ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការផ្ដន្ទាទោសអ្នកកាសែត ឲ្យជាប់ពន្ធនាគារ២ឆ្នាំ


ដើម្បីស្តាប់ព័ត៌មាននេះ

អ្នកយកព័ត៌មានមួយរូបត្រូវតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន២ឆ្នាំ ពី
បទផ្សាយព័ត៌មានមិនពិត។

លោក គង់ សុឋានរិទ្ធ រាយការណ៍ពិស្ដារជូនពីទីក្រុង ភ្នំពេញ ដូចតទៅ៖

តុលាការក្រុងភ្នំពេញនៅថ្ងៃសុក្រ នេះបានផ្ដន្ទាទោសអ្នកយកព័ត៌មានសេរីមួយ
រូបឲ្យជាប់ពន្ធនាគារចំនួន២ឆ្នាំ ពីបទផ្សាយព័ត៌មានមិនពិត នៅក្នុងជម្លោះជា
មួយអ្នកយកព័ត៌មានដូចគ្នា។

លោក រស់ សុឃិត អាយុ ៤០ ឆ្នាំ ដែលអ្នកយកព័ត៌មានភាគច្រើនកត់សម្គាល់
ថា ជាជនដែលមានស្មារតីមិនសូវមាំទាំ ត្រូវចាប់ខ្លួនកាលពីថ្ងៃទី២៨ ខែតុលា
បន្ទាប់ពីបានបញ្ជូនសារជាបន្ដបន្ទាប់ ចំនួន៤សារ ទៅកាន់លោកសយ សុភាព
អ្នកយកព័ត៌មាន និង ជាអ្នកអត្ថាធិប្បាយរបស់បណ្ដាញទូរទស្សន៍កម្ពុជាCTN។
នៅក្នុងចំណោមសារទាំង៤នោះ លោករស់ សុឃិត បានសួរដេញដោលលោក
សយ សុភាព ពីការជាប់ពាក់ព័ន្ធក្នុងការជម្រិតទារលុយមួយចំនួន និង បានព្រ-
មានពីការមិនពេញចិត្តពីសំណាក់មហាជនមួយចំនួន ចំពោះអ្នកយកព័ត៌មានទូរ
ទស្សន៍រូបនេះ។

លោកចៅក្រម ឆាយ គង់ បានអះអាងនៅក្នុងសវនាការដែលគេមិនអនុញ្ញាតឲ្យ
ថតសម្លេងថា តុលាការបានរកឃើញថា សារទាំងនោះបានធ្វើឲ្យប៉ះពាល់ដល់
កិត្តិយសលោក សយ សុភាព និងបង្កឲ្យកើតមានចលាចលសង្គម។

នៅក្នុងសវនាការកាលពីព្រឹកមិញនេះ លោករស់ សុឃិតដែលអះអាងថា លោក
ជាអ្នកយកព័ត៌មានឲ្យទស្សនាវដី្ត Southeast Asia Globe បានលើកឡើងថា
លោកបានផ្ញើសារទៅកាន់លោក សយ សុភាពនោះគឺគ្រាន់តែជាការសួរបន្ថែម
អំពីអ្វីដែលលោកទទួលដំណឹង បានទាក់ទងនឹងលោកសយ សុភាពនិងគ្រាន់
តែជាការប្រាប់ដំណឹងក្នុងនាមជាមិត្តភក្ដិតែប៉ុណ្ណោះ ។ ក៏ប៉ុន្ដែលោកសុខ រឿន
ព្រះរាជអាជ្ញារងតុលាការក្រុងភ្នំពេញបានច្រានចោលការអះអាងនេះថា គឺជា
ការអះអាងមិនពិតត្បិតលោក រស់ សុឃិតបានផ្សព្វផ្សាយសារតាមទូរស័ព្ទនេះ
ទៅកាន់មនុស្សដទៃចំនួន៤ នាក់ផ្សេងទៀត។

លោកសុខ តារា មេធាវីការពារឲ្យលោករស់ សុឃិត មានប្រសាសន៍ថា តុលា
ការមិនបានធ្វើសេចក្ដីសម្រេចឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់នោះទេ ដោយសារ
តែតុលាការបានប្រើប្រាស់ច្បាប់ព្រហ្មទ័ណ្ឌមកធ្វើជាមូលដ្ឋានក្នុងការដាក់ទោស
កូនក្ដីរបស់លោក ដោយមិនអើពើប្រើប្រើប្រាស់មូលដ្ឋានច្បាប់ ស្ដីពីរបបសារ
ព័ត៌មាន ។ លោកមេធាវីសុខ តារាលើកឡើងថា តុលាការពុំមានភស្ដុតាងគ្រប់
គ្រាន់ក្នុងការដាក់ទោសនេះទេ។

លោក រស់ សុឃិត គឺជាអ្នកយកព័ត៌មានទី២ នៅក្នុងឆ្នាំ២០០៩នេះ ដែលត្រូវ
តុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ បន្ទាប់ពីលោកហង់ ចក្រា និពន្ធនាយក
កាសែតប្រចាំថ្ងៃខ្មែរម្ចាស់ស្រុក ដែលជា កាសែតគាំទ្រគណបក្សជំទាស់។

បងស្រីរបស់លោករស់ សុឃិតគឺអ្នកស្រីរស់ គារវៈ មានប្រសាសន៍ថា តុលាការ
គួរតែធ្វើការតាមដានទៅលើប្អូនប្រុសរបស់អ្នកស្រីមុននឹងសម្រេចដាក់ទោស
ពន្ធនាគារ។

"តាមដូចថា សកម្មភាព ជាក់ស្ដែងរបស់ប្អួនខ្ញុំអញ្ចឹងវា មិនទាន់មានគ្នីគ្នាបក្ខ
ពួកនៅពីក្រោយខ្នងជាដុំកំភួន ដែលធ្វើឲ្យកាត់ទោសដល់ថ្នាក់បណ្ណឹងទេ។បើ
សិនណាជានៅត្រឹមក្រៅឃុំ ដូចថា ព្យួរទោសដើម្បីតាមដានសកម្មភាពតទៅ
ទៀត ។ អាហ្នឹងបានយុត្តិធម៌ ។ ដល់ពេលនេះ ស្រាប់តែកាត់ឆៅអញ្ចឹងតែ
ម្ដង "។

ទោះជាយ៉ាងណា លោកសយ សុភាពបានអបអរសាទរថា ឲ្យតុលាការបាន
ធ្វើការសម្រេចទោស ប្រកបដោយសុភវិនិច្ឆ័យ និងមានភាពត្រឹមត្រូវតាមផ្លូវ
ច្បាប់។

លោក អ៊ុំ សារិន ប្រធានសមាគមកម្ពុជាការពារអ្នកកាសែត បានសម្ដែងការ
សោកស្ដាយចំពោះចំណាត់ការរបស់តុលាការនេះ។ លោកចាត់ទុកថា បញ្ហា
នេះបានបង្ហាញពីកង្វះការអត់អធ្យាស្រ័យសម្រាប់អ្នកដែលមានអាជីពជាអ្នក
យកព័ត៌មានដូចគ្នា។

ពីរាជធានីភ្នំពេញ ខ្ញុំ គង់ សុឋានរិទ្ធ VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG