ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទិវាសិទ្ធិមនុស្សទាមទារឱ្យរដ្ឋាភិ បាលបើកសេរីភាពបញ្ចេញមតិ


ដើម្បីស្តាប់ព័ត៌មាននេះ

នៅក្នុងការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូនេះ ក្រុមអង្គការសិទ្ធិមនុស្ស
បានទាមទារឱ្យរដ្ឋាភិបាលបើកចំហសេរីភាពនៃការបញ្ចេញមតិ និងបញ្ចប់ការ
បណ្តេញចេញដោយបង្ខំ និងការរើសអើងនយោបាយ។

លោកជន សក្តា សូមជូនព័ត៌មាននេះដូចតទៅ៖

សកម្មជន និងអ្នកគាំទ្រសិទ្ធិមនុស្សប្រមាណ៥០០០នាក់ បានដើរដង្ហែក្បួននៅ
ក្នុងទីក្រុងភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ
១០ធ្នូ ដោយបានអំពាវនាវដល់រដ្ឋាភិបាលឱ្យបញ្ឈប់ការបណ្តេញដោយបង្ខំនិង
បើកចំហសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។

មនុស្សច្រើនពាន់នាក់ បានដើរដង្ហែក្បួនចាប់ពីវត្តភ្នំឆ្លងកាត់ផ្លូវនានានៅក្នុងទី
ក្រុងភ្នំពេញសំដៅមកសួនមុខវត្តបទមវតីដើម្បីថ្លែងសារទាមទារឱ្យបញ្ឈប់ការ
រំលោភសិទ្ធិមនុស្សនិងបើកចំហសិទ្ធិសេរីភាពនៃការបញ្ចេញមតិ។

លោកធន សារ៉ាយ ប្រធានសមាគមសិទ្ធិមនុស្ស អាដហុក បានថ្លែងនៅក្នុង
ពិធីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូនេះថា យើងនៅមានការព្រួយបារម្ភ
អំពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាច្រើន ទាក់ទងនឹងការយឺតយ៉ាវនៃកំណែ
ទម្រង់ប្រព័ន្ធតុលាការ ការបង្កើតច្បាប់ប្រឆាំងអំពើពុករលួយ វប្បធម៌និទណ្ឌ
ភាពការកើតមានឥតឈប់ឈរនៃការរំលោភយកដីធ្លី ការបណ្តេញប្រជាពល
រដ្ឋដោយបង្ខំ ការគម្រាមកំហែងសកម្មជនសិទ្ធិមនុស្ស និង អ្នកសម្តែងមតិ
ទិតៀនរដ្ឋាភិបាល សិទ្ធិសេរីភាពនៃការបញ្ចេញមតិតាមទីសាធារណៈរួញតូច
ព្រមទាំងអំពើជួញដូរនិងការកេងប្រវ័ញ្ចលើកុមារ និងស្ត្រី ការរំលោភសិទ្ធិជន
ជាតិដើមភាគតិចនិងកម្មកររោងចក្រកាត់ដេរ ជាដើម នៅក្នុងឆ្នាំ២០០៩នេះ។

"យើងជាតំណាងអង្គការសង្គមស៊ីវិល សូមស្នើសុំនិងអំពាវនាវដល់រដ្ឋាភិបាល
កម្ពុជា ជាពិសេសអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ព្រមទាំងស្ថាប័នតុលា
ការនូវវិធានការមួយចំនួនដូចខាងក្រោមនេះ៖ បើកសិទ្ធិសេរីភាពក្នុងការសម្តែង
មតិ និង ការជួបប្រជុំជាសាធារណៈ ដើម្បីចូលរួមនៅក្នុងគ្រប់សកម្មភាព អភិ-
បាលកិច្ចសាធារណៈ ការលើកស្ទួយ និងការពារសិទ្ធិមនុស្ស នីតិរដ្ឋ និងលទ្ធិ
ប្រជាធិបតេយ្យ ហើយបញ្ឈប់ការជម្លៀសប្រជាពលរដ្ឋចេញផ្ទះសម្បែងដោយ
បង្ខំពាក់ព័ន្ធនឹងជម្លោះដីធ្លី បញ្ឈប់ការចាប់ខ្លួនប្រជាពលរដ្ឋស្លូតត្រង់ ដោយ
សារជម្លោះដីធ្លី និងផ្តល់យុត្តិធម៌ឱ្យបានស្មើៗគ្នា"។

អ្នកភូមិចំនួន១.៧០០គ្រួសារនៅស្រុកសណ្តាន់ ខេត្តកំពង់ធំ ត្រូវបានបណ្តេញ
ចេញពីផ្ទះសម្បែង កាលពីថ្ងៃអង្គារនិង៧នាក់ត្រូវបានចាប់ បន្ទាប់ពីមានអំពើ
ហិង្សាដុតបំផ្លាញត្រាក់ទ័រឈូសឆាយដី ៣គ្រឿង និង ម៉ាស៊ីនភ្លើងមួយគ្រឿង
របស់ក្រុមហ៊ុនវៀតណាម Tin Bien ក្នុងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយ កាលពីខែមុន។
ដីកម្មសិទ្ធិរបស់ជនជាតិភាគតិចត្រូវបានគេដកហូតនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។

តំណាងរាស្ត្រគណបក្សប្រឆាំង៣រូបត្រូវបានដកអភ័យឯកសិទ្ធិដោយសារការ
បញ្ចេញមតិ។ លោក ហង្ស ចក្រា និពន្ធនាយកកាសែតខ្មែរម្ចាស់ស្រុកត្រូវបាន
ចាប់ដាក់ពន្ធនាគារចំពោះការរិះគន់អំពើពុករលួយរបស់ក្រុមមន្ត្រីរដ្ឋាភិបាល។
លោក មឿង សុន ប្រធានសមាគមមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ ត្រូវបានកាត់
ទោសឱ្យជាប់ពន្ធនាគារអំពីការរិះគន់ការដាក់ភ្លើងបំភ្លឺប្រាសាទអង្គរវត្ត។

ក្នុងឆ្នាំ២០០៨ សមាគមសិទ្ធិមនុស្សទទួលបានបណ្តឹងរំលោភដីធ្លីចំនួន៣០៦
ករណី អ្នកភូមិ១៥០នាក់ត្រូវបានចាប់ខ្លួន និង ៨នាក់ត្រូវបានសម្លាប់នៅក្នុង
រឿងជម្លោះដីធ្លីនេះ។

គណបក្សសម រង្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រដ្ឋាភិបាលគ្មាន
ឆន្ទៈនយោបាយ និង គ្មានសមត្ថភាពក្នុងការដោះស្រាយអំពើពុករលួយដ៏រីក
រាលដាល ការបណ្តេញប្រជាពលរដ្ឋចេញដោយបង្ខំ ការបាត់បង់ដីធ្លី និងផ្ទះ
សម្បែង ការរឹបអូសដីស្រែចម្ការ និងអំពើអយុត្តិធម៌។

លោក Christoph Peschoux តំណាងអង្គការសិទ្ធិមនុស្ស សហប្រជាជាតិ
ប្រចាំនៅកម្ពុជា បានបញ្ជាក់នៅក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិនេះថា បើអនុវត្ត
ច្បាប់ភូមិបាលឱ្យបានត្រឹមត្រូវ ជម្លោះដីធ្លីជាច្រើននឹងមិនកើតឡើងទេ ហើយ
អាចដោះស្រាយបាន។

លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បាន
ថ្លែងថា រដ្ឋាភិបាលកំពុងខិតខំបង្កើតច្បាប់ និង ពង្រឹងច្បាប់ ដើម្បីលើកកម្ពស់
សេរីភាពនៃការបញ្ចេញមតិ គោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ
នៅកម្ពុជា។

"រដ្ឋាភិបាលមិនមែនដេកនៅក្នុងបញ្ហាទេ។ យើងឈរ ហើយយើងនឹងដើរដោះ
ស្រាយបញ្ហាឆ្លើយតបនឹងស្ថានភាពទូទៅនៃការរស់នៅរបស់ប្រជាពលរដ្ឋរបស់
យើង"។

លោកRafael Dochao Moreno ភារធាវីគណៈកម្មការអឺរ៉ុបប្រចាំនៅកម្ពុជាបាន
ថ្លែងនៅក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិនេះថា ប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុង
របត់នៃកំណែទម្រង់ ហើយយើងកំពុងធ្វើការងារលើគម្រោងនានា ដើម្បីជំរុញ
ការគោរពសិទ្ធិមនុសនៅកម្ពុជា។

យើងមានគម្រោងទាក់ទងនឹងសិទ្ធិមនុស្សជាង២០គម្រោងនៅប្រទេសកម្ពុជា។ គម្រោងទាំងអស់នេះគ្របដណ្តប់លើគ្រប់វិស័យនៃសិទ្ធិមនុស្ស។

"យើងមានវត្តមាននៅទីនេះមិនមែនដោះស្រាយគ្រប់បញ្ហារបស់លោកអ្នកទេ។
យើងមានវត្តមាននៅទីនេះដើម្បីសម្របសម្រួលការសន្ទនាគ្នា។ការទទួលខុស
ត្រូវសម្រាប់អនាគតរបស់លោកអ្នកនិងសម្រាប់អនាគតប្រជាធិបតេយ្យនៅក្នុង
ប្រទេសកម្ពុជា គឺស្ថិតនៅក្នុងដៃរបស់លោកអ្នក ។ ដូច្នេះ អ្វីដែលយើងនឹងធ្វើ
នៅក្នុងអនាគត ត្រូវបន្តការគាំទ្រនៅក្នុងការសន្ទនារវាងរដ្ឋាភិបាលនិងអង្គការ
សង្គមស៊ីវិល"។

សហភាពអឺរ៉ុបបានប្រកាសកាលពីថ្ងៃពុធថា នឹងផ្តល់ជំនួយ១,៣លានដុល្លារ
អាមេរិកសម្រាប់គម្រោងការពារសិទ្ធិមនុស្សនៅកម្ពុជា។

ពីរាជធានីភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេងស.រ.អា.៕

XS
SM
MD
LG