ដើម្បីស្តាប់ព័ត៌មាននេះ
[កំណត់សម្គាល់និពន្ធនាយក៖កម្ពុជាមិនបានរុករកនិងអភិវឌ្ឍធនធានធម្មជាតិ
ប៉ុន្មានទេ ក្នុងអំឡុងសង្គ្រាមស៊ីវិល និងជម្លោះផ្ទៃក្នុងរវាងឆ្នាំ ១៩៧០ និង ឆ្នាំ
១៩៩៣ ប៉ុន្តែធនធានធម្មជាតិទាំងនេះត្រូវបានទាញយកផលហួសប្រមាណក្នុង
រវាងពីរទសវត្សរ៍ចុងក្រោយនេះ ។ អ្នកជំនាញបានប្រាប់វីអូអេផ្នែកខេមរភាសា
ក្នុងបទសម្ភាសន៍មួយឈុតថា សមត្ថភាពរបស់រដ្ឋាភិបាលនៅមានកំណត់ក្នុង
ការគ្រប់គ្រងធនធានធម្មជាតិដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជា កាត់
បន្ថយភាពក្រីក្រ និងដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ។
លោក អ៊ឹម សុធារិទ្ធ នៃវីអូអេផ្នែកខេមរភាសា បានរៀបចំកម្មវិធីប្រចាំសប្តាហ៍
មួយឈុតស្តីអំពី ការគ្រប់គ្រងធនធានធម្មជាតិនៅក្នុងប្រទេសកំពុងអភិវឌ្ឍនិង
កម្ពុជា ដែលត្រូវបានចាក់ផ្សាយនៅរៀងរាល់ថ្ងៃអាទិត្យ ។ ក្នុងភាគទី១០នេះ
លោក អ៊ឹម សុធារិទ្ធ រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោនថា មានអង្គការសង្គម
ស៊ីវិលជាច្រើនកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែភាគតិចបំផុតនៃអង្គ
ការទាំងនោះផ្តោតលើការគ្រប់គ្រងធនធានធម្មជាតិ]។
ទោះបីជាអង្គការស៊ីវិលនៅក្នុងប្រទេសកម្ពុជាមានសកម្មភាពគួរឱ្យកត់សំគាល់
ក្នុងវិស័យសិទ្ធិមនុស្សក៏ដោយ ក៏ការរួមចំណែកក្នុងវិស័យគ្រប់គ្រងធនធានធម្ម
ជាតិនៅមានកំណត់ ។ នេះបើតាមសំដីរបស់អ្នកជំនាញដែលបានប្រាប់ វីអូអេ
ផ្នែកខេមរភាសាក្នុងបទសម្ភាសន៍តាមទូរស័ព្ទមួយឈុត ។
លោកស្រីជា វណ្ណាត អ្នកវិភាគឯករាជ្យនិងជាអតីតនាយកមជ្ឈមណ្ឌលអភិវឌ្ឍ
សង្គមមានប្រសាសន៍ថា អង្គការសង្គមនៅក្នុងប្រទេសកម្ពុជាមិនមានសកម្ម
ភាពអ្វីជាដុំកំភួនទាក់ទិននឹងការគ្រប់គ្រងធនធានធម្មជាតិទេ។មូលហេតុនោះ
គឺ ធនធានមនុស្សរបស់អង្គការសង្គមស៊ីវិល មិនមានជំនាញគ្រប់គ្រាន់ក្នុងផ្នែក
ធនធានធម្មជាតិ ការទទួលព័ត៌មានពីរដ្ឋាភិបាលមានការលំបាក សកម្មភាព
រំលោភច្បាប់នានានៅក្នុងតំបន់គ្រោះថ្នាក់។ប៉ុន្តែអង្គការមិនមែនរដ្ឋាភិបាលអន្តរ
ជាតិសកម្មជាងអង្គការក្នុងស្រុក ។
លោកស្រីបានបន្តទៀតថា៖“អង្គការមិនមែនរដ្ឋាភិបាលចំនួនតិចទេ ដែលបាន
ដើរតួនាទីជាអ្នកតាមឃ្លាំមើល ហើយជាអ្នកធ្វើជារបាយការណ៍សម្រាប់ផ្សព្វ
ផ្សាយជូនសាធារណជនក្តី ឬមួយក៏ផ្តល់ដំណឹងដល់ខាងរដ្ឋាភិបាលក្តី។ យើង
បានដឹងមួយចំនួនធំហ្នឹងគឺយើងច្រើនតែឮតាមរយៈអង្គការមិនមែនរដ្ឋាភិបាល
បរទេសទៅវិញដែលគេបានស្រាវជ្រាវរក ហើយបានសរសេរអំពីបញ្ហាការគ្រប់
គ្រងធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជាយើង ដូចជាអង្គការដែលល្បីជាង
គេ គឺអង្គការក្លូបលវិតណេសនោះ” ។
បណ្ឌិត ឡៅ ម៉ុងហៃ អ្នកស្រាវជ្រាវជាន់ខ្ពស់នៃគណៈកម្មការសិទ្ធិមនុស្សអាស៊ី
ប្រចាំនៅទីក្រុងហុងកុងបាន មានប្រសាសន៍នៅក្នុងបទសម្ភាសន៍មួយតាមទូរ
ស័ព្ទជាមួយ វីអូអេ ផ្នែកខេមរភាសាថា អង្គការសង្គមស៊ីវិលកម្ពុជាមិនទាន់មាន
សមត្ថភាពគ្រប់គ្រាន់ក្នុងវិស័យគ្រប់គ្រងធនធានធម្មជាតិទេ ។
លោកឱ្យដឹងទៀតថា៖ “យើងមានការខ្វះខាត ។ សង្គមស៊ីវិលក៏មិនសូវមាន
ជំនាញគ្រប់គ្រាន់នៅឡើយដែរ។ ក្នុងផ្នែកនិមួយៗគឺយើងរៀនសូត្រទាំងអស់
គ្នា ។ រដ្ឋាភិបាលក៏រៀនសូត្រ សង្គមស៊ីវិលក៏រៀនសូត្រ ហើយប្រជាពលរដ្ឋ
ទូទៅនោះក៏រៀនសូត្រដែរ” ។
បណ្ឌិត ផល ខូលីយ័រ (Paul Collier) សាស្ត្រាចារ្យសេដ្ឋកិច្ច នៃសាកលវិទ្យា
ល័យអក់ស្វ៊ត(Oxford)ចក្រភពអង់គ្លេសនិងជាអ្នកនិពន្ធសៀវភៅឈ្នះពាន
រង្វាន់ ដែលមានចំណងជើងថា "អ្នកក្ររាប់កោដិ៍”បានប្រាប់ វីអូអេ ផ្នែកខេម
រភាសាតាមទូរស័ព្ទថា គ្មានអ្វីអាចយកមកជំនួសសង្គមមួយដែលមានចំណេះ
ដឹងនោះបានទេ។ សង្គមដែលមានចំណេះដឹងកើតពីមហាជនសំខាន់ ដែល
យល់អំពីបញ្ហាយ៉ាងច្បាស់ ហើយអង្គការសង្គមស៊ីវិល គឺ ចង់ មិនចង់ ជួយ
កសាងមហាជនសំខាន់និងជាអ្នកឃ្លាំមើលកិច្ចការគ្រប់គ្រងធនធានធម្មជាតិ
របស់រដ្ឋាភិបាល។
ក្នុងប្រទេសកម្ពុជា ដោយបានឃើញអវត្តមាននៃការគ្រប់គ្រងប្រកបដោយតម្លា
ភាពនិងតួនាទីដ៏ខ្សោយរបស់អង្គការសង្គមស៊ីវិលក្នុងស្រុក ក្នុងការគ្រប់គ្រង
ធនធានធម្មជាតិ អង្គការសង្គមស៊ីវិលក្នុងស្រុកមួយក្រុមបានបង្កើតអង្គការថ្មី
ស្រឡាងមួយឈ្មោះថា អង្គការតម្លាភាពចំណូលធនធានកម្ពុជាដែលហៅកាត់
ថា CRRT ដើម្បីធ្វើសកម្មភាពជាអ្នកតាមឃ្លាំមើលការគ្រប់គ្រងធនធានធម្ម
ជាតិ។
លោកម៉ម សម្បត្តិ នាយកអង្គការCRRT ឱ្យដឹងថា អង្គការCRRTមានគោល
បំណងធ្វើការជាមួយរដ្ឋាភិបាលលើការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីឱ្យ
ចំណូលត្រូវបានប្រើប្រាស់ប្រកបដោយនិរន្តរភាពសម្រាប់បច្ចុប្បន្ន និង អនា-
គត ។ អង្គការនេះត្រូវបានរំពឹងថា នឹងជាកន្លែងសម្រាប់សាធារណជនអាច
ទទួលបានព័ត៌មានស្តីអំពីធនធានធម្មជាតិនិងចូលរួមក្នុងការជជែកតទល់មតិ
អំពីការគ្រប់គ្រងធនធានធម្មជាតិ។
លោកបានបន្តថា៖ “ការផ្តល់ឱកាសឱ្យសាធារណជនចូលរួមក្នុងការជជែកគ្នា
ក្នុងលក្ខណៈសាធារណៈ អាចឱ្យប្រជាជនចូលរួមក្នុងការសម្រេចចិត្ត ក្នុងការ
ត្រួតពិនិត្យចំណូលធនធាននេះ ។ សម្ព័ន្ធភាពនឹងឆ្លៀតរកព័ត៌មានសំខាន់ៗ
ដើម្បីអាចជូនទៅដល់ប្រជាជនជ្រាប ។ នៅពេលដែលគាត់ជ្រាបអំពីព័ត៌មាន
ដែលគាត់ត្រូវដឹង គាត់នឹងអាចចូលរួមនៅក្នុងវេទិកាទាំងអស់នេះ។ ប្រសិន
បើមានវេទិកាសាធារណៈកម្រិតជាតិ ដែលនិយាយអំពីការគ្រប់គ្រងចំណូល
ធនធានឬអំពីផលប៉ះពាល់នៃការធ្វើឧស្សាហកម្មនិស្សារណកម្មនេះ យើងក៏
មានគម្រោងអញ្ជើញតំណាងសង្គមស៊ីវិល តំណាងរាជរដ្ឋាភិបាល ឬក៏សហ-
គមន៍ ចូលរួមជជែកគ្នាផងដែរ” ។
លោកឈិត សំអាត នាយកប្រតិបត្តិរបស់អង្គការវេទិកាអង្គការមិនមែនរដ្ឋាភិ
បាល (NGO Forum) ដែលមានគម្រោងមួយចំនួនផ្តោតលើកិច្ចការធនធាន
ធម្មជាតិបានសង្កត់ធ្ងន់ថា តួនាទីសំខាន់ដែលអង្គការសង្គមស៊ីវិលមាននោះ
គឺការជួយផ្សព្វផ្សាយព័ត៌មានដល់ពលរដ្ឋអំពីការគ្រប់គ្រងធនធានធម្មជាតិ។ លោកបានប្រាប់វីអូអេផ្នែកខេមរភាសាតាមទូរស័ព្ទថា អង្គការសង្គមស៊ីវិលខ្លះ
ធ្វើការជាមួយប្រជាពលរដ្ឋក្នុងសហគមន៍ក្នុងការអភិរក្សនិងការពារធនធាន
ធម្មជាតិ ។ លើសពីនេះ អង្គការសង្គមស៊ីវិលក៏ជួយពាំនាំសេចក្តីព្រួយបារម្ភ
របស់ប្រជាពលរដ្ឋ ទៅអ្នកសម្រេចចិត្តសំខាន់ៗ។
លោកមានប្រសាសន៍ថា៖ “ទីមួយគាត់ជួយអប់រំច្បាប់ ឬអនុក្រិត្យ ឬគតិយុត្តិ
ផ្សេងៗទាក់ទិនទៅនឹងការគ្រប់គ្រងធនធានធម្មជាតិហ្នឹង ទៅដល់សហគមន៍
ដើម្បីឱ្យសហគមន៍ដឹងបន្ថែមអំពីសិទ្ធិរបស់ខ្លួន ក្នុងការគ្រប់គ្រងធនធានធម្ម
ជាតិ។ ទីពីរគឺភាគច្រើននៃអង្គការសង្គមស៊ីវិលដែលធ្វើការនៅតាមមូលដ្ឋាន
បានជួយកសាងសមត្ថភាពសហគមន៍ ជាពិសេសក្នុងការរៀបចំឱ្យមានសហ
គមន៍ព្រៃឈើ សហគមន៍នេសាទដើម្បីឱ្យមានការសហការគ្នាក្នុងសហគមន៍
ដើម្បីជួយថែរក្សានិងការពារធម្មធានធម្មជាតិនៅក្នុងសហគមន៍របស់គាត់"។
លោកគង់ គឹមស្រេង អ្នកសម្របសម្រួលកម្មវិធីអង្គការសហជីពអន្តរជាតិដើម្បី
ការអភិរក្សធម្មជាតិហៅកាត់ថា IUCN បានប្រាប់វីអូអេផ្នែកខេមរភាសាតាមទូរ
ស័ព្ទថា អង្គការ IUCN មានគម្រោងអភិរក្សពីរនៅពាមក្រសោប ក្នុងខេត្តកោះ
កុង និងរ៉ាមស ក្នុងខេត្តស្ទឹងត្រែង។ អង្គការIUCNធ្វើការជាមួយនិងសហគមន៍
ក្នុងស្រុកដើម្បីអប់រំ និងជំរុញឱ្យសមាជិកសហគមន៍ចូលរួមការពារធនធានធម្ម
ជាតិ ។
លោកបន្តទៀតថា៖ “យើងធ្វើការជាមួយសហគមន៍ជនបទ សហគមន៍អភិរក្ស
ធនធានធម្មជាតិពីថ្នាក់ក្រោម ដើម្បីរកឱ្យឃើញពីកង្វល់ របស់សហគមន៍នៅ
ផ្នែកខាងក្រោម ក្នុងការចូលរួមប្រើប្រាស់ធនធានធម្មជាតិហ្នឹង ។ បើយើងដឹង
ច្បាស់អំពីកង្វល់របស់គាត់។ យើងនាំយកកង្វល់របស់គាត់ហ្នឹង ផ្តល់ជាដំណឹង
ផ្តល់ជាអនុសាសន៍ទៅ policy maker (អ្នកតាក់តែងនយោបាយ) ដើម្បីឱ្យថ្នាក់
Policymaker (អ្នកតាក់តែងគោលនយោបាយ) យកចិត្តទុកដាក់និងផ្តល់សិទ្ធិ
អំណាចខ្លះ ដល់គាត់ក្នុងការប្រើប្រាស់ធនធានធម្មជាតិនៅក្នុងតំបន់ហឹ្នងវិញ”។
ចំណែកអង្គការ អុកស្វាមអាមេរិក (Oxfam America) មានគម្រោងកម្មវិធីជា
មួយក្រសួងបរិស្ថាន និង ក្រសួងឧស្សាហកមុ្ម រ៉ែ និង ថាមពល ដើម្បីពង្រឹង
សមត្ថភាព និងមូលដ្ឋានច្បាប់ដែលទាក់ទិនទៅនឹងការគ្រប់គ្រងធនធានធម្ម
ជាតិ ហើយអង្គការនេះក៏គ្រោងធ្វើការជាមួយអាជ្ញាធរប្រេងកាតជាតិកម្ពុជា
ដែរ។ នាងលឹម សូលីន មន្ត្រីកម្មវិធីអាស៊ីបូព៌ានៃអង្គការអុកស្វាមអាមេរិកបាន
ប្រាប់ វីអូអេ ផ្នែកខេមរភាសាថា អង្គការសង្គមស៊ីវិលមានតួនាទីសំខាន់ធ្វើការ
ជាមួយរដ្ឋាភិបាលនិងសហគមន៍មូលដ្ឋានដើម្បីពង្រឹងច្បាប់គ្រប់គ្រងធនធាន
ធម្មជាតិ ប៉ុន្តែសកម្មភាពរបស់អង្គការសង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជាបច្ចុ-
ប្បន្ននៅមិនទាន់ឈានដល់បទដ្ឋានអប្បរមានៅឡើយ។ក្នុងពេលជាមួយគ្នានេះ
នាងសូលីនសង្ឃឹមថា រដ្ឋាភិបាល និងសង្គមស៊ីវិលនឹងសហការគ្នាធ្វើការគ្រប់
គ្រងធនធានធម្មជាតិឱ្យមានប្រសិទ្ធិភាព។
នាងសូលីនបន្តទៀតថា៖
“តួនាទីសង្គមស៊ីវិលសំខាន់ណាស់ ក្នុងការចូលរួមចំណែកផ្តល់អនុសាសន៍និង
បទពិសោធន៍ពីកម្រិតមូលដ្ឋាន និងឆ្លុះបញ្ចាំង ថាតើច្បាប់ដែលតាក់តែងឡើង
ហ្នឹង ឆ្លើយតបទៅនឹងតម្រូវការប្រជាជននៅមូលដ្ឋានទេ ហើយអនុវត្តទៅបាន
ជោគជ័យឬអត់។កន្លងមកនេះគឺឃើញថា មានការចូលរួមខ្លះហើយ។ខ្ញុំសង្ឃឹម
ថា រាជរដ្ឋាភិបាលនិងសង្គមស៊ីវិលនៅ ប្រទេសកម្ពុជាយើងនឹងមានឱកាសធ្វើ
ការជាមួយគ្នាកាន់តែប្រសើរឡើងថែមទៀត” ។
យោងតាមតួលេខ ចេញផ្សាយដោយអង្គការ គណៈកម្មការសហប្រតិបត្តិការ
ដើម្បីកម្ពុជា ហៅកាត់ថា CCCឱ្យដឹងថា អង្គការមិនមែនរដ្ឋាភិបាលចំនួន៦២២
បានចុះបញ្ជីជាសមាជិកអង្គការ CCC ដែលក្នុងចំណោមនោះមានអង្គការមិន
មែនរដ្ឋាភិបាលអន្តរជាតិចំនួន២០៤ និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក
ចំនួន៤១៨។ក្នុងចំណោមអង្គការចំនួន៦២២នេះមានតែអង្គការ៦៤ ប៉ុណ្ណោះ
ដែលមានកិច្ចការពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលទៅនឹងធនធានធម្ម
ជាតិ ។ អ្នកជំនាញប្រាប់វីអូអេផ្នែកខេមរភាសាថា គួរត្រូវបានទទួលថា មាន
អង្គការសង្គមស៊ីវិលចំនួនតិចតួចនៅក្នុងប្រទេសកម្ពុជាបានខិតខំប្រឹងប្រែង
ចូលរួមគ្រប់គ្រងធនធានធម្មជាតិ ប៉ុន្តែអសមត្ថភាពការខ្វះខាតធនធាន និង
ការគាបសង្កត់ផ្នែកនយោបាយ ជាឧបសគ្គសម្រាប់ពួកគេក្នុងការជួយកសាង
មហាជនសំខាន់ និង ធ្វើសកម្មភាពជាអ្នកឃ្លាំមើលការគ្រប់គ្រងធនធានធម្ម
ជាតិរបស់រដ្ឋាភិបាល ។
រាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន ខ្ញុំ អ៊ឹម សុធារិទ្ធ វីអូអេផ្នែកខេមរភាសា៕