ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្មែរអាមេរិកាំងប្រមូលថវិកា ជួយការអប់រំនៅកម្ពុជា


ដើម្បីស្តាប់ព័ត៌មាននេះ

ប្រជាពលរដ្ឋខ្មែរអាមេរិកាំងបានរៀបចំពិធីអង្គាសប្រាក់ដើម្បីយកទៅជួយសិស្សា
នុសិស្សនៅប្រទេសកម្ពុជា ។ មូលនិធិខ្មែរសម្រាប់ការសិក្សា បានរៀបចំពិធីរៃ
អង្គាសប្រាក់នេះ នៅរដ្ឋវីជីញា(Virginia) សហរដ្ឋអាមេរិកនៅថ្ងៃសៅរ៍ទី៣១ខែ
តុលា ឆ្នាំ២០០៩កន្លងទៅនេះ ដោយមានអ្នកចូលរួមចំនួនប្រហែលបីរយនាក់
និងប្រមូលបានថវិកាប្រហែល៧.000ដុល្លារសហរដ្ឋអាមេរិក។

លោក ខ្ចៅ សំរ៉ង ប្រធានមូលនិធិខ្មែរសម្រាប់ការសិក្សា បានប្រាប់ វីអូអេ ផ្នែក
ខេមរភាសានៅឯពិធីរៃអង្គាសប្រាក់នោះថា លោកនិងគណៈកម្មការនាយកនៃ
មូលនិធិខ្មែរសម្រាប់ការសិក្សាទាំងអស់គ្នា បានស្រុះស្រួលគ្នារៀបចំពិធីអង្គាស
ប្រាក់នេះនៅក្នុងថ្ងៃបុណ្យហាឡូវីន (Halloween) ដើម្បីប្រមូលថវិកាទៅជួយ
សិស្សានុសិស្សនៅកម្ពុជាផង និងដើម្បីរីករាយក្នុងពិធីបុណ្យហាឡូវីនផង ។

លោកបន្តទៀតថា៖

“ទៅជួយកូនក្មេងដែលរៀនពូកែ គ្រាន់តែអភ័ព្វ កើតក្នុងត្រកូលអ្នកក្រ ឱ្យមាន
វិជ្ជាចេះដឹងទៅថ្ងៃមុខ។ គេអាចមានចំណេះវិជ្ជា។គេមានសម្បត្តិសីលធម៌អាច
ជួយខ្លួនឯងបាន ជួយគ្រួសារ ជួយមិត្តភក្តិនិងជួយសង្គម ។ រៀបចំកម្មវិធីនេះ
មានរឿងពីរ។ ទីមួយគឺប្រមូលថវិកាសម្រាប់អង្គការដើម្បីមានលទ្ធភាពទៅជួយ
ក្មេងដែលក្រីក្ររៀនពូកែនៅក្នុងស្រុកកម្ពុជា។ទីពីរយើងចង់ឱ្យគ្នីគ្នាយើង ដែល
ជាខ្មែរនៅទីនេះយល់ថាតើស្អីដែលជាភាពត្រឹមត្រូវដែលយើងគួរធ្វើ។ ខ្ញុំថា បើ
យើងចាប់ផ្តើមពីក្រុមតូចបន្តិចទៀតទៅយើងអាចរួបរួមគ្នាជួយបានច្រើនជាង
ហ្នឹង” ។

ពិធីបុណ្យ ហាឡូវីន ត្រូវបានប្រជាពលរដ្ឋអាមេរិកាំងប្រារព្ធឡើង ជារៀងរាល់
ឆ្នាំ នៅថ្ងៃទី៣១ ខែតុលា ។ យោងតាមប្រវត្តិវិទូ នីកូឡាស រ៉ូឌ្យ័រ (Nicholas
Rogers)ពិធីបុណ្យហាឡូវីនគឺជាពិធីបុណ្យសម្រាប់អ្នកស្លាប់ ដែលជនជាតិ
ស៊ែល្ទស៍(Celts)បូរាណនៃទ្វីបអឺរ៉ុបជឿថា ព្រំដែននៃពិភពមនុស្សលោក និង
ពិភពមួយទៀតនោះទៅជាស្តើង នៅរដូវមានពន្លឺរំលងផុតទៅ ហើយរដូវមិន
សូវមានពន្លឺគឺរដូវរងារចូលមកដល់ ជាឱកាសដែលព្រលឹងទាំងឡាយអាចឆ្លង
កាត់ចូលមកពិភពមនុស្សបាន។ ព្រលឹងនៃដូនតាត្រូវបានអញ្ជើញចូលផ្ទះ តែ
ព្រលឹងមិនល្អត្រូវបានបណ្តេញចេញ។ដើម្បីបណ្តេញព្រលឹងមិនល្អចេញគេជឿ
ថា យើងត្រូវស្លៀកពាក់សម្លៀកបំពាក់ចម្លែក និង ពាក់មុខចម្លែកៗដើម្បីក្លែង
ខ្លូនឱ្យទៅជាព្រលឹងចង្រៃ ដើម្បីជៀសវាងគ្រោះថ្នាក់ ។ ពេលខ្លះក៏ឃើញមាន
ផ្លែល្ពៅត្រូវបានកាត់ឆ្លាក់ជារាងមុខមនុស្សគួរឱ្យខ្លាចដើម្បីបន្លាចព្រលឹងចង្រៃ។
ពិធីបុណ្យនេះ គឺជាឱកាសមួយដែលប្រជាពលរដ្ឋអាមេរិកាំងជួបជុំគ្នាស្លៀក
ពាក់ចម្លែកៗ។

ពិធីបុណ្យនេះទាក់ទាញអ្នកចូលរួមក្នុងពិធីប្រមូលថវិកាយ៉ាងច្រើនកុះករ ក្នុង
សម្លៀកបំពាក់ចម្លែកៗជាច្រើន ដោយមានអ្នកខ្លះតុបតែងខ្លួនជាកសិករខ្មែរ
កងយោធពលខេមរភូមិន្ទ ជាខ្មោចឆៅដ្រាគូឡា (Dracula) ជាដើម។ លោក
ឈឹម សាមុធ ដែលជាសមាជិកស្ថាបនិកមួយរូបនៃមូលនិធិខ្មែរសម្រាប់ការ
សិក្សាដែលបានចូលរួមនៅក្នុងពិធីនោះដែរ មានប្រសាសន៍ថា លោករីករាយ
នឹងមកចូលរួមដើម្បីជួយឧបត្ថម្ភដល់មូលនិធិនេះ ពីព្រោះលោករំពឹងថា ថវិកា
នេះនឹងចូលរួមមួយផ្នែកដល់ការកសាងសមត្ថភាព នៅក្នុងប្រទេសកម្ពុជា។
លោកបន្តទៀតថា៖

“គោលបំណងធំបំផុតគឺជួយមូលនិធិខ្មែរសមា្រប់ការសិក្សា។ ខ្ញុំសង្ឃឹមថា នឹង
ជួយដល់និស្សិតខ្មែរដែលគ្នាក្រីក្រ ហើយគ្នាគ្មានសមត្ថភាព និងលទ្ធភាពអាច
បន្តការសិក្សានៅឧត្តមសិក្សា។ ខ្ញុំសង្ឃឹមថា ប្រាក់កាសដែលខ្មែរៗយើងជួយ
ហ្នឹង បានបន្តិចបន្តួចម៉េចក៏ដោយ ក៏បានជួយដល់សិស្សានុសិស្សនៅស្រុក
ខ្មែរយើងខ្លះដែរ”។

ចំណែកលោកជី ម៉ៃឃល ទីជ័រីណា (Jean Michel Tijerina) ដែលជាស្ថាបនិក
និង ជាប្រធានគម្រោងកម្មវិធី កម្ពុជា (The Cambodia Project) ដែលជួយ
កសាងសហគមន៍ប្រកបដោយនិរន្តរភាពតាមរយៈការអប់រំកម្រិតមធ្យមសិក្សា
ក៏បានចូលរួមនៅក្នុងពិធីនោះដែរ។ លោកមានប្រសាសន៍ថា ពិធីប្រមូលថវិកា
នេះមានប្រយោជន៍ណាស់សម្រាប់ជួយផ្តល់លទ្ធភាពដល់សិស្សានុសិស្សកម្ពុជា
បានបន្តការសិក្សាដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គម ។ លោកមានប្រ-
សាសន៍ថា៖

“ខ្ញុំយល់ថា មូលនិធិខ្មែរសម្រាប់ការសិក្សាធ្វើកិច្ចការបានល្អណាស់នៅក្នុងប្រ-
ទេសកម្ពុជា ។ ខ្ញុំមានមោទនភាពនឹងជួយគាំទ្រវេជ្ជបណ្ឌិតខ្ចៅ ហើយចូលរួម
សប្បាយនៅក្នុងរាត្រីនេះ។ ខ្ញុំយល់ថា ប្រទេសកម្ពុជាត្រូវការជាមូលដ្ឋានក្នុងការ
កែលំអរវិស័យអប់រំ ហើយយើងនឹងធ្វើអ្វីៗដែលយើងអាចជួយបាន ។ ខ្ញុំយល់
ថា វាជារឿងចាំបាច់ណាស់ ។ អ្វីដែលមូលនិធិខ្មែរសម្រាប់ការសិក្សាធ្វើដោយ
ផ្តល់កុំព្យូទ័រនិងអាហារូបករណ៍គឺសំខាន់ចាំបាច់ និង មានតម្លៃណាស់សម្រាប់
ជនកម្ពុជាដែលត្រូវការវា”។

មូលនិធិខ្មែរសម្រាប់ការសិក្សាដែលភាសាអង់គ្លេសហៅថា The Cambodian
Education Excellence Foundation ឬ CEE Foundation ត្រូវបានបង្កើត
ឡើង នៅខែមេសា ឆ្នាំ២០០៧ ដោយក្រុមបញ្ញវ័ន្តខ្មែរដឹកនាំដោយវេជ្ជបណ្ឌិត
ខ្ចៅសំរ៉ង។ នៅឆ្នាំសិក្សា 2007-2008 មូលនិធិខ្មែរសម្រាប់ការសិក្សាបានផ្តល់
អាហារូបករណ៍ដល់សិស្សចំនួន ៣០នាក់ និង ឆ្នាំសិក្សា 2008-2009 ចំនួន
១៣០នាក់ មកសិក្សានៅគ្រឹះស្ថានឧត្តមសិក្សានៅរាជធានីភ្នំពេញ។

លោកអ៊ុម រម្យណី នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាបានប្រាប់វីអូផ្នែកខេមរ-
ភាសាថា នៅថ្ងៃទី៦ ខែតុលានេះ មូលនិធិខ្មែរសម្រាប់ការសិក្សាក៏បានផ្តល់
កំព្យូទ័រ Lab មួយទៅឱ្យវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាដោយបំពាក់កុំព្យូទ័រចំនួន
៣៤គ្រឿង ដែលកុំព្យូទ័រLabនេះនឹងជួយអភិវឌ្ឍជំនាញបច្ចេកវិទ្យាបន្ថែមទៀត
ដល់និសិ្សត ។ លោកបន្តថា៖

“មូលនិធិខ្មែរសម្រាប់ការសិក្សាហ្នឹងគឺគាត់ជាអ្នកជួយ។ Lab នេះឯងគឺដំណើរ
ការសម្រាប់ និស្សិតនៅខាងក្នុង ក្រោយពីនិស្សិតបញ្ចប់ខាងទ្រឹស្តី និស្សិតបាន
អនុវត្តផ្ទាល់នៅក្នុង lab IT ហ្នឹងឯង។ Labហ្នឹងមានបំណង upgrade គឺបាន
ន័យថា និស្សិតមានតួនាទីក្នុងការប្រើប្រាស់តាមគ្រប់លទ្ធភាពទាក់ទិនទៅនឹង
ចំណេះដឹងខាង IT របស់គាត់”។

មូលនិធិខ្មែរសម្រាប់ការសិក្សាផ្តល់អាហារូបករណ៍ទៅឱ្យសិស្សក្រីក្រ និងមាន
សមត្ថភាពហើយចាប់ផ្តើមទទួលពាក្យសុំអាហារូបករណ៍ចាប់ពីពេលនេះតទៅ
តាមរយៈគេហទំព័រ ceefoundation.org ។

ពីរដ្ឋធានីវ៉ាស៊ីនតោន អ៊ឹម សុធារិទ្ធ VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG