ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជាពុំទាន់សើរើទំនាក់ ទំនងជាមួយថៃទេ


ដើម្បីស្តាប់ព័ត៌មាននេះ

ប្រទេសកម្ពុជាពុំទាន់សើរើទំនាក់ទំនងឡើងវិញជាមួយប្រទេសថៃនៅឡើយទេ
ក្រោយពីប្រទេស ទាំងពីរបានកោះហៅឯកអគ្គរាជទូតឲ្យត្រឡប់ទៅកាន់ប្រទេស
សាម៉ីរៀងៗខ្លួនក៏ដោយ ។

លោក ហេង រស្មី រាយការណ៍ដូចតទៅ៖

ប៉ុន្មានម៉ោងក្រោយពីប្រទេសថៃនិងប្រទេសកម្ពុជាបានកោះហៅឯកអគ្គរាជទូត
មកកាន់ប្រទេសសាម៉ីរៀងៗខ្លួនវិញ លោកឧបនាយករដ្ឋមន្រ្តីសុខ អាន រដ្ឋមន្រ្តី
ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីបានថ្លែងប្រាប់ក្រុមអ្នកកាសែតថា ការសម្រេច
ចិត្តធ្វើបដិការដោយរដ្ឋាភិបាលកម្ពុជានេះ គឺជាការឆ្លើយតបទៅនឹងការសម្រេច
ចិត្តរបស់រដ្ឋាភិបាលថៃតែប៉ុណ្ណោះ ពុំបានធ្វើឲ្យប៉ះពាល់ទំនាក់ទំនងប្រទេសទាំង
ពីរទេ។

លោកឧបនាយករដ្ឋមន្រ្តីសុខ អាន បានបញ្ជាក់ទៀតថា ឥឡូវនេះវាហាក់បីដូច
ជាឆាប់ពេកក្នុងការនិយាយអំពីទំនាក់ទំនងលើគ្រប់វិស័យជាមួយនឹងប្រទេសថៃ
នោះ។

"អានេះជាវិធានការ ជាបដិការរវាងរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាលទេ អញ្ចឹង
យើងមិនមានគំនិត រហូតដល់ឥឡូវ យើងអត់មានគំនិតអីនឹងទៅធ្វើឲ្យខូច និង
មានវិធានការអី នឹងធ្វើឲ្យខូចដល់ ទំនាក់ទំនងធុរៈកិច្ច ឬក៏ទំនាក់ទំនងរវាងប្រជា
ពលរដ្ឋទាំងពីរកម្ពុជា ថៃនោះទេ"។

កាលពីព្រលប់ថ្ងៃព្រហស្បតិ៍ លោកPrasas Prasasvinithai ឯកអគ្គរាជទូតតែង
តាំងរបស់ប្រទេសថៃប្រចាំប្រទេសកម្ពុជាបានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា
យ៉ាងតក់ក្រហល់បំផុត ក្រោយពីលោកនាយករដ្ឋមន្រ្តីថៃAbhisit Vejjajiva បាន
កោះហៅរួចមក ។

ចំណែកខាងភាគីកម្ពុជាវិញ រដ្ឋាភិបាលក៏បានសម្រេចកោះហៅលោកស្រីយូ អយ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ឲ្យត្រឡប់មកប្រទេសកម្ពុជាវិញដែរ ហើយ
លោកស្រី យូ អយ រំពឹងថា នឹងមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃសុក្រនេះ។

លោកឧបនាយករដ្ឋមន្រ្តីសុខ អាន បានហៅព្រឹត្តិការណ៍នេះថា ជាការសមេ្រច
ចិត្តបដិការតែប៉ុណ្ណោះ ពុំបានធ្វើឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ
ទេ។ចំណែកឯសភាពការណ៍នៅតាមព្រំដែនមានលក្ខណៈស្ងប់ស្ងាត់នៅឡើយ
ទេ ។

ក្រសួងការបរទេសថៃ កាលពីព្រលប់ថ្ងៃព្រហស្បតិ៍បានចេញសេចក្តីប្រកាសព័ត៌
មានមួយដោយ ប្រកាន់ជំហរថា រដ្ឋាភិបាលថៃនឹងសើរើកិច្ចព្រមព្រៀងទាំងអស់
ជាមួយនិងប្រទេសកម្ពុជាឡើងវិញ ដែលរួមមានកិច្ចព្រមព្រៀងទ្វេភាគី កិច្ចសហ
ប្រតិបត្តិការលើគ្រប់វិស័យ ដែលថៃបាននឹងកំពុងធ្វើជាមួយកម្ពុជាពេលបច្ចុប្បន្ន
នេះ ។ ហើយរដ្ឋាភិបាលថៃ ក៏បានសម្តែងការសោកស្តាយចំពោះការសើរើនៃកិច្ច
ព្រមព្រៀងទំាងនេះផងដែរ។

ជម្លោះរវាងប្រទេសកម្ពុជានិងថៃ ដែលឈានទៅដល់ការកោះហៅឯកអគ្គរាជទូត
ទំាងសងខាង មកកាន់ប្រទេសសាម៉ីរៀងៗខ្លួនវិញនោះ បានកើតឡើងមួយថៃ្ង
បន្ទាប់ពីប្រទេសកម្ពុជាបានប្រកាសតែងតាំង លោកអតីតនាយករដ្ឋមន្រ្តីថៃ ដែល
ទំលាក់ចេញពីមុខតំណែងគឺលោកThaksin Shinawatraជាទីប្រឹក្សាផ្ទាល់របស់
លោកនាយករដ្ឋមន្រ្តីហ៊ុន សែននិងជាទីប្រឹក្សារដ្ឋាភិបាលទទួលបន្ទុកសេដ្ឋកិច្ច។

កាសែតក្នុងស្រុករបស់ប្រទេសថៃ បានដកស្រង់សម្តីមន្រ្តីជាន់ខ្ពស់ថៃមួយចំនួន
មកនិយាយថា ប្រទេសថៃគ្រោងនឹងតែងតាំងលោកសម រង្ស៊ី មេដឹកនាំគណបក្ស
ប្រឆាំងជាទីប្រឹក្សារបស់រដ្ឋាភិបាលថៃផងដែរ ។

លោកសម រង្ស៊ី មេដឹកនាំគណបក្សសម រង្ស៊ី ដែលពេលនេះ កំពុងតែស្នាក់នៅឯ
បរទេសនៅឡើយ បានផ្ញើសារអេឡិចត្រូនិចឬអ៊ីម៉ែលមកថា លោកមិនយកធន
ធាន និងពេលវេលារបស់លោកទៅបម្រើរដ្ឋាភិបាលបរទេសទេ ។

លោកសម រង្ស៊ី បានបញ្ជាក់ទៀតថា លោកទុកពេលវេលាដ៏មានសារៈសំខាន់នេះ
ដើម្បីបម្រើ មាតុភូមិដែលជាទីសក្ការៈរបស់លោក។

ពីរាជធានីភ្នំពេញ ខ្ញុំ ហេង រស្មី VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG