ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

របកគំហើញធនធានធម្មជាតិគឺជា ការបាត់បង់ជាជាងផ្តល់ប្រយោជន៍នៅ ពេលគ្មានឧបករណ៍ច្បាប់


កំណត់សម្គាល់និពន្ធនាយក៖ កម្ពុជាមិនបានរុករកនិងអភិវឌ្ឍធនធានធម្មជាតិ
ប៉ុន្មានទេក្នុងអំឡុងសង្គ្រាមស៊ីវិលនិងជម្លោះផ្ទៃក្នុងរវាងឆ្នាំ១៩៧០ និង១៩៩៣
ប៉ុន្តែធនធានធម្មជាតិទាំងនេះត្រូវបានទាញយកផលហួសប្រមាណក្នុងរវាងពីរ
ទសវត្សរ៍ចុងក្រោយនេះ ។ អ្នកជំនាញបានប្រាប់វីអូអេផ្នែកខេមរភាសាក្នុងបទ
សម្ភាសន៍មួយឈុតថា សមត្ថភាពរបស់រដ្ឋាភិបាលនៅមានកំណត់ក្នុងការគ្រប់
គ្រងធនធានធម្មជាតិដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាកាត់បន្ថយភាព
ក្រីក្រនិងដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។

លោកអ៊ឹម សុធារិទ្ធ វីអូអេ ផ្នែកខេមរភាសា បានរៀបចំកម្មវិធីប្រចាំសប្តាហ៍មួយ
ឈុតស្តីអំពីការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងប្រទេសកំពុងអភិវឌ្ឍនិងកម្ពុជា
ដែលត្រូវចាក់ផ្សាយនៅរៀងរាល់ថ្ងៃអាទិត្យ។

ក្នុងភាគទី១៤នេះ លោកអ៊ឹម សុធារិទ្ធរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោនថា អ្នក
ជំនាញនិយាយថា រដ្ឋាភិបាលកម្ពុជាមិនមានយន្តការ និងឧបករណ៍ច្បាប់គ្រប់
គ្រាន់សម្រាប់ប្រមូលចំណូលធនធានធម្មជាតិប្រកបដោយប្រសិទ្ធិភាពទេ ដែល
ធ្វើឱ្យចំណូលធនធានធម្មជាតិភាគច្រើនធ្លាក់ទៅលើឥស្សរជននយោបាយ និង
អ្នកជំនួញឯកជន ដែលស្និទ្ធនឹងអ្នកនយោបាយមានអំណាច ។ សេចក្តីរាយ
ការណ៍នេះមានខ្លឹមសារដូចតទៅ៖

ទោះបីជាប្រទេសកម្ពុជាមានធនធានធម្មជាតិច្រើនប៉ុណ្ណាក៏ដោយ បើគ្មានឧប-
ករណ៍ច្បាប់គ្រប់គ្រាន់ទេ កម្ពុជានឹងគ្មានសមត្ថភាពប្រមូលចំណូលនៃធនធាន
ធម្មជាតិ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋទូទៅទេ ផ្ទុយទៅវិញចំណូលទាំង
នោះត្រូវធ្លាក់ទៅលើឥស្សរជនសេដ្ឋកិច្ច និងនយោបាយមួយក្តាប់តូច នេះបើ
តាមសម្តីរបស់អ្នកជំនាញ ដែលបានប្រាប់ វីអូអេ ផ្នែកខេមរភាសានៅក្នុងបទ
សម្ភាសន៍តាមទូរស័ព្ទមួយឈុត ។

វាជាការសំខាន់ណាស់ដែលរដ្ឋាភិបាលត្រូវមានឧបករណ៍ច្បាប់គ្រប់គ្រាន់ ការ
អនុវត្តច្បាប់ប្រកបដោយប្រសិទ្ធិភាព និងតម្លាភាព ក្នុងការគ្រប់គ្រង និង ចាត់
ចែងចំណូលធនធានធម្មជាតិ ព្រោះថា ចំណូលធនធានធម្មជាតិមានឥទ្ធិពល
ណាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម នេះបើយោងតាមសម្តីរបស់បណ្ឌិត
ផល ខូលីយ័រ(Paul Collier)សាស្ត្រាចារ្យ សេដ្ឋកិច្ចសាកលវិទ្យាល័យអក់ស្វ៊ត
(Oxford)ចក្រភពអង់គ្លេសនិងជាអ្នកនិពន្ធសៀវភៅ “អ្នកក្ររាប់កោដិ៍៖ហេតុ
អ្វីបានជាប្រទេសក្រីក្របំផុតបរាជ័យ ហើយត្រូវដោះសា្រយរបៀបណា។

លោកបន្តទៀតថា៖“ធនធានធម្មជាតិជាឱកាសដ៏ល្អមួយសម្រាប់ប្រទេសណា
ដែលមានវា ព្រោះវាអាចផ្លាស់ប្តូរប្រទេសពីភាពក្រីក្រទៅរកភាពរុងរឿង”។

នៅក្នុងសៀវភៅឈ្នះពានរង្វាន់“អ្នកក្ររាប់កោដិ៍” បណ្ឌិតផលខូលីយ័រ មានប្រ
សាសន៍ថា ចំណូលធនធានធម្មជាតិនៅក្នុងប្រទេសក្រីក្របំផុតមានចំនួនច្រើន
ជាងជំនួយអន្តរជាតិផ្តល់ទៅឱ្យប្រទេសទាំងនោះទៅទៀត ប៉ុន្តែចំណូលធន
ធានធម្មជាតិទាំងនោះមិនត្រូវបានគ្រប់គ្រង និងប្រើប្រាស់បានល្អទេ។ ប្រសិន
បើចំណូលទាំងនោះត្រូវបានគ្រប់គ្រងឱ្យបានប្រហែលការគ្រប់គ្រងជំនួយអន្តរ
ជាតិនោះ វានឹងឱ្យផលយ៉ាងសម្បើមដល់ការអភិវឌ្ឍសេដ្ឋកិច្ច ។

បណ្ឌិតផល ខូលីបានផ្តល់យោបល់ថា ដើម្បីទាញយកផលពីធនធានធម្មជាតិ
ឱ្យមានប្រសិទ្ធិភាព យើងត្រូវការ៥ជំហាន។ ទីមួយត្រូវប្រយ័ត្នប្រយ៉ែងក្នុងការ
ផ្តល់កិច្ចសន្យាក្នុងការទាញយកផលពីធនធានធម្មជាតិ។ជំហាននេះត្រូវបាន
យល់ថា គឺជាជំហានគ្រោះថ្នាក់ ពីព្រោះក្រុមហ៊ុនព្យាយាមសូកប៉ាន់ដើម្បីទទួល
បានកិច្ចសន្យា ដែលផ្តល់ប្រយោជន៍ដល់ក្រុមហ៊ុន និង ឥស្សរជននយោបាយ
តែផ្តល់ភាពគ្រោះថ្នាក់ដល់ប្រទេស។ ជំហានទីពីរគឺអត្ថន័យនៃកិច្ចសន្យា។ ជា
ទូទៅហានិភ័យត្រូវធ្លាក់លើរដ្ឋាភិបាល តែក្រុមហ៊ុនជាអ្នកទទួលផល។ ជំហាន
ទីបីការបង់ថ្លៃធនធានធម្មជាតិទាំងអស់ត្រូវតែធ្វើឱ្យមានតម្លាភាព។ក្នុងន័យនេះ
ប្រសិនប្រជាពលរដ្ឋមិនដឹងថា ចំណូលបានមកពីណានោះទេលោកគ្មានសង្ឃឹម
នឹងដឹងថា ចំណូលនោះនឹងត្រូវបានប្រើប្រាស់ដោយរបៀបណានោះទេ។ជំហាន
ទីបួនគឺតម្លាភាពក្នុងការចំណាយសាធារណៈ ដែលជាមធ្យោបាយគន្លឹះទៅកាន់
ការអភិវឌ្ឍ ។ ហើយជំហានទីប្រាំគឺការតាក់តែងច្បាប់មួយឈុតសម្រាប់ការធ្វើ
ឱ្យរលួនដល់ការចំណាយសាធារណៈ។

បណ្ឌិតផល ខូលីយ័របន្ថែមទៀតថា៖ “វាជារឿងសំខាន់ក្នុងការផ្តោតទៅលើតែ
ជំហានសំខាន់ដែលមានន័យថា ការប្រមូលចំណូល ហើយត្រូវមានការចាត់ចែង
ប្រកបដោយតម្លាភាពជាមួយផ្នែកឯកជន ។ យើងពិតជាចង់បាន ជាពិសេស
ដំណើរការដូចជាការដាក់ឱ្យដេញថ្លៃ ដែលដំណើរការនេះអាចធ្វើឱ្យប្រាកដថា
ចំណូលល្អបានទៅរដ្ឋាភិបាល។ ដោយមានការដាក់ឱ្យដេញថ្លៃរដ្ឋាភិបាលពិត
ជាមិនចាំបាច់ដឹងច្រើនពេកទេ ពីព្រោះតម្លៃធនធានត្រូវបានស្តែងចេញដោយ
ឯកឯងតាមរយៈដំណើរការដេញថ្លៃរបស់ក្រុមហ៊ុនដែលដេញប្រជែងគ្នា” ។

បន្ថែមទៅលើចំណុចនេះ បណ្ឌិតវីលាម អាស្ស៊រ(William Ascher) សាស្រ្តាចារ្យ
ផ្នែករដ្ឋាភិបាលនិងសេដ្ឋកិច្ចនៅមហាវិទ្យាល័យ Claremont McKenna នៅរដ្ឋ
កាលីហ្វ័រនី សហរដ្ឋអាមេរិក និង ជាអ្នកនិពន្ធសៀវភៅ ដែលមានចំណងជើង
ថា “ហេតុអ្វីបានជារដ្ឋាភិបាលខ្ជះខ្ជាយធនធានធម្មជាតិ៖ ការបរាជ័យនៃគោល
នយោបាយនៅក្នុងប្រទេសកំពុងអភិវឌ្ឍ” និង សៀវភៅមួយទៀតមានចំណង
ជើងថា “នាំទៅរកអនាគត៖ យុទ្ធសាស្រ្តសម្រាប់ការមើលឃើញវែងឆ្ងាយ និង
និរន្តរភាពក្នុងប្រទេសកំពុងអភិវឌ្ឍ” បានប្រាប់ វីអូអេ ផ្នែកខេមរភាសាថា វាជា
ការចាំបាច់សម្រាប់រដ្ឋាភិបាលក្នុងការធ្វើឱ្យប្រាកដថា ទាំងសហគ្រាសឯកជន
និង សហគ្រាសរដ្ឋ ដែលកំពុងដំណើរការរុករកធនធានធម្មជាតិ ត្រូវបានតម្រូវ
ឱ្យផ្តល់តម្លៃជាក់លាក់នៃធនធានធម្មជាតិដល់រដ្ឋាភិបាលតាំងពីការចាប់ផ្តើម
ដំណើរការ ។ ការផ្តល់តម្លៃនេះ ជារឿយៗ ត្រូវបានធ្វើឡើង ជាមួយនឹងដំណើរ
ការនៃកិច្ចសន្យា ។

លោកអាស្ស៊របន្តទៀតថា៖ “កត្តាសំខាន់បំផុតនោះគឺត្រូវធ្វើឱ្យប្រាកដថា គេបង់
ថ្លៃសិទ្ធិចូលទាញយកផល ពីដើមដំបូង ដើម្បីឱ្យរដ្ឋាភិបាលស្ថិតក្នុងស្ថានភាព
មួយ ដែលពួកគេទទួលបានចំណូលផ្សេងៗសម្រាប់ចំណាយនៅពេលក្រោយ។
ប្រសិនបើរដ្ឋាភិបាលគឺជាភ្នាក់ងារដែលដើរតួនាទីជំនួសឱ្យប្រជាពលរដ្ឋនោះ រដ្ឋា
ភិបាលគួរតែប្រមូលអ្វីដែលគេហៅថា ប្រាក់ឈ្នួលធនធានធម្មជាតិ ដែលមាន
ន័យថា តម្លៃជាមូលដ្ឋាននៃធនធានធម្មជាតិដែលត្រូវបានទាញយកផល ហើយ
ចំណូលនោះគួរត្រូវបញ្ចូលទៅក្នុងថវិកាជាតិ ។ ហើយអាជ្ញាធរថវិកាជាតិនៅក្នុង
ក្រសួងហិរញ្ញវត្ថុ និង ភ្នាក់ងារផែនការគួរស្ថិតក្នុងជំហរមួយដើម្បីសម្រេចចិត្ត ថា
តើលុយនោះគួរត្រូវបានចំណាយដោយរបៀបណា ដើម្បីជាប្រយោជន៍ដល់ប្រជា
ពលរដ្ឋ” ។

ក៏ប៉ុន្តែ បណ្ឌិតអាស្ស៊រ មានប្រសាសន៍ថា រដ្ឋាភិបាលក៏មិនត្រូវលោភលន់ពេក
ដែរ ក្នុងការទទួលយកចំណូលពីធនធានធម្មជាតិនោះ។ ប្រសិនបើមានចំណូល
ច្រើនពេក ក្នុងពេលណាមួយនោះ វាអាចបង្កើតបញ្ហាដល់ម៉ាក្រូសេដ្ឋកិច្ច ជា
ពិសេសបង្កើតឱ្យមានអតិផរណា ។ ដូច្នេះចំណូលនោះបង្កើតបញ្ហាដោយខ្លួន
ឯង។

លោកបន្តទៀតថា៖ “ដូច្នេះរដ្ឋាភិបាលត្រូវតែមើលឱ្យបានវែងឆ្ងាយ ក្នុងការគិត
អំពីអត្រានៃការទាញយកផលធនធានធម្មជាតិ ហើយត្រូវធ្វើឱ្យប្រាកដថា គេ
នឹងមិនព្រងើយកន្តើយទេ ប្រសិនបើសហគ្រាសឯកជនឬសហគ្រាសរដ្ឋចូលរួម
ទាញយកចំណូលធនធានធម្មជាតិច្រើនពេកនោះ។គ្មានទិដ្ឋភាពនៃធនធានធម្ម
ជាតិណាមួយ ដែលមិនត្រូវបានប្រឈមដោយគោលនយោបាយមិនសមស្រប
ក្នុងសកម្មភាពសមស្របនោះទេ។ដូច្នេះខ្ញុំអាចគិតបានថា សម្រាប់កម្ពុជាមាន
បញ្ហាច្រើនរាប់ចាប់ពីត្រី ទៅឈើហ៊ុបទៅឥន្ធនៈ ទៅរ៉ែ” ។

ការគិតរបស់បណ្ឌិតអាស្ស៊រគឺពិតជាអ្វីដែលបាននិងកំពុងកើតឡើងនៅក្នុងប្រ
ទេសកម្ពុជា ដែលធនធានធម្មជាតិត្រូវបានទាញយកផលស្ទើរខ្សោះហិនហោច
នៅពេលដែលគ្មានច្បាប់សមស្រប ហើយសមត្ថភាពរដ្ឋាភិបាលនៅមានកំណត់
នេះបើតាមសម្តីរបស់អ្នកជំនាញ ។

លោកជាម យៀប នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មការ
សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវនកម្មនៃរដ្ឋសភាជាតិកម្ពុជា បានប្រាប់
វីអូអេ ផ្នែកខេមរភាសានាពេលថ្មីៗនេះថា យោងតាមរដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣
ជំពូក៥ មាត្រាទី៥៦, មាត្រា៥៧ រដ្ឋសភាជាតិបានអនុម័តច្បាប់សារពើពន្ធ
ឆ្នាំ១៩៩៤ ដែលផ្តោតលើការយកពន្ធទំនិញគ្រប់មុខ។ ប៉ុន្តែលោកទទួលស្គាល់
ថា ច្បាប់សារពើពន្ធឆ្នាំ១៩៩៤ មិនបានចែងអំពីការយកពន្ធលើធនធានធម្ម
ជាតិនិងមធ្យោបាយក្នុងការប្រមូលចំណូលនៃធនធានធម្មជាតិទេ។លោកមាន
ប្រសាសន៍ថា៖ “ប៉ុន្តែក្នុងច្បាប់ហ្នឹងមិនបានរ៉ាយរ៉ាប់ការយកពន្ធដារធនធាន
ធម្មជាតិទាំងអស់ទេ។ យកតែកន្លែងណាដែលយើងមានជាប្រចាំ។ ចំណែក
ប្រេងឥន្ធនៈ ឬ ក៏រ៉ែផ្សេងៗទៀត ដូចជារ៉ែបុកសៃដ៍ ឬ ក៏រ៉ែមាសនិងរ៉ែផ្សេងៗ
ទៀត មិនបានចែងក្នុងច្បាប់នោះច្បាស់លាស់ទេ” ។

ក្នុងន័យនេះ លោកអ៊ែនធ័ន ហឺទី (Antoine Heuty), អនុប្រធានវិទ្យាស្ថានឃ្លាំ
មើលចំណូល(Revenue Watch Institute) ដែលមានទីតាំងនៅទីក្រុងញូយ៉ក
សហរដ្ឋអាមេរិក បានប្រាប់វីអូអេផ្នែកខេមរភាសាតាមទូរស័ព្ទថា បើគ្មានការណែ
នាំជាក់លាក់ គ្មានច្បាប់ និងយន្តការសមស្របទេនោះ ចំណូលធនធានធម្មជាតិ
នឹងមិនអាចត្រូវបានប្រមូលចូលក្នុងហឹបថវិការរដ្ឋឱ្យបានសមស្របទេ ។

លោកហឺទីបន្តទៀតថា៖“ច្បាប់ត្រូវតែបង្កើតដើម្បីដោះស្រាយការប្រឈមមុខជាក់
លាក់ និងបង្កើតយន្តការសន្សំ និងចំណាយដែលនឹងដោះស្រាយរាល់សកម្មភាព
ដែលនេះគឺជាការប្រឈមមុខដ៏ចំបងសម្រាប់ប្រទេស” ។

ដោយឃើញអវត្តមាននៃច្បាប់គ្រប់គ្រងចំណូលធនធានធម្មជាតិដែលនាំឱ្យមាន
ការខាតបង់ធនធានធម្មជាតិនិងភាពរញ៉េរញ៉ៃនៃការគ្រប់គ្រង លោកជាម យៀប
មានប្រសាសន៍ថា រដ្ឋាភិបាលកំពុងប្រមូលធនធាន និងជំនួយដើម្បីធ្វើការតាក់
តែងច្បាប់សម្រាប់ការអនុវត្តការប្រមូលចំណូលធនធានធម្មជាតិចូលក្នុងហឹប
ថវិកាជាតិប្រកបដោយប្រសិទ្ធិភាព ។

“ចំពោះរ៉ែធម្មជាតិដែលមាននៅកម្ពុជា រាជរដ្ឋាភិបាលនឹងរៀបចំធ្វើច្បាប់ដោយ
ឡែកមួយ ដើម្បីឱ្យគេបំពេញកាតព្វកិច្ច បង់ពន្ធជូនរដ្ឋ ទៅតាមអ្វីដែលរៀបចំ
នៅក្នុងTariff នៃច្បាប់ស្តីអំពីសារពើពន្ធទៅលើសម្បត្តិធម្មជាតិនៅកម្ពុជា”។

ទោះបីជារដ្ឋាភិបាលមានលេស និងធ្វើការតាំងចិត្តយ៉ាងណាក៏ដោយ ក៏ប្រជា
ពលរដ្ឋកម្ពុជា បានបាត់បង់ជំនឿទៅលើរដ្ឋាភិបាលក្នុងការគ្រប់គ្រងធនធាន
ធម្មជាតិ ដោយពោលថា រដ្ឋាភិបាលគ្មានឆន្ទៈប្រើប្រាស់ចំណូលធនធានធម្ម
ជាតិដើម្បីប្រយោជន៍សង្គមនោះទេ នេះបើតាមសម្តីរបស់លោកសារ៉ុម អ្នក
បើកបរនៅរាជធានីភ្នំពេញ ដែលមានការខកចិត្តយ៉ាងខ្លាំងចំពោះ សមត្ថភាព
គ្រប់គ្រងធនធានធម្មជាតិរបស់រដ្ឋាភិបាល ។

“ប្រសិនបើរដ្ឋាភិបាលមានឆន្ទៈក្នុងការគ្រប់គ្រងព្រៃឈើ វាត្រូវបានផលច្រើន
ណាស់ ។ ឥឡូវអស់រលីងហើយ មានបានផលអីមកដល់ប្រទេសជាតិ។លុយ
យើងនៅតែជំពាក់គេនៅឡើយហ្នឹង ។ យើងរស់នៅជាង១០ឆ្នាំ ហើយនៅតែ
ទទួលជំនួយពីបរទេសដើម្បីស្ថេរភាពថវិកាជាតិដដែលហ្នឹង។ មានអាចរស់ខ្លួន
ឯងបានឯណា ។ ទៅជាប្រទេសសុំទានគេហើយហ្នឹង។ពូឃើញអញ្ចឹងតែម្តង។
មិនមែនរឿងយល់ទេ គឺរឿងឃើញជាក់ស្តែងតែម្តង ។ បើតាមយោបល់ ពូមាន
តែប៉ុណ្ណឹង។ ពូឃើញអញ្ចឹងតែម្តង។ នៅក្នុងប្រទេសគេនិមួយៗ ថវិកាជាតិគេ
បានពីចំណូលរបស់ជាតិគេតែម្តង។ រដ្ឋាភិបាលគេចាត់ចែងតែម្តង។ យើងដើរ
សុំទានគេ ជាង២០ឆ្នាំហើយ ។

អ៊ែនធ័ន ហឺទី នៃវិទ្យាស្ថានឃ្លាំមើលចំណូល(Revenue Watch Institute)
មានប្រសាសន៍ថា ការប្រមូលចំណូលធនធានធម្មជាតិដើម្បីជាប្រយោជន៍ដល់
ប្រជាពលរដ្ឋទូទៅ និងការអភិវឌ្ឍប្រទេស គឺជាការលំបាកសម្រាប់កម្ពុជា ពី
ព្រោះអភិបាលកិច្ចនៅក្ប្រទេសកម្ពុជានៅមានភាពផុយស្រួយណាស់។ ដូច្នេះ
រចនាសម្ព័ន្ធប្រកបដោយគណនីភាពត្រូវតែមានដើម្បីជៀសវាងបញ្ហាទាំងឡាយ
នៃការគ្រប់គ្រងចំណូលធនធានធម្មជាតិ។ ការណែនាំជាក់លាក់គឺជាតម្រូវការ
ពីព្រោះចំណូលទាំងនោះ ខុសពីចំណូលពន្ធធម្មតា។ ចំណូលធនធានធម្មជាតិ
មានកំណត់ ដែលថ្ងៃណាមួយនោះកម្ពុជានឹងគ្មានចំណូលទាំងនេះទៀតទេ ។

លោកបន្តថា៖ “ប្រសិនបើគ្មានរចនាសម្ព័ន្ធអ្វីទាល់តែសោះក្នុងការធ្វើឱ្យបា្រកដ
ថា លុយដែលនឹងត្រូវបានប្រមូលនឹងត្រូវចំណាយដើម្បីជាប្រយោជន៍ដល់ប្រជា
ពលរដ្ឋនោះ វាជាការប្រសើរ ប្រសិនទុកធនធានទាំងនោះចោល ដោយមិនទាញ
យកផល ។ វាជាសំណើមួយដ៏តឹងរឹង ប៉ុន្តែអ្នកខ្លះក៏គាំទ្រសំណើនេះដែរ” ។

លោកអ៊ែនធ័ន ហឺទី បានបន្ថែមទៀតថា បញ្ហាធ្ងន់ធ្ងរមួយទៀតនោះគឺថា រដ្ឋាភិ
បាលត្រូវតែមិនធ្វើព្រងើយកន្តើយចំពោះអំពើពុករលួយក្នុងរដ្ឋបាលប្រមូលពន្ធ
នោះទេ។ នាយកដ្ឋានពន្ធដារ និងគយមិនអាចប្រមូលពន្ធប្រកបដោយប្រសិទ្ធិ
ភាពបានទេ ដោយហេតុថា មន្រ្តីប្រមូលពន្ធត្រូវបានផ្តល់ប្រាក់បៀវត្សរ៍តិចពេក។

លោកបន្តទៀតថា៖“ប្រសិនបើមន្រ្តីរាជការដែលត្រូវបានផ្តល់ប្រាក់បៀវត្សរ៍តិច
តួចបំផុត ហើយគេមានភារៈត្រូវប្រមូលពន្ធរាប់លានដុល្លារពីក្រុមហ៊ុននោះ គឺ
វាមិនអាចប្រព្រឹត្តទៅបានទេ។ ខ្ញុំចង់និយាយថា វាជាការលំបាកនឹងមានប្រព័ន្ធ
មួយដែលអាចដំណើរការទៅបាន ប្រសិនបើអ្នកមានស្ថានភាពបែបនេះ នៅ
ពេលដែលរដ្ឋមិនបានរកវិធីបំពេញតួនាទីរបស់ខ្លួននោះ។ ខ្ញុំគិតថា នេះគឺជាការ
ប្រឈមមុខមួយទៀតសម្រាប់ប្រទេស ថាតើត្រូវអភិវឌ្ឍរដ្ឋប្រកបដោយសមត្ថ
ភាពមួយ ដែលពិតជាប្រមូលចំណូលនឹងចែកចាយប្រកបដោយប្រសិទ្ធិភាព
បែបណា” ។

យោងតាមចំណូលជាតិដែលផ្សាយដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា
នៅក្នុងគេហទំព័ររបស់ខ្លួន ចំណូលដែលត្រូវបានប្រមូលពីសម្បទានត្រី ព្រៃឈើ
និងរ៉ែ មានចំនួន ២៣ .២៨៩លាន៦សែនរៀល ត្រូវនឹង ៥.៨២២.៤០០ដុល្លារ
សហរដ្ឋអាមេរិកក្នុងឆ្នាំ២០០៨និង២៧.៤០៩លានរៀល ត្រូវនឹង៦.៨៥២.២៥០
ដុល្លារសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០០៩ ។

អ្នកជំនាញឱ្យដឹងថា នៅក្នុងប្រទេសមួយដែលរចនាសម្ព័ន្ធនិងរដ្ឋាភិបាលខ្សោយ
ការរកឃើញធនធានធម្មជាតិ បង្កើតឱ្យមានការខូចខាតជាជាងការផ្តល់ប្រយោ-
ជន៍ដល់ប្រទេស ហើយកម្ពុជាប្រាកដកំពុងប្រឈមនឹងបញ្ហានេះ ។ អ្នកជំនាញ
បន្តទៀតថា អវត្តមាននៃឧបករណ៍ច្បាប់ ការណែនាំយន្តការ និងការអនុវត្តច្បាប់
គ្រប់គ្រាន់ ការធ្វើឱ្យប្រាកដថា ធនធានធម្មជាតិរបស់ជាតិផ្តល់ប្រយោជន៍ដល់
ប្រជាពលរដ្ឋ គឺជាការប្រឈមមុខដ៏ធ្ងន់ធ្ងរសម្រាប់ប្រទេសមួយដូចកម្ពុជានេះ។

រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន ខ្ញុំ អ៊ឹម សុធារិទ្ធ វីអូអេផ្នែកខេមរភាសា៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG