ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្ដីខ្មែរក្រហមបង្ហាញ របាយការណ៍អំពើទារុណកម្ម


ដើម្បីស្តាប់ព័ត៌មាននេះ

សាលាក្ដីខ្មែរក្រហមបានបង្ហាញអំពីរបាយការណ៍ស៊ើបអង្កេតនៅក្នុងខេត្តក្រុង
ចំនួន១៦ ដែលមានអំពើទារុណកម្មយ៉ាងធ្ងន់ធ្ងរ ក៏ប៉ុន្ដែពុំមានការបង្ហាញព័ត៌
មានលម្អិតនៅឡើយទេ។

លោកគង់ សុឋានរិទ្ធ រាយការណ៍ជូនពីទីក្រុង ភ្នំពេញដូចតទៅ៖

សាលាក្ដីខ្មែរក្រហមបានបង្ហាញជាសាធារណៈនៅរសៀលថ្ងៃព្រហស្បតិ៍នេះ នូវ
ជំហានស៊ើបអង្កេតលើទីតាំង និងឧក្រិដ្ឋកម្ម ដែលបានកើតឡើងក្នុងរបបកម្ពុជា
ប្រជាធិបតេយ្យរបស់ប៉ុល ពត នៅក្នុងខេត្តក្រុងចំនួន១៦ ដោយជំរុញឲ្យប្រជា
ពលរដ្ឋដែលជាជនរងគ្រោះ នៅក្នុងខេត្តក្រុងទាំងនោះ ចូលរួមដាក់ពាក្យបណ្ដឹង
ឲ្យបានច្រើនបន្ថែមទៀត។

ការស៊ើបអង្កេតទាំងនេះស្ថិតក្នុងករណីសំណុំរឿង ០០២ ដែលទាក់ទងទៅនឹង
មេដឹកនាំកំពូលៗ សរុបចំនួន៥នាក់ ក្នុងនោះរាប់បញ្ចូលទាំង ឌុច អតីតប្រធាន
គុកទួលស្លែងផងដែរ។ ហើយការស៊ើបអង្កេតលើសំណុំរឿងនេះ ត្រូវគេរំពឹងថា
នឹងបិទបញ្ចប់នៅដំណាច់ឆ្នាំនេះ។

លោកឡាស អលសិន មន្រ្ដីផ្នែកទំនាក់ទំនងកិច្ចការច្បាប់និងលោករាជ សម្បត្តិ ប្រធានផ្នែកកិច្ចការសាធារណៈរបស់សាលាក្ដីខ្មែរក្រហម បានរៀបរាប់នៅក្នុង
សន្និសីទកាសែតដែលបង្ហាញអំពីដំណើរការស៊ើបអង្កេតរបស់សហចៅក្រមស៊ើប
អង្កេតថា ឧក្រិដ្ឋកម្មដែលបានកើតមាននៅក្នុងខេត្តក្រុងទាំង១៦ រួមមានការបង្ខំ
ឲ្យធ្វើការយ៉ាងធ្ងន់ធ្ងរនៅក្នុងសហករ និង ការដ្ឋានក្នុងខេត្តចំនួន៦ ពោលគឺក្នុង
ខេត្តបន្ទាយមានជ័យ ខេត្តកណ្ដាល ខេត្តតាកែវ កំពង់ធំ ខេត្តកំពង់ឆ្នាំង ខេត្ត
កំពត និងក្រុងភ្នំពេញ។

មន្រ្ដីសាលាក្ដីខ្មែរក្រហមទាំងពីររូបក៏បានបង្ហាញជាបន្ថែមអំពីទីតាំងពន្ធនាគារ
និងកន្លែងពួកខ្មែរក្រហមសម្លាប់មនុស្សចំនួន១៣ កន្លែងផ្សេងទៀតដែលស្ថិត
នៅក្នុងខេត្តក្រុងចំនួន១០។

ជាមួយគ្នានេះដែរ លោកឡាស អលសិន និងលោករាជ សម្បត្តិ ក៏បានលើក
យកមកបង្ហាញថា សហចៅក្រមស៊ើបអង្កេតក៏បានផ្ដោតការងាររបស់ខ្លួនទៅ
លើការជម្លៀសប្រជាជនដោយបង្ខំ ការរៀបការដោយបង្ខំ ការធ្វើទុក្ខបុកម្នេញ
ទៅលើជនជាតិភាគតិច លើជនជាតិចាម និង ជនជាតិវៀតណាម ក្នុងអំឡុង
ពេលសង្គ្រាមនៅតាមព្រំដែនជាដើម។

មន្ដ្រីសាលាក្ដីទាំងពីរបញ្ជាក់ថា បទឧក្រិដ្ឋទាំងនេះកំពុងតែស្ថិតនៅក្នុងដំណាក់
កាលស៊ើបអង្កេតនៅឡើយ។

"នេះជាការបង្ហាញអំពីជំហានស៊ើបអង្កេតលើកដំបូងរបស់សាលាក្ដីខ្មែរក្រហម
ខណៈដែលសំណុំរឿងឧក្រិដ្ឋកម្មមិនទាន់ត្រូវបានដាក់ចូលក្នុងការជំនុំជម្រះនៅ
ឡើយ"។

ទោះជាយ៉ាងណា លោកឡាស អលសិន និងលោករាជ សម្បត្តិ មិនបានផ្ដល់
ព័ត៌មានពិស្ដារណាមួយនៃការស៊ើបអង្កេតឡើយ។

ថ្វីបើដូច្នេះក្ដី មន្ដ្រីសាលាក្ដីទាំងពីររូប បានជំរុញឲ្យប្រជាពលរដ្ឋដែលស្ថិតនៅ
ក្នុងខេត្តក្រុងទាំង១៦ដែលជាជនរងគ្រោះដោយផ្ទាល់ឬដោយប្រយោល អាច
ដាក់ពាក្យបណ្ដឹងប្រឆាំងនឹងជនជាប់ចោទក្នុងសំណុំរឿងលេខ០០២នេះ ឬក៏
ដាក់ពាក្យបណ្ដឹងសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណី។

"របបកម្ពុជាប្រជាធិបតេយ្យរបស់ពួកខ្មែរក្រហម បានបង្កឲ្យមានការកាប់សម្លាប់ និងការស្លាប់បាត់បង់ជីវិតប្រជាពលរដ្ឋកម្ពុជាយ៉ាងតិចចំនួន១,៧លាននាក់ក្នុង
ចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។

ជនសង្ស័យក្នុងសំណុំរឿង០០១ដែលជាអតីតអ្នកទទួលខុសត្រូវជាន់ខ្ពស់ឈ្មោះ
កាំងហ្គិចអ៊ាវ ហៅ ឌុច អតីតប្រធានគុកទួលស្លែង ត្រូវបានយកមកកាត់ទោស
មុនគេ ក្នុងចំណោមជនសង្ស័យដែលចាប់ខ្លួនបានសរុបចំនួន៥នាក់។

យោងតាមលោកស្រី ហេឡែន ចាវិស ប្រធានអង្គភាពជនរងគ្រោះរបស់សាលា
ក្ដីខ្មែរក្រហម បានឲ្យដឹងថា មានបណ្ដឹងពីជនរងគ្រោះទាំងក្នុងករណី០០១និង
ករណី០០២ បានកើនដល់ចំនួន ៥.0៥៨ បណ្ដឹង ក្នុងនោះមានបណ្ដឹងចំនួន
១.៤៨២ ដែលជនរងគ្រោះសុំតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីក្នុងសំណុំរឿង
០០២។

ពីរាជធានីភ្នំពេញ ខ្ញុំ គង់ សុឋានរិទ្ធិ VOA សម្លេងសហរដ្ឋអាមេរិក៕

XS
SM
MD
LG