ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជាមិនលើកទំនាស់កម្ពុជា- ថៃ ក្នុងកិច្ចប្រជុំអាស៊ាន-អាមេរិកទេ


ដើម្បីស្តាប់ព័ត៌មាននេះ

ប្រទេសកម្ពុជាបានប្រកាសថា ខ្លួននឹងមិនលើកយកបញ្ហាទំនាស់រវាងកម្ពុជា-ថៃ
ទៅដាក់ក្នុងកិច្ចប្រជុំរបស់មេដឹកនាំអាស៊ាន-អាមេរិក ដែលគ្រោងធ្វើថ្ងៃអាទិត្យ
នេះក្នុងប្រទេសសិង្ហបូរីទេ។

លោក ហេង រស្មី រាយការណ៍ជូនដូចតទៅ ៖

រដ្ឋាភិបាលកម្ពុជា នៅថ្ងៃសុក្រនេះ បានប្រកាសជំហររបស់ខ្លួនថា នឹងមិនលើក
យកបញ្ហាទំនាស់ព្រំដែនកម្ពុជា និងប្រទេសថៃ ទៅដាក់នៅក្នុងកិច្ចប្រជុំរបស់
មេដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិកដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យនៅក្នុង
ប្រទេសសិង្ហបុរីទេ ដោយចាត់ទុកថា នេះជាទំនាស់ផ្ទៃក្នុងរវាងភាគីទាំងពីរតែ
ប៉ុណ្ណោះ នេះបើតាមការបញ្ជាក់របស់មន្រ្តីក្រសួងការបរទេសខ្មែរ។

ការបង្ហាញពីជំហររបស់រដ្ឋាភិបាលនេះបានកើតមានឡើងក្រោយពីលោកអគ្គ
លេខាធិការអាស៊ាន Surin Pitsuwan មានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍
ម្សិលមិញនៅសាលាទូតសាធារណៈ Lee Kuan Yew ក្នុងប្រទេសសិង្ហបុរីថា
លោកមានការព្រួយបារម្ភថា ភាពតានតឹងរវាងប្រទេសកម្ពុជា និងប្រទេសថៃ
អាចប៉ះពាល់ដល់កិច្ចប្រជុំកំពូលអាស៊ាន និងសហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យ
ខាងមុខនេះ។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា 'យើង
នឹងមិនលើកយកបញ្ហាកម្ពុជា-ថៃ ទៅដាក់នៅក្នុងកិច្ចប្រជុំនេះទេ' ។

លោកបានមានប្រសាសន៍ថា កម្ពុជាបានស្នើសុំដល់មេដឹកនាំអាស៊ាននានាកុំ
លើកបញ្ហាទ្វេភាគីកម្ពុជា និងថៃនេះ យកទៅលាយឡំគ្នានៅក្នុងកិច្ចប្រជុំនេះ
ផងដែរ។

"មូលហេតុសំខាន់ គឺថា ទី១ វាជាបញ្ហាទ្វេភាគីនៅក្នុងផ្ទៃក្នុងអាស៊ាន ហើយ
ទី២ កម្ពុជាចង់ឃើញកិច្ចប្រជុំអាស៊ាន-អាមេរិកលើកទី១នេះប្រព្រឹត្តទៅបាន
ជោគជ័យ ដោយមិនមានសៅហ្នងអ្វីទាំងអស់ បាទ"។

ប្រទេសសិង្ហបុរីបានរៀបចំកិច្ចប្រជុំវេទិកាកិច្ចសហប្រតិបត្តិការអាស៊ីនិងប៉ាស៊ី
ហ្វិកដែលហៅកាត់ថា APEC នៅថ្ងៃសុក្រនេះ ដោយមានការចូលរួមពីលោក
ប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama។

បន្ទាប់ពីកិច្ចប្រជុំ APEC លោក Barack Obama ប្រធានាធិបតីសហរដ្ឋអា-
មេរិកនឹងចូលរួមកិច្ចប្រជុំលើកទី១របស់មេដឹកនាំអាស៊ានទាំង១០ជាមួយ និង
សហរដ្ឋអាមេរិក ។ ហើយលោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៃប្រទេសកម្ពុជា
នឹងចាកចេញទៅចូលរួមកិច្ចប្រជុំនេះ នៅថ្ងៃអាទិត្យខាងមុខនេះ។

ប្រទេសកម្ពុជានិងប្រទេសថៃ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ទំនាក់ទំនងការ
ទូតប្រទេសទាំងពីរ បានធ្លាក់ចុះដល់កម្រិតមួយគួរឲ្យព្រួយបារម្ភ បន្ទាប់ពី
លោកអតីតនាយករដ្ឋមន្រ្តីថៃ ថាក់ស៊ីន ស៊ីណាវ៉ាត្រដែលត្រូវបានទម្លាក់ចេញ
ពីតំណែងដោយរដ្ឋប្រហារយោធាមិនបង្ហូរឈាមមួយ កាលពីឆ្នំា ២០០៦នោះ
បានមកទស្សនកិច្ចប្រទេសកម្ពុជា ។

ប្រទេសទាំងពីរបានកោះហៅឯកអគ្គរាជទូតទាំងពីរឲ្យត្រឡប់មកកាន់ប្រទេស
សាម៉ីរៀងៗខ្លួនវិញ កាលពីសប្តាហ៍មុន ក្រោយពីលោកថាក់ស៊ីនត្រូវបានតែង
តាំងជាទីប្រឹក្សាសេដ្ឋកិច្ចរបស់រដ្ឋាភិបាល និងជាទីប្រឹក្សាផ្ទាល់របស់លោកនា-
យករដ្ឋមន្រ្តីហ៊ុន សែន។

កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ប្រទេសកម្ពុជាបានសម្រេចបណ្តេញលោក Karob
Palawatwichai លេខាទូតទី ១ របស់ប្រទេសថៃប្រចាំប្រទេសកម្ពុជា ហើយ
ប្រទេសថៃក៏បានបណ្តេញលោក សេង លីណា លេខាទូតទី ១ របស់ប្រទេស
កម្ពុជាប្រចាំប្រទេសថៃឲ្យចាកចេញពីប្រទេសរៀងៗខ្លួនក្នុងរយៈពេល៤៨ម៉ោង
ដោយគិតចាប់ពីម៉ោង៥ល្ងាចថ្ងៃព្រហស្បតិ៍ ។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ការ
បណ្តេញលេខាទូតរបស់ប្រទេសថៃនេះ គឺពាក់ព័ន្ធទៅនឹងអំពើចារកម្ម។

"ចំពោះការបណ្តេញលេខាទី១នៃស្ថានទូតថៃនៅទីក្រុងភ្នំពេញនេះគឺដោយសារ
លេខាទី ១នោះមានជាប់ពាក់ព័ន្ធទៅនឹងចារកម្មថៃ ដែលខាងសមត្ថកិច្ចកម្ពុជា
យើងចាប់ខ្លួនបាន ហើយយើងមានភស្តុតាឯកសារត្រឹមត្រូវ គ្រប់គ្រាន់ ហើយ
តុលាការនឹងធ្វើការជំនុំជម្រះផ្អែកលើឯកសារសរសេរ ដែលជាភស្តុតាងនោះ។

ប្រទេសកម្ពុជាក៏បានចាប់ឃុំខ្លួនជនជាតិថៃមា្នក់ផងដែរ កាលពីម្សិលមិញដែល
បានបំរើការនៅក្រុមហ៊ុនសេវាកម្មត្រួតពិនិត្យផ្លូវអាកាសរបស់ក្រុមហ៊ុន CATS
ពីបទថា បានលួចចម្លងឯកសារស្តីអំពីជើងយន្តហោះអំឡុងពេលទស្សនៈកិច្ច
របស់លោកថាក់ស៊ីននៅកម្ពុជា និង ជើងហោះហើររបស់លោកនាយករដ្ឋមន្រ្តី
ហ៊ុន សែន។

ខ្ញុំ ហេង រស្មី រាយការណ៍ពីទីក្រុងភ្នំពេញ៕

XS
SM
MD
LG