា នឹងដោះលែងវិញ បើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន"។

ចំណែកលោកចាន់ សូវ៉េត មន្រ្តីឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៅកម្ពុជា ដែល
មានឈ្មោះថា ADHOC បានសម្តែងការភ្ញាក់ផ្អើលចំពោះដំណឹងនេះ។

លោកចាន់ សូវ៉េត បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាគួរតែជំរុញដល់ព្រះមហា
ក្សត្រថៃឲ្យលើកលែងទោសពលរដ្ឋកម្ពុជារាប់ពាន់នាក់ដែលកំពុងជាប់ឃុំឃាំង
នៅក្នុងប្រទេសថៃដោយគ្មានកំហុស ឲ្យទទួលបានការលើកលែងទោសដូចគ្នា
នេះផងដែរ។

ខ្ញុំ ហេង រស្មី រាយការណ៍ពីទីក្រុងភ្នំពេញ ។

អត្ថបទ​ទាក់ទង

XS
SM
MD
LG