ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកថាក់ស៊ីនស៊ីណាវ៉ាត្រ ទីបំផុតបានមកដល់កម្ពុជា


ដើម្បីស្តាប់ព័ត៌មាននេះ

លោកថាក់ស៊ីនស៊ីណាវ៉ាត្រទីបំផុតបានមកដល់ប្រទេសកម្ពុជាហើយក្នុងពេល
ដែលប្រទេសថៃនិងកម្ពុជា មានទំនាស់យ៉ាងធ្ងន់ធ្ងរផ្នែកការទូត ។

លោក ហេង រស្មី រាយការណ៍ជូនដូចតទៅ៖

លោកអតីតនាយករដ្ឋមន្រ្តីថៃ ដែលត្រូវបានទម្លាក់ចេញពីមុខតំណែងដោយរដ្ឋ
ប្រហារយោធា មិនបង្ហូរឈាមមួយកាលពីឆ្នាំ២០០៦ គឺលោកថាក់ស៊ីន ស៊ីណា
វ៉ាត្របានមកដល់ប្រទេសកម្ពុជាហើយ នៅព្រឹកថ្ងៃអង្គារនេះតាមជើងយន្តហោះ
ពិសេសផ្ទាល់ខ្លួនរបស់លោកមួយ បើតាមការបញ្ជាក់របស់លោកខៀវកាញារិទ្ធ
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជានិងលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈ
រដ្ឋមន្រ្តីដែលបានថ្លែងប្រាប់ VOA សម្លេងសហរដ្ឋអាមេរិក ។

យន្តហោះពិសេសរបស់លោកថាក់ស៊ីនបានចុះចតដោយសុវត្ថិភាពនៅព្រលាន
យន្តហោះយោធាក្នុងប្រទេសកម្ពុជា ក្រោមការទទួលបដិសណ្ឋារកិច្ចពីមន្រ្តីជាន់
ខ្ពស់នៃគណបក្សប្រជាជនកម្ពុជានិងមានការយាមកាមយ៉ាងតឹងរឹងបំផុតពីកង
អង្គរក្សផ្ទាល់របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។

លោក ថាក់ស៊ីន ក្រោយពីបានចុះពីយន្តហោះរបស់លោក បានធ្វើដំណើរតាម
រថយន្តទំនើបៗជាច្រើនគ្រឿង ចាកចេញពីព្រលានយន្តហោះយោធា ឆ្ពោះមក
កាន់កណ្តាលទីក្រុងភ្នំពេញ បើតាមការបញ្ជាក់របស់លោកផៃ ស៊ីផាន អ្នកនាំ
ពាក្យទីស្តីការគណៈរដ្ឋមន្រ្តី។លោកបានបញ្ជាក់ថា លោកថាក់ស៊ីនស៊ីណាវ៉ាត្រ
នឹងត្រូវលោកនាយករដ្ឋមន្រ្តីហ៊ុន សែនដែលជាកល្យាណមិត្តរបស់លោករៀប
ចំអាហារពេលល្ងាចជាលក្ខណៈគ្រួសារមួយនៅគេហដ្ឋានរបស់លោក។

ដំណើរមកកាន់ទីក្រុងភ្នំពេញជាលើកដំបូង បន្ទាប់ពីលោក ថាក់ស៊ីន ស៊ីណា
វ៉ាត្រត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែននិង
ជាទីប្រឹក្សារដ្ឋាភិបាលទទួលបន្ទុកសេដ្ឋកិច្ចនេះ បានកើតមានឡើងចំពេលប្រ-
ទេសថៃ និងប្រទេសកម្ពុជាកំពុងតែមានជម្លោះយ៉ាងធ្ងន់ធ្ងរផ្នែកការទូតជាមួយ
គ្នា។

ប្រទេសទាំងពីរកាលពីថ្ងៃសុក្រ សប្តាហ៍មុន បានកោះហៅឯកអគ្គរាជទូតទំាង
សងខាងមកកាន់ប្រទេសសាម៉ីខ្លួនរៀងៗខ្លួនវិញ ក្រោយពីលោកថាក់ស៊ីនត្រូវ
បានផ្តល់តួនាទីក្នុងរដ្ឋាភិបាល។

លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានហៅដំណើរមកដល់
ប្រទេសកម្ពុជារបស់លោកថាក់ស៊ីន ថា ដើម្បីបំពេញការងាររបស់លោកបន្ទាប់
ពីលោកត្រូវបានតែងតាំងជាទីប្រឹក្សារបស់រដ្ឋាភិបាល។

"ឯកឧត្តម ថាក់ស៊ីន លោកអញ្ជើញមកកម្ពុជានៅពេលនេះ គឺ ជាពេលដែល
លោកបំពេញការងាររបស់លោកក្នុងនាមជាទីប្រឹក្សាសេដ្ឋកិច្ចរបស់រដ្ឋាភិបាល
ក៏ដូចជាទីប្រឹក្សារបស់សម្តេចតេជោនាយករដ្ឋមន្រ្តីដែរ បាទ។លោកមកបំណង
សំខាន់ គឺនឹងថ្លែងបាឋកថាផ្នែកសេដ្ឋកិច្ចពិភពលោកហ្នឹង ជូនដល់អ្នកសេដ្ឋ
កិច្ចកម្ពុជាជាង៣០០នាក់"។

បើតាមកម្មវិធីដូចបានគ្រោងទុក លោកថាក់ស៊ីននឹងធ្វើបាឋកថានៅថ្ងៃព្រហ-
ស្បតិ៍ខាងមុខនេះ ដល់អ្នកសេដ្ឋកិច្ចកម្ពុជាប្រមាណជាង៣០០នាក់នៅឯក្រសួង
សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បើពុំមានអ្វីប្រែ ប្រួលទេ ។

ចំណែកឯលោកថាក់ស៊ីនគ្រោងនឹងស្នាក់នៅប្រទេសកម្ពុជារយៈពេលប៉ុន្មានថ្ងៃ
នោះក៏នៅពុំទាន់បានដឹងពិតប្រាកដនៅឡើយដែរ។

រដ្ឋាភិបាលក្រុងបាងកក មុនពេលដែលលោក ថាក់ស៊ីន មកកាន់ប្រទេស
កម្ពុជា បានព្រមានយ៉ាងធ្ងន់ៗថា នឹងមានវិធានការយ៉ាងតឹងរឹងបំផុតក្នុងការ
ធ្វើបត្យាប័នលោកថាក់ស៊ីន ចេញពីប្រទេសកម្ពុជា។

លោក Panithan Wattanayagorn អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានថ្លែង
ប្រាប់ទីភ្នាក់ងារសារព័ត៌មានបរទេសមួយនៅក្នុងទីក្រុងបាងកកថា យើងរង់ចាំ
ទទួលព័ត៌មានជាផ្លូវការពីក្រសួងការបរទេសថៃជាមុនសិន អំពីវត្តមានរបស់
លោកថាក់ស៊ីន នៅប្រទេសកម្ពុជានោះ ទើបសម្រេចផ្ញើលិខិតធ្វើបត្យាប័ន
មករដ្ឋាភិបាលកម្ពុជា។

លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរបាននិយាយនៅល្ងាចថ្ងៃ
អង្គារនេះថា លោកពុំ ទាន់បានទទួលលិខិតការធ្វើបត្យាប័នណាមួយពីភាគី
ថៃនៅឡើយទេ។

បន្ទាប់ពីប្រទេសថៃ និង ប្រទេសកម្ពុជាបានទម្លាក់ទំនាក់ទំនងការទូត ការធ្វើ
លិខិតបត្យាប័នឬក៏លិខិតកំណត់ការទូតនៃប្រទេសទាំងពីរ អាចធ្វើទៅបាន
តាមរយៈភារធារីនៃស្ថានទូតនីមួយៗ ដើម្បីផ្ញើលិខិតនេះមកក្រសួងការបរ
ទេសរៀងៗខ្លួន ។

ខ្ញុំ ហេង រស្មី រាយការណ៍ពីទីក្រុងភ្នំពេញ ។

អត្ថបទ​ទាក់ទង

XS
SM
MD
LG