ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកភូមិ៤នាក់ទៀតត្រូវបានចាប់ខ្លួន ពីបទដុតបំផ្លាញទាក់ទងទំនាស់ដីធ្លី


អ្នកភូមិ៤នាក់បន្ថែមទៀតត្រូវបានចាប់ខ្លួននៅក្នុងខេត្តកំពង់ចាម បន្ទាប់ពីបាន
រត់គេចអំពីការចោទប្រកាន់ថា បានដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និង
ទ្រព្យសម្បត្តិក្រុមហ៊ុន។

លោក ជន សក្តា សូមជូនព័ត៌មាននេះ៖

ក្រុមអង្គការសិទ្ធិមនុស្ស នៅថ្ងៃព្រហស្បតិ៍នេះ បានស្នើសុំដល់ក្រុមអាជ្ញាធរខេត្ត
កំពង់ធំ ឱ្យបញ្ឈប់ការតាម ចាប់ខ្លួនអ្នកភូមិប្រមាណ២០នាក់បន្ថែមទៀត ខណៈ
ដែលប៉ូលិសបានចាប់ខ្លួនអ្នកភូមិចំនួន៤នាក់បន្ថែមចំពោះការបំផ្លិចបំផ្លាញទ្រព្យ
សម្បត្តិរបស់ក្រុមហ៊ុន និងកងកម្លាំងសន្តិសុខនៅក្នុងរឿងជម្លោះដីដ្លីមួយ កាល
ពីថ្ងៃច័ន្ទ។

អ្នកភូមិជាង១០០នាក់បានដុតបំផ្លាញត្រាក់ទ័រឈូសដីពីរគ្រឿង ត្រាក់ទ័រកាយដី
មួយគ្រឿង និងម៉ាស៊ីនភ្លើងមួយគ្រឿងដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនវៀតណាម
ឈ្មោះTin Bien និងម៉ូតូ១០គ្រឿងដែលជាកម្មសិទ្ធិរបស់កងកម្លាំងសន្តិសុខនៅ
ក្នុងរឿងជម្លោះដីធ្លីមួយកន្លែងអស់រយៈពេល៣ឆ្នាំ ជាមួយក្រុមហ៊ុន នៅក្នុងភូមិ
បន្ទាយរងាង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ កាលពីថ្ងៃច័ន្ទ។

លោកញ៉ែម សារ៉ាត់ អ្នកស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្ស Adhoc ប្រចាំខេត្ត
កំពង់ធំ បានបញ្ជាក់ថា យើងបានសំណូមពរទៅលោកស្នងការប៉ូលិសខេត្ត និង
លោកស្នងការរងថា សុំបញ្ឈប់ការតាមចាប់ប្រជាពលរដ្ឋ ដែលកំពុងរត់គេចខ្លួន
នេះ ដោយសារមានការភ័យខ្លាចនេះ។

"យើងបានសុំឱ្យអាជ្ញាធរខេត្តកំពង់ធំផ្អាកការតាមចាប់ខ្លួនអ្នកភូមិបន្ថែមទៀត។
បញ្ហាដីធ្លីយើងឈានទៅរកដំណោះស្រាយ។ប៉ុន្តែបទល្មើសព្រហ្មទណ្ឌ មានការ
ដុតបំផ្លាញគ្រឿងចក្រនោះ។ វាជារឿងដោយឡែក។ ប៉ុន្តែដំណាក់កាលនៃការ
ចរចាគ្នានេះ អាជ្ញាធរខេត្តមិនទាន់អនុវត្តរឿងព្រហ្មទណ្ឌទេ។អាជ្ញាធរបង្អង់រឿង
ព្រហ្មទណ្ឌ"។

តំណាងអង្គការសិទ្ធិមនុស្ស បានជួបពិភាក្សាជាមួយលោកស្នងការប៉ូលិសខេត្ត
កំពង់ធំ លោកអភិបាលរង ខេត្តកំពង់ធំ និងលោកអភិបាលស្រុកសន្ទុក ដើម្បី
រកដំណោះស្រាយបញ្ហាជម្លោះដីធ្លីនេះ។

លោកញ៉ូង សាមឿង អ្នកសម្របសម្រួលនៃអង្គការសិទ្ធិមនុស្ស Licadho ប្រចាំ
ខេត្តកំពង់ធំ បានថ្លែងថា លោកបានទទួលលទ្ធផលជាវិជ្ជមានពីក្រុមអាជ្ញាធរ
ខេត្ត ក្នុងការស្វែងរកដំណោះស្រាយនេះ ហើយក្រុមអាជ្ញាធរខេត្តបានស្នើសុំ
ដល់ក្រុមអង្គការសិទ្ធិមនុស្ស ឱ្យជួយពន្យល់អ្នកភូមិទាំងនោះអំពីការផ្តល់ដី
សម្បទានសង្គម កិច្ចដល់ពួកគាត់។

"អាជ្ញាធរបានដាក់កាលបរិច្ឆេទត្រឹមថ្ងៃទី២៥ ខែវិច្ឆិកានេះ។ បើប្រជាពលរដ្ឋនៅ
តែមិនអាចទទួលយកបាន អាជ្ញាធរខេត្តនឹងប្រើប្រាស់សិទ្ធិស្វ័យការពារខ្លួន និង
អនុវត្តទៅតាមច្បាប់"។

លោក ផាន់ សុផេង ស្នងការប៉ូលិសខេត្តកំពង់ធំ បានបញ្ជាក់ថា ប៉ូលិសបាន
ចាប់ជនល្មើសចំនួន៤នាក់បន្ថែមទៀតដែលបានរត់គេចខ្លួនទៅកាន់ខេត្តកំពង់
ចាម បន្ទាប់ពីបានដុតបំផ្លាញទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនវៀតណាម និងទ្រព្យ
សម្បត្តិកងកម្លាំងសន្តិសុខកាលពីថ្ងៃច័ន្ទ។

"សំណូមពរឱ្យអាជ្ញាធរខេត្តស្រុកនិងជំនាញដែលពាក់ព័ន្ធទៅធ្វើការពន្យល់អ្នក
ភូមិឱ្យយល់ និង លះបង់តំបន់ដែលពួកគាត់បានកាន់កាប់ដីរដ្ឋ ទៅយកតាម
គោលការណ៍ ដែលខេត្តបានត្រៀមដីសម្បទានសង្គមជូនពួកគាត់។បើអ្នកភូមិ
ទាំងនោះអនុវត្តតាមគោលការណ៍នេះយើងនឹងព្យាយាមបញ្ចប់បញ្ហា(ការតាម
ចាប់ជនល្មើសបន្តទៀត)។ប៉ុន្តែបើពួកគាត់នៅតែបង្កអំពើហឹង្សាបំផ្លិចបំផ្លាញ
ទ្រព្យសម្បត្តិរបស់កម្លាំងប្រដាប់អាវុធរបស់អាជ្ញាធរស្រុក ខេត្ត និង ក្រុមហ៊ុន យើងនឹងពិបាកអត់ឱនណាស់តាមផ្លូវច្បាប់។ប៉ុន្តែយើងនឹងព្យាយាមអប់រំ និង
មិនចង់ឱ្យពួកគាត់កើតអំពើហិង្សាបែបហ្នឹងទេ"។

លោកស្នងការប៉ូលិសខេត្តបានបន្ថែមថា ជនទាំង៤នាក់ដែលចាប់ខ្លួននេះបាន
បញ្ជូនមកកាន់ខេត្តកំពង់ធំ ដើម្បីស៊ើបសួរ និង កសាងសំណុំរឿង បញ្ជូនទៅ
តុលាការ។

ពីទីរាជធានីភ្នំពេញ ខ្ញុំ ជន សក្តា VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG