ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្សសម រង្ស៊ីប្រមូល ស្នាមមេដៃទាមទារអភ័យ ឯកសិទ្ធិលោកសម រង្ស៊ី


ដើម្បីស្តាប់ព័ត៌មាននេះ

គណបក្សសម រង្ស៊ីកំពុងតែស្វែងរកការគាំទ្រពីសមាជិកមូលដ្ឋានរបស់ខ្លួនដើម្បី
ឲ្យមានអន្ដរាគមន៍ផ្ដល់អភ័យឯកសិទ្ធិតំណាងរាស្ដ្រដល់លោកសម រង្ស៊ី វិញ។

លោក គង់ សុឋានរិទ្ធ ជូនសេចក្ដីរាយការណ៍ពីទីក្រុងភ្នំពេញដូចតទៅ៖

គណបក្សសម រង្ស៊ីកំពុងប្រមូលស្នាមមេដៃពីសកម្មជននៅមូលសដ្ឋានរបស់ខ្លួន
នៅទូទាំងប្រទេស ដើម្បីធ្វើជាភស្តុតាងសម្រាប់ផ្ញើថ្វាយព្រះមហាក្សត្រព្រះបាទ
នរោត្តមសីហមុនីនិងផ្ញើជូនប្រធានរដ្ឋសភា លោកហេង សំរិន ប្រយោជន៍ដើម្បី
ស្នើសុំអន្ដរាគមន៍ពីព្រះអង្គនិងសុំអន្ដរាគមន៍ពីប្រធានសភាខ្មែរដើម្បីផ្ដល់អភ័យ
ឯកសិទ្ធិដល់លោកសម រង្ស៊ី ឡើងវិញ។

មេដឹកនាំគណបក្សជំទាស់ត្រូវបានរដ្ឋសភា ដែលមានសមាជិកច្រើនលើស
លុបមកពីគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច បានសម្រេចជាឯក
ឆន្ទព្យួរអភ័យឯកសិទ្ធិកាលពីថ្ងៃទី១៦ខែវិច្ឆិកា បន្ទាប់ពីតុលាការខេត្តស្វាយរៀង
ចោទប្រកាន់ទៅលើរូបលោកពីបទបំផ្លិចបំផ្លាញបង្គោលតម្រុយព្រំដែនកម្ពុជា
វៀតណាម។

លោកសម រង្ស៊ី បាននាំឱ្យមានការដកតម្រុយបង្គោលព្រំដែន នៅពេលលោក
ដង្ហែរបុណ្យកឋិនទានមួយទៅស្រុកចន្រ្ទា កាលពីខែតុលា។

លោកយឹម សុវណ្ណ តំណាងរាស្រ្ដនិងជាអ្នកនាំពាក្យគណបក្សសម រង្ស៊ី មាន
ប្រសាសន៍ថា ការប្រមូលស្នាមមេដៃកំពុងតែបន្ដ ចាប់តាំងពីសប្ដាហ៍មុនមក
ម៉្លេះហើយនឹងត្រូវដាក់ថ្វាយព្រះមហាក្សត្រនិងជូនលោកហេង សំរិន ប្រធាន
រដ្ឋសភា នៅក្នុងអំឡុងដំណាច់ខែធ្នូនេះ។

“យើងកំពុងតែឲ្យរចនាសម្ព័ន្ធរបស់យើងប្រមែប្រមូលស្នាមមេដៃដើម្បីរៀបចំជា
ញ្ញត្តិស្នើសុំឲ្យព្រះមហាក្សត្រលោកព្រះរាជតម្រិះដើម្បីធ្វើអន្ដរាគមន៍នៅក្នុងការ
ផ្ដល់អភ័យឯកសិទ្ធិជូនឯកឧត្តមសម រង្ស៊ី វិញ។ សភាក៏យើងធ្វើដូចគ្នាដែរ"។

លោកយឹម សុវណ្ណអះអាងថា មេដឹកនាំគណបក្សរបស់លោកគឺលោកសមរង្ស៊ី
មិនមានកំហុស ដូចការចោទប្រកាន់របស់តុលាការនោះឡើយ។

លោកសម រង្ស៊ី បច្ចុប្បន្នកំពុងស្ថិតនៅក្នុងដំណើរទស្សនកិច្ចនៅទ្វីបអឺរ៉ុប។

មានតំណាងរាស្ដ្រគណបក្សសម រង្ស៊ី ចំនួនបីរូប ត្រូវបានព្យួរអភ័យឯកសិទ្ធិ
ក្រោមបណ្ដឹងផ្សេងៗគ្នា នៅក្នុងនោះមានលោកស្រីមួរ សុខហួរ លោកហូវ៉ាន់
រួមទាំងលោកសម រង្ស៊ីផងដែរ។

មានប្រតិកម្មចម្រុះជាច្រើនបានថ្កោលទោសការដកអភ័យឯកសិទ្ធិតំណាងរាស្រ្ដ
គណបក្សជំទាស់ខាងលើ ដោយចាត់ទុកថា នេះគឺជាដំណើរថយក្រោយនៃលទ្ធិ
ប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា៕

ពីទីក្រុងភ្នំពេញ ខ្ញុំ គង់ សុឋានរិទ្ធ VOA សម្លេងស.រ.អា.៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG