ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សវនាការកាត់ទោសឌុច ដល់ទីបញ្ចប់

  • គង់ សុឋានរិទ្ធ
  • VOA

ការកាត់ទោស ឌុច អតីតប្រធានគុកទួលស្លែង នៅត្រឹមកម្រិតអង្គជំនុំជម្រះ
សាលាដំបូងបានបិទបញ្ចប់ហើយនៅថ្ងៃសុក្រនេះ បន្ទាប់ពីឆ្លងកាត់សវនាការ
អស់រយៈពេលចំនួន៧៧ថ្ងៃ ចាប់តាំងពីខែមិនាមក ។ នៅចុងបញ្ចប់នៃសវនា
ការឌុចបានសុំឲ្យតុលាការធ្វើការដោះលែងខ្លួនឲ្យមានសេរីភាពឡើងវិញ។

លោក គង់ សុឋានរិទ្ធ រាយការណ៍ជូនពីទីក្រុងភ្នំពេញ ដូចតទៅ៖

កាំង ហ្គិចអ៊ាវ ហៅឌុច អតីតប្រធានគុកទួលស្លែងឬមន្ទីរស២១បានទទូចអង្វរ
អង្គជំនុំជម្រះសាលា ដំបូងឲ្យដោះលែងខ្លួនឲ្យមានសេរីភាពឡើងវិញ។

នេះជាសំណូមពរជាចុងក្រោយរបស់ ឌុច បន្ទាប់ពីអង្គជំនុំជម្រះសាលាដំបូង
បានបញ្ចប់សវនាការលើអង្គសេចក្ដីសំណុំរឿងលេខ០០១ គឺករណីឌុចនៅព្រឹក
ថ្ងៃសុក្រនេះ ក្រោយពីឆ្លងកាត់ការបើកសវនាការអស់រយៈពេលចំនួន៧៧ថ្ងៃ
ចាប់តាំងពីខែ មិនាមកម្ល៉េះ។

អតីតប្រធានគុកខ្មែរក្រហមរូបនេះបានសំណូមពរយ៉ាងដូច្នេះដោយសំអាងថា
គាត់បានសហការជាច្រើនរួចមកហើយជាមួយតុលាការ ចាប់តាំងពីគាត់ត្រូវ
បានចាប់ខ្លួនអស់រយៈពេលជាង១០ឆ្នាំមកនេះនិងដោយផ្អែកលើគោលការណ៍
ចង់បានយុត្តិធម៌ សន្ដិភាព និង ការផ្សះផ្សារជាតិ ក្នុងការកាត់ទោសពួកអតីត
មេដឹកនាំខ្មែរក្រហម។

“ខ្ញុំសុំលើកជាសំណូមពរជូនអង្គជំនុំជម្រះមេត្តាដោះ លែងខ្ញុំ "។

លោកកា សាវុធ សហមេធាវីរបស់ឌុច សំអាងថា ឌុចមិនមែនមេដឹកនាំជាន់ខ្ពស់
នៃរបបខ្មែរក្រហមនោះទេ ហើយមានតែប៉ុល ពត សុន សេន និងខៀវ សំផន
ទេដែលជាអ្នកទទួលខុសត្រូវក្នុងការបញ្ជាសម្លាប់នៅទូទាំងប្រទេស រាប់បញ្ចូល
ទាំងការសម្លាប់នៅគុកទួលស្លែងផងដែរ ។ លោកសហមេធាវីកម្ពុជាពោលថា
នេះគឺជាពេលវេលាមួយសមស្របត្រូវដោះលែងកូនក្ដីរបស់ខ្លួនបានហើយ។

ប៉ុន្ដែការទាមទារនេះនៅតែជាចំណុចខ្វែងគំនិតគ្នាជាមួយសហមេធាវីបរទេស
លោក ហ្វ្រង់ស័រ រូ។ មេធាវីសញ្ជាតិបារាំងរូបនេះនៅតែមិនបានទាមទារឲ្យមាន
ការដោះលែងកូនក្ដីរបស់ខ្លួនឲ្យមានសេរីភាពនោះទេ។

ក្នុងសន្និសីទកាសែតក្រោយពីសវនាការ សហព្រះរាជអាជ្ញាលោកស្រីជា លាង
និង លោក វីលាម ស្មីត បានសម្ដែងការភ្ញាក់ផ្អើលក្នុងការប្រកាន់ជំហរផ្ទុយគ្នា
របស់ក្រុមមេធាវីការពារជនជាប់ចោទនេះ។

យ៉ាងណាក៏ដោយ លោកស្រីជា លាង បានស្នើឲ្យអង្គជំនុំជម្រះសាលាដំបូង
ពិនិត្យឡើងវិញលើសំណុំរឿងជនជាប់ចោទ។ លោកស្រីបញ្ជាក់ថា មានភស្ដុ-
តាងគ្រប់គ្រាន់ដែលបង្ហាញពីពិរុទ្ធភាពរបស់ ជនជាប់ចោទ។

ដោយឡែក លោកវីលាម ស្មីតបានទទូចជាថ្មីម្ដងទៀតឲ្យតុលាការផ្ដន្ទាទោស
ឌុចឲ្យជាប់ពន្ធនាគារចំនួន៤០ឆ្នាំ សម្រាប់ប្រយោជន៍ការផ្សះផ្សារជាតិគោរព
ដល់ជនរងគ្រោះ និងគោរពដល់អនាគតនៃប្រទេសកម្ពុជា។

ឌុច អាយុ៦៧ឆ្នាំ ត្រូវសាលាក្ដីខ្មែរក្រហមចាប់ខ្លួនក្រោមការចោទប្រកាន់ពីបទ
ឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មនៃការធ្វើទារុណ
កម្ម និងមនុស្សឃាត។

នៅក្នុងសវនាការគាត់បានសារភាពម្ដងហើយម្ដងទៀតថា គាត់ទទួលខុសត្រូវ
ចំពោះឧក្រិដ្ឋកម្មនៅក្នុងគុកទួលស្លែង ក្រោមអំណាចរបស់គាត់ដែលបណ្ដាល
ឲ្យអ្នកទោសស្លាប់យ៉ាងតិចចំនួន១២.៣៨០នាក់។

អតីតអ្នកទោសគុកទួលស្លែង បានអបអរសាទរចំពោះការកាត់ទោសឌុច ចប់
សព្វគ្រប់នៅសាលាដំបូងរបស់សាលាក្ដីខ្មែរក្រហមនៅថ្ងៃនេះ ប៉ុន្ដែមិនសូវយល់
ស្របចំពោះសំណើសុំរួចខ្លួនពីការឃុំឃាំងរបស់ឌុច។

លោកជុំ ម៉ី អតីតអ្នកនៅរស់រានមានជីវិតពីគុកទួលស្លែង បានមានប្រសាសន៍
ដោយប្រឆាំងទៅនឹងការទាមទាររបស់ឌុចថា ឌុចមិនគួរត្រូវដោះលែងដូចការ
ទាមទាររបស់គាត់នោះទេ។

“អត់សមហេតុសមផលទេ។ វាត្រូវតែទទួលទោស "។

ដោយឡែក លោកវ៉ាន់ ណាត អតីតអ្នកទោសគុកទួលស្លែងម្នាក់ទៀតមានប្រ-
សាសន៍ថា ការផ្ដន្ទាទោសឌុច គឺ អាស្រ័យទៅលើតុលាការជាអ្នកសម្រេច។

ទោះជាយ៉ាងណា លោកចៅក្រមនិល ណុនប្រធានអង្គជំនុំជម្រះសាលាដំបូង
បានប្រកាសនៅក្នុងពេលបិទបញ្ចប់សវនាការនៅថ្ងៃនេះថា កាលបរិច្ឆេទនៃការ
ប្រកាសសាលក្រមនេះ នៅមិនទាន់ត្រូវបានកំណត់ពេលនៅឡើយ។

ពីរាជធានីភ្នំពេញ ខ្ញុំ គង់ សុឋានរិទ្ធ VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG