ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរនៅអាមេរិកធ្វើបាតុកម្មមុខស្ថានទូត ទាមទារអភ័យឯកសិទ្ធិលោកសម រង្ស៊ី


ដើម្បីស្តាប់ព័ត៌មាននេះ

កាលពីថ្ងៃព្រឹកថ្ងៃសៅរ៍នេះ ពលរដ្ឋខ្មែរអាមេរិកាំងបានធ្វើបាតុកម្មអហិង្សានៅ
មុខស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជា នៅរដ្ឋធានីវ៉ាស៊ីនតោន ទាមទារឱ្យ
រដ្ឋាភិបាលខ្មែរផ្តល់អភ័យឯកសិទ្ធិឱ្យលោកសម រង្ស៊ីវិញ បើកទូលាយលទ្ធិ
ប្រជាធិបតេយ្យ ការពារបូរណភាពទឹកដី។

"យើងទាំងអស់គ្នាធ្វើបាតុកម្មដោយអហិង្សាគ្មានគោលបំណងអ្វីធ្វើឱ្យប៉ះពាល់
រដ្ឋាភិបាលក្រុងភ្នំពេញឡើយ"។

បាតុកម្មអហិង្សានេះ ដែលមានអ្នកចូល

រូមជិត១០០នាក់នេះ បានចាប់ផ្តើមនៅ
ម៉ោង១០និង៣០នាទីព្រឹក ។ បដារជា
ច្រើនគឺជារូបគំនូរបុរស ឬ ស្រីពាក់ឌួន
អោបក្រសោប និងខាំស៊ីផែនទីប្រទេស
កម្ពុជា ដែលពណ៌នាថា ប្រទេសវៀត
ណាមលេបទឹកដីកម្ពុជា។ក្រៅពីបដារ
រូបភាព មានបដារអក្សររិះគន់ថា រដ្ឋាភិ
បាលខ្មែរជារដ្ឋាភិបាលអាយ៉ងបរទេសនិងបិទសិទ្ធិសេរីភាពបញ្ចេញមតិនិងលទ្ធិ
ប្រជាធិបតេយ្យ។ មានបដារមួយសរសេរថា “បាត់អភ័យឯកសិទ្ធិសម រង្ស៊ីបាត់
ប្រជាធិបតេយ្យ”។

លោក ទូច ឆាន អ្នកសម្របសម្រួលបាតុកម្មនេះ បានប្រាប់ឱ្យដឹងអំពីគោល
បំណងនៃការធ្វើបាតុកម្មនេះ យ៉ាងដូច្នេះថា៖

“ជាបាតុកម្មអហិង្សាដើម្បីបញ្ជាក់អំពីការឈឺចាប់របស់ខ្មែរយើងចំពោះការដក
អភ័យឯកសិទ្ធិលោកប្រធានសម រង្ស៊ី ការបំបាត់ប្រជាធិបតេយ្យស្រុកខ្មែរនិង
ការបាត់បង់ទឹកដីរបស់ខ្មែរ បាទ”។

បាតុករជាច្រើនអន់ចិត្តជាខ្លាំងដែលមិនមានមន្ត្រីស្ថានទូតចេញមកទទួលញត្តិ
របស់ពូកគេ។

លោក ម៉ែន វណ្ណៈ បាននិយាយដោយមុខក្រហមថា៖ “យើងមានការខកចិត្ត
ណាស់ ដោយសារយើងមានស្ថានទូតមួយប្រចាំនៅប្រទេសគេ ។ តំណាង
ស្ថានទូតគឺជាតំណាងឱ្យសុខទុក្ខប្រជាជន។ ប៉ុន្តែពេលនេះ គាត់មិនបានចេញ
មកទទួលញត្តិរបស់យើង។ យើងមានការខកចិត្តជាខ្លាំង”។

បើទោះជាមិនមានមន្ត្រីស្ថានទូតចេញមកទទួលញ្ញត្តិក្តី លោកទូច ឆានមានប្រ-
សាសន៍សង្កត់ធ្ងន់ថា លោកនឹងព្យាយាមរកគ្រប់មធ្យោបាយ តាមអ៊ីនធើណិត
អ៊ីមេល ជាដើម ដើម្បីឱ្យញត្តិនៃបាតុកម្មអហិង្សានេះបានទៅដល់ដៃមន្ត្រីស្ថាន
ទូត។

បាតុករជាច្រើននិយាយថា គេមិនភ្ញាក់ផ្អើលទេដែលមិនមានអ្នកតំណាងស្ថាន
ទូតចេញមកទទួលញត្តិ ឬ មកសាកសួរពួកគេអំពីហេតុផលធ្វើបាតុកម្មនេះ
ព្រោះវាជាទម្លាប់ទៅហើយ។ នៅពេលឃើញមន្រ្តីស្ថានទូតម្នាក់នៅក្នុងបង្អួច
បិទកញ្ចក់ជិត ថតវីដេអូអំពីសកម្មភាពរបស់គេនោះ បាតុករភ្ញាក់ផ្អើល ហើយ
សប្បាយចិត្ត ដោយយល់ថា ស្ថានទូតនេះមិនបានមិនអើពើសោះចំពោះការ
តវ៉ារបស់ខ្លួននេះទេ។

"ដូចយើងដែរបាទ គាត់បានថតសកម្មភាពយើងយកទៅជូនចៅហ្វាយគាត់
បាទ។ យកទៅជូនលោកហ៊ុន សែន"។

ទោះបីលោកសម រង្ស៊ីនៅប្រទេសបារាំងក្តី ក៏លោកបានចូលរូមបាតុកម្មនៅមុខ
ស្ថានទូតខ្មែរនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីនេះដែរ គឺចូលរូមតាមទូរស័ព្ទ។

"នៅពេលនេះ សូមអញ្ជើញឯកឧត្តមសម រង្ស៊ី មានប្រសាសន៍ បាទ។ សូម
អញ្ជើញ!"

"រដ្ឋធានីវ៉ាស៊ីនតោនកំពុងធ្វើបាតុកម្មដើម្បីសម្តែងអំពីទឹកចិត្តស្នេហាជាតិរបស់
បងប្អូន ចំពោះលទ្ធិប្រជាធិបតេយ្យ។ ខ្ញុំសូមថ្លែងអំណរគុណចំពោះបងប្អូន។
ខ្ញុំមានក្តីរំភើបណាស់។ ខ្ញុំអត់ខ្លាចទេ។ មិនមែនមានតែសម រង្ស៊ីម្នាក់ទេ ដែល
មានទឹកចិត្តស្រឡាញ់ជាតិ។ សូមអរគុណបងប្អូនជាអនេកប្បការ សូមលំឱន
កាយជម្រាបលាត្រឹមប៉ុណ្ណេះចុះ"។

"ជយោ លោកសម រង្ស៊ី! ជយោ លោកសម រង្ស៊ី"

មន្ត្រីស្ថានទូតមិនអាចទំនាក់ទំនងសុំសេចក្តីពន្យល់បានទេ កាលពីថ្ងៃសៅរ៍
នេះ។

លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា
នយោបាយរបស់លោកសម រង្ស៊ីគឺជានយោបាយអត្តនោប័ត ញុះញ៉ង់ឱ្យមាន
ទំនាស់រវាងកម្ពុជានិងវៀតណាម។លោកបានកោតសរសើរនយោបាយលោក
សុន ឆៃ ដែលបច្ចុប្បន្នកំពុងស្នើឱ្យតំណាងរដ្ឋាភិបាលទៅសភាជាតិដើម្បីបំភ្លឺ
អំពីបញ្ហាព្រំដែន។

លោកបានមានប្រសាសន៍ដូច្នេះថា "យើងឃើញសកម្មភាព ហើយនឹងហេតុ
ផលនៃបាតុកម្មនៅឯ វ៉ាស៊ីនតោន ឌីស៊ី ហ្នឹង យើងឃើញថា ជាភាសារបស់
លោកសម រង្ស៊ីម្នាក់ឯងទេ អត្តនោម័តនៃសកម្មភាពរបស់គាត់ទៅដកបង្គោល
ចារព្រំដែនជាបណ្តោះអាសន្ន។ និន្នាការនយោបាយរបស់ឯកឧត្តមសម រង្ស៊ី
នេះគឺជានិន្នាការញុះញង់ បំផុសបំផុលនូវការឈ្លោះទាស់ទែងគ្នារវាងកម្ពុជា
និងវៀតណាម ដែលប្រាសចាកពីរដ្ឋធម្មនុញ្ញកម្ពុជា"។

ការព្យួរអភ័យឯកសិទ្ធិលោកសម រង្ស៊ីលើកនេះមានមតិប្រឆាំងជាច្រើនយល់
ថា អាជ្ញាធរកម្ពុជារណបរដ្ឋាភិបាលវៀតណាម ព្រោះថា វាជាចំណាត់ការមួយ
ធ្វើឡើងក្រោយពីមានសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីវៀតណាមលោក
Nguyen Tan Dung អំពីការដកតម្រុយបង្គោលព្រំដែននេះ។ កាលពីថ្ងៃទី៤
ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung បាន ‘ស្នើឱ្យ
រដ្ឋាភិបាលកម្ពុជាចាត់វិធានការសមស្រប ដោះស្រាយសកម្មភាពវិទ្ធង្សនារបស់
លោកសម រង្ស៊ី និង កុំអនុញ្ញាតឱ្យករណីស្រដៀងគ្នានេះកើតមានជាថ្មី ពីព្រោះ
វាប៉ះពាល់ទំនាក់ទំនងល្អរវាងប្រទេសជាតិទាំងពីរ’។

នៅថ្ងៃ ដែលគណៈកម្មាធិការអចិន្ត្រៃយ៍សភាសម្រេចរបៀបវារៈប្រជុំសភាអំពី
ការព្យួរអភ័យឯកសិទ្ធិរបស់លោកនោះ លោកសម រង្ស៊ីបានសរសេរថា ‘ខ្ញុំបាន
រំពឹងទុកយូរហើយថា រដ្ឋាភិបាលហ៊ុនសែននឹងមានវិធានការនេះ ។ វាបញ្ជាក់
ពីរបៀបដែលអាជ្ញាធរកម្ពុជារណបរដ្ឋាភិបាលវៀតណាម’។

ទោះយ៉ាងនេះក្តី លោកងួន ញ៉ិល អនុប្រធានទីមួយសភាជាតិបានបដិសេធ
ការចោទប្រកាន់ទាំងនេះ។លោកបន្តថា ប្រទេសវៀតណាមអាក់អន់ចិត្តដែល
លោកសម រង្ស៊ី ចោទថា ប្រទេសវៀតណាមបំពារបំពានទឹកដីកម្ពុជានោះ។
លោកមានប្រសាសន៍ថា “មិនមែនរដ្ឋាភិបាលកម្ពុជាខ្លាចរដ្ឋាភិបាលវៀតណាម
ទេ ។ រដ្ឋនីមួយៗមានអធិបតេយ្យភាពរៀងៗខ្លួន ។ ការកំណត់ព្រំដែននេះ គឺ
មានគណៈកម្មការព្រំដែនទាំងសងខាង ។ បើសិនណាជាសមាជិកសភាណា
ម្នាក់ឬគណៈកម្មការណាមួយចង់ដឹងអំពីបញ្ហាព្រំដែន យើងមានសិទ្ធិត្រឹមត្រូវ
ដើម្បីអញ្ជើញស្ថាប័នពាក់ព័ន្ធមកបំភ្លឺ នៅក្នុងសភាក្តីនៅក្នុងគណៈកម្មការក្តី”។

លោកបន្តថា លោកសម រង្ស៊ីតែគួរប្រើសិទ្ធិនេះរបស់លោកក្នុងនាមជាតំណាង
រាស្ត្រ ស្នើឱ្យរដ្ឋាភិបាល ឬគណៈកម្មការព្រំដែនមកបំភ្លឺ ហើយលោកមិនគួរធ្វើ
អ្វីក្រៅពីសិទ្ធិរបស់លោក បណ្តាលឱ្យមានការដកតម្រុយបង្គោលព្រំដែននោះ
ទេ។ លោកបន្តថា ប្រព័ន្ធតុលាការ អង្គនីតិបញ្ញត្តិ អង្គនីតិប្រតិបត្តិឯករាជ្យពីគ្នា
ហើយសភាជាតិត្រូវតែធ្វើតាមសំណើពីតុលាការសាលាដំបូងខេត្តស្វាយរៀង។

សូមរំឭកថា សភាជាតិកម្ពុជាបានព្យួរអភ័យឯកសិទ្ធិតំណាងរាស្ត្រលោកសម
រង្ស៊ី ក្នុងសម័យប្រជុំសភាកាលពីថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ២០០៩។ ការព្យួរអភ័យ
ឯកសិទ្ធិនេះធ្វើតាមសំណើរបស់តុលាការសាលាដំបូងខេត្តស្វាយរៀង ដែល
ចោទលោកសម រង្ស៊ីពីបទបំផ្លាញទ្រព្យសម្បត្តិសាធារណៈ រើសអើងពូជសា-
សន៍។ សូមរំឭកផងដែរថា កាលពីថ្ងៃទី២៥ ខែតុលា លោកសម រង្ស៊ីបានដង្ហែ
កឋិនទានទៅស្រុកចន្ត្រា ខេត្តស្វាយរៀងក្បែរព្រំដែនវៀតណាម ហើយបាន
បញ្ចេញមតិប្រឆាំងការបោះបង្គោលព្រំដែននៅស្រុកនេះ។ ក្រោយពីស្តាប់បទ
អត្ថាធិប្បាយរបស់លោក ពលរដ្ឋមួយក្រុមបាននាំគ្នាទៅដកបង្គោលព្រំដែន
ទាំងនោះ ដែលពួកគេបានចោទថា បានកាត់ដីស្រែដូនតារបស់ពួកគាត់ចូល
ទៅក្នុងទឹកដីប្រទេសវៀតណាម។

ព្រះមហាវីរក្សត្រព្រះបាទនរោត្តមសីហនុបានសម្តែងព្រះទ័យខ្វល់ខ្វាយក្រោយ
ពីព្រះអង្គទទួលបានលិខិតលោកសម រង្ស៊ី អំពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋអំពី
ការបាត់បង់ដីដូនតា ដោយសារបញ្ហាព្រំដែន។ កាលពីសប្តាហ៍មុនមន្រ្តីកំពូល
ទាំងបីនៅកម្ពុជា ហើយដែលជាមន្ត្រីកំពូលរបស់គណបក្សប្រជាជនកម្ពុជាផង
នោះ បានសេសេរលិខិតថ្វាយព្រះអង្គថា មិនមានគ្រួសារខ្មែរណាម្នាក់បាត់បង់
ដីទេ។

លោកសម រង្ស៊ីធ្លាប់ត្រូវសភាដកអភ័យឯកសិទ្ធិនិងបាត់បង់តំណែងសមាជិក
សភា នៅពេលគណបក្សប្រជាជនកម្ពុជា និង គណបក្សហ៊្វិនស៊ិនប៉ិចបោះ
ឆ្នោតដកតូនាទីតំណាងរាស្ត្ររបស់លោក ក្រោយពីលោកត្រូវបណ្តេញចេញ
ពីគណបក្សរាជានិយមនេះ ។ នេះជាលោកទីបីហើយដែល លោកសម រង្ស៊ី
ត្រូវសភាកម្ពុជាព្យួរភ័យឯកសិទ្ធិ។

ថ្មីៗនេះ តំណាងរាស្ត្រគណបក្សប្រឆាំងនេះពីររូបផ្សេងទៀត គឺ លោកស្រី មូរ
សុខហួរត្រូវព្យួរអភ័យឯកសិទ្ធិពីបទបរិហារកេរ្តិ៍លោកនាយករដ្ឋមន្តី្រ ហ៊ុន សែន
ហើយ លោកហូ វ៉ាន់ ត្រូវព្យួរអភ័យឯកសិទ្ធិពីបទមាក់ងាយសញ្ញាប័ត្រមន្រ្តីយោ
ធាជាន់ខ្ពស់។

រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន ខ្ញុំ ពិន ស៊ីសុវណ្ណ VOA ស.រ.អា.៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG